រឿងមួយពាន់មួយយប់ ភាគ ៧៩

ពីវិគីភីឌា

រឿង​មនុស្ស​ឈ្នានីស​ និង មនុស្ស​​គេ​ឈ្នានីស

នៅ​ទី​ក្រុង​មួយ​ មាន​បុរស​២នាក់ ដែល​មាន​ផ្ទះ​នៅ​ជាប់​ជញ្ជាំង​គ្នា។ បុរស​ម្នាក់​ក្នុង​ចំនោម​នេះ ច្រណែន​ម្នាក់​ទៀត ពោរពេញ​ដោយ​ក្រសែ​ភ្នែក​ច្រណែន​ឈ្នានីស ក្នុង​ចិត្ត​ពោរ​ពេញ​ដោយ​គំនិត​អាក្រក់​បៀត​បៀន​បុរស​ម្នាក់​ទៀត។ សេចក្តី​ច្រណែន​ ធ្វើ​អោយ​ដេក​មិន​លក់​បក់​មិនល្ហើយ។ តែ​បុរស​ដែល​ត្រូវ​គេ​ច្រណែន​គ្មាន​គិត​ធ្វើ​អ្វី​ ក្រៅ​ពី​ប្រកប​ការងារ​អោយ​ចំរើន​រុងរឿង​ឡើង។

ថ្ងៃ​មួយ​គាត់​ដឹង​ថា​បុរស​ផ្ទះ​នៅ​ជិត​គាត់​មាន​គំនិត​មិន​ល្អ​ចំពោះ​គាត់ ដូច្នេះ​គាត់​ក៏​គិត​ថា “ឱព្រះ​ជា​ម្ចាស់​អើយ ផែន​ដី​នេះ​ធំ​ទូលាយ​ណាស់” ហើយ​គាត់​ក៏​ចាកចេញ​ទៅ​រស់​នៅ​ទីក្រុង​មួយ​នៅ​ឆ្ងាយ​ពី​ផ្ទះ​បុរស​ដែល​ច្រណែន​គាត់​នោះ។

គាត់​បាន​ទិញ​ដី​មួយ​កន្លែង មាន​អណ្តូង​កញ្ចាស់​មួយដែល​រីង​ស្ងួត​គ្មាន​ទឹក​ ដែល​ខូច​ខាត​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ។ គាត់​ក៏​ធ្វើ​កន្លែង​សូត្រ​ធម៌​សំរាប់​ខ្លួន​គាត់ ហើយរៀង​ចំ​ទុក​ដាក់​ប្រដាប់​ប្រដារ​ប្រើប្រាស់​គ្រប់​បែប​យ៉ាង ហើយ​ក៏​បួស​ជា​សច្ចំ ស្មោះ​ស​ចំពោះ​សាសនា។ ក្រោយ​មក​មាន​អ្នក​បួស​អែ​ទៀត និង​ អ្នក​ស្រុក​ក្រី​ក្រ មក​ពី​គ្រប់​ច្រក​ល្ហក មក​គោរព​បូជា​គាត់ ហើយ​កិត្តិនាម​របស់​គាត់​ក៏​ល្បី​សុះសាយ​ពី​ទីក្រុង​ដល់​ជនបទ។

នៅ​ពេល​នោះ​ដំនឹង​នេះ​បាន​​ផ្សាយ​ដល់​បុរស​ដែល​ច្រណែនគេ។ បុរស​នេះ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដែល​បុរស​នៅ​ផ្ទះ​ជាប់​របង​គ្នា​នេះ​មិនគួរ​មាន​កិត្តិយស​ល្បីល្បាញ​បែប​នេះ ដូច្នេះ​គាត់ក៏​ធ្វើ​ដំនើរ​ទៅ​កន្លែង​ដែល​បុរស​ដែល​គេ​ច្រណែន​នោះ​បួស។ បុរស​ដែល​គេ​ច្រណែន​ ដែល​អីលូវ​ជា​សច្ចំ បាន​ទទួល​ស្វាគមន៍​បុរស​ដែល​ឈ្នានីស​ ដោយ​កិត្តិយស​។

បន្ទាប់​បុរស​ឈ្នានីសនិយាយ​ថា “ខ្ញុំ​មាន​ដំនឹង​ខ្លះ​មក​ប្រាប់​អ្នក វា​ជា​ដំនឹង​ល្អ ដូច្នេះ អ្នក​មក​ក្នុង​បន្ទប់​របស់​អ្នក​ជា​មួយ​ខ្ញុំ”។

បន្ទាប់​មក អ្នក​ត្រូវ​គេ​ឈ្នានីស ក៏​ដឹក​ដៃ​អ្នក​ឈ្នានីស ហើយ​ចូល​ទៅ​ក្នុង​អាស្រម នៅ​ពេល​នោះ​បុរស​ឈ្នានីស និយាយ​ថា “ចូរ​អ្នក​ដេញ​អ្នក​អែ​ទៀត​ទៅ​អាស្រម​របស់​ពួក​គេ​សិន​ទៅ ព្រោះ​រឿង​ដែល​ខ្ញុំ​នឹ​ង​ប្រាប់​នោះ​ជា​រឿង​អាថ​កំបាំង​មិន​អាច​ប្រាប់​អោយ​អ្នក​អែ​ទៀត​ដឹង​បាន​ទេ”។

ដូច្នេះ​បុរស​គេ​ឈ្នានីស​ក៏​ធ្វើ​តាម។ បន្ទាប់​មក​ពួក​គេ​ទាំង​២​ក៏​ដើរ​រហូត​ដល់​អណ្តូង​ចាស់​។ នៅ​ពេល​​ដែល​បុរស​គេ​ឈ្នានីស​ឈរ​នៅ​មាត់​អណ្តូង បុរស​ឈ្នានីស​ក៏​រុញ​គាត់​ទំលាក់​ក្នុង​អណ្តូង​ទៅ។ រួច​រត់​ចេញ​ពី​ទី​នោះ​បាត់​ទៅ ដោយ​គិត​បុរស​គេ​ឈ្នានីស​ប្រកដ​ជា​ស្លាប់។ តែ​អណ្តូង​នោះ​ជា​អណ្តូង​មាន​អារក្ខ​​កាន់ អារក្ខអស់​​នោះ​ដឹង​រឿងទាំង​​អស់ ក៏​ជួយ​បុរស​គេ​ឈ្នានីស ជួយ​ទប់​បុរស​នេះ​អោយ​ធ្លាក់​មក​ក្រោម​យឺតៗ បន្ទាប់​មក​ពួក​វា​យក​គាត់​មក​ដាក់​លើ​ថ្ម​ធំ​មួយ។

អារក្ខ​ម្នាក់​សួរ​ម្នាក់​ទៀត​ថា “អែង​ដឹង​ថា​គាត់​ជា​នរណា​ទេ?”

ពួក​វា​តប​ថា “ទេ”។

អារក្ខ​មួយ​និយាយ​ថា “បុរស​ម្នាក់​នេះ ជា​បុរស​គេ​ឈ្នានីស ដែល​ធ្លាក់​ចុះ​មក​ក្រោម​នេះ​ដោយ​សារ​បុរស​ឈ្នានីស​គាត់។ បុរស​នេះ​គាត់​បាន​បង្កើត​អាស្រម​តាំង​សីល​នៅ​ទី​នេះ គាត់​បាន​សូត្រ​មន្ត​ជួយ​អោយ​យើង​បាន​ធ្វើ​អំពើ​ល្អ តែ​បុរស​ឈ្នានីស បាន​តាម​ឈ្នានីស​គាត់​ដល់​ទី​នេះ ដាក់​ផែន​ការ​រុញ​គាត់​ទំលាក់​ចូល​ក្នុង​អណ្តូង​នេះ។ តែ​កេរ្តិ៍ឈ្មោះរបស់​បុរស​នេះ​បាន​ល្បី​ដល់​ស្តេច​នៅ​យប់​នេះ ហើយ​ស្តេច​នឹង​មក​រក​គាត់ ដើម្បី​អោយ​ជួយ​កូន​ស្រី​​របស់​ទ្រង់”។

“កូនស្រី​របស់​ទ្រង់​កើត​អី?” អារក្ខ​មួយ​សួរ។

ម្នាក់​ទៀត​តប​ថា “នាង​ត្រូវ​​ខ្មោច ឈ្មោះ ម៉ៃ​មុន ចូល វា​ជា​កូន​របស់​ដាំដាំ។​វា​ស្រលាញ់​នាង​ហ្នឹង​ខ្លាំង​ពេក។​ តាម​ពិត​របៀប​ព្យាបាល​គ្មាន​អី​ពិបាក​សោះ”។

អារក្ខ​ម្នាក់​ក៏​សួរ “ព្យាបាល​យ៉ាង​ម៉េច​ជា?”។

អារក្ខ​នោះ​ក៏​តប​ថា “ឆ្មារ​ខ្មៅ​នៅ​អាស្រម​របស់​បុរស​នេះ​ នៅ​កន្ទុយ​របស់​វា​មាន​ចំនុច​រោម​ស​មួយ​កញ្ចុំ ដក​យក​រោម​នោះ​៧​សរសៃ ទៅ​ដេញ​អា​ខ្មោច​នោះ​ចេញ​ពី​រាង​កាយ​នាង​បាន​ហើយ ហើយ​វា​នឹង​មិន​អាច​វិល​មក​វិញ​ជា​រៀង​រហូត”។

នៅ​ពេល​ដែល​ពួក​អារក្ខ​និយាយ​គ្នា​នោះ បុរស​គេ​ឈ្នានីស​ស្តាប់​លឺ​ទាំងអស់។ នៅ​ពេល​ព្រលឹម​ស្រាង​ៗ ពួក​សច្ចំ​អែ​ទៀត តាម​រក​បុរស​គេ​ឈ្នានីស ក៏​ឃើញ​គាត់កំពុង​តែ​តោង​ឡើង​ពី​បាត​អណ្តូង។ បុរស​នោះ​ក៏​ប្រញាប់​ទៅ​ចាប់​ឆ្មារ​ខ្មៅ​នោះ​ដក​យក​រោម៧​សរសៃ​ ដើម្បី​ទុក​ព្យាបាល​ព្រះនាង។ ព្រះ​អាទិត្យ​មិន​ទាន់​បាន​ស្រួល​បួល​ផង ក៏​ស្រាប់​តែ​ព្រះ​មហា​ក្សត្រ​មក​ដល់​អាស្រម​របស់​គាត់​ភ្លាម​ដែរ ដោយ​មាន​ពួក​ទាហាន​នៅ​យាម​ខាង​ក្រៅ។

បុរស​គេ​ឈ្នានីស​ទទួល​រាក់​ទាក់​ព្រះ​រាជា ដោយ​ក្តី​គោរព​ ផ្តល់​កន្លែង​សំរាប់​ស្តេច​អង្គុយ​រួច​និយាយ​ថា “តើ​ទូល​បង្គំ​គួរ​តែ​ប្រាប់​ព្រះ​អង្គ​ថា​ ព្រះ​អង្គ​មក​នេះ​មាន​ការអី​ទេ?”។

ស្តេច​ក៏​និយាយ​ថា “លោក​និយាយ​ទៅ”។

គាត់​ក៏​តប​ថា “ព្រះ​អង្គ​មក​នេះ មិន​មែន​មក​លេង​ទូល​បង្គំ​ទេ គឺ​មក​ដោយ​សារ​ព្រះ​នាង”។

ស្តេច​ក៏​តថា “មែន​ហើយ លោកតា​ពិត​ជា​ពូកែ​មែន”។

បុរស​គេ​ឈ្នានីស​ក៏​និយាយ​ថា “សូម​ព្រះ​អង្គ​អោយ​គេ​នាំ​ព្រះ​នាង​មក​ទី​នេះ​មក ទូល​បង្គំ​ធានា​ព្យាបាល​នាង​អោយ​ជា”។

ស្តេច​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង ក៏​ចេញ​បញ្ជា​អោយ​គេ​នាំ​ព្រះ​នាង​មក។ បុរស​គេ​ឈ្នានីស​អោយ​ព្រះ​នាង​អង្គុយ​ចុះខាង​ក្រោយ​វាំងនន រួច​គាត់​ក៏​រោម​ឆ្មារ​ខ្មៅ​មក​រំ​ដោះ​គ្រោះ​អោយ​ព្រះ​នាង​តាម​សំដី​របស់​អារក្ខ។ នៅ​ពេល​នោះ​ខ្មោច​ដែល​នៅ​ក្នុង​ខ្លួន​នាង ក៏​ស្រែក​ថ្ងូរ​យ៉ាង​ខ្លាំង​ចេញ​ពី​ក្នុង​ខ្លួន​របស់​ព្រះ​នាង រួច​ចេញ​ពី​ខ្លួន​នាង​បាត់​ទៅ។

ព្រះ​នាង​ក៏​បាន​ជា​ដូច​ដើម​វិញ នាង​ក៏​និយាយ​ថា “ហេតុដូច​ម្តេច​បាន​ជា​ខ្ញុំ​មក​នៅ​ទី​នេះ​ទៅ​វិញ?”។

ស្តេច​មាន​សេចក្តី​រីក​រាយ​ជា​ខ្លាំង គាត់​ថើប​កូន​ស្រី​របស់​គាត់ ថើប​ដៃ​របស់​តា​សច្ចំ បន្ទាប់​មក​ក៏​បែរ​មក​ពួក​មន្ត្រី​របស់​គាត់ រួច​និយាយ​ថា “អស់​លោក​ឃើញ​ទេ? តើ​គាត់​គួរ​ទទួល​រង្វាន់​បែប​ណា​ទើប​សម​នឹង​គុណ​ដែល​គាត់​បាន​ជួយ​កូន​ស្រី​របស់​យើង?”។

មន្ត្រី​ទាំងអស់​តប​ថា “គាត់​សម​នឹង​បាន​នាង​ជា​ភរិយា”។

ស្តេច​ក៏​និយាយ​ថា “ពួក​លោក​និយាយ​ត្រូវ”។

ដូច្នេះ​គាត់​ក៏​ផ្សំ​ផ្គំ​​កូន​ស្រី​របស់​គាត់​ជា​មួយ​បុរស​គេ​ឈ្នានីស ដូច្នេះ​គាត់​ក៏​ក្លាយ​ទៅ​ជា​កូន​ប្រសារ​ស្តេច។

ក្រោយ​មក​បន្តិច​លោក​មហា​មន្ត្រីក៏​ស្លាប់​បាត់​ទៅ ហើយ​ស្តេច​ក៏​និយាយ​ថា “តើ​យើង​គួរ​លើក​នរណា​មក​ជំនួស​លោក​មហាមន្ត្រី?”។

ពួក​មន្ត្រី​ទាំង​អស់​តប​ថា “គឺ​ព្រះ​រាជសន្និសារ”។

បុរស​គេ​ឈ្នានីស​ក៏​ក្លាយ​ជា​មហា​មន្ត្រី ហើយ​ក្រោយ​មក​ទៀត​ព្រះ​រាជា​ក៏​ស្លាប់​បាត់​ទៀត ពួក​មន្ត្រី​ទាំងអស់​ក៏​ជំនុំ​គ្នា​ថា “តើ​ពួក​យើង​គួរ​លើក​នរណា​ធ្វើ​ស្តេច​?”។

ពួក​គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​ថា “គឺ​លោក​មហា​មន្ត្រី!”។

ដូច្នេះ​លោក​មហា​មន្ត្រី​ក៏​ក្លាយ​ទៅ​ជា​ស្តេច គ្រប់​គ្រង​នគរ។ ថ្ងៃ​មួយ​គាត់​ជិះ​សេះ​ដើម្បី​ពិនិត្យ​មើល​ទី​ក្រុង ជា​មួយ​ពួក​មន្ត្រី​បរិវារ គាត់​ក៏​ជួប​នឹង​អតីត​អ្នក​ជិត​ខាង​របស់​គាត់ អ្នក​ឈ្នានីស ដែល​ឈរ​នៅ​មួយ​ជំហាន​ពី​ផ្លូវ​របស់​គាត់ ដូច្នេះ​បុរស​គេ​ឈ្នានីស​ ក៏​បែរ​ទៅ​មន្ត្រី​របស់​គាត់ រួច​និយាយ​ថា “ទៅ​នាំ​បុរស​នោះ​មក ហើយ​កុំ​អោយ​គាត់​ភ័យ​ខ្លាច​អី”។

មន្ត្រី​នោះ​ក៏​នាំ​បុរស​ឈ្នានីស​មក ហើយ​ បុរស​គេ​ឈ្នានីសនិយាយ​ថា “អោយ​មាស​គាត់​មួយ​ពាន់​តំលឹង និង​ទំនិញ​ដប់​អូដ្ឋ រួច​ជួយ​ជូន​​គាត់​ទៅផ្ទះ​របស់​គាត់​វិញ​ផង”។

បន្ទាប់​មក​គាត់​ក៏​អោយ​សត្រូវ​របស់​គាត់​ចេញ​ទៅ ហើយ​ព្រម​ទាំង​អោយ​មាស​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​ដល់​គាត់​ថែម​ទៀត​ផង បើ​ទោះ​ជា​បុរស​នោះ​ធ្លាប់​ធ្វើ​អំពើ​អាក្រក់​បែប​ណា​ដល់​គាត់​ក៏​ដោយ។