រឿងសត្វចាបសម្លាប់ដំរីស្ដរ

ពីវិគីភីឌា

ដំនើររឿង[កែប្រែ]

មាន​ដំរី​ស្ដរ ១ ដើរ​រក​ស៊ី​ក្នុង​ព្រៃ​ដាច់​ចេញ​ពី​ហ្វូង​តែ​ម្នាក់​ឯង ថ្ងៃ ១ បាន​ដើរ​ទៅ​ជួប​ប្រទះ​នឹង​មេ​ចាប កំពុង​តែ​ក្រាប​ក្រុង​កូន​នៅ​កណ្ដាល​ផ្លូវ​ដែល​ខ្លួន​ដើរ មេ​ចាប​និយាយ​អង្វរ​ដំរី​ថា « សូម​លោក​អាណិត​មេត្តា​កុំ​ដើរ​ជាន់​កូន​ខ្ញុំ » ដំរី​មិន​ព្រម​ទទួល​យក​ពាក្យ​អង្វរ​ក៏​ឆ្លើយ​ត​ទៅ​វិញ​ថា អញ​មិន​ដឹង​មិន​ស្គាល់​អាណា​ទេ​អញ​ចេះ​តែ​ដើរ​ជាន់ ស្លាប់​អាណា​ក៏​ដោយ ចាប​ឯង​ខ្លួន​តូច​ប៉ុណ្ណេះ​នឹង​ធ្វើ​អ្វី​អញ​បាន បើ​ទុក​ជា​ចាប​ឯង​មាន​ចំនួន​ច្រើន​ដល់​ទៅ ១ ម៉ឺន ក៏​អញ​ជាន់​ឈ្លី​នឹង​ជើង​ឆ្វេង​អញ​តែ​ម្ខាង​ឲ្យ​ស្លាប់​ល្អិត​ល្អោច​អស់​ឥត​សល់​មួយ​ដែរ ដំរី​ថា​តែ​ប៉ុណ្ណេះ​ហើយ​ក៏​ដើរ​ជាន់​កូន​ចាប​ខ្ទេច​ខ្ទី​ស្លាប់​អស់​ទៅ មេ​ចាប​ឃើញ​កូន​ស្លាប់​ដូច្នោះ​ហើយ ក៏​កើត​ទុក្ខ​ក្ដៅ​ក្រហាយ​សោក​ស្ដាយ​កូន​ណាស់ ទើប​ហើរ​ទៅ​ទំ​លើ​មែក​ឈើ​ហើយ​និយាយ​ប្រាប់​ដំរី​ថា « ដំរី​ឯង​ហ៊ាន​មើល​ងាយ​អញ ដ្បិត​តែ​ឃើញ​អញ​ខ្លួន​តូច កំឡាំង​តិច ប៉ុន្តែ​ឯង​មិន​ទាន់​ដឹង​កំឡាំង​បញ្ញា​អញ​ទេ ចាំ​មើល​អញ​នឹង​ធ្វើ​សង​សឹក​ដល់​ឯង​វិញ » មេ​ចាប​និយាយ​រួច​ហើយ​ក៏​ហើរ​ទៅ​រក​ពឹង​សត្វ​ក្អែក​ឲ្យ​ទៅ​ចឹក​ចោះ​ភ្នែក​ដំរី​ឲ្យ​បែក​ជា​ដំបៅ​ទាំង​សង​ខាង ក្អែក​ក៏​ទទួល​យក​អាសាទើប​មេ​ចាប​ទៅ​ពឹង​សត្វ​រុយ​ទៀត ឲ្យ​រុយ​ពង​ដាក់​ភ្នែក​ដំរី ឲ្យ​កើត​ជា​ដង្កូវ​ចុះ​ក្នុង​ភ្នែក​ទាល់​តែ​ខ្វាក់​ទាំង​ពីរ កាល​ដំរី​នោះ​ឈឺ​ភ្នែក​បែក​ខ្វាក់​ទាំង​ពីរ​ងងឹត​មើល​ផ្លូវ​មិន​ឃើញ​ហើយ ក៏​កើត​ទុក្ខ​វេទនា លំបាក​នឹង​រក​ស្មៅ​ស៊ី នឹង​រក​ផឹក​ទឹក​ក៏​ពុំ​បាន មេ​ចាប​ឃើញ​ដំរី​ខ្វាក់​ភ្នែក​ដូច្នោះ​ហើយ​ក៏​ទៅ​ពឹង​សត្វ​កង្កែប ឲ្យ​ឡើង​ទៅ​យំ​លើ​កំពូល​ភ្នំ ដំរី​ឮ​កង្កែប​យំ មាន​ចិត្ត​ត្រេកអរ​ដោយ​សំគាល់​ថា​មាន​ត្រពាំង​ទឹក ទើប​ដើរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ កាល​ដំរី​ទៅ​ដល់​កំពូល​ភ្នំ​ហើយ កង្កែប​លោត​ចុះ​ទៅ​យំ​ក្នុង​ជ្រោះ​វិញ ដំរី​ដើរ​តាម​សំឡេង​កង្កែប​ទៅ​ទៀត លុះ​ដល់​មាត់​ជ្រោះ​ក៏​រអិល​ជើង​រមៀល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ស្លាប់​ទៅ ឯ​មេ​ចាប​បាន​ដឹង​ថា​ដំរី​ស្លាប់​ហើយ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ ។

ឯកសារយោង[កែប្រែ]

ប្រជុំរឿងព្រេងខ្មែរភាគទី២

តំនភ្ជាប់ក្រៅ[កែប្រែ]

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត

សូមមើលផងដែរ[កែប្រែ]

ប្រជុំរឿងព្រេងខ្មែរ