រឿងបុរសមានកូន៤នាក់រៀនវិជ្ជា៤បទ
មានបុរសម្នាក់មានកូនប្រុស៤នាក់ បានសិក្សាវិជ្ជា៤បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី ម្នាក់ចេះដេក ម្នាក់ចេះកាត់ក្តី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង៤នាក់ទៅថ្វាយស្តេច ក្រាបទូលអំពីវិជ្ជាកូននីមួយៗក្នុងខណៈដែលថ្វាយនោះ ។ ស្តេចទ្រង់ទទួលរក្សាទុក ។ ថ្ងៃមួយ ស្តេចទ្រង់ពិសោធន៍បុរសម្នាក់ដែលចេះស៊ីជាមុន ឲ្យរៀបភោជនាហារជាច្រើនមុខ ។ បុរសនោះក៏បរិភោគតាមព្រះរាជបញ្ជា ដល់ទៅសម្លមួយមុខដែលស្តេចដួសទឹកឆៅមួយក្រចកក្នុងនោះ បុរសនោះមិនបរិភោគ ។ ស្តេចសួរបុរសនោះថា «ហេតុម្តេចបានជាចៅឯងមិនបរិភោគសម្លនេះ ?» ។
បុរសក្រាបទូលថ្វាយថា «សម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះបានជាទូលបង្គំជាខ្ញុំមិនទទួលព្រះរាជទាន» ។ ស្តេចនឹកក្នុងព្រះទ័យថា «បុរសនេះចេះវិជ្ជាខាងស៊ីស្ទាត់មែន» ។ អំពីនោះទៅស្តេចទ្រង់ពិសោធន៍បុរសចេះដេកទៀត ទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាត មានពូកកម្រាលក្រាលពីលើ ។ ស្តេចយកសក់មួយសរសៃទៅដាក់ក្រោមកម្រាល លើពូកនោះដល់ពេលយប់ទ្រង់ហៅបុរសនោះឲ្យទៅដេក ។ បុរសប្រះទៅក្រោកឡើងវិញភ្លាម ។ ស្តេចទ្រង់សួរថា «ហេតុម្តេចបានជាដេកហើយក្រោកវិញ?» ។ បុរសនោះក្រាបទូលថា «មានសក់មួយសរសៃនៅក្នុងដំណេកនោះបានជាទូលព្រះបង្គំជាខ្ញុំក្រោក» ស្តេចទ្រង់នឹងសរសើរក្នុងព្រះទ័យថា «បុរសនោះស្ទាត់ខាង វិជ្ជាដេកប្រាកដមែន» ។ ថ្ងៃមួយមានបុរសម្នាក់ស្លាប់នៅកណ្តាលវាល គ្មានភិនភាគស្លាកស្នាមអ្វីនៅរូបកាយនោះសោះ ។ ស្តេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួងស៊ើបសួររកហេតុនោះ ក៏ពុំឃើញទ្រង់ព្រះវិតក្កក្នុងព្រះរាជហឫទ័យ ទ្រង់នឹកឃើញបុរសដែលចេះវិជ្ជាខាងផ្លូវតុលាការនោះ ក៏មានព្រះរាជឱង្ការហៅចូលមក ហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរកពិរុទ្ធ រឿងនោះ ។ បុរសនោះ សូមព្រះរាជានុញ្ញាតអំណាចក្នុងវេលាដែលស៊ើបសួរយកការណ៍នោះ ។ ស្តេចក៏ព្រះរាជទានពរតាមសុំ ។ បុរសនោះចេញទៅដល់កន្លែងដែលបុរសនោះស្លាប់ ចាត់ការហៅអ្នកស្រុកមកប្រជុំមិនឲ្យសល់ម្នាក់ ហើយបុរសនោះហាមប្រាមថា «ក្នុងវេលាថ្ងៃស្អែកនេះមិនឲ្យទៅណាមកណាក្រៅពីភូមិខ្លួនទេ ឲ្យចូលទៅទាំងអស់គ្នា មើលគេធ្វើបុណ្យរំលាយសពបុរសអនាថាដែលស្លាប់នៅកណ្តាលវាលស្រែ លើកតែមនុស្សខ្វាក់ខ្វិនមិនត្រូវឲ្យទៅមើល ក្រៅពីនោះទាំងប្រុសទាំងស្រី ក្មេងចាស់ត្រូវចូលទៅមើលទាំងអស់» ។ ខណៈដែលរៀបចំរំលាយសពបុរសនោះ បុរសជាអ្នកស៊ើបសួរ បានចាត់មនុស្សជាច្រើននាក់ ដែលបានពន្យល់ពីកិច្ចហេតុដែលយកការណ៍ក្នុងរឿងនោះ បើឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់នោះ ឲ្យយកឈ្មោះនោះមកប្រគល់ឲ្យបុរសជានាយមួយរំពេច ។ ពេលភ្លើងឆេះពេញកម្លាំងមានស្រីក្រមុំម្នាក់ស្រក់ទឹកភ្នែកច្រោក ។ បុរសជាអ្នកគយគន់មើលហេតុ ក៏នាំខ្លួននាងនោះ ទៅស៊ើបសួរដំណើរដែលនាងយំនោះ ដោយយោបល់ដ៏ល្អិត ។ នាងក្រមុំរកផ្លូវគេចកែដោះសារទៅពុំបាន ក៏ប្រាប់បុរសនោះតាមត្រង់ថា «ខ្លួននាងក្រមុំបានសហាយនឹងបុរសដែលស្លាប់ ទើបនឹងបានគ្នាក្នុងយប់ដែលស្លាប់នោះថា ដំណើរដែលស្លាប់នោះគ្មាននរណាវាយដំធ្វើបាបអ្វីទេ គឺវេលាចូលដំណេកបុរសនោះប្រើនាងឲ្យទៅរកទឹកផឹក នាងក្រមុំមិនហ៊ានចេញឯក្រៅខ្លាចឪពុកម្តាយដឹងក៏យកផ្ទិលត្រងទឹកភ្លៀងដែលហូរធ្លាក់តាមស្បូវប្រក់ផ្ទះនោះឲ្យផឹក លុះផឹកហើយក៏បណ្តាលឲ្យដល់នូវមរណៈក្នុងខណៈនោះទៅ ។ បុរសដែលជាអ្នកស៊ើបសួរក៏យល់ច្បាស់ក្នុងចិត្តថា «នាងក្រមុំនេះមិនមានសន្តានចិត្តជាទុច្ចរិតនិងបុរសស្លាប់នោះទេ ព្រោះទើបស្រឡាញ់គ្នាបានជួបគ្នាក្នុងខណៈនេះប្រាកដជាមានសត្វអាសិរពិសអ្វីនៅលើដំបូលផ្ទះនោះ បានបណ្តាលឱ្យបុរសនោះស្លាប់» ។ បុរសជានាយទើបចាត់ឲ្យទៅមើល លើដំបូលផ្ទះនោះឃើញពស់នាគរាជមួយនៅចំពីលើល្វែងដែលនាងក្រមុំនោះដេក ។ បុរសជានាយក៏វាយពស់នាគរាជនោះយកទៅថ្វាយស្តេច ក្រាបទូលតាមដំណើរហើយ ដោះលែងនាងក្រមុំនោះទៅដោយវិនិច្ឆ័យថា «ហេតុដែលបណ្តាលឱ្យបុរសនោះស្លាប់ មកអំពីផឹកទឹកភ្លៀងលាយដោយពិសពស់នាគរាជដែលនាងក្រមុំនោះត្រងមកឱ្យផឹកដោយចេតនា ។ ស្តេចក៏ទ្រង់សរសើរថា «បុរសជានាយចេះស្ទាត់ក្នុងការស៊ើបសួរខាងផ្លូវតុលាការមែន» ។
ថ្ងៃមួយក្រោយមកមានសេដ្ឋីម្នាក់ស្លាប់ សេដ្ឋីនោះមានប្រពន្ធក្មេងល្អ ។ នាងនោះប្តេជ្ញាថា «មិនយកប្តីទៀតទេ» ។ ដំណឹងនោះជ្រាបដល់ស្តេចៗទ្រង់ឱ្យនាហ្មឺនសព្វមន្ត្រីទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះ ។ នាហ្មឺនទាំងអស់ទៅចង់មិនបាន ។ ស្តេចទ្រង់គិតថា នាងនេះប្រហែលជាមិនយកប្តី ដូចដំណើរដែលទ្រង់ជ្រាបនោះមែន តែទ្រង់គិតក្នុងព្រះរាជឫហទ័យថា «នាហ្មឺនសព្វមុខមន្រ្តីទាំងនោះប្រហែលជាមិនពេញសេចក្តីប្រាថ្នានាងមេម៉ាយទេ បើអង្គអញប្រហែលជានាងព្រម» ក៏ទ្រង់យាងទៅកាន់ផ្ទះនាងមេម៉ាយនោះ ហើយទ្រង់ឱ្យប្រាប់នាងថា «ល្ងាចនេះយើងមកផ្ទំនឹងនាង ឱ្យនាងរៀបចំទីកន្លែងចាំទទួល» ។ ពេលល្ងាចនាងរៀបក្រឡាព្រះបន្ទំ ហើយតែងស្រីបម្រើម្នាក់ដែលមានកើតស្រែងនៅខ្លួនរចនាដោយគ្រឿងប្រដាប់សំរាប់តាក់តែងរូបកាយស្រី គឺគ្រឿងមាសពេជ្រនិងគ្រឿងក្រអូបគ្រប់ប្រដាប់
ហើយឱ្យនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទំដែលរៀបចំទទួលស្តេចតាមព្រះរាជឱង្ការ ។ ដល់ស្តេចយាងមកដោយទ្រង់បានពិនិត្យសព្វគ្រប់ក៏ទ្រង់យល់ថា «ទីនេះជាទីនាងមេម៉ាយមែនបានជាមនុស្សទាំងឡាយមិនហ៊ានមកនៅទីនេះ» ក៏ទ្រង់ដាក់ព្រះអង្គគងឱបដោយសំគាល់ថា នាងមេម៉ាយហើយទ្រង់ផ្ទំជាមួយនាងនោះ រួចហើយទ្រង់កំណត់ព្រះចិន្តាថា «អញមកចង់នាងនេះបានហើយ» ។ ដើម្បីឱ្យឃើញជាភស្តុតាងដល់ភ្នែកអ្នកទាំងពួងផង ស្តេចក៏ទ្រង់ខាំថ្ពាល់នាងនោះជាសំគាល់ រួចទ្រង់យាងមកព្រះបរមរាជវាំង «ព្រឹកស្អែកនេះឱ្យនាងចូលទៅគាល់ស្តេចកុំខាន» ។ ទ្រង់យាងដល់ព្រះបរមរាជវាំងក៏ទ្រង់មានព្រះរាជឱង្ការប្រាប់ អស់នាហ្មឺនសព្វមុខមន្រ្តីថា «ព្រះអង្គយាងទៅចង់នាងនោះបាន មានទាំងសំគាល់ស្នាមព្រះទន្តនៅថ្ពាល់នាងនោះផង ហើយទ្រង់បានប្រាប់ឱ្យចូលមកគាល់យកទាំងស្រីបំរើដែលតាក់តែងកាយទទួលស្តេចពីយប់នោះមកជាមួយផង លុះចូលមកគាល់ក៏អង្គុយតាមមុខក្រោយ នាងមេម៉ាយអង្គុយមុខ ស្រីបំរើអង្គុយក្រោយ ។ ស្តេចឱ្យនាហ្មឺនទៅពិនិត្យមើលកន្លែងដែលសំគាល់ដែលទ្រង់បានប្រាប់ហើយនោះ ។ លុះភ្នាក់ងារដែលទទួលព្រះរាជឱង្ការទៅពិនិត្យត្រឡប់មកទូលស្តេចវិញថា «នាងអង្គុយក្រោយនោះមានស្នាមនៅថ្ពាល់ជាសំគាល់ដោយធ្មេញ ឯនាងមេម៉ាយគ្មានស្នាមអ្វីជាសំគាល់ទេ» ។ ស្តេចក៏តូចព្រះរាជហឫទ័យដោយសេចក្តីធ្វេសមិនបានពិនិត្យជាមុនក៏ទ្រង់ព្រះចិន្តាត្រឹះរិះទៅឃើញថា «នាងនេះជាស្រីមានប្រាជ្ញានឹងរកអ្នកឯណាទៅចង់នាងបាន» ក៏ទ្រង់នឹកដល់បុរសដែលជាអ្នកស្ទាត់ខាងវិជ្ជាចង់ស្រី ក៏ទ្រង់មានព្រះរាជឱង្ការឱ្យចូលមកគាល់ ។ ស្តេចក៏មានព្រះរាជឱង្ការសួរទៅបុរសនោះថា «ឯងទៅចង់នាងមេម៉ាយជាប្រពន្ធសេដ្ឋីបានឬទេ? បើឯងត្រូវការវត្ថុអ្វីទ្រង់ព្រះរាជទានទាំងអស់» ។ បុរសនោះក្រាបទូលថា «ទទួលតាមបន្ទាល់ដោយមិនចាំបាច់យកវត្ថុជាឧបត្ថម្ភទៅទេ សុំតែសំពត់ផាឌិបចាស់យកទៅស្លៀកពាក់ ហើយនឹងឆ្អឹងគោមួយថោ វេចខ្ចប់ជាប់ទៅនឹងខ្លួនតែប៉ុណ្ណោះ ។
ឯនាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋី វេលាដែលត្រឡប់ពីគាល់ស្តេចវិញ ក៏រៀបសាលាធ្វើបុណ្យខ្មោចសេដ្ឋីជាប្តី រំលាយសពរួចស្រេច រើសធាតុយកមកខ្ចប់តម្កល់លើសាលាបុណ្យឆ្លង ។ វេលាយប់នោះ បុរសដែលទទួលព្រះរាជឱង្ការបានទៅដល់លើសាលាដែលនាងមេម៉ាយធ្វើបុណ្យខ្មោចប្តី ដែលនឹងស្រេចនៅវេលាព្រឹកស្អែកនោះ ដល់ហើយធ្វើជាយំសោកនឹកខ្មោចប្រពន្ធស្លាប់ ដែលមានធាតុស្ពាយជាប់ខ្លួនផង ដោយសេចក្តីទុក្ខយ៉ាងខ្លាំង ។ បណ្តាអ្នកជាពួកក្រុមនាងមេម៉ាយដែលនៅលើសាលានោះទាំងប៉ុន្មានមានសេចក្តីឆ្ងល់ភ័ន្តភាំងគ្រប់គ្នា សួរទៅបុរសថា «ហេតុអ្វីអ្នកមកយំសោកបោកខ្លួនប្រាណនៅលើទីនេះខ្លាំងម្ល៉េះ ?» ។ បុរសនោះប្រាប់ទៅអ្នករក្សាសាលានោះថា «ខ្ញុំឃើញគេធ្វើបុណ្យខ្មោចលោកសេដ្ឋីនោះ ខ្ញុំនឹកឃើញដល់ខ្មោចប្រពន្ធខ្ញុំដែលបានស្លាប់ដោយសង្វេគ និង ទុក្ខវេទនាដែលព្រាត់ប្រាសជាថ្មីមួយជាន់ទៀត ខ្លួនខ្ញុំតាំងពីប្រពន្ធស្លាប់ទៅជាយូរហើយលះបង់ការងារចោលអស់ស្ពាយតែធាតុប្រពន្ធដោយសេចក្តីអាលោះអាល័យ» ។ ហើយបុរសនោះសុំអ្នកចាំសាលាស្នាក់មួយយប់ ។
បុរសដែលចាំសាលាមិនហ៊ានសំរេចដោយខ្លួនឯងក៏យកសេចក្តីនោះទៅជំរាបនាងមេម៉ាយជាចៅហ្វាយតាមដំណើរដែលបុរសនោះអធិប្បាយអំពីសេចក្តីកំសត់របស់ខ្លួន ហើយសុំសាលាស្នាក់ ។ នាងមេម៉ាយមានចិត្តអាណិតដល់បុរសកំសត់ ដែលមានទុក្ខព្រាត់ប្រាសប្រពន្ធនោះក៏យល់ព្រមឱ្យស្នាក់ ហើយបង្គាប់ទៅមនុស្សបម្រើឱ្យរៀបអាហារ ភោជនឱ្យទានបុរសនោះផង លុះយប់នាងមេម៉ាយទៅស្តាប់ធម៌ទេសនាបុណ្យខ្មោចប្តីនៅលើសាលាតម្កល់ធាតុទុកនៅនោះ ។ ឯបុរសចង់ស្រីក៏សំងំធ្វើជាដេកលក់ ។ នាងមេម៉ាយស្តាប់ធម៌ទេសនាចប់ត្រឡប់មកផ្ទះវិញ ។ បុរសជាអ្នកចង់ស្រីឃើញឱកាសស្ងាត់ល្អ ក៏លួចយកធាតុប្រពន្ធទៅដាក់ប្របធាតុសេដ្ឋីជាប្តីនាងមេម៉ាយ ។ លុះដល់ព្រឹកឡើង នាងមេម៉ាយចូលដល់សាលា បុរសនោះស្រែកយំជាខ្លាំងថា «អ្នកណាលួចយកធាតុប្រពន្ធខ្ញុំទៅបាត់» ។ នាងមេម៉ាយឆ្ងល់ក៏សួរបុរសនោះថា «ហេតុអ្វីក៏អ្នកឯងយំខ្លាំងម៉្លេះ ?» ។ បុរសនោះប្រាប់ទៅនាងមេម៉ាយវិញថា «អ្នកណាលួចប្រពន្ធខ្ញុំទៅបាត់» ហើយចោទប្រកាន់ទៅលើនាងមេម៉ាយថា «ខ្មោចប្តីនាងមេម៉ាយលួចប្រពន្ធខ្លួន» ។ នាងមេម៉ាយមានសេចក្តីអន់ចិត្តនឹងបុរសនោះប្រកាន់ដល់ខ្មោចប្តីថា លួចប្រពន្ធខ្លួន ក៏នាំបុរសនោះឱ្យទៅមើល ឃើញនៅជិតគ្នាមែន ។ បុរសក៏ចោទប្រកាន់នាងមេម៉ាយថា «ប្តីនាងយកប្រពន្ធគាត់ ធ្វើជាប្រពន្ធខ្លួនឯង លុះតែនាងព្រមធ្វើជាប្រពន្ធគាត់វិញ ទើបព្រមសុខចិត្ត» សេចក្តីចោទដល់ខ្លួននាងមេម៉ាយនោះជាដំណំច្រើនខណាស់ដោយ ឧបាយកលយ៉ាងល្អិត ។ នាងមេម៉ាយរកផ្លូវដោះសារគ្មានក៏ចាញ់កលជាទម្ងន់ ថែមទាំងមានសេចក្តីអន់ចិត្តនឹងខ្មោចប្តីខ្លួនដែលស្លាប់នោះថា ជាមនុស្សគ្មានសប្បុរសដល់ប្រពន្ធកំពុងកើតទុក្ខនឹងខ្លួន ហ៊ានទៅលួចប្រពន្ធគេយកមកបញ្ចើនៅមុខ ក៏ទទួលព្រមយកបុរសនោះធ្វើជាប្តី ជាសេចក្តីតបទៅនឹងខ្មោចប្តីខ្លួនដែលលួចប្រពន្ធបុរសនោះវិញ ។ ចំណែកបុរសនោះ ដល់បាននាងមេម៉ាយជាប្រពន្ធ៣-៤ថ្ងៃក៏បបួលគ្នាទៅគាល់ស្តេចៗ និងនាហ្មឺនសពមុខមន្រ្តីបានទតឃើញមានសេចក្តីសរសើរដល់បុរសនោះថា ជាអ្នកមានវិជ្ជាចេះចង់ស្រីប្រាកដមែន ។
ដក់ស្រង់ពី ប្រជុំរឿងព្រេងខ្មែរភាគទី១