រឿងសួស្ដី និង អព្វ មង្គល
ដំនើររឿង
[កែប្រែ]សម័យមួយសិរីសួស្ដី និង អព្វមង្គលជួបនិយាយគ្នា អព្វមង្គលសួរទៅសិរីសួស្ដីថា "លោកមានរិទ្ធអំណាចដូចម្ដេចខ្លះ ?" ។ សិរីសួស្ដីប្រាប់ទៅអព្វមង្គលថា "រិទ្ធ អំណាចអញជាសិរីសួស្ដីនេះខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ គេស្អប់គេមិនមេត្តា តែអញទៅស្ថិតកាលណាឲ្យអ្នកខ្លះស្នេហា ទំនុកបម្រុងទាល់តែបានរាជសម្បត្តិ" ។
ឯសិរីសួស្ដីសួរទៅអព្វមង្គលថា "រិទ្ធអំណាចឯងដូចម្ដេចខ្លះ ?" ។ អព្វមង្គលឆ្លើយថា "រិទ្ធអំណាចខ្ញុំនេះ បើស្ថិតនៅឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹង ខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយ សូម្បីតែបានរាជសម្បត្តិហើយ ក៏គង់ថ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបាន" ។ អព្វមង្គលចង់ដឹងរិទ្ធិសិរីសួស្ដីក៏ប្រាប់ថា "ខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះ អាតុល សេដ្ឋីប្រើឲ្យឃ្វាលគោក្របី សព្វថ្ងៃនេះសេដ្ឋីខឹងនឹងអាតុលជេរវាយតែសព្វថ្ងៃថា ពុំមើលថែរក្សាក្របីឲ្យស្គមអស់។ ខ្ញុំចង់ឲ្យលោកសិរិសួស្ដីទៅសណ្ឋិតនៅអាតុលខ្ញុំសេដ្ឋីនោះ បើវាបានរាជសម្បត្តិខ្ញុំក៏ជឿថាលោកមានរិទ្ធិខ្លាំងពូកែប្រាកដមែន" ។ សិរីសួស្ដីប្រាប់ទៅអព្វមង្គលវិញថា "ឯងចាំមកគន់មើលចុះ ថ្ងៃស្អែកនេះអញចូលទៅស្ថិតលើរូបអាតុលខ្ញុំសេដ្ឋីហើយ តែអញចូលទៅនៅកាលណាយូរបន្តិចទៅមុខជាអាតុលខ្ញុំសេដ្ឋីនោះ វាបានសោយរាជសម្បត្តិមិនខាន" ។
លុះព្រឹកឡើងដល់ពេលអាតុលបញ្ចេញគោក្របី អំពីក្រោលយកទៅឃ្វាល នោះសិរីសួស្ដីចូលទៅស្ថិតនៅរូបអាតុលៗ ក៏រីករាយសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុន ។ ដល់ពេលល្ងាចកៀងគោក្របីត្រឡប់មកបញ្ចូលក្រោលនៅផ្ទះវិញ ។ សេដ្ឋីទាំងប្ដីប្រពន្ធឈរមើលគោក្របីត្រឡប់មកបញ្ចូលក្រោលឃើញ អាតុលរាំងទ្វារ ក្រោលគោក្របីជាប់ហើយ ទើបឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅហ្វាយនៅកន្លែងខ្លួនដូចសព្វដង ។ សេដ្ឋីទាំងប្ដីប្រពន្ធកាលឃើញអាតុលហើយ ក៏នឹកក្នុងចិត្តអាណិតថា "ឱអាតុលអើយ!កាលឃើញអាតុលទៅឃ្វាលក្របី អត់បាយទល់ល្ងាចទើបបានបាយបរិភោគម្ល៉េះសមវាឃ្លានយ៉ាងណាទៅ ?" គិតហើយក៏ដាស់តឿនខ្ញុំកំដរស្រីៗឲ្យដួសបាយស៊ីរាល់គ្នា ។ ខ្ញុំស្រីក៏ដួសភោជហារណាដែលមានឱជារសយកទៅដាក់ជូនសេដ្ឋី ហើយប្រជុំគ្នាបរិភោគ ។ សេដ្ឋីប្ដីប្រពន្ធហៅអាតុលមកជិតចាប់ម្ហូបដែលមានឪជារស ឲ្យបរិភោគៗរួចសេដ្ឋីប្ដីប្រពន្ធគន់មើលកិរិយាឫកពារអាតុលនោះរកទាស់ចិត្តត្រង់ណាគ្មាន ។ បណ្ដាជនទាំងស្រីប្រុស តែបានឃើញរូបអាតុលកាលណា ក៏មានចិត្តស្នេហាមេត្តពន់ប្រមាណ ។ ឯសេដ្ឋីប្ដីប្រពន្ធជាចៅហ្វាយអាតុលនោះនិយាយគិតគ្នាថា "យើងសព្វថ្ងៃនេះឥតកូន ទ្រព្យសម្បត្តិក៏មានច្រើន អំណឹះតទៅ បើឥតពីយើង ទ្រព្យសម្បត្តិនឹងអន្តរាយអាសារឥតការ គួរយើងលើកអាតុលឡើងដំកើងធ្វើជាកូន កុំឲ្យវាឃ្វាលគោក្របី ត្បិតអាតុលនេះសាច់ឈាមឫកពារ ល្អណាស់ ល្មមសមគួរជាកូនយើងបាន" ។ ដល់ពេលល្ងាចអាតុលត្រឡប់មកពីឃ្វាលគោក្របីវិញ សេដ្ឋីទាំងប្ដីប្រពន្ធ ឃើញអាតុលរឹតតែស្នេហាពន់ពេក ក៏ហៅឲ្យបិរភោគបាយជាមួយ មិនឲ្យឃ្លាតឆ្ងាយពីខ្លួន គោក្របីមិនឲ្យឃ្វាលពីថ្ងៃនោះតទៅ។ សេដ្ឋីទាំងប្ដីប្រពន្ធយកសំលៀកបំពាក់ គ្រឿងមាសប្រាក់មកតុបតែង ឲ្យអាតុលហើយប្រាប់ថា "ពីថ្ងៃនេះទៅអញទុកឯងជាកូន ទ្រព្យសម្បត្តិទាំប៉ុន្មាន អំណឹះតទៅ នៅលើដៃកូនឯងទាំងអស់" ។ អាតុលក៏រីករាយសប្បាយចិត្តជាទីបំផុត ។
លុះអាតុលចម្រើនអាយុ ពេញរូបរាងឡើងដោយអំណាចសិរីសួស្ដី រឹងរិតតែល្អរកបុរសឯណានឹងមកប្រៀបផ្ទឹមស្មើពុំបាន ។ សេដ្ឋី តែងចូលគាល់ព្រះមហាក្សត្រព្រឹកល្ងាច ពុំដែលលោះខានក៏នាំយកអាតុលជាកូនទៅគាល់ផង ។ ព្រះរាជាមានបុត្រីតែមួយ ព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាព្រះគំនាល់ ព្រះរាជបុត្រីក៏ដិតដោយក្រោយព្រះអង្គមក ។ កាលមហាសេដ្ឋីនាំកូនចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រធ្មៀងព្រះនេត្រឃើញសេដ្ឋីនិងកូនអង្គុយគាល់ទន្ទឹមគ្នា ទ្រង់ត្រាសសួរថា "កូនសេដ្ឋីឬ ?" សេដ្ឋីទូលថា "កូនទូលព្រះបង្គំជាខ្ញុំ" ។ ស្ដេចទ្រង់សសើរថា "កូនសេដ្ឋីមានរូបមានឫកល្អណាស់" ។ ព្រះរាជបុត្រីក៏នឹកក្នុងព្រះទ័យថា "កូនសេដ្ឋីនេះមានលំអនឹងរកបុរសណាមកផ្ទឹមពុំបាន ធ្វើម្ដេចនឹងបានជាស្វាមីអញ ?" ។
ដល់ពេលគួរ ស្ដេចនិងរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញ សេដ្ឋីក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះ។ ដល់ផ្ទះកូននិយាយនឹងសេដ្ឋីថា "សូមលោកឳលោកម៉ែមេត្តា កូន ទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំត្បិតកាលខ្ញុំចូលគាល់ជាមួយ លោកឳពុក នោះខ្ញុំបានឃើញច្បាស់ ព្រះរាជបុត្រីនោះល្អណាស់ បើមិនដណ្ដឹងឲ្យខ្ញុំទេ ខ្ញុំមុខជាស្លាប់មិនខាន"។ សេដ្ឋីប្ដីប្រពន្ធដោយស្នេហាកូនពេក ក៏ប្រថុយខ្លួនរៀបតុមាសប្រាក់ដាក់គ្រឿងបណ្ណការជាដង្វាយ សុទ្ធតែពេជ្រពេញពាសច្រើនតុ ។ លុះព្រឹកឡើងនាំដង្វាយនោះទៅរៀបចំក្នុងទីព្រះរាជរោង ។ ព្រះមហាក្សត្រស្ដេចចេញមកឲ្យនាហ្មឺនធំតូចគាល់ នៅជិតគ្រឿងបណ្ណាការដង្វាយនោះ ស្ដេចត្រាស់សួរថា "សេដ្ឋីដង្វាយនេះប្លែកណាស់ មានការអ្វី ?" ។ សេដ្ឋីប្ដីប្រពន្ធក្រាបបង្គំទូលថា "សូមព្រះតេជះតម្កល់លើត្បូង សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ សូមទ្រង់ប្រោសព្រះរាជទានព្រះរាជបុត្រីផ្សំនឹងកូនប្រុសទូលព្រះបង្គំជាខ្ញុំ" ។ ស្ដេចទ្រង់ជ្រាប ទ្រង់ព្រះរាជានុញ្ញាត ទ្រង់ចាត់មុខក្រសួងឲ្យរៀបព្រះរាជពិធីសមរម្យ ហោរាថ្វាយឫក្ស ទ្រង់ផ្សំព្រះរាជបុត្រីនិងកូនសេដ្ឋី ហើយផ្ទេរទាំងរាជ្យសម្បត្តិឲ្យគ្រប់គ្រងផង ។ ស្ដេចតុលនិងព្រះនាងមហេសី លុះបានរាជសម្បត្តិហើយ ក៏បានប្រកបដោយសេចក្ដីសុខឥតទុក្ខា មហាប្រសើររៀងទៅ ។
និយាយពីរឿងអព្វមង្គលវិញ កាលជួបនិងសិរីសួស្ដីក៏សួរថា "លោកសិរីសួស្ដីខ្ញុំជឿហើយ ឃើញថាលោកមានរិទ្ធិជួយស្ដេចតុលឲ្យបានរាជសម្បត្តិមែន ដូច្នេះលោកមើលរិទ្ធិខ្ញុំម្ដង សូមលោកលែងសណ្ឋិតរូបស្ដេចតុលទៅ" ។ សិរីសួស្ដីក៏ថយចេញពីរូបស្ដេចតុលៗចេះតែមួម៉ៅក្ដៅក្រហាយ ព្រះនាងមហេសី ស្រីបរិវាក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិបត្តិ បណ្ដាលចិត្តឲ្យខឹងស្អប់ស្ដេចតុល អស់លោកចតុស្ដម្ភទាំងប៉ុន្មាន ក៏ពុំសូវចូលចិត្ត គិតចង់ឲ្យព្រះរាជបិតាក្មេកយករាជសម្បត្តិវិញ ។ ចំណែក ស្ដេចតុលចេះតែក្ដៅក្រហាយ អន្ទះអន្ទែងចង់ទៅក្រសាលទីទំនាបមាត់បឹងក្រៃពេក ក៏នាំព្រះនាងមហេសីស្រីបរវាចេញទៅក្រសាល លុះទៅដល់ក៏ចាត់ឲ្យធ្វើព្រះពន្លាស្នាក់ក្រសាល ។ ទីមាត់បឹងនោះឮតែសព្ទត្រដោកក្របី ស្ដេចតុលក៏ភ្នកនឹកអាណិតខ្លួនកាលនៅជាខ្ញុំមហាសេដ្ខីដែលគេប្រើ ឲ្យឃ្វាលក្របីហើយទ្រង់ព្រះកន្សែងខ្សឹកខ្សួល ។ ព្រះនាងមហេសីសួរថា "ម្ចាស់បងហេតុអ្វីក៏ទ្រង់ខ្សឹកខ្សួលម្ល៉េះ ?" ស្ដេចតុលប្រាប់ព្រះនាងមហេសីតាមត្រង់ថា "លាក់បាំងអីអ្នកអូនអើយ ខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេ ពីដើមបងជាខ្ញុំសេដ្ឋីៗគេប្រើឲ្យឃ្វាលគោក្របី ឥឡូវឮត្រដោកក្របី បងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយំ" ។ ព្រះនាងមហេសីបានឮហើយ ក៏នឹកទោមនស្សក្នុងព្រះទ័យជាពន់ពេកថា "ឱព្រះបិតា ពុំគួរផ្សំផ្គុំកូនផ្ទេរទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះ" ខ្ញាល់ហើយក៏នាំស្ដេចតុល និងស្រីបរវាដែលទៅតាមហែទាំងប៉ុន្មាន ត្រឡប់ចូលព្រះរាជវាំងវិញ ចូលក្រាបទូលព្រះវររាជបិតាមាតាវិញ តាមរឿងដែលស្ដេចតុលយំគ្រប់ការ ។ សម្ដេចវរបិតាទ្រង់ជ្រាបហើយ ទ្រង់ព្រះក្រោធពន់ប្រមាណ ទ្រង់ត្រាស់ឲ្យសេដ្ឋីទាំងប្ដីប្រពន្ធមកដៀលត្មះជាទម្ងន់ ហើយប្រគល់ស្ដេចតុលឲ្យទៅសេដ្ឋីប្ដីប្រពន្ធនាំយកទៅផ្ទះវិញ ។ ឯរាជសម្បត្តិស្ដេចទ្រង់គ្រប់គ្រងវិញ ។ សេដ្ឋីប្ដីប្រពន្ធនាំអាតុលទៅដល់ផ្ទះ ហើយជេរវាយត្មិះតិះដៀលលែងរាប់អានជាកូន ឲ្យអាតុលឃ្វាលគោក្របីទុកជាខ្ញុំដូចដើម ។
ឯកសារយោង
[កែប្រែ]ប្រជុំរឿងព្រេងខ្មែរភាគ១