រឿងមហាចោរនៅទល់ដែនវគ្គទី១៣៖វាយផ្តាច់ព្រ័ត្រ
មានន្ទជិះសេះយ៉ាងលឿនស្លុងបោលសំដៅទៅទិសខាងជើងកាត់ព្រៃមួយយ៉ាងធំដែលសម្បូរពោពាសទៅដោយរុក្ខជាតិធំតូច។ អ្នកនឹងស្រលាញ់ប្រទេសខ្មែរក្រៃពេក។ ដោយប្រទេសខ្មែរមានព្រៃជាធនជាន ហើយដែលកូនខ្មែរស្រាវយកមិនចេះអស់។ ខាងលើមេឃផ្កាយរះព្រោងព្រាតនាកណ្តាលនភាល័យពណ៌បៃតងខ្ចី ធាតុអាកាសត្រជាក់ស្រួលរកប្រទេសណាមកប្រដូចគ្មានឡើយ។ បុរសស្រលាញ់ប្រទេសខ្មែរ ស្រលាញ់ជនជាតិខ្មែរ ស្រលាញ់នឹងសាច់នឹងឈាមអ្នក តែមាណពអាក់អន់ចិត្តយ៉ាងធំអនេកគឺខ្មែរមិនឯករាជ្យ។ យាមទីពីរ។ផ្កាយព្រឹករះត្រឈៃនៅទិសខាងកើត។ អ្នកជិះសេះយើងអស់កម្លាំងយ៉ាងខ្មាំង។ លបស្តាប់ខាងក្រោយគ្មានឮសូរអ្វីសោះ។ ទឹកចិត្តដ៏រីករាយមកគ្របដណ្តប់អ្នក។ បរិយាកាសព្រួយភ័យបើកវាំងននចេញស្រឡះពីដើមទ្រូងដើម្បីទុកបរិវេណឲ្យសេរីភាពបញ្ចេញរស្មីឡើង។ អ្នកឈប់នឹកនាដល់ខ្មាំងដែលដេញតាមប្រកិតអស់ពេលជាយូរមកហើយ។ ហើយបណ្តោយសណ្តានចិត្តឲ្យដើរលេងរាយមាយគ្មានទីដៅ។ ញើសដែលហូរៗ ចុះកុំឲ្យតែនៅក្នុងកណ្តាប់ដៃខ្មាំង។ គឺជាសំណាងមួយយ៉ាងធំហើយដែលបានរួចខ្លួននេះ។ ព្រឹត្តិការណ៍ក្នុងប៉ុន្មានថ្ងៃនេះ មានមកយ៉ាងខ្លាំងជ្រួលខ្លាំង។ ក្នុងការតស៊ូដើម្បីសេរីភាព និងអាយុជីវិតនេះ មានន្ទនឹកឃើញកោប អគ្គី នាងយីហ៊ុប....មែន ! នាងយីហ៊ុបគួរនឹកខ្លាំងជាងគេ។ នៅពីចម្ងាយលើទួលដំបូក ភ្នក់ភ្លើងមួយឆេះផ្លុងៗកណ្តាលទីងងឹត ឃើញបីដូចភ្លើងរបស់បិសាចកំណាចណាមួយ។
- អីយ៉ា ! ខ្មាំង ឬ មិត្ត ?
មានន្ទភ័យញ័រក្នុងពោះឡើងវិញ ។ បុរសលោតចុះពីលើខ្មងសេះចងអាជានេយ្យ រួចក៏តាំងលូនសំដៅទៅទីដែលមានភ្លើង ដោយប្រយ័ត្នមិនឲ្យមានឮសូរអ្វីដល់តិចតួចឡើយ ក្នុងពេលកំពុងលូននេះ ឆ្កែមួយក៏ព្រុសឡូឡើង។ អ្នកលបភ័យតក្កមានឹកថា ម្តងនេះមុខជាស្លាប់មិនខាន។ មនុស្សបួននាក់ក្រោកច្រូង។ បរិយាកាសស្ងប់ស្រួលក៏ប្រែទៅជាតឹងតែងយ៉ាងខ្មួលខ្មាញ់។ អ្នកដុតភ្លើងត្រៀមខ្លួនព្រឹប ខ្លះរត់រកដាវ ខ្លះឆក់បានព្រួញគ្រប់ៗគ្នា។ គឺជាទាហន។ ជនអ្នកត្រៀមឱនៗខ្លួនទៅពួនរាយជាខ្សែតាមគល់ឈើ។ ឆ្កែកាន់ព្រុសខ្លាំងឡើង សម្លឹងទៅទិសដែលមានន្ទលូនមក។ ពួកអ្នករោមភ្លើងកំហែងលាន់ឡើងថា :
- អ្នកណា ?
មានន្ទដែលគិតតែថយរត់ដកខ្លួន កាលបើឮសូរមាត់ស្រែកសួរនោះ ក៏សប្បាយចិត្តជាពន់ពេកដូចបានរស់ឡើងវិញម្តងទៀត ក្រោកឈរដើរទៅមុខស្លុងឥតបង្អង់។ មាត់អ្នកសួរបន្លឺទៀតថា :
- អ្នកណា? លោកគ្រូឬអី?* អឺ!
សូរមាត់ក៏ស្ទុះច្រូងច្រាងឡើង ជំនួសផ្លែដាវដែលយើងស្មានថា មុខជាបានឮនោះ។
- អូ! លោកគ្រូ! លោកគ្រូ វើយ! អាកោបៗ
- អ៊ើយ
- អគ្គី! អគ្គីអ៊ើយ!
- អើយ
- លោកគ្រូទេវើយ!
អ្នកទាំងអស់គ្នារត់ទៅទទួលមានន្ទដែលសើចស្ញាញដើរចូលកាន់តែជិតមក។ មានន្ទទះស្មាបុរសម្នាក់ដែលមានមាឌស្តើងខ្ពស់ដើមទ្រូងធំក្រអាញ
- ម៉េចមហាកាល សុខសប្បាយទេ?
បុរសឈ្មោះមហាកាលធ្វើគារវកិច្ចយ៉ាងគោរព រួចឆ្លើយយ៉ាងរាក់ទាក់តបវិញថា :
- បាទ! ចុះលោកគ្រូ?
- សុខសប្បាយជាទេ ។ កូនចៅទាំងអស់មានប៉ុន្មាន?
- រួមទាំងខ្ញុំបាទ ទាំងអាកោប ទាំអគ្គី ទាំងកូនទាហានបានដប់ប្រាំនាក់។
ជនទាំងដប់ប្រាំនាក់ ដូចរៀបរាប់មកនេះ ឈរត្រង់ខ្លួនមុខញញឹមរកមានន្ទដែលញញឹមរកអ្នករាល់គ្នាវិញ។
- អើ! ប៉ុណ្ណឹងបានហើយ។
មហាកាលដែលមើលមុខមានន្ទធំជាងគេនោះ និយាយឡើងថា :
- ខ្ញុំមិនដឹងខ្លួនផង ស្រាប់តែអាកោបទៅដល់ផ្ទះខ្ញុំទាំងយប់។ ខ្ញុំសួរវាភ្លាម មានការអី វាក៏រាយការណ៍ប្រាប់ខ្ញុំៗ ក៏ប្រមូលគ្នាមកភ្លាមបានតែប៉ុណ្ណឹងឯង។
មានន្ទចោលភ្នែកទាំងពីរយ៉ាងមេត្រីរាប់អានទៅលើមុខមហាកាល។
- ចុះអ្នកឯទៀតទៅណា?
- ហ៊ី! លោកគ្រូរកហៅគេមិនទាន់ ស្រទុំវានៅផ្ទះឬទេ ក៏មិនដឹងស្បៃវែង និងអរុណមិននៅទេ។
- ទៅណា?
- បាទ! លោកគ្រូអើយ ខែនេះគេទៅទន្លេបាត់អស់ហើយ។ នៅតែខ្ញុំទេមិនចេះសោះខាងផ្លួវទឹក។
អ្នកទាំងអស់គ្នា ដែលឈរជុំវិញជនទាំងពីរស្តាប់យ៉ាងជក់ចិត្ត ថ្វីត្បិតតែកិច្ចសន្ទនានេះគ្មានជម្រៅអ្វីឡើយ។
- កាលណាពួកនោះមកវិញ?
- ប្រហែលកន្លះខែទៀត។
មានន្ទបែទៅកាន់ស្មាកោបវិញម្តង រួចសួរថា:
- ម៉េចកោប?
នាយកោបបញ្ឈរភ្នែកឡើងទៅលើធ្វើអៀនប្រៀនឆ្លើយថា :
- ខ្ញុំបាទភ័យណាស់ ដោយមិនដឹងថាយប់នោះ លោកគ្រូបែកទៅខាងណា។
មានន្ទសើចកាន់តែខ្លាំងឡើង លេចធ្មេញសស្គុស រួចបែរទៅរកនាយគីសហជីវិនចាស់ទៀត។
- គីភ័យដែរឬ?
- ខ្ញុំបាទវាយថយៗ រួចគេចផុតទៅ
- ទាំងអស់គ្នាមានត្រូវរបួសដែរឬអ្វី?
- បាទ ទេ!
នាយកោបក៏ឆ្លៀតបញ្ចូលសំឡេងខ្លួនជាមួយអគ្គីទៀតថា :
- បាទ ទេ!
មហាកាលកាត់ថា :
- ពួកនេះលោកគ្រូទុកចិត្តចុះ ថាវាយននៀលដូចត្រីក្រាញ់។
នាយកោបរឹតតែអៀនដោយគេបញ្ជោរបន្តិចនេះ យកម្រាមដៃលូកមាត់ ឱនមុខលួចសំឡក់មហាកាល។ ជនទាំងអស់គ្នាក៏សើចលាន់ឮក្អាកក្អាយ។ ទាំងពលទាហាន ទាំងមេទ័ព ទាំងមេ បន្ទាបមក គេទាំងអស់គ្នាសប្បាយរីករាយលើសធម្មតា។ នាយគីនឹកឃើញនិយាយថា :
- អុញហ្ន៎ ! ភ្លេចសួរលោកគ្រូ តើពិសាបាយហើយឬនៅ?
- នៅ តែខ្ញុំស្រេកទឹកណាស់ មានទឹកមួយផ្តិលទេ?
មហាកាលទាញដៃនាយកោបមកឆ្ងាយពីស្មាមានន្ទ ទះក្បាលមួយផូងរួចនិយាយថា :
- អូ! យកទឹកមកជូនលោកគ្រូ ។ កោប ! រួចមករកដាំបាយជូនលោកគ្រូទៀត។
នាយកោបជ្រុលតះៗទៅមុខ។ មានន្ទសួរទៅមហាកាលថា :
- មានអ្វីជាអាហារ?
- មាន! លោកគ្រូសាច់ទន្សាយខ្ញុំទើបបាញ់បាន!
- អើ បានទន្សាយផង! នាំឲ្យពិបាកទេឬ?
- ទេ ! មិនអីទេលោកគ្រូ ធ្វើតែមួយសន្ទុះរួចហើយ។
ជនទាំងអស់មិនព្រមទៅណាឆ្ងាយពីមានន្ទសោះ ។ មានន្ទក៏និយាយអំពីស្ថានការណ៍បច្ចុប្បន្នឲ្យអ្នករាល់គ្នាស្តាប់ រួចដាស់ទឹកចិត្តអ្នករាល់គ្នាថា :
- យើងត្រូវតែតស៊ូ។ ការពិបាកនេះតែជាការចាំបាច់។ ការនេះធំតែជាការដែលគេអាចសម្រេចបានដោយយើងពួតដៃគ្នាពុះពារឡើង។ ក្នុងសង្រ្គាមយើងកុំខ្លាច បើយើងខ្លាច ខ្មាំងបានចិត្តរឹតតែរឹបវាយយើង ។
បើយើងហ៊ាន ខ្មាំងខ្លាចយើងវិញ ។ នៅពេលតស៊ូ ឬខ្មាំងសម្លាប់យើង ឬយើងសម្លាប់ខ្មាំង។ មានតែពីរយ៉ាងនេះទេ។ ក្រៅពីនេះ មានន្ទនិយាយអំពីវិន័យដែលត្រូវកាន់ គឺកុំធ្វើបាបដល់អ្នកស្រុក កុំសម្លាប់ខ្មែរគ្នាឯង វាយចោះយកតែខ្មាំងពិតៗ ។ល។ អ្នកទាំងអស់គ្នាស្តាប់ដោយរំភើបញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំង ។ លុះដល់បរិភោគអាហាររួច មានន្ទក៏និទ្រ្ទាលក់ស្កប់ស្កល់។ មហាកាលដាក់យាមដើរមើលនាយអាយ រួចទើបចូលនិទ្រ្ទាដែរ។ ភ្លើងភ្នក់ក៏រលត់ឈឹង ។ យប់ដំបូងនៃការបដិវត្តន័ក៏ចាប់ផ្តើមឡើង។ មាន់រងាវភ្លឺស្រាងៗ ។ មានន្ទភ្ញាក់នឹងសម្រែកទាហានយាម ដែលឮសូរអូយៗ ដោយព្រួញអសិរពិសមួយរត់មកបុកចំដើមទ្រូង។ មហាលស្ទុះលោតច្រងាង ស្រែកឡើងទាំងញីភ្នែកស្រពេចស្រពិលថា : ត្រៀមៗ។ មិនយូរប៉ុន្មានទ័ពនិងទ័ពទល់មុខគ្នា។ ព្រួញបាញ់ទៅបាញ់មកគ្មានឈប់ឈរ ។ ខាងខ្មាំងយើង សូរមាត់និលពេជ្រ ដែលបញ្ជាឲ្យចូលៗ ។ យូរៗកងទាហាននិលពេជ្រដួលច្រងាងៗ ។ ព្រួញរត់ធ្លាក់ដូចគ្រាប់ភ្លៀង។ មានន្ទនិយាយទៅមហាកាល នាយកោប និងអគ្គីថា :
- ពួកវាច្រើនណាស់ ។ តាមស្មានជាងមួយរយនាក់ ។ តែយើងតស៊ូទាល់តែឈ្នះដៃ ពីព្រោះបើយើងចាញ់ក្នុងពេលនេះ មុខជាយើងកទ័ពមិនកើតឡើយ។
មហាកាលសើចបណ្តើរ យិតធ្នូរបញ់បណ្តើរដោយស្រែកថា :
- ទៅហើយវើយ ! អាម៉ាក !
សូរមាត់ទាហានទាំងសងខាងលាន់ឮទ្រហឹងអឺងកងតិះដៀលគ្នា ។ គិតទៅរឿងសង្រ្គាមវាជារឿងសប្បាយវិញ។ មនុស្សម្នាក់ៗលែងគិតស្លាប់លែងភិតភ័យ លែងនឹកនាអ្វីឡើយ។ មានន្ទលុះឃើញថា គ្រាប់ខាងខ្លួនថយហើយ ក៏បញ្ជាថា :
- បាញ់មួយៗ កនយើង ! បាញ់ចោលយកមួយៗ
នាយកោបដែលនៅចុងស្រែកថា :
- ប្រយ័ត្ន ! ចុងចែងខាងឆ្វេង ពួកវាឡើងខាងនេះហើយ !
អគ្គីស្រែកថា :
- មិនអីទេ! ឲ្យវាមកច្រើនចុះស្រួលបាញ់។
មហាកាលបង្កូកឡើងថា :
- បាញ់អាកូន បាញ់ឲ្យអស់ដៃ។
ទ័ពទាំងពីរក៏កាន់តែជិតគ្នាឡើងៗ ។ ពលរេហ៍ខាងនិលពេជ្រស្លាប់ដេរដាស ឈាមហូរក្រហមឆ្អៅលើប្រថពី។ ខាងមានន្ទស្លាប់បីនាក់ថែមទៀត រួចរបួសប្រាំនាក់ ។ តែអ្នកដែលរបួសទាំងប៉ុន្មាននៅតែតស៊ូពុំព្រមឈប់ឡើយ។ មានន្ទស្រែកបញ្ជាវ៉ាសឡើងថា :
- ចូល ! អាកូន អាវុធនៅដៃចូល!
អ្នកទាំងអស់គ្នាគ្រវាត់ស្នាចេញចាប់ដាវ ស្ទុះសំរុកទៅរកគូសត្រូវ ទីសមរភូមិក៏ក្លាយទៅជាទីប្រកាប់ប្រចាក់វិញយ៉ាងអស្ចារ្យ ។ មានន្ទស្ទុះទៅរកនិលពេជ្រទៀត។ មហាកាលត្រូវគេរោមដូចមមង់។ នាយកោប អគ្គី ក៏កាប់យ៉ាងម៉ឺងម៉ាត់។ ជនទាំងពីរក្រោយនេះ ញាក់មុខដាក់គ្នាធ្វើគួរឲ្យចង់សើច។ កងខាងនិលពេជ្រ វិនាសអស់ជាងពាក់កណ្តាលទៅហើយ ។ ខាងមានន្ទដែលពីដើមហាក់តឹងឥលូវបានធូរ ហើយសង្ឃឹមថា មានជ័យជំនះនៅចុងបំផុតមិនខាន។ អ្នកបែរមើលគ្នា អ្នកឃើញនៅសល់ប្រាំនាក់គត់។
អ្នកញញឹមជានិច្ច។ ខាងសត្រូវនៅសល់គ្នាប្រមាញសាមសិបនាក់ទេ។ មានន្ទនិយាយទៅកាន់និលពេជ្រថា :
- ម៉េចពេជ្រ ស្គាល់ដៃមានន្ទហើយឬនៅ?
និលពេជ្ររងបណ្តើរ ឆ្លើយបណ្តើរ :
- ខ្ញុំមានកិត្តិយសណាស់ ដោយបានប្រយុទ្ធផ្ទាល់ដៃឯងជាមួយមេទ័ពខ្មែរម្នាក់។
- គួរដែរ! ដាវជាងដប់ទល់នឹងដាវមួយ។
ក្នុងពេលនោះមហាកាលស្រែកឡើងថា :
- លោកគ្រូ ! កាត់ !
មានន្ទក្រឡេកកន្ទុយភ្នែកទៅក្រោយខ្នង ឃើញទាហានម្នាក់កាន់កាំបិតស្ទុះស្លុងមក។ អ្នកគេចភ្លែត ទាហាននោះជ្រុលទៅចំដាវនិលពេជ្រ ។ ឆ្លៀតឱកាសនោះ មានន្ទវាត់ដាវម៉ាំងទៅត្រូវដៃស្តាំនិលពេជ្រ ដែលដូរផ្កាប់មុខឈាមហូរស្រស្រាក់។ នាយកោបបន្លឺឡើងថា :
- ជយោ ! លោកគ្រូ ! ដួលមេហើយវើយ !
និលពេជ្រស្ទុះឡើងយ៉ាងប្រញាប់កាត់ដាវមានន្ទ ដែលកាប់បន្ថែមផ្តាច់ព្រ័ត្រ។ តែសំណាងល្អនិលពេជ្រក្រោកឈរវិញបាន សូរដាវក៏លាន់ឮប៉ែសៗដដែល ។ មានន្ទសើចនិយាយថា :
- ឥឡូវសល់តែប្រាំពីរនាក់ទេ រួចពេជ្រឯងរបួសទៀតផង ។
- ស្លាប់នឹងដាវមេទ័ពជាការធម្មតាទេ តែប្រយ័ត្នមេទ័ពស្លាប់នឹងពេជ្រនិលវិញណា ! មិនដឹងទៅជាយ៉ាងណាទេ......
- ការស្លាប់ជាការធម្មតា ។
នាយកោបស្រែកថា :
- វាយផ្តាច់ព្រ័ត្រវើយ ! កនយើង !
សូរសង្រ្គាមក៏ឮងឹងឡើងដូចមុនដំបូង ។ និលពេជ្រមានចិត្តភ័យបារម្ភយ៉ាងខ្លាំង ។ ខាងមានន្ទនៅសល់ប្រាំនាក់។ ខាងខ្លូននៅដប់ប្រាំនាក់គត់ ។ ឥឡូវកោបកំហែងវាយផ្តាច់ព្រ័ត្រទៀត។ និលពេជ្របញ្ជាឡើងថា :
- ស៊ូកនយើង ! ប្តូរកនយើង !
មានន្ទបន្លឺថែមឡើងថា :
- វាយផ្តាច់ព្រ័ត្រ !
រួចគឺសូរមាត់មហាកាល មាត់អគ្គីដែលឆ្លើយតែមួយពាក្យ "វាយផ្តាច់ព្រ័ត្រៗ" ។ ខាងនិលពេជ្រ របេះដល់ប្រាំនាក់ទៀតជាបន្ទាប់នោះ ។ ណាឈាមហូរនៅដៃស្តាំយ៉ាងខ្លាំង និលពេជ្រមើលឃើញ សេចក្តីស្លាប់នៅខាងមុខជាប្រាកដ ។ មានន្ទនិយាយថា :
- ម៉េចពេជ្រ ! ល្មមចុះចាញ់ទេ ?
- ពេជ្រមិនដែលចុះចាញ់អ្នកណាទេ !
- ហាសៗ ! ស៊ូមែន ប្រុង ៗ ៗ !
ពេជ្រទន់ដៃអស់ទៅហើយ ។ អ្នកដួលរមៀលខ្ពោកនៅដីក្រោមចុងដាវមានន្ទ ដែលខ្លាំងដូចភ្នំ។ ស្រាប់តែជើងសេះលាន់ឮគគឹកមក ។ ពេជ្រប្រឹងកាត់នឹងដាវមានន្ទជាចុងក្រោយបង្អស់ ។ ទ័ពសេះស្រែកហ៊ោទ្រហឹងអឺងកង ។ មានន្ទក្រឡេកឃើញ ស្រែកថា :
- ប្រុងកនយើង ប្រុងវិញម្តង ពួកវាមកទៀតហើយ ។
មានន្ទស្ទុះទៅជិតមហាកាល បញ្ជាក់ថា :
- ឲ្យកោប អគ្គី មកជិតយើងមក ឆាប់ៗ ។
មហាកាលបញ្ជាក់ថា :
- កនយើង ! ទល់ខ្នងគ្នា !
ទ័ពសេះក៏ចុះពីលើអជានេយ្យយ៉ាងរួសរាន់រត់សម្រុកមកទៀត ។ គ្នាមកថ្មីមានចំនួនប្រមាណសាមសិបនាក់ ។ ខាងមានន្ទនៅសល់តែបួននាក់គត់ ដូចមានឈ្មោះមកស្រាប់ ។ ទាំងបួននាក់រាថយ ដំកង់ជារង្វង់មូលទល់ខ្នងគ្នា ។ ការប្រកាប់ប្រចាក់ក៏មានសន្ទុះខ្លាំងឡើងជាថ្មីដដែល ។ ខាងលើព្រះអាទិត្យរះកាន់តែខ្ពស់ណាស់ទៅហើយ ។ ពន្លឺជះកំដៅមកពាសពេញលើពសុធា ។ ជនទាំងបួននាក់ហូរញើសអស់កម្លាំងក្រៃពេក ។ មានន្ទនៅតែសើចនិយាយទៅកាន់មេទ័ពថ្មីខាងខ្មាំងថា :
- ពោធីឯងមិនខែងទេ !
ពោធីខាំធ្មេញពេបមាត់ !
- គេច្បាំងយកឈ្នះណា៎ ! លោកគ្រូ ។
មហាកាលនិយាយថា :
- យើងឈ្នះត្រង់គ្នាតិច រួចសម្លាប់បានច្រើន ។
ពោធីសើច :
- ហាស៎ ៗ យើងឈ្នះត្រង់សម្លាប់បានមេទ័ពក្បត់មួយ ។
មហាកាលស្រែក :
- យ៉ាស
មានន្ទភ័យក្តុកៗ សួរថា :
- ម៉េចកាល ! តបានទេ ?
- បាទ ! បានលោកគ្រូ ។
- ធ្ងន់ទេ ?
- គ្រាន់តែឈាមទេ ។
បន្តិចទៀត កោបលាន់មាត់ថា :
- អូយ !
មានន្ទសួរទៀត :
- ម៉េច កោប ?
- បាទ ! អត់អីទេលោកគ្រូគ្រាន់តែប៉ះមួយដាវទេ ។
ពោធីសើចក្អាកក្អាយ
- ម៉េច ! លោកមេទ័ពដាក់អាវុធទេ ?
- មេទ័ពមួយៗទាល់តែស្លាប់ទើបដាក់អាវុធ ។
- យ៉ាស់ !
មហាកាលសួរ :
- ម៉េច ! លោកគ្រូ ?
- មិនទាន់ស្លាប់ទេ ។
ខាងសត្រូវស្រែកជយោទ្រហឹងអឺងកង ។ មានន្ទចុកចាប់យ៉ាងខ្លាំង ។ អ្នកនិយាយថា :
- វាយ ! កនយើង វាយផ្តាច់ព្រ័ត្រ !
សូរដាវលាន់ឮចែសៗជានិច្ច ។ សូរនេះកាន់តែថយទៅៗបន្តិចម្តងៗ លាន់ឮខ្លាំងវិញ បន្តិចទាបចុះវិញ ។ មានន្ទ មហាកាល នាយកោប អគ្គីនៅតែតយុទ្ធជានិច្ច ។ គួរឲ្យអាសូរណាស់ ខ្លួនជនទាំងបួននាក់ហូរឈាមរហាមជំនួសញើសដែលហូរពីមុនមក។
ដាវខ្លាំងឃើញច្រុះបែកមួយជាពីរព្រឹលភ្នែកអស់ ។ ជនទាំងបួនដួលដូចដំរីត្រូវគ្រាប់។ ជនទាំងបួនគ្រវាសដាវជាចុងបង្ហើយ ។ ជនទាំងបួនប្រឹងឈរតែពុំរួច។ ជនទាំងបួនជ្រោមលើក្បាលអង្គង់ទល់ខ្នងគ្នា ។ ជនទាំងបួនដួលគរលើគ្នាម្តងម្នាក់ៗ ជាទីអវសាន ។
១៤ ព្រះនាងខត្តិយាណី មានន្ទដឹងខ្លួនបើកភ្នែក ក្រោកអង្គុយឡើង ។ ក្នុងកេសាអ្នកហាក់ធីងធោងដូចមនុស្សពុលរលក។ បុរសប្រឹងសញ្ចប់សញ្ចឹង ដើម្បីប្រមូលវិញ្ញាណឲ្យរួមមកកាន់រូបកាយអ្នកវិញ ។ មុខរបួសពីម្សិលធ្វើឲ្យអ្នកចុកចាប់ណែនពេញសព្វសព៌ាង្គកាយស្ទើរលើកដៃជើងពុំរួច។ បុរសងាកឆ្វេង ងាកស្តាំ ស្រាប់តែបើកភ្នែកធំៗ ។ ជុំវិញខ្លួនអ្នក គឺជញ្ជាំងថ្ម តូចថប់ងងឹត ត្រជាក់។ ចិត្តមួយរត់ច្រាលឡើង ។ មើលគ្រែឃើញគ្រែនោះតូចក្រាលចំបើង គាត់ស្ទើរដេកពុំកើត មើលទៅចុងជើងឃើញមានទឹកមួយផើង ទើបអ្នកដឹងខ្លួនថា អ្នកនៅក្នុងគុកទេតើ ។ មុខរបួសដែលឈឺចាប់ទាំងប៉ុន្មានមក ក៏ហាក់នៅពុំទាន់ឈឺស្មើនឹងត្រូវជាប់ជុចដូច្នោះទេ ។