រឿងទេវតាសែកសោយ
ដំនើររឿង
[កែប្រែ]កាលពីព្រេងនាយ មានមនុស្សកំសត់ពីរនាក់ប្តីប្រពន្ធ មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្តាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូនៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ជាទេវតាល្អ ជួយឲ្យចម្រុងចម្រើនយសស័ក្តិភោគសម្បត្តិ ។ ទេវតានោះនិយាយនឹងទេវតាអាក្រក់ថា «តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា ម្តាយអាពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក ហើយថារឹទ្ធិអ្នកឯងពូកែមែន » ។ ទេវតាអាក្រក់និយាយតបទៅវិញថា « អ្នកជឿថាអំណាចខ្ញុំពូកែទេ? » ។ ទេវតាល្អឆ្លើយថា « ខ្ញុំជឿហើយ ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្តង» ។ ទេវតាអាក្រក់ ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយហោះទៅ ។ ទេវតាបណ្តាលឲ្យមនុស្សនោះកំពុងតែកាប់ឧស ក៏ដាក់ដឹងចុះហើយភ្ញាក់ខ្លួនព្រើតលោកគិតថា « ឱអញ បើអញរស់នៅ គ្រាន់អញនឹងរកស៊ីចិញ្ចឹមជីវិតជីដូនអញ បើប្រសិនជាអញស្លាប់ទៅ តើបានអ្នកណានឹងរកស៊ីចិញ្ចឹមជីដូនអញទៀត បើដូច្នេះ អញគិតទៅនិយាយបបួលយាយអញទៅនៅធ្វើខ្ញុំសេដ្ឋី គ្រាន់តែសុំបាយគេស៊ី ប្រហែលជាគេព្រមហើយ » គិតតែប៉ុណ្ណេះក៏លែងកាប់ឧស ត្រឡប់ទៅវិញ ទៅដល់និយាយប្រាប់ជីដូនតាមដំណើរសព្វគ្រប់ ដែលខ្លួនគិតកាលទៅកាប់ឧស ។ ជីដូនបានស្តាប់ហើយក៏ចូលចិត្តព្រមតាមចៅ បុរសកំសត់ទាំងពីរនាក់ គឺជីដូននិងចៅ ក៏នាំគ្នាដើរទៅផ្ទះមហាសេដ្ឋី ដល់ចូលទៅក្នុងកំពែងរបងហើយ ទៅងង្គុយបត់ជើងនៅមាត់ជណ្តើរមហាសេដ្ឋី ។ លុះបន្តិចទៅ មហាសេដ្ឋីប្ដីប្រពន្ធនាំគ្នា ចេញមកក្រៅ ក្រឡេកទៅឃើញអ្នកទាំងពីរនាក់អង្គុយក៏សួរថា « ឯងមកនេះមានប្រាថ្នាអ្វី? » ។ បុរសកំសត់នោះ ឆ្លើយជម្រាបទៅសេដ្ឋីថា « ខ្ញុំពីរនាក់ជីដូននិងចៅនេះ មកសុំនៅធ្វើជាខ្ញុំបម្រើលោក គ្រាន់តែយកបាយចិញ្ចឹមជីវិត» ។ មហាសេដ្ឋីស្តាប់ហើយឆ្លើយថា « អើឯងនៅចុះ » ។ បុរសនោះជម្រាបទៅមហាសេដ្ឋីថា «សូមលោកមេត្តាឲ្យខ្ញុំនៅបម្រើខាងលើផ្ទះបាយហើយនិងផ្ទះធំ» ។ មហាសេដ្ឋីព្រម ទើបយាយចាស់នោះ សុំគ្រាន់តែដេញមាន់ទា កុំឲ្យស៊ីស្រូវ កាលណាគេយកស្រូវទៅហាល ។ បុរសនោះ ខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឲ្យទាស់ចិត្តបន្តិចសោះ ។ មហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អាន ។ លុះយូរទៅប្រមាណជា ៣-៤ ឆ្នាំ បុរសនោះ សុំមហាសេដ្ឋីទៅនៅឃ្វាលក្របីវិញ ដល់នៅឃ្វាលក្របី ផ្លាស់អស់ខ្សែពួរចាស់ៗទាំងប៉ុន្មាន ជួសជុលក្រោលឲ្យស្អាតល្អឡើង ក្របីទាំងអស់ចំនួន ១០០ ក្បាល ។ ដល់យូរទៅ មហាសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា «តាំងពីអានេះទៅឃ្វាលក្របី យើងមិនដែលទៅមើលវាម្តងសោះ ដូច្នេះត្រូវយើងនាំគ្នាទៅមើលវាម្តង» ក៏នាំប្តីប្រពន្ធទៅ លុះទៅដល់ មើលទៅក្របី ខ្សែពួរ និងក្រោល ពេញចិត្តទាំងអស់ ក៏ត្រឡប់មកវិញនិយាយគ្នាថា «អានេះជាមនុស្សល្អ កាលដែលយើងឃើញមុន មិនដែលមានប្រដាប់សម្រាប់ក្របីថ្មី យ៉ាងនេះទេ ឥឡូវនេះមានព្រមអានេះជាមនុស្សចិត្តត្រង់នឹងចៅហ្វាយនាយ» ។ បុរសនោះទៅឃ្វាលក្របីរាល់ថ្ងៃ មានកាលថ្ងៃមួយនោះ ពេលល្ងាចដេញក្របីត្រឡប់មកក្រោលវិញ មកដល់ត្រពាំងមួយ ដេញក្របីចុះទៅត្រពាំងទឹក ទៅជាន់ដុំមាសនៅក្នុងត្រពាំងនោះ បែរទៅខាងណា ក៏សុទ្ធតែដុំមាស ពេញត្រពាំងទាំងអស់ ។ បុរសនោះថា «ដុំថ្មអ្វីក៏ច្រើនម្ល៉េះ ប៉ះជើងស្ទើរស្លាប់ហើយ » ថាហើយក៏យកដុំមាសមួយដុំមក គិតថា «អញយកដុំថ្មនេះទៅផ្ញើរយាយអញ ព្រោះថ្មនេះល្អ» ។ បុរសនោះ ដេញក្របីមកចូលក្រោល រួចហើយក៏យកដុំមាសនោះទៅឲ្យជីដូនៗ បានឃើញដុំមាសហើយ សួរថា «ចៅយកពីណាមក យកទៅវិញទៅយាយមិនហ៊ានយកទេ ដុំមាសធំម្ល៉េះ » ។ បុរសដឹងជាដុំមាសដូច្នោះហើយ ក៏យកទៅទុកក្នុងត្រពាំងវិញ ចំណាំកន្លែងទុក រួចត្រឡប់មកវិញ ។ ថ្ងៃក្រោយមក ព្រះមហាក្សត្រ ទ្រង់ល្បងចិត្តពួកសេនាបតី ទ្រង់មានព្រះបន្ទូលទៅនឹងអាមាត្យថា « អ្នកឯងទៅប្រាប់សេនាបតីទាំង៤ ថា « ល្ងាចនេះ ឲ្យដេកចាំព្រះបរមរាជវាំងនៅចុងព្រះរាជរោង» ។ អាមាត្យនាំយកព្រះបន្ទូលទៅជំរាបសេនាបតីទាំង ៤ តាមដំណើរ ។ សេនាបតីទាំងនោះ ក៏រៀបខ្លួនមកដេកតាមព្រះរាជឱង្ការពេលមកដេកនោះ មិនគិតប្រុងប្រយ័ត្នសោះ គិតតែពីដេកទាល់ភ្លឺ ។ លុះយប់ជ្រៅស្ងាត់ ស្តេចទ្រង់យាងមកទតសេនាបតីទាំង ៤ នោះ ឃើញដេកទាំងអស់គ្នា ក៏ទ្រង់យាងត្រឡប់ទៅក្រឡាព្រះបន្ទំវិញ ដល់ព្រឹកឡើង ទ្រង់មានព្រះបន្ទូលឲ្យចាប់សេនាបតីទាំងនោះ យកទៅកាប់ចោលទៅ ។ លុះល្ងាចក្រោយទៀត ទ្រង់មានព្រះបន្ទូលឲ្យហៅមហាសេដ្ឋីទាំង ៤ ឲ្យមកដេកដូចមុនទៀត ។ មហាសេដ្ឋីដែលជាចៅហ្វាយបុរសកំសត់នោះ ភ័យណាស់ ព្រោះមិនដឹងជាមានរឿងអ្វី បានជាស្តេចឲ្យសម្លាប់សេនាបតីទាំង៤ មុននោះ ឥឡូវដល់មកខ្លួនទៀត គិតថាមុខជាស្លាប់ហើយ កូនប្រពន្ធទាំងប៉ុន្មានយំសោកទាំងអស់គ្នា ។ លុះបន្តិចទៅ ឮទៅដល់បុរសកំសត់ៗ ក៏ឡើងមកសួរថា « ហេតុម្តេច បានជាយំសោកយ៉ាងនេះ? » ។ មហាសេដ្ឋីប្រាប់ទៅតាមរឿង ។ បុរសថា « បើដូច្នេះ ខ្ញុំសូមទៅដេកជំនួស » ។ មហាសេដ្ឋីឮដូច្នោះហើយ ក៏អរណាស់ ឲ្យរកសំពត់អាវល្អៗ យកមកឲ្យបុរសកំសត់នោះស្លៀកដោយគិតថា មុខជាស្លាប់ហើយ ។ លុះបុរសរៀបខ្លួនស្រេច នឹងទៅដេកចាំវាំង ជាមួយពួកមហាសេដ្ឋីឯទៀត តែពេលទៅ បុរសនោះយកទាំងដាវមួយទៅផង ទៅដល់ហើយក៏ដេក ។ ពួកមហាសេដ្ឋីឯទៀត គេអង្គុយនិយាយគ្នាលេង លុះដល់យប់ជ្រៅ ទើបនាំគ្នាដេកអស់ទៅ ។ បុរស់នោះ ដឹងថាគេដេកស្ងាត់ ក៏ក្រោកឡើងអង្គុយម្នាក់ឯង ។ លុះយប់ជ្រៅស្ងាត់ ស្តេចទ្រង់ចេញមកដូចមុនទៀត មកដល់ចុងព្រះរាជរោង បុរសនោះក្រឡេកឃើញទាញដាវបាន ដេញកាប់ធ្វើជាកាប់ផុតៗ ស្តេចរត់រួចទៅ ។ ក្នុង ១យប់នោះ ស្តេចចេញមក ៣ ដង ។ បុរសដេញកាប់ទាំង ៣ ដងសេ្តចទ្រង់រត់ទៅវិញ ។ លុះព្រឹកឡើង ស្តេចទ្រង់មានព្រះបន្ទូល ឲ្យចាប់សេដ្ឋីទាំង ៣ នាក់ ដែលដេកនោះ យកទៅកាប់ចោល ហើយទ្រង់មានព្រះបន្ទូលឲ្យហៅបុរសកំសត់នោះទៅ ទ្រង់មានព្រះបន្ទូលសួរបុរសកំសត់ថា «ឯងជាសេដ្ឋីឈ្មោះអ្វី?» ។ បុរសកំសត់ក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំ ជាកូនមហាសេដ្ឋីឈ្មោះនោះ» ។ ស្តេចមានព្រះបន្ទូលឲ្យទៅហៅមហាសេដ្ឋី ដែលជាចៅហ្វាយបុរសកំសត់នោះមកទ្រង់មានព្រះបន្ទូលសួរថា «នេះជាកូនអ្នកមែនឬអ្វី? » ។ មហាសេដ្ឋីក្រាបទូលឆ្លើយទទួលថា «កូនមែន» ។ ស្តេចមានព្រះបន្ទូលថា «បើកូនមហាសេដ្ឋីឯង អញសុំធ្វើជាកូនអញ» ។ មហាសេដ្ឋីក៏ថ្វាយបុរសនោះទៅស្តេច ហើយក្រាបបង្គំលាទៅផ្ទះវិញ ។ ស្តេចមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ក៏រៀបផ្សំផ្តុំនឹងបុរសកំសត់នោះ ជាប្តីប្រពន្ធទៅ ហើយអភិសេកឲ្យឡើងសោយរាជ្យយូរទៅ ស្តេចបុរសនឹកឃើញទៅដល់មាស ដែលនៅក្នុងត្រពាំង ក៏ត្រាស់បង្គាប់ទៅមហាសេដ្ឋីឪពុក ឲ្យទៅដឹកមាសមកដាក់ឃ្លាំងទុក ។ មានមួយថ្ងៃ ស្តេចបុរសនោះ ចង់ចេញទៅកាន់ចុងព្រះរាជរោង ឲ្យសេនាបតីគាល់ ក៏ទៅទូលស្តេចឪពុកៗ ទ្រង់ហាមថា « ឯងជាតិជារាស្រ្ត បើចេញទៅត្រូវយកមហេសីទៅផង » ។ ស្តេចបុរសទ្រង់យាងចេញទៅកាន់ចុងព្រះរាជរោង ជាមួយអគ្គមហេសី ពួកនាហ្មឺនទាំងពួងគាល់ត្រៀបត្រា ។ វេលានោះ ទេវតាអាក្រក់ ដែលរក្សាបុរសនោះអំពីដើម ត្រឡប់មកវិញក៏ជួបទេវតាល្អ ហើយនិយាយថា «ឥឡូវនេះអ្នករក្សាមនុស្សនេះ តាំងពីនៅលំបាក ទាល់តែបានធ្វើជាស្តេចថែមទៀត នោះឃើញថាអំណាចអ្នកពូកែមែន បើបើដូច្នេះអ្នកចេញទៅ ឲ្យខ្ញុំរក្សាម្តង» ។ ទេវតាល្អ ប្រគល់សេ្តចកំសត់ឲ្យទៅទេវតាអាក្រក់ហើយហោះ ទៅ ។ ពេលនោះ មានភ្លៀងផ្គរ ទេវតាអាក្រក់ក៏បណ្តាលចិត្តស្តេចបុរសនោះមួយរំពេច ស្តេចនោះមិនបានគិត លោមានព្រះបន្ទូលចំពោះពួកនាហ្មឺន ដែលគាល់ត្រៀបត្រាថា អញឮផ្គរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើមណាស់ » គ្រាន់តែប៉ុណ្ណោះ មហេសីឮក៏ស្ទុះទៅរកព្រះបិតាហើយក្រាបទូលថា «ព្រះវរបិតា មិនគួរឲ្យខ្ញុំម្ចាស់ទៅអាមនុស្សឃ្វាលក្របីនេះ សោះខ្ញុំម្ចាស់លែងយកហើយ ព្រោះវានិយាយចំមុខនាហ្មឺន ដែលគាល់ត្រៀបត្រាថា « ឮផ្គរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើម ខ្ញុំម្ចាស់ខ្មាស់ពួកនាហ្មឺនសព្វមុខមន្រ្តីណាស់ ខ្ញុំម្ចាស់មិនយកជាប្តីទេ» ។ ស្តេចបិតាឮដូច្នោះ ក៏ឲ្យចាប់ស្តេចនោះយកទៅដាក់គុកទៅ ។ ដាក់គុកបានពាក់កណ្តាលថ្ងៃ ទេវតាល្អដែលរក្សាមុននោះត្រឡប់មកវិញ ហើយនិយាយទៅនឹងទេវតាអាក្រក់ថា «អ្នកមានរឹទ្ធិណាស់ ចូលមករក្សាភ្លាម ស្តេចបុរសបានជាប់គុកភ្លាម ដូច្នេះអ្នកអញ្ជើញទៅចុះ ទុកឲ្យខ្ញុំរក្សាវិញ» រួចហើយទេវតាល្អក៏បណ្តាលចិត្តស្តេចបុរសៗនឹកឃើញភ្លាមថា « អញមិនគួរភ្លាត់សំដីឲ្យទាល់តែជាប់គុកសោះ ប៉ុន្តែគ្មានអ្នកណាដឹងថា អញជាប់គុកនៅឡើយទេដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញ ឲ្យយកមាសដែលមកពីក្នុងត្រពាំងនោះ ដំធ្វើជារូបក្របី ១០០ ដាក់ជើងពានមាស ១០០ យកមកឲ្យអញក្នុងថ្ងៃស្អែកនេះពីព្រឹក» គិតតែប៉ុណ្ណោះក៏ប្រើមេគុកឲ្យទៅប្រាប់សេដ្ឋីថា «ស្តេចមានព្រះបន្ទូលថា ឲ្យយកមាសដំធ្វើរូបក្របី ១០០ ដាក់លើជើងពានមាស ១០០ ហើយយកទៅថ្វាយស្តេចដល់កន្លែងទ្រង់» ។ សេដ្ឋីឮហើយ ក៏ហៅជាងទាំងពួង ឲ្យធ្វើក្នុងមួយយប់ឲ្យហើយលុះព្រឹកឡើង ឲ្យខ្ញុំស្រីសេដ្ឋី១០០ នាក់ ទូលយកទៅថ្វាយសេ្តចក្នុងព្រះរាជវាំង ។ ស្តេចបិតាក្មេកទតមកឃើញ ឲ្យអាមាត្យរត់ទៅមើល ។ អាមាត្យមកក្រាបទូលវិញទ្រង់មានព្រះបន្ទូលឲ្យហៅអ្នកទូលក្របីនោះមក ហើយទ្រង់មានព្រះបន្ទូលថា «នាងឯងរាល់គ្នា យកក្របីមាស់នេះទៅណា?» ។ ស្រីទាំងនោះថា « ខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គ» ។ ស្តេចទ្រង់ជ្រាប ទ្រង់ឲ្យហៅព្រះរាជបុត្រីថាមហេសីស្តេចកំសត់ ឲ្យចេញមកមើល ហើយមានព្រះបន្ទូលថា «កូនអើយ! ដែលប្តីឯងវាថាស្រណោះកាលឃ្វាលក្របីនោះ មិនមែនក្របីសត្វទេ គឺរូបក្របីមាសនេះឯង កូនមើលក្របីនេះចុះ ណ្ហើយកូនកុំខឹងនឹងប្តី យកប្តីវិញទៅ » មានព្រះបន្ទូលតែប៉ុណ្ណោះក៏ទ្រង់ឲ្យទៅដោះស្តេចបុរសកំសត់មក ហើយទ្រង់អភិសេកនឹងនាងជាព្រះរាជបុត្រីឲ្យឡើងសោយរាជសម្បត្តិ ជាសុខសម្បាយរៀងទៅ ព្រមទាំងយាយជីដូននៃបុរសនោះផង ។
ឯកសារយោង
[កែប្រែ]ប្រជុំរឿងព្រេងខ្មែរភាគទី២