រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍
ដំនើររឿង
[កែប្រែ]មានរឿងព្រេងមួយ ដំណាលថា : មានបុរសកំជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ ចេះគោរពប្រណិប័តន៍ប្ដី ។ តាំងពីបានគ្នាជាប្ដីប្រពន្ធមក , បុរសកំជិលចេះតែពីដេក ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ីៗ រួចដេកទៅវិញ សូម្បីថ្នាំជក់ ក៏ប្រពន្ធមូរឲ្យដែរ ។ ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់ ទៅលើប្ដីសោះ លើកបាយទឹកនិងរបស់អ្វីឲ្យប្ដី សុទ្ធតែសំពះ , ដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំងណាស់ នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ, ថ្ងៃមួយ នាងរៀបស្លា៥ម៉ាត់ បារី៥ចូលទៅក្រាបសំពះប្ដី ហើយថា << ខ្ញុំសុំទោសអ្នកប្ដី ត្បិតយើងសព្វថ្ងៃ ក្រណាស់ យើងមិនបានរកស៊ី គ្មានទទួលទានទេ សុំឲ្យអ្នកទៅកាប់ឈើ ធ្វើនង្គ័ល រនាស់ធ្វើស្រែនឹងគេ ត្បិតដល់រដូវធ្វើស្រែហើយ >> ។ ប្ដីថាបើដូច្នោះ ឲ្យនាងដាំបាយ វេចជាសំណុំចុះ ប្ដីនឹងទៅរកកាប់ឈើ ធ្វើនង្គ័ល រនាស់ >> ។ ប្រពន្ធក្រោកពីយប់ដាំបាយ វេចជាកញ្ចប់ មានទាំងដឹង ពូថៅទៅផង ។ បុរសកំជិល ដេកទាល់តែថ្ងៃរះ ប្រពន្ធពុំហ៊ានដាស់ ចាំឲ្យក្រោកខ្លួនឯង, ដល់ក្រោកហើយ ប្រពន្ធដងទឹក ទៅលប់មុខឲ្យ រួចស្រេច នាងក៏ហុចស្លាបារី នឹងបាយកញ្ចប់ ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្ដី ។ បុរសនោះ ក៏ចុះពីលើផ្ទះទៅ ចូលក្នុងព្រៃរកឈើ, បានឃើញឈើមួយដើម មានមែកសាខាម្លប់ត្រជាក់ ក៏ដាក់បាយសំណុំ ដឹង ពូថៅ ហើយដេកគងអន្ទាក់ខ្លា មើលទៅលើនិយាយតែម្នាក់ឯងថា << មែកឈើនេះ ត្រូវធ្វើជាភ្នៀងនង្គ័ល, មែកនេះត្រូវធ្វើជាយាម , មែកនេះត្រូវធ្វើជាដង មែកនេះត្រូវជានឹម មែកនេះ ត្រូវធ្វើជារនាស់ ។ គ្រាន់តែដេកថាប៉ុណ្ណឹង ពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ីៗរួច ដេកថាដូចមុនទៀត , ថ្ងៃរសៀលត្រឡប់មកផ្ទះវិញ ។ ប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់ នាំប្ដីឡើងទៅលើផ្ទះ យកទឹកលាងជើងឲ្យប្ដី ហើយសួរថា << អ្នកទៅបានការដូចម្ដេចខ្លះ ? ប្ដីថាមិនទាន់បានទេនាង ! ចាំស្អែកសឹមទៅទៀត ដល់កន្លែងដើមឈើនោះហើយ , រុក្ខទេវតាដែលអាស្រ័យនៅទីនោះ ឮបុរសកំជិលថាដូច្នោះ ក៏ភ័យ ខ្លាចរកកន្លែងនៅគ្មាន ក៏គិតគ្នានឹងតាមទៅវាយសម្លាប់បុរសកំជិលនោះ ឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះ កុំឲ្យវាមកកាប់ឈើនេះបាន ។ បុរសនោះក៏ត្រឡប់មកផ្ទះវិញ ។ រុក្ខទេវតា តាមមកដល់មាត់របង ឃើញប្រពន្ធរត់ទៅទទួលប្ដីដល់មាត់ជណ្ដើរ យកទឹកលាងជើងប្ដី ។ ដោយសិរីសួស្ដីប្រពន្ធនោះ ទេវតាចូលមិនចុះ មិនហ៊ានវាយ ។ បុរសនោះរួចពីអន្តរាយ ក៏ឡើងទៅលើផ្ទះ ប្រពន្ធសួរ និយាយដូចមុនទៀតថា << បានសព្វគ្រប់អស់ហើយ ព្រឹកនឹងទៅកាប់ >> ។ ទេវតាភ័យណាស់ថា << បុរសនោះ មុខជាកាប់ហើយព្រឹកនេះ >> ក៏នាំគ្នាមកនិយាយអង្វរថា << សុំកុំកាប់ឈើនោះ>>។ បុរសថា << អញមិនព្រមទេ ព្រឹកនេះអញទៅកាប់ហើយ >> ។ ទេវតាភ័យណាស់ ក៏នាំគ្នានិយាយសូក ដោយប្រាប់ទីកន្លែងកំណប់មាសប្រាក់ ឲ្យបុរសៗសួរថា << ឲ្យកំណប់ប៉ុន្មានកន្លែង ? >> ។ ទេវតាថាពីរកន្លែង បុរសថា << មិនព្រមទេ, បើ៤កន្លែងទើបព្រម ហើយឲ្យដាក់ឈើសម្គាល់ឲ្យផង >> ។ ទេវតាក៏ព្រមធ្វើតាម កុំឲ្យតែកាប់ដើមឈើនោះ ។ បុរសថា << បើដូច្នោះ ខ្ញុំលែងកាប់ , តែថាព្រឹកនេះ ខ្ញុំទៅគាស់កំណប់នោះហើយ >> ។ ទេវតាថា << ទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យ >> ។ ព្រឹកឡើងប្ដីប្រពន្ធ នាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យ, ក្នុងកំណប់មួយៗទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវជញ្ជូនបីថ្ងៃ បានសុទ្ធតែមាសនិងប្រាក់ចាក់គរពេញផ្ទះ ។ នាងនោះ ក៏រៀបចំដាក់ហិប ដាក់ឡាំង មិនឲ្យអ្នកណាឃើញ ហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់ លក់ជាជំនួញរឹតតែមានឡើងៗ បានជាសេដ្ឋី មានមនុស្សកុះករមូលមកនៅពឹងពាក់ជាច្រើន រាប់មិនអស់ ។
ឯកសារយោង
[កែប្រែ]ប្រជុំរឿងព្រេងខ្មែរភាគទី១