រឿងព្រះសិរិធរ
កាលពីព្រេងនាយ កន្លងយូរអង្វែងហើយនោះ មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិនៅក្រុងពារាណសី ។ នៅទីក្រុងនេះមានសេដ្ឋីម្នាក់ឈ្មោះ សិរីធរ សេដ្ឋីនេះមានចិត្តសប្បុរសធ្វើទានរក្សាសីលជានិច្ច ។
គ្រានោះ មានព្រះបច្ចេកពុទ្ធមួយអង្គ ក្រោយដែលបានចេញពីនិរោធសមាបត្តិក្នុងគំរប់ ៧ ថ្ងៃហើយ លោកបាននិមន្តទៅបិណ្ឌបាត្រនៅផ្ទះសិរីធរសេដ្ឋីនៅពេលបាយព្រឹក ។ សេដ្ឋីបានក្រឡេកឃើញ កើតសេចក្តីជ្រះថ្លា បានយកអាហារភោជន ដែលគេបំរុងទុកសម្រាប់ខ្លួនដាក់បាតព្រះបច្ចេកពុទ្ធទាំងអស់ ។
ក្រោយដែលបានប្រគេនចង្ហាន់ដល់ព្រះបច្ចេកពុទ្ធហើយ សេដ្ឋីកើតចិត្តជ្រះថ្លាក្រៃលែង ស្រាប់តែកើតទិព្វភោជនពេញភាជន៍ភត្តរបស់សេដ្ឋីយ៉ាងអស្ចារ្យមានក្លិនក្រអូបផ្សាយផ្សព្វទូទៅ ។ អ្នកបំរើលើកទិព្វភោជនជូនមហាសេដ្ឋី ៗ បរិភោគឆ្អែតស្កប់ស្កល់ ហើយក៏ចែកជូនបណ្តាជនក្នុងផ្ទះ និងក្រៅផ្ទះ បានបរិភោគឆ្អែតទាំងអស់គ្នា ។ ជនទាំងឡាយបានមកជួបជុំជាច្រើននៅផ្ទះសេដ្ឋី ហើយនាំគ្នាពោលសរសើរភ័ព្វសំណាង និងផលទាននៃសេដ្ឋី ៗ ក៏បានសំដែងផលានិសង្សនៃទានដូច្នេះថាៈ
“ អ្នកទាំងឡាយចូរមើលលទ្ធផលការបរិច្ចាគទានដោយសទ្ធា ឥទ្ធិផលនៃបាយរមែងឲ្យបានសម្រេចសេចក្តីប្រាថ្នាទាំងពួង ទាំងក្នុងលោកិយ ទាំងក្នុងបរលោក ” ។
“ ឲ្យទានបាយ ជាទាននាំមកនូវលទ្ធផល គឺ អាយុ វណ្ណៈ សុខៈ ពលៈ ឲ្យមានយស ឲ្យមានកិត្តិស័ព្ទ និងបរិភាណ ទាំងក្នុងលោកិយ ទាំងក្នុងបរលោក ” ។
“ ដោយហេតុនេះ អ្នកមានប្រាជ្ញា កាលបើឃើញច្បាស់នូវសារប្រយោជន៍របស់ខ្លួន គប្បីបរិច្ចាគទាន មិនគប្បីលុះដោយសេចក្តីកំណាញ់ ត្បិតសេចក្តីកំណាញ់ជាកំហុស ១ ដែលយើងត្រូវលះបង់ចេញឲ្យដាច់ខាត ” ។
កាលចប់ពាក្យទូន្មាននៃសិរីធរសេដ្ឋី ពួកមហាជនក៏មានចិត្តត្រេកអរសោមនស្សណាស់ នាំគ្នាបូជាធម៌ទេសនា ដោយចិត្តជ្រះថ្លាសាទរជាអនេក ។ មហាមេឃបង្អុរភ្លៀងសុទ្ធតែភ្ញីផ្កាផ្សេង ៗ ជាអស្ចារ្យក្រៃលែង ។ សេដ្ឋីចិត្តសប្បុរសដ៏ប្រសើរនេះ បានជួបប្រទះតែនឹងជោគជ័យ សិរីសុខសួស្តី ដរាបដល់អាយុក្ខ័យ ហើយបានទៅកើតក្នុងឋានទេវលោក ដែលប្រកបដោយសេចក្តីសុខ សុភមង្គល រាល់ទីវារាត្រីក្រៃលែងជាងសេចក្តីសុខសប្បាយទាំងឡាយ នៅឋានមនុស្សលោកនេះ ជាភិយ្យោ ភាពតរៀងទៅ ។