Jump to content

រឿងសួស្ដី និង អព្វ​មង្គល

ពីវិគីភីឌា

មានកាលសម័យថ្ងៃ ១ នោះសិរីសួស្ដីនឹងអព្វមង្គលជួបនិយាយគ្នា អព្វមង្គលសួរទៅសិរីសួស្ដីថា លោកមានឫទ្ធីអំណាចដូចម្ដេចខ្លះ នោះសិរីសួស្ដីប្រាប់ទៅអព្វមង្គលថាឫទ្ធីអំណាចអញជាសិរីសួស្ដីនេះខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ ៗ ស្អប់គេមិនមេត្តាអញទៅសណ្ឋិត កាលណាគេខ្លាចគេស្នេហាទំនុកបម្រុងទាល់តែបានរាជសម្បត្តិ ។

ឯសិរីសួស្ដីសួរទៅអព្វមង្គលវិញថា ឫទ្ធីអំណាចឯងដូចម្ដេចខ្លះ នោះអព្វមង្គលឆ្លើយថាឫទ្ធីអំណាចខ្ញុំនេះបើខ្ញុំទៅសណ្ឋិតនៅឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយ សូម្បីតែបានរាជសម្បត្តិគង់ថ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបាន នោះអព្វមង្គលចង់ដឹងឫទ្ធីសិរីសួស្ដីថាខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះអាតុល សេដ្ឋីប្រើឲ្យឃ្វាលគោក្របីសព្វថ្ងៃនេះ សេដ្ឋីខឹងនឹងអាតុលជេរវាយតែសព្វថ្ងៃថាពុំមើលថែរក្សាគោក្របីស្គមអស់ ខ្ញុំចង់ឲ្យលោកសិរីសួស្ដីទៅសណ្ឋិតនៅរូបអាតុលខ្ញុំសេដ្ឋីនោះឲ្យវាបានរាជសម្បត្តិ ខ្ញុំក៏ជឿថាលោកមានឫទ្ធីខ្លាំងពូកែប្រាកដមែន នោះសិរីសួស្ដីប្រាប់ទៅអព្វមង្គលវិញថាឯងចាំមកគន់មើលចុះ ថ្ងៃស្អែកនេះអញចូលទៅនៅសណ្ឋិតនូវរូបអាតុលខ្ញុំសេដ្ឋីហើយ តែអញចូលទៅនៅកាលណាយូរបន្តិចទៅមុខជាអាតុលខ្ញុំសេដ្ឋីនោះវាបានសោយរាជសម្បត្តិមិនខាន ។

លុះព្រឹកឡើងដល់ពេលអាតុលបញ្ចេញគោក្របីក្រោលទៅឃ្វាល នោះសិរីសួស្ដីចូលទៅសណ្ឋិតនៅរូបអាតុលៗ ក៏រីករាយសប្បាយចិត្តប្លែកពីថ្ងៃមុន ៗ ។

លុះដល់ពេលល្ងាចកៀងគោក្របីត្រឡប់មកបញ្ចូលក្រោលនៅផ្ទះវិញ នោះសេដ្ឋីទាំងប្ដីប្រពន្ធឈរមើលគោក្របីឃើញអាតុលរាំងទ្វារក្រោលគោក្របីខ្ជាប់មាំមួនហើយ ៗ អាតុលក៏ឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅហ្វាយនៅទីកន្លែងខ្លួនដូចសព្វដង នោះសេដ្ឋីទាំងប្ដីប្រពន្ធឃើញអាតុលនឹកក្នុងចិត្តអាណិតមេត្តាថា ឱអាតុលអើយចៅទៅឃ្វាលគោក្របីអត់បាយទាល់ល្ងាចទើបបានបាយបរិភោគម្ល៉េះសមវាឃ្លានយ៉ាងណា គិតហើយក៏ដាស់តឿនខ្ញុំកំដរស្រី ៗ ឲ្យដួសបាយស៊ីរាល់គ្នាទៅ លុះដល់ដួសរួចស្រេច ភោជនាហារណាដែលមានឱជារសក៏យកទៅដាក់ជូនសេដ្ឋីហើយប្រជុំគ្នាស៊ីទៅ នោះសេដ្ឋីប្ដីប្រពន្ធហៅអាតុល ៗ មកជិតចាប់ម្ហូបដែលមានរសឲ្យអាតុលបរិភោគ ៗ រួចសេដ្ឋីប្ដីប្រពន្ធគន់មើលកិរិយាឫករូបអាតុលនោះ រកទាស់ចិត្តត្រង់ណាគ្មាន បណ្ដាមហាជនស្រីក្ដីប្រុសក្ដី តែបានឃើញរូបអាតុលហើយសឹងមានចិត្តស្នេហាមេត្តាពន់ប្រមាណ រីឯសេដ្ឋីប្ដីប្រពន្ធជាចៅហ្វាយអាតុលនោះនិយាយគិតគ្នាថា យើងសព្វថ្ងៃនេះអាឥតកូន ទ្រព្យសម្បត្តិក៏មានច្រើន អំណឹះតទៅបើឥតពីយើងទ្រព្យសម្បត្តិនឹងអន្តរាយអសារឥតការ គួរយើងយកអាតុលលើកឡើងតម្កើងជាកូន កុំឲ្យវាឃ្វាលគោក្របីដ្បិតអាតុលនេះសាច់ឈាមឫកពារល្អណាស់ ល្មមគួរសមជាកុនយើងបាន ។

លុះដល់ពេលល្ងាច អាតុលត្រឡប់មកពីឃ្វាលគោក្របីវិញ សេដ្ឋីទាំងប្ដីប្រពន្ធ ឃើញអាតុលរឹងរឹតតែស្នេហាមេត្តាពន់ពេក ហើយហៅឲ្យបរិភោគបាយជាមួយមិនឲ្យឃ្លាតឆ្ងាយពីខ្លួន គោក្របីក៏មិនឲ្យឃ្វាលពីថ្ងៃនោះតទៅ ។

សេដ្ឋីទាំងប្ដីប្រពន្ធនោះក៏សម្លៀកបំពាក់គ្រឿងមាសប្រាក់តុបតែងឲ្យអាតុល ហើយប្រាប់ថាពីថ្ងៃនេះទៅអញទុកឯងជាកូន ទ្រព្យសម្បត្តិអញទាំងប៉ុន្មាន ៗ អំណឹះឥតពីអញទៅនៅលើដៃកូនឯងទាំងអស់ អាតុលក៏រីករាយសប្បាយចិត្តជាទីបំផុត លុះអាតុលចម្រើនអាយុពេញរូបរាងកាយ ដោយអំណាចសិរីសួស្ដីនៅសណ្ឋិតលើខ្លួន រឹងរឹតតែល្អរកបុរសឯណានឹងប្រៀបផ្ទឹមស្មើពុំបាន ។

ឯសេដ្ឋីតែងតែចូលគាល់ព្រះមហាក្សត្រព្រឹកល្ងាច ពុំដែលលស់ខាន ក៏នាំយកអាតុលទៅគាល់ព្រះមហាក្សត្រ ៗ មានបុត្រីតែ ១ ព្រះអង្គ សេ្ដចចេញមកនៅទីក្រឡាព្រះគំនាល់ ព្រះរាជបុត្រក៏ដឹតដោយក្រោយព្រះអង្គមក មហាសេដ្ឋីនាំកូនដល់ហើយចូលក្រាបបង្គំគាល់ នោះព្រះមហាក្សត្រឆ្មៀងព្រះនេត្រឃើញសេដ្ឋីនឹងកូនអង្គុយគាល់ទន្ទឹមគ្នា ទ្រង់ត្រាស់សួរថា កូនសេដ្ឋីឯងឬ នោះសេដ្ឋីទូលថា កូនទូលព្រះបង្គំជាខ្ញុំ ស្ដេចក៏សរសើរថា កូនសេដ្ឋីឯងមានរូបរឹកល្អណាស់ឯព្រះរាជបុត្រីនោះនឹកក្នុងព្រះទ័យថា កូនសេដ្ឋីនេះធ្វើម្ដេចនឹងបានជាស្វាមីអញ លម្អអ្នកនេះនឹងរកបុរសណាផ្ចឹមស្មើពុំបាន ។

លុះគួរវេលាហើយស្ដេចនិងព្រះរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញ សេដ្ឋីក៏ក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះលុះដល់ផ្ទះនិយាយនឹងសេដ្ឋីថាលោកឪលោកម៉ែ មេត្តាកូន ទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំ ដ្បិតកាលខ្ញុំចូលទៅគាល់ជាមួយនឹងលោកឪពុក នោះខ្ញុំបានឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់ បើមិនដណ្ដឹងឲ្យខ្ញុំមុខជាស្លាប់មិនខាន សេដ្ឋីទាំងប្ដីប្រពន្ធ ដោយសេ្នហាកូនណាស់ក៏ប្រថុយខ្លួនរៀបតុមាសតុប្រាក់ដាក់គ្រឿងបណ្ណាការជាតង្វាយ របស់សុទ្ធតែពីពេជ្រនឹងមាសពោរពាសច្រើនតុក លុះព្រឹកឡើងនាំតង្វាយនោះ ទៅដល់រៀបចំក្នុងទីព្រះរាជរោង រីឯព្រះមហាក្សត្រស្ដេចចេញមកឲ្យនាហ្មឺនតូចធំគាល់ សេដ្ឋីទាំងប្ដីប្រពន្ធក៏គាល់ជិតនៅគ្រឿងបណ្ណាការតង្វាយនោះ ហើយសេ្ដចត្រាស់សួរសេដ្ឋីថា តង្វាយនេះប្លែកណាស់ សេដ្ឋីឯងមានការអ្វី សេដ្ឋីប្ដីប្រពន្ធឱនក្រាបបង្គំទូលថាសម្លាប់ទាល់ស្លាប់ បើទ្រង់ទុកជីវិតនៅសូមជ្រោកកោនក្រោមល្អងធូលីព្រះបាទ សូមប្រោសព្រះរាជទានព្រះរាជបុត្រីផ្សំនឹងកូនប្រុសទូលព្រះបង្គំជាខ្ញុំ ស្ដេចជ្រាបទ្រង់អនុញ្ញាតព្រមទ្រង់ចាត់មុខក្រសួងឲ្យរៀបពិធីស្រេចហោរាថ្វាយឫក្ស ស្ដេចក៏ផ្សំព្រះរាជបុត្រីនឹងកូនសេដ្ឋីផ្ទេរទាំងរាជសម្បត្តិឲ្យគ្រប់គ្រង ។

ឯស្ដេចតុលនិងមហេសីបានរាជសម្បត្តិហើយរីករាយក្រសេមសុខឥតទុក្ខមហាប្រសើរលើសលប់រៀងទៅ ។

ពីនេះនឹងអធិប្បាយពីរឿងអព្វមង្គលជួបនឹងសិរីសួស្ដីហើយថា លោកសិរីសួស្ដីខ្ញុំជឿលោកឃើញថាលោកមានឫទ្ធីជួយស្ដេចតុលបានរាជសម្បត្តិមែន វេលានេះលោកចាំមើលឫទ្ធីខ្ញុំវិញសូមលោកលែងទៅសណ្ឋិតនៅរូបស្ដេចតុល សិរីសួស្ដីក៏ថយចេញពីរូបស្ដេចតុលនោះ អព្វមង្គលក៏ចូលទៅនៅសន្ថិតនៅរូបស្ដេចតុលៗ ក៏ចេះតែនៅមួម៉ៅក្ដៅក្រហាយអាប់ឥតរស្មី មហេសីស្រីបរិវាក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិបត្តិបណ្ដាលចិត្តឲ្យតែខឹងស្អប់ស្ដេចតុលនោះ ទាំងអស់លោកចតុស្ដម្ភធំតូចទាំងប៉ុន្មានៗ ក៏ពុំសូវចូលចិត្ត គិតចង់ឲ្យតែព្រះវររាជបិតាក្មេកយករាជសម្បត្តិទៅវិញ ។

ឯចំណែកស្ដេចតុលចេះតែក្ដៅក្រហាយអន្ទះអន្ទែងចង់ទៅក្រសាលដោយទំនាបមាត់បឹងក្រៃពេក ក៏នាំមហេសីស្រីបរិវារចេញទៅក្រសាល លុះទៅដល់ក៏ចាត់ឲ្យធ្វើព្រះពន្លាភ័កស្នាក់ក្រសាល នៅទីមាត់បឹងនោះឮតែសព្ទសូរត្រដោកគោត្រដោកក្របី ស្ដេចតុលក៏ភ្នកនឹកអាណិតខ្លួន កាលនៅជាខ្ញុំមហាសេដ្ឋីគេប្រើឲ្យឃ្វាលគោក្របី ហើយក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួល នោះព្រះមហេសីថាម្ចាស់ហេតុអីក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួលម្ល៉េះ នោះស្ដេចតុលប្រាប់មហេសីដោយស្មោះត្រង់ថា លាក់បាំងអីអ្នកអូនអើយ ខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេ កាលពីដើមបងជាខ្ញុំសេដ្ឋី ៗ គេប្រើឲ្យឃ្វាលគោក្របី បងឮសព្ទសូរត្រដោកក្របីគោ បងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយំ មហេសីបានឮច្បាស់ជាខ្ញុំសេដ្ឋីហើយក៏នឹកទោមនស្សក្នុងព្រះទ័យពន់ពេកនឹកថាឱព្រះវររាជបិតា ពុំគួរផ្សំផ្គុំកូនផ្ទេរទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះ ខ្ញាល់ហើយក៏នាំស្ដេចតុលនិងស្រីបរិវារបណ្ដាជាខ្ញុំដែលតាមហែរទៅទាំងប៉ុន្មានៗ ត្រឡប់ចូលដល់ព្រះរាជវាំងវិញ លុះដល់ចូលទូលសម្ដេចព្រះវររាជបិតាមាតា តាមរឿងដែលស្ដេចតុលយំប្រាប់គ្រប់ប្រការ សម្ដេចព្រះវររាជបិតាទ្រង់ជ្រាបហើយ ទ្រង់ព្រះក្រោធពន់ប្រមាណត្រាស់ឲ្យហៅសេដ្ឋីទាំងប្ដីប្រពន្ធ មកដៀលត្មះជាទម្ងន់ហើយប្រគល់ស្ដេចតុលឲ្យទៅសេដ្ឋីប្ដីប្រពន្ធនាំយកទៅផ្ទះវិញ ។

ឯរាជសម្បត្តិ ស្ដេចគ្រប់គ្រងរក្សាតរៀងទៅសេដ្ឋីប្ដីប្រពន្ធនាំអាតុលទៅដល់ផ្ទះហើយ ជេរវាយត្មះតេះដៀលលែងរាប់អានធ្វើជាកូន បង្គាប់អាតុលឲ្យឃ្វាលគោក្របីទុកជាខ្ញុំដូចពីដើមវិញ ៕