រឿងសព្វសិទ្ធិ

ពីវិគីភីឌា

សង្ខេបរឿង៖

          នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូរស់នៅ ដោយមានកូនខ្ចីនៅក្នុងសំបុក។ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឲ្យចាប់ញីក្រុងរក្សាកូន។ លុះហើរ ទៅដល់ទៀបស្រះឈូកមួយ មានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូករីកនោះ ដើម្បីចឹកយកចំណី ស្រាប់តែត្រូវផ្កាឈូកក្ដោបរុំជាប់ រកច្រកចេញពុំរួច។ សុរិយាជ្រាលជ្រៅពេលល្ងាច ទើបផ្កាឈូករីកលា ចាបឈ្មោលក៏ចេញរួច ហើយហើរពាំនាំចំណីសំដៅទៅកាន់សំបុកវិញ។ ថ្លែងពីនាងសកុណីនៅក្នុងព្រៃ ត្រូវភ្លើងព្រៃឆេះស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀត នោះក៏កើតក្ដីប្រច័ណ្ឌខឹងនឹងប្ដីថា រវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចប្រពន្ធកូនអស់។ បន្ទាប់មកសកុណី ក៏លោតចូលភ្លើងដោយបានសច្ចាថា បើកើតជាតិថ្មី មិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ឯសកុណាដែលពន្យល់ចាបញីមិនជឿ ក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយបានសច្ចាថា កើតជាតិណាៗ សូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។

          សត្វចាបឈ្មោល បន្ទាប់ពីសម្លាប់ទៅ បានមកកើតក្នុងត្រកូលមហាសេដ្ឋី ឪពុកឈ្មោះ កោណ្ឌញ្ញមហាសេដ្ឋី និងមានម្ដាយឈ្មោះ ខេមារី នៅក្នុងស្រុកចន្ទគ្រាមបុរី មាននាមថា “ចៅសព្វសិទ្ធិ”។ ឯចាបញីបន្ទាប់ពីសម្លាប់ខ្លួនទៅ បានមកចាប់កំណើតក្នុងត្រកូលក្សត្រ មានព្រះនាមថា “សុវណ្ណកេសរ” នៅនគរពារាណសី បិតាព្រះនាម ព្រះបាទព្រហ្មទត្ត និងមានមាតា ព្រះនាមកុសុមា។ កាលធំដឹងក្តីឡើង ឪពុកសព្វសិទ្ធិបានឲ្យកូនទៅសិក្សារៀនសូត្រ ចេះចប់សិល្ប៍សាស្ត្រ វេទមន្តអាគមគាថា ក្នុងសំណាក់លោក អាចារ្យទិសាបាមោក្ខ នៅនគរ តក្កសិលា ហើយបានវិលមកកាន់ គេហដ្ឋានអមដោយក៏ភិលៀងជំនិតម្នាក់មកផង។ ភិលៀងនោះ មានចំណេះដឹងខ្ពង់ខ្ពស់ដូចគ្នា។ ថ្លែងពី នាងសុវណ្ណកេសរ ពុំដែលនិយាយរកប្រុសណាសោះរាប់ទាំងបិតានាងផងដែរ។ ការណ៍នេះធ្វើឲ្យព្រះបិតា មានការងឿងឆ្ងល់ជាខ្លាំងក៏សួរទៅនាងកុសុមាជាមហេសី ឲ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្ត អាណិតបុត្រីថា ការនេះគឺបណ្តាលមកពីកម្ម និងកោតសរសើរបុត្រីថា ជាស្រីគ្រប់លក្ខណ៍។ ក្រោយមកព្រះបាទព្រហ្មទត្ត បានឲ្យក្សត្រគ្រប់នគរ នាហ្មឺន មន្ត្រី សេដ្ឋី ប្រជានុរាស្ត្រ នាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសុវណ្ណកេសរព្រមនិយាយ ជាមួយ នឹងលើកព្រះនាងឲ្យជាមហេសី។ តែគ្រប់បុត្រាក្សត្រ និងបុរសជាច្រើន មិនបានធ្វើឲ្យព្រះនាង និយាយជាមួយនោះទេ។ ព័ត៌មាននេះបានលេចឮដល់សព្វសិទ្ធិ ក៏បាននាំក៏ភិលៀងមកនគរពារាណសី ដើម្បីល្បងផ្សេងយកនាងសុវណ្ណកេសរជាមហេសីឲ្យបានដូចបំណង។

សព្វសិទ្ធិ បានប្រើសិល្ប៍សាស្ត្រ វេទមន្ត ដកដួងព្រលឹងភិលៀងទៅដាក់លើវត្ថុផ្សេងៗ ជាគម្រប់បួនដងគឺ៖

          ● លើកទី១ សព្វសិទ្ធិបានដកដួងវិញ្ញាណរបស់ភិលៀងទៅដាក់នឹងទ្វារ

          ● លើកទី២ សព្វសិទ្ធិបានដកដូងវិញ្ញាណរបស់ភិលៀងទៅដាក់នឹងចង្កៀង

          ● លើកទី៣ សព្វសិទ្ធិបានដកដួងវិញ្ញាណរបស់ភិលៀងទៅដាក់នឹងពានព្រះស្រី

          ● លើកទី៤ សព្វសិទ្ធិបានដកដួងវិញ្ញាណរបស់ភិលៀងទៅដាក់នឹងវាំងនន

          ក្នុងមួយលើកៗ សព្វសិទ្ធិបាននិទានរឿងមួយ។ ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះ ធ្វើឲ្យព្រះនាងសុវណ្ណកេសរនិយាយតប ដោយមានសូរស័ព្ទភ្លេងជាសក្ខីភាពមិនអាចប្រកែកបាន។ សព្វសិទ្ធិ និងនាងសុវណ្ណកេសរ ត្រូវបានមាតាបិតារៀបអភិសេកឲ្យ បន្ទាប់ពីពេលនោះមក។ សម័យក្រោយមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយភិលៀង។ លុះទៅដល់ព្រៃបានជួបនឹងសត្វប្រើសស្លាប់មួយ សព្វសិទ្ធិដកដួងចៃពីរូបខ្លួនទៅចូលក្នុងសាកសពសត្វប្រើសនោះ ដោយបានផ្តាំឱ្យភិលៀងមើលថែរូបកាយខ្លួនឲ្យបានល្អ។ សព្វសិទ្ធិក្នុងរូបរាងជាប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ។ ឱកាសល្អភិលៀងបានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសព្វសិទ្ធិហើយដុតរូបខ្លួនឯងចោលទៅ។ សព្វសិទ្ធិត្រឡប់មកវិញដឹងថាភិលៀងក្បត់យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ។ ចៃដន្យល្អមានសត្វសារិកាមួយស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដកដួងជីវិតចូលទៅ

ក្នុងរូបសត្វនោះ ហើយហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់។ សុវណ្ណកេសរក៏លួងលោមភិលៀងឲ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ ដើម្បីបង្ហាញឫទ្ធិតាមការទទូច។ ចំណែកឯ សព្វសិទ្ធិក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ។ ពេលចូលរូបដើមវិញរួចរាល់ហើយ គេក៏សម្លាប់ពពែនោះចោលទៅ។           ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធក៏ដល់នូវទិវង្គត។ អស់ចត្រង្គជំនុំគ្នា យាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរឲ្យឡើងគ្រងរាជ្យជាសុខសាន្តរហូតដល់ព្រះជន្មមួយរយម្ភៃព្រះវស្សា ទើបសោយវិលាល័យទៅកើតនៅឋានតុសិត។ សព្វសិទ្ធិសរជាតិមកជាព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរ ជាកន្សៃសារពេជ្ញ ភិលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្តជាអនាថបិណ្ឌិក[1]មហាសេដ្ឋី កុសុមាជានាងពលិការ កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមារីជាពុទ្ធមាតានាម នាងសិរិមហាមាយា។


[1] ក្រុមប្រឹក្សាជាតិភាសាខ្មែរ អនាថបណ្ឌិក អ្នកឲ្យដុំអាមិសៈដល់ពួកជនអ្នកឥតទីពឹង គឺអ្នកឲ្យទានដល់ពួកស្មូម។(វចនានុក្រមអេឡិចត្រូនិក)