រឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគ
តាមពិតពិធីបំបួសនាគមិនមែនជារឿងថ្មីរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ពិធីនេះបានកើតមានតាំងតែពីបុរាណ រហូតមកដល់បច្ចុប្បន្ននៅតែជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ព្រោះវាជាស្ពាន សីលធម៌ចម្លងមនុស្សទៅកាន់ភាពរុងរឿងនៃជីវិត វៀរចាកអំពើបាបទាំងឡាយ កើតមានតែភាពស្ងប់ស្ងាត់ មិនលោភលន់មានចំណេះដឹងខ្ពង់ខ្ពស់ ជួយបំភ្លឺភាពត្រឹមត្រូវ ដល់មនុស្សជំនាន់ក្រោយជាបន្ដបន្ទាប់ ។ ពិធីបំបួសនាគបានរលាយក្នុងរបបខ្មែរក្រហមកាន់កាប់អំណាចពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។ ក្រោយថ្ងៃរំដោះ ប្រជាពលរដ្ឋមានសេរីភាព សង្គមត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នផ្សេងៗ ពិធីបំបួសនាគបានចាប់ផ្ដើមកំរើកឡើងវិញ ។ ប៉ុន្ដែបច្ចុប្បន្ន ពិធីនេះមាននៅតាមតំបន់ជនបទ យូរៗម្ដងគេឃើញមានការរៀបចំធ្វើពិធីនេះនៅទីក្រុងភ្នំពេញ ។ ថ្មីៗនេះនៅទីក្រុងភ្នំពេញ ពិធីបំបួសនាគបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកូនប្រុសរបស់ត្រកូលអភិជនមួយចំនួនតួចបានសម្រេចចិត្តសាងផ្នួសរយៈពេលខ្លី ។ គួររំលឹកថា នៅក្នុងពិធីបំបួសនាគ គេត្រូវរៀបចំធ្វើតាមប្រពៃណីបុរាណ ដូចជាពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃនាគ ពិធីលាបប្រេងម្សៅ ពិធីចម្រើនព្រះបរិត្ដនាគ ពិធីហែនាគ ៣ ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទាចំពោះព្រះពុទ្ធរូប ពិធីនាគវន្ទាព្រះឧបជ្ឈាយ៍ ពិធីសុំនិស្ស័យបំបួសនាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃហត្ថាបាស ចម្រើនពុទ្ធជ័យ មង្គល ពិធីពហុទេវា សាមណេរវន្ទាលាញោមប្រុស-ស្រី លោកតា លោកយាយ ដើម្បីសាងផ្នួស ពិធីកប់សក់ដើម្បីសុំសេចក្ដីសុខ ។ ពិធីបំបួសនាគនេះជាពិធីមួយធំ ដែលប្រជាជនខ្មែរទម្លាប់ធ្វើតាំងពីបុរាណកាលដែលចូលជ្រួតជ្រាបក្នុងសន្ដានចិត្ដនៃប្រជាជនខ្មែរ ព្រោះនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញមានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់ជាតិ ។ រីឯការបំបួសកូនចៅក៏ជាកិច្ចទំនុកបំរុង ព្រះពុទ្ធសាសនាមួយដែរ ។ ម្យ៉ាងទៀតព្រះពុទ្ធសាសនាជាប្រភពនៃការបណ្ដុះបណ្ដាលអក្សរសាស្ដ្រ និងតម្រិះវិជ្ជាផ្សេងៗ ដូចជាជំនាញសំណង់ និងការរចនាផ្សេងៗ ។
មនុស្សដែលបានបួសក្នុងព្រះពុទ្ធសាសនាមានតម្លៃខ្ពស់ជាងមនុស្សដែលពុំបានបួស ព្រោះអ្នកស្រុកតែងយល់ថា អ្នកបួសជាមនុស្សស្គាល់បាបបុណ្យ គុណទោសច្បាស់លាស់ ហើយប្រជាជនខ្មែរមានជំនឿម្យ៉ាងទៀតថា “បួសនេនសងគុណម្ដាយ បួសភិក្ខុសងគុណឪពុក” ។ ជំនឿទាំងនេះបានជ្រាបជ្រៅក្នុងសន្ដានចិត្ដប្រជាជនខ្មែរទូទាំងប្រទេស រហូតដល់ពេលរៀបចំទុកដាក់កូនចៅឱ្យមានប្ដី-ប្រពន្ធ ក៏គេនិយមប្រកាន់រើសរកតែបុរសណាដែលបានបួសរៀន ។ អ្នកស្រុកស្រែចម្ការនៅប្រកាន់ទំនៀមទម្លាប់ខាងលើនេះជាប់រហូតដល់សព្វថ្ងៃ ប៉ុន្ដែមិនសូវតឹងរ៉ឹងដូចកាលពីដើមទេ ព្រោះឥឡូវនេះមានសាលារៀនរដ្ឋការច្រើន ហើយដែលសម្រាប់ការបណ្ដុះនិស្ស័យ និងតម្រិះវិជ្ជាផ្សេងៗ ប្រជាជនខ្មែរភាគច្រើនយល់ថា “អ្នកបួសជាមនុស្សប្រសើរ” យ៉ាងនេះហើយទើបគេហៅ បព្វជ្ជាបេក្ខៈ និងឧបសម្បទាបេក្ខៈ ថា “នាគ” ។ “បំបួសនាគ” គឺបំបួសមនុស្សប្រសើរ ។ ដំរីមានភ្លុកដែលធំល្អជាងគេ និងពស់ដែលធំវិសេសជាងគេ ក៏គេហៅថា “នាគ” ដែរព្រោះពាក្យថា “នាគ”នេះមានន័យថា “ប្រសើរ” ។
ទំនៀមបំបួសនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថា នៅពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្ដជេតពន នាគរាជមួយមានមហិទ្ធិឫទ្ធិ មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចង់បួសជាភិក្ខុ ក៏កាឡាខ្លួនជាមាណពចូលទៅថ្វាយបង្គំព្រះមហាតិស្សត្ថេរ ហើយទូលថា “ខ្ញុំព្រះករុណាសូមបួសជាព្រះមហាថេរផង” ។ ព្រះមហាតិស្សត្ថេរ ក៏បំបួសស្ដេចនាគដែលបានកាឡាខ្លួននោះជាភិក្ខុ ។ ថ្ងៃមួយនៅពេលដែលភិក្ខុស្ដេចនាគនោះសិងពេល ថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោក ក៏ក្លាយជានាគឆ្វាយរង្វេលពេនពេញបន្ទប់ រីឯស្បង់ចីវរខ្ចាត់ខ្ចាយអស់រលីងពីកាយ ។ ពេលនោះសាមណេរមួយអង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្ដភិក្ខុនោះទៅឆាន់ លុះសាមណេរនោះបើកទ្វារ ក៏ស្រាប់តែឃើញពស់ពេនពេញបន្ទប់ សាមណេរភ័យរន្ធត់ ស្ទុះរត់ស្រែកឆោឡោផ្អើលពេញវត្ដ ។ លុះដំណឹងនេះ ជ្រាបដល់ព្រះពុទ្ធ ទើបព្រះអង្គទ្រង់បញ្ញត្តិថា “ចាប់ពីថ្ងៃនេះ ភិក្ខុឯក្រោយកុំបីបំបួសសត្វតិរច្ឆាន ខ្មោច បិសាច រាជភូត យក្សាឡើយ” ។ អាស្រ័យដំណើរដែលព្រះអង្គទ្រង់បញ្ញត្តិដូច្នេះ ទើបភិក្ខុនាគក្រាបទូលព្រះពុទ្ធថា “ខ្ញុំព្រះអង្គមានចិត្ដស្មោះចំពោះសាសនាព្រះអង្គ ពិតណាស់ ឥតមានក្លែងបន្លំទេ បើខ្ញុំព្រះអង្គមានភេទជាសត្វមិនអាចបួសក្នុងសំណាក់ព្រះអង្គបាន ដូច្នេះខ្ញុំព្រះអង្គសូមពរឱ្យមានព្រះបញ្ញត្តិថា បើភិក្ខុនឹងបំបួសកុលបុត្រ សូមឱ្យហៅអ្នកសុំផ្នួសនោះថា “នាគ” ដូច្នេះតទៅ ដើម្បីឱ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គ ដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គ ប៉ុន្តែបែរជាពុំមាននិស្ស័យអាចបួសជាភិក្ខុដូចមនុស្សទាំងពួង ។ ព្រះពុទ្ធទ្រង់ទើបបញ្ញត្ដិពាក្យឱ្យហៅបព្វជ្ជាបេក្ខៈ (គ្រហស្ថសុំបួសជាសាមណេរ) និងឧបសម្បទាបេក្ខៈ (សាមណេរសុំបួសជាភិក្ខុ) ហៅថា “នាគ” តាមសំណូមពរដែលស្ដេចនាគសុំ ។ អាស្រ័យរឿងនេះ ទើបមានឈ្មោះហៅថា “នាគ” រហូតមក ។
ឯកសារយោង
[កែប្រែ]សៀវភៅរៀនភាសាខ្មែរថ្នាក់ទី ៦ មេរៀនទី៦៖ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ (ពិធីបំបួសនាគ) ទំព័រទី ៧៩ ដល់ ៨០
មាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣)
ដំណើរជីវិតមនុស្សខ្មែរ មើលតាមពិធីឆ្លងវ័យ (2007) និពន្ធដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប បោះពុម្ពនៅ ភ្នំពេញ ដោយរោងពុម្ព ហនុមានទេសចរណ៍