រឿងដើមកំណើតសត្វកូនលោក
ដំនើររឿង
[កែប្រែ]មានបក្សីម្យ៉ាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិងសត្វគ្រលីងគ្រលោង តែមានមាឌធំជាងគ្រលីងគ្រលោងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹង សត្វនេះចាស់ៗខែ្មរយើងបាននិយាយតៗមកថា មានដើមកំណើតមកពីមនុស្ស ដូចមានរឿងដំណាលតទៅនេះ ៖
កាលពីព្រេងនាយ មានកសិករពីរនាក់ប្តីប្រពន្ធ ជាមនុស្សក្រលំបាក មានកូនស្រីតូចៗ៣នាក់។ កូនទី១ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។ក្រោយពីពេលដែលប្តីស្លាប់ចោលទៅ នាងប្រពន្ធនៅមេម៉ាយជាមួយនិងកូនស្រី៣នាក់ តែងទៅកាប់អុស បេះបនែ្លទូលទៅលក់ឯផ្សាររាល់ថៃ្ង។ ថៃ្ងមួយនាងបានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់អ្នកដំណើរឆ្ងាយជិត បានលុយកាក់ យកមកស៊ីផឹកហ៊ឺហា។ អ្នកលេងនោះកាលបើក្រឡេកឃើញនាងមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិណា? ឆ្ងាយឬអត់? ហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯងច្រើនម៉េ្លះ? នាងក៏ប្រាប់ដោយត្រង់ថា "ខ្ញុំជាស្រីមេម៉ាយ ប្តីស្លាប់ចោលទៅ សព្វថៃ្ងក្រលំបាកណាស់ ប្រឹងកាប់អុស បេះបនែ្លលក់ គ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី៣នាក់បរិភោគ"។ លឺដូច្នោះ អ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថា នាងនេះមេម៉ាយមែន ប៉ុនែ្តមានរូបស្អាតគ្រាន់បើ គួរអញតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឲ្យបាន ហើយក៏និយាយថា "នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន១០កហាបណៈ សម្រាប់ទិញឥវ៉ាន់ផ្ញើរកូន"។ នាងមេម៉ាយក៏ទទួលយកភ្លាម ដោយសេចក្តីត្រេកអរ។ លុះលក់អុស និងបនែ្លអស់ហើយ នាងត្រឡប់មកផ្ទះវិញ ឯអ្នកលេងក៏លបដើរមកតាមក្រោយ ដើម្បីគន់មើលផ្ទះ។ លុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាងនិយាយគ្នាត្រូវមាត់ហើយក៏យកគ្នាជាប្តីប្រពន្ធតទៅ។
ចាប់តាំងពីថៃ្ងនោះមក អ្នកលេងតែងចេញទៅប្លន់អ្នកស្រុក ពីរបីថៃ្ងមកផ្ទះម្តងក៏មាន កន្លះខែមកម្តង ក៏មាន។ នាងនោះមានមាស់ប្រាក់ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ទៅជាធំចិត្តក្តៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឲ្យដាច់កទាំង៣នាក់។ ពេលដាំស្លឆ្អិនហើយ នាំប្តីបរិភោគតែពីរនាក់ សល់បាយក្នុងឆ្នាំបន្តិចបន្តួច កូនទាំង៣នាំបងប្អូនកេះកាយស៊ី ខ្លះដេកលក់កែ្បរជើងក្រាន ខ្លះដេកលក់នៅលែ្វងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។ ពេលព្រឹកៗនាងនោះតាក់តែងខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារជាមួយប្តីរាល់ថៃ្ង។ ថៃ្ងមួយប្តីបាននិយាយរំលឹកថា "បងមានសេចក្តីអៀនខ្មាសមិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែតាមបងទៅស៊ីផឹកឯផ្សារ ដូចេ្នះបងសូមអង្វរចិត្តអូនសូមនៅផ្ទះថែទាំកូនស្រីទាំង៣នាក់ចុះ។
លឺប្តីនិយាយយ៉ាងនេះ នាងនោះគិតថា "ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់។ បើអញបណ្តោយតទៅថៃ្ងមុខ គាត់នឹងបោះបង់អញពុំខាន។ គួរអញរកឧបាយសំលាប់កូនស្រីទាំង៣នាក់ចោល កុំឲ្យគាត់មានពាក្យចាក់ដោតថា ឲ្យអញនៅចាំផ្ទះព្រោះតែកូនឡើយ"។ លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំ នាងនោះនិយាយបញ្ឆោតកូនថា "កូនអើយ ! កាលឪពុកឯងរស់នៅ តែដល់រដូវនេះហើយ គាត់តែងនាំម្តាយទៅសាបព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំមាន ខ្ទមលំហដេកចាំស្រូវ សែ្អកនេះម្តាយនឹងយកស្រូវពូជទៅសាបព្រោះ ចូរកូនទៅដេកចាំចាបព្រាបលលក កុំឲ្យស៊ីស្រូវ"។ លុះព្រឹកឡើងនាងនោះនាំកូនចូលទៅក្នុងព្រៃរហោឋានជិតជើងភ្នំ យកស្រូវទៅបាចសាច ក្នុងត្រពាំង រួចផ្តាំកូនថា "នែហងរាល់គ្នា ត្រូវនៅចាំស្រូវ កុំទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយសំលាប់"។ ផ្តាំហើយនាងនោះទុកបាយឲ្យ១ចំអែតម្នាក់ អង្ករ៣ចាន ពោតបួនដប់គ្រាប់ កូនឆ្នាំងដីមួយនិងអំបិលប្រហុកបន្តិចបន្តួចដោយគិតថា "យប់នេះខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ដោយខ្លាស៊ី ក៏គង់ស្លាប់ ដោយអត់បាយពុំខាន"។ លុះផ្តាំកូនស្រេចហើយ ក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពីរកស៊ី លុះប្តីមកដល់ក៏សួរថា "កូនស្រី៣នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ?" ប្រពន្ធប្រាប់ថា "ខ្ញុំប្រើឲ្យទៅចាំ ស្រូវជាមួយចាស់ទុំជាច្រើន លុះស្រូវទុំទើបវាត្រលប់មកវិញ"។
ចំណែកកុមារីទាំង៣នាក់ នាំបងប្អូនយកគ្រប់ពោតទៅកប់តាមភ្លឺត្រពាំង ពេលយប់នាំគ្នាឡើងទៅដេកលើខ្ទម លឺសូរតែមាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកងពេញព្រៃស្មសាន។ នាងបងមានសេចក្តីភិតភ័យញ័រខ្លួនដូចកូនសត្វ ស្ទើរគ្មានព្រលឹងនៅក្នុងខ្លួនលួងប្អូនៗកុំឲ្យយំខ្លាចសត្វសាហាវទាំងនោះ វាមកខាំសម្លាប់។ គ្រានោះ អារក្ខទេវតាដែលឋិតនៅក្នុងព្រៃស្មសានគិតថា "នាងម្តាយ ហេតុអ្វីក៏យកកូនតូចៗ មកប្រាសចោលក្នុងព្រៃដូចេ្នះ បើអញមិនជួយកុមារទាំង៣នេះផងទេ មុខជាម្រឹគពាលយង់ឃ្នងស៊ីពុំខាន។ គួរអញសង្គ្រោះកុមារទាំងនេះទម្រាំផុតពេលរាត្រីនេះ ហើយអញនឹងក្រាបទូលសមេ្តចឥន្រ្ទាធិរាជ" ។ គិតស្រេចហើយ អារក្ខទេវតាសមែ្តងឫទ្ធិស្រែកគំរាមពួកសត្វសាហាវឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅ។ លុះព្រឹកឡើងក៏ចូល ទៅកាន់សំណាក់ទេវរាជឈ្មោះវរុណៈ នៅទិសឥសាន ដើម្បីឲ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូល ព្រះឥន្រ្ទាធិរាជ។
វរុណទេវរាជរំពឹងឃើញថា "ការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្រ្ទាធិរាជទេ ព្រោះកុមារីទាំង៣នេះ ត្រូវក្លាយខ្លួនទៅជាសត្វបក្សី " ហើយបង្គាប់ថា" ត្រូវអ្នកឯងជួយការពារកុមារីទាំង៣ឲ្យមធ្យ័ត កុំឲ្យសត្វសាហាវបៀតបៀនបាន ទម្រាំវាក្លាយខ្លួនទៅជាសត្វ។ បើវាឃ្លានអាហារត្រូវនិមិ្មតជាត្រីក្រឹមទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅ"។ អារក្ខទេវតាត្រលប់មកវិញក៏ធ្វើតាមបង្គាប់វរុណទេវរាជ។ ឯកុមារីទាំងបីនាក់នោះនៅចាំស្រូវបានបីយប់បីថៃ្ង ក៏អស់អង្ករបីចានដែលម្តាយទុកឲ្យស៊ី ប្អូនយំរកបាយស៊ី។ បងបានដើរទៅបេះស្លឹកថ្នឹង ចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួន និងដើមអំពៅដៀប យកមកចែកគ្នាស៊ី ។ ប្អូនបង្អស់ចេះតែស្រែកយំ។ បងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹម ទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែលម្តាយបង្កាត់ទុកឲ្យរលត់អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់។ ប្អូនចេះតែយំកន្ទក់កនេ្ទញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង2ស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះ។
ឯម្តាយកាលបើឃើញកូនស្រីបណ្តើរគ្នាមកដូចេ្នះ ក៏មួរម៉ៅស្រែកជេរពីលើផ្ទះថា "មេកូនចង្រៃ ! អញថា យកវាទៅប្រោសចោលឲ្យស្លាប់ព្រាត់ប្រាស់អស់ទៅ។ ឥឡូវមិនស្លាប់បែរជានាំគ្នាត្រលប់មកវិញ អញវាយសម្លាប់ឥឡូវហើយ អញមិនឲ្យហងឡើងផ្ទះសំបែងទេ"។ នាងបងអង្វរថា "សូមអ្នកម្តាយ អាណិតកូនផងចុះ ព្រោះប្អូនចេះតែយំឃ្លានបាយអត់ពីរបីថៃ្ងមកហើយ ស៊ីតែស្លឹកឈើជំនួយបាយ ភ្លើងក៏រលត់អស់ បើម៉ែមិនឲ្យកូននៅ កូនសូមតែអង្ករ និងភើ្លងត្រឡប់ទៅវិញ សូមម្តាយកុំធ្វើបាបកូន កូនសូមទោស"។ ឯកូនប្អូននិយាយប្រាប់ម្តាយថា "ម៉ែ ! បងចាប់បានសាយស៊ីអែត"។ ម្តាយលឺកូនប្រាប់ថា "ចាប់បាន ទន្សាយស៊ីឆែ្អត" ក៏រឹតតែមួរម៉ៅខ្លាំងណាស់ទៅទៀត ជេរបញ្ចោរថា "មេកូនចង្រៃ ! វាបានទន្សាយ ចែកគ្នាស៊ី មេ្តចមិនយកឲ្យអញស៊ីផង"។ និយាយតែប៉ុណេ្ណះ ក៏ស្ទុះទៅវាយកូនទាំងបីនាក់ ធាក់ច្រំបណេ្តញឲ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះ ប៉ងឲ្យតែស្លាប់បាត់បង់ទៅ។ គួរឲ្យអាសូរកុមារីទាំង3នាក់នោះពន់ពេក ម្តាយវាយបែកឈាមហូរ សស្រាក់ក៏នៅតែមិនបាត់វាចាថា "ម៉ែៗ !" ឥតដឹងថាម្តាយប្រុងសម្លាប់ខ្លួនចោលសោះ ឯកុមារីប្អូនចេះតែអួតប្រាប់ម្តាយថា "បានសាយស៊ីអែតៗ " ។ ម្តាយលឺដូចេ្នះរឹតតែវាយខ្លាំងថែមទៀត នាងបងប្រឹងអូសទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថា បើទ្រាំនៅមុខតែម្តាយសម្លាប់មិនខាន ហើយនាំគ្នាទៅនៅក្នុងខ្ទមដដែល ដោយគ្រាំគ្រាដោយម្តាយវាយសំពងក៏សន្លប់បាត់ស្មារតីទាំងបីនាក់។
អារក្ខទេវតា កាលបើឃើញដូច្នោះ ក៏យកទឹកមកប្រោះព្រំកុមារីទាំង៣នាក់ឲ្យមានស្មារតីឡើងវិញ ។ កុមារីទាំងបីនាក់ លុះដឹងស្មារតីឡើងវិញ ស្រែកទ្រហ៊ោរយំទាំងអស់គ្នា ឯនាងបងក៏ចុះទៅចាប់ត្រីក្រឹមទន្សាយ និងរាវរកខ្ចងមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថៃ្ង។ ត្រីនិងខ្ចងខ្ចៅចេះតែមានមិនអស់ ព្រោះទេវតានិម្មិតអោយ កាលណាថៃ្ងក្តៅល្អ ស្រង់មកហាលថៃ្ងឲ្យតែកៀ្រមៗ វាយបំបែកហែកចែកគ្នា ស៊ីទៅ។ នាងបងនិយាយកៀកកប្អូនលួងលោមថា : "អូនអើយ ! យើងទាំង៣នាក់នេះពុំបានជួបមុខម៉ែទៀតទេ ព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើង ហើយរករឿងសម្លាប់យើងចោល យើងកុំសង្ឃឹមថា មានជីវិតរស់នៅតទៅមុខទៀត ណាមួយសំពត់អាវមានតែមួយម្នាក់សំរាប់ស្លៀកដណ្តប់ ឥឡូវនេះដាច់អស់ហើយ។ តទៅមុខយើងនឹងរងាអោបក្បាលជង្គង់ ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេ ដូចសត្វតិរច្ឆាន"។ អំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះ បាន៣ខែមានផែ្លចាស់ខ្ចី សត្វជ្រូក ក្តាន់ ស្វា កំប្រុក ពុំហ៊ានទៅស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគជាមួយនិងត្រីក្រឹមទន្សាយ ហើយនិងខ្យងខ្ចៅ។ លុះបាន៦ខែ កុមារីទាំង៣នាក់ស្រាប់តែដុះរោមចេញពេញខ្លួន ដៃសងខាងដុះ ចេញទៅជាស្លាបទទះហើរទៅដល់ចុងឈើចាប់ប្រតោងបេះផែ្លឈើបានទាំងអស់គ្នា។ តែហើរទៅឆ្ងាយពុំរួច បបូរមាត់ដុះចេញទៅជាចំពុះ។ រីឯមាត់និយាយភាសាមនុស្សពុំកើត គ្រាន់តែដឹងខ្លួនថា ខ្លួននៅជាមនុស្ស តែដល់និយាយទៅជាសំលេងសត្វតិរច្ឆានយូរៗទៅ កាន់តែហើរបានឆ្ងាយបន្តិចម្តងៗ ព្រោះតាំងពីបបូរមាត់ ដុះចេញទៅជាចំពុះ មិនដែលនិយាយភាសាមនុស្សសោះ តែបើមនុស្សនិយាយទៅរកអាចស្តាប់បាន។
ឯប្តីចុងរបស់នាងជាម្តាយ នៃកុមារីទាំងនោះ តែងប្រព្រឹត្តិអំពើចោរកម្មជានិច្ច ថៃ្ងមួយអ្នកជិតខាង គេប្តឹងដល់រាជការៗក៏ចាប់យកទៅដាក់គុកអស់មួយជីវិតទៅ។ ពេលនោះនាងជាម្តាយដេកព្រួយចិត្ត នឹកអាណិតដល់កូនកំសត់ទាំងបីនាក់ ដែលខ្លួនបានធ្វើទុក្ខបុកមេ្នញ ហើយដើរទៅក្នុងព្រៃឃើញកូននៅរញង់ក្នុងខ្ទម ស្គាល់ច្បាស់ជាកូន ព្រោះមានទម្រង់ជាមនុស្សនៅឡើយ តែដុះស្លាប មានចំពុះ ដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា "កូនអើយ ! ឥឡូវម្តាយមកទទួលកូនទៅវិញ ម្តាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយ"។ កូនទាំង3នាក់លឺមាត់ម្តាយហៅ ស្គាល់ជាក់ជាម្តាយក៏គិតថា "ម៉ែយើងមករកសម្លាប់យើងទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង" ។ គិតដូច្នោះ ក៏នាំគ្នាហើរត្រសងទៅទំលើចុងឈើខ្ពស់មួយដើម ស្រែកប្រាប់មកម្តាយ ដោយបំណងនិយាយថា "យើងផុតនិស្ស័យជាកូនលោកហើយ យើងទៅជាសត្វតិរិច្ឆានល្អជាង អ្នកកុំមកជិតយើង" ។ ប៉ុនែ្តសំដីដែលស្រែកប្រាប់មកម្តាយនោះ មិនច្បាស់លាស់ជាសំដីមនុស្សទេ ទៅជាស្រែកថា "កូនលោកៗ" ម្តាយចេះតែដើរស្រែកហៅកូនទាំង៣ ត្រាតែអស់កំលាំងដើរពុំរួច ណាមួយអស់អាហារបរិភោគផង ក៏ដួលស្លាប់ទៅ។ នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមករើសខ្ចងខ្ចៅស៊ីតាមវាលស្រែ កែ្បរជើងភ្នំ ឬព្រៃស្រោង កាលណាវាផ្អើលនឹងមនុស្ស ឬសត្វដូចគ្នា វាស្ទុះហើរស្រែកយំលឺថា កូនលោក កូនលោក ! លុះរាត្រីស្ងាត់វាថ្ងួចថ្ងូរមុខគួរឲ្យស្រណោះពន់ពេក។
ថោកអីនិង ថៃអីនិងមាត់ ដោយ ខ្ញុំ អាត មេងហាក់
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]កាសែតកោះសន្តិភាព Archived 2008-08-29 at the វេយប៊ែខ ម៉ាស៊ីន.