រឿងចៅអាចម៍សេះ
ដំនើររឿង
[កែប្រែ]មានបុរសម្នាក់ អ្នកស្រុកគេហៅថា << ចៅអាចម៍សេះ >> ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះ ប្រហែលជា៥០ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ << អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ >> ធ្វើការអ្វីៗក៏ទន្ទេញថា សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុក បានជាច្រើន ។ថ្ងៃមួយមានសំពៅ៥០០ មកពីស្រុកចិន នាំទំនិញមកលក់ ។ បុរសស្រែកហៅថា << ឲ្យចូលមកនេះសិន >> ។ លុះសំពៅចូលមកសួរថា << អ្នករាល់គ្នា បើកសំពៅមកពីណា ? >> ។ នាយសំពៅថា << មកពីស្រុកចិន>>។ បុរសថា << អ្នកស្គាល់ស្ដេចក្រុងចិនទេ ? >> ។ នាយសំពៅថា << ស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរ >> ។ បុរសថា << ស្ដេចក្រុងចិននោះ ជាក្លើអញ ហើយជាមិត្រសម្លាញ់ថ្ងៃមុនរៀងមក បើអ្នកត្រឡប់ទៅស្រុកចិនវិញ អញផ្ញើរបស់ទៅក្លើអញផង >> ។ នាយសំពៅនោះឆ្លើយថា បាទ ! ហើយនាំគ្នាចេញសំពៅទៅលក់ដូរ, មិនយូរប៉ុន្មាន នាយសំពៅត្រឡប់មកវិញ ចូលទៅរកបុរសនោះ សួរថា << អ្នកឯងបានអ្វីផ្ញើទៅ? យកមកខ្ញុំទៅឥឡូវហើយ >> ។ បុរសថាខ្វះអ្វី ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅ>>។ នាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅ នូវរបស់ប្រហែល៤០០ការុង ដែលសុទ្ធតែការុងពេញដោយអាចម៍សេះ ហើយក៏លាបុរសនោះ ចេញសំពៅទៅស្រុកចិន, ដល់ទៅដំណាក់ផែស្ដេចក្រុងចិន ហើយក៏បោះយុថ្កា ឡើងទៅក្រាបទូលថា << មានក្លើព្រះអង្គ ផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយ ដាក់នឹងការុងច្រើនណាស់ >> ។ ស្ដេចក្រុងចិនឆ្ងល់ថា << អញមិនដែលទៅស្រុកខ្មែរទេ អញមានក្លើឯណានៅស្រុកខ្មែរ ? >>ក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចម៍សេះនោះ មកដាក់គរនៅមុខព្រះលាន ទ្រង់ឲ្យស្រាយមាត់ការុងចាក់មើល តើជារបស់អ្វីខ្លះ >> ដល់ស្រាយទៅ ឃើញសុទ្ធតែដុំមាសគ្រប់ការុង ។ ស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មាន ក៏ទ្រង់គិតក្នុងព្រះចិន្ដាថា<< នឹងបានអ្វីផ្ញើទៅគេវិញ, មានតែព្រះរាជបុត្រីមួយ ព្រះជន្ម១៨ឆ្នាំ ព្រះរូប ព្រះឆោមល្អលើសស្រីទាំងអស់ គិតផ្ញើទៅឲ្យគេ, ហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសស្បែកសត្វទាំងសង ខាង តែឲ្យមានកន្លែងបើកចេញចូលម្ខាងបាន ហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ មានទាំងកន្សែងបក់បោយមួយផង ហើយចាត់បម្រើឲ្យបើកសំពៅយកទៅឲ្យចៅអាចម៍សេះ, បម្រើទៅដល់ហើយ ក៏ស្រែកហៅបុរសនោះថា << ស្ដេចក្រុងចិនជាក្លើ ផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេង >> ។ បុរសឮដូច្នោះក៏ត្រេកអរណាស់ ។ អ្នកបម្រើយកស្គរទៅចង ក្នុងរោងសេះនោះ ។ បុរសនោះក៏ចេះតែវាយលេងទាំងនិយាយផងថា << ក្លើអញ ស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេង >> ។ ថ្ងៃមួយ បុរសនោះវាយស្គរ ហើយចេញទៅឃ្វាលសេះ ។ នាងដែលនៅក្នុងស្គរចេញមក រៀបបាយទឹកទុកបម្រុងឲ្យបុរសនោះ ហើយចូលទៅក្នុងស្គរវិញ ពេលបុរសនោះត្រលប់មកវិញឃើញបាយគិតថា << នរណាអេះ មករៀបបាយឲ្យអញៗឃ្លានបាយ អញស៊ីហើយ >> ។ ឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃ ។ បុរសនោះសង្ស័យនឹកថា << នរណា យកបាយឲ្យអញស៊ីរាល់ថ្ងៃម្ល៉េះ ? >> ចាំលបមើល ក៏ឃើញនាងដ៏មានរូបល្អឯក ចេញពីក្នុងស្គរមក ហើយបក់បោយកន្សែង ឲ្យកើតជាអាហារឡើងមួយរំពេច ។ បុរសនោះក៏ភ័យស្រែកថា << សម្មាសម្ពុទ្ធោ មកពីណាល្អម្ល៉េះ ? ហើយក៏រត់ទៅ ។ នាងនោះចេញតាម បុរសនោះស្រែកថា << សម្មាសម្ពុទ្ធោ កុំចាប់អញ អាណិតអញ លែងអញទៅ >> ។ នាងថា << ខ្ញុំមិនលែងទេ អ្នកឯងជាប្ដីខ្ញុំហើយ ឪពុកខ្ញុំ ឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯង ព្រោះអ្នកឯងបានផ្ញើមាសប្រាក់ ទៅឲ្យឪពុកខ្ញុំច្រើនណាស់ >> ។ បុរសថា << ទេ ! ខ្ញុំមិនយកទេ >> ។ នាងនោះនិយាយលួងលោមច្រើនដង បុរសក៏ស្ងៀម, នាងដឹកដៃបុរសនោះមករោងសេះវិញ ។ ក្នុងវេលាយប់នោះ នាងអធិដ្ឋានកន្សែងបក់បោយ ហើយបក់ទៅ កើតជាប្រាសាទរាជវាំង មានមនុស្សគឹកកងរំពងនៅក្នុងនោះ ។ ចៅអាចម៍សេះ ហើយនិងនាងនោះ ក៏នៅលើប្រាសាទ មានមនុស្សបម្រើឆ្វេងស្ដាំ ។ អ្នកស្រុកទាំងពួងឃើញហើយ ភ្ញាក់ផ្អើលគ្រប់គ្នា ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថា << មានកើតប្រាសាទរាជវាំង ត្រង់ខ្ទមចៅអាចម៍សេះនោះច្រើនណាស់ >> ។ សេដ្ឋីសង្ស័យ រត់ទៅមើលឃើញហើយក៏ភិតភ័យ រត់ទៅទូលស្ដេចតាមរឿង ។
ស្ដេចទ្រង់ជ្រាប ទ្រង់ចាត់បម្រើ ឲ្យទៅពិនិត្យមើល ឃើញពិតដូច្នោះមែន ក៏មានព្រះទ័យទោមនស្សជាខ្លាំងថា << ឈ្មោះណា ហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញ មានតែអញទេជាស្ដេចក្នុងនគរនេះ >> ទើបទ្រង់ប្រជុំនាហ្មឺនសព្វមុខមន្រ្តី មានព្រះបន្ទូលចាត់ឲ្យរៀបរេហ៍ពល លើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផង ។ វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះហើយ នឹងប្រពន្ធចៅអាចម៍សេះបានឮ ក៏មានសេចក្ដីភិតភ័យណាស់ ។ នាងប្រាប់ប្ដីថា << កុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញ នាងក៏រៀបខ្លួនចេញទៅ ហើយអធិដ្ឋានកន្សែងបក់ កន្សែងបោយឲ្យស្ដេចបរាជ័យ ព្រមទាំងរេហ៍ពល ។
ចៅអាចម៍សេះនិងនាងនោះ បានសោយរាជ្យជាស្ដេច ដោយអំណាចដឹងគុណព្រះពុទ្ធ ។
ឯកសារយោង
[កែប្រែ]ប្រជុំរឿងព្រេងខ្មែរភាគទី១ ទំព័រទី ១២១- ១២៣