រឿងហោរនិងតាចាស់ដូនចាស់

ពីវិគីភីឌា

ដំណេីររឿង[កែប្រែ]

កាល​ពី​ព្រេង​នាយ​មាន​ហោរ​ម្នាក់​ជា​អ្នក​ទាយ គន់​គុរ​មើល​ឆុត​ណាស់ ហោរ​នោះ​នៅ​ស្រុក​ជា​មួយ​នឹង​តាចាស់​យាយ​ចាស់ ។ មាន​កាល​ថ្ងៃ​មួយ តាចាស់​ដូន​ចាស់​គាត់​នាំ​គ្នា​ទាំង​ពីរ​នាក់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ក្បែរ​ភូមិ​គាត់ ។ ពេល​នោះ​គាត់​រុត​បាន​ត្រីរស់​ ១ហើយ​និង​បាន​ទន្សាយ​លង់​ទឹក​១ ដល់​ល្ងាច​គាត់​ត្រឡប់​មក​ផ្ទះ​វិញគាត់​យក​ទន្សាយ​គ្រប​នឹង​អង្រុត​ទុក​នៅ​កណ្តាល​ច្បារ​បន្លែខាង​មុខ​ផ្ទះ​គាត់, ត្រី​រ៉ស់ គាត់​ដាក់​ទ្រុង​ប្រោះទុក​ក្នុង​ត្រពាំង​នៅ​ជិត​ច្បារ​បន្លែ​គាត់ ក្បែរ​កន្លែង​ទុក​ទន្សាយ។ ដល់​ព្រឹក​ឡើង តា​ចាស់​យាយ​ចាស់​គិត​គ្នា​ថា «យើង​ទៅ​រក​ហោរ​ទាយ​មើលថា​ព្រឹក​នេះ​យើង​បាន​ម្ហូប​អ្វី​ស៊ី? បើ​ហោរ​នោះ​ទាយ​ត្រូវ​សឹម​ជឿ​ថា​ពូកែ​មែន ព្រោះ​ចាប់​បាន​ត្រី​រ៉ស់​ ១ ទន្សាយ​១ បម្រុង​នឹង​ទុក​ធ្វើ​ម្ហូប​អាហារ​ស៊ី​ព្រឹក​នេះ​ហើយ» ។

ដល់​ព្រម​ព្រៀង​គ្នា​ស្រេច​ហើយ ក៏​ដើរ​ទៅ​លុះ​ទៅ​ដល់​មុខ​ផ្ទះ​ហោរ​នោះ តា​ចាស់​ក៏​ស្រែក​សួរ​ទៅ​ម្ចាស់​ផ្ទះ​ថា « អើ​អ្នក​អើយ! លោក​គ្រូ​នៅៗហ្នឹង​ឬ? »។ ម្ចាស់​ផ្ទះ​ក៏​ប្រាប់​មក​តា​ចាស់​ដូន​ចាស់​ថា «គាត់​នៅ​នេះមាន​ការ​អ្វី? តា​យាយ​អញ្ជើញ​ចូល​មក! »។ តា​ចាស់​យាយ​ចាស់​នោះ​គ្នា​ចូល​ទៅ​បន្តិច ហោរ​ដណ្តឹង​សួរ​មក​តា​យាយ​ថា «ចុះ​អញ្ជើញ​មក​នេះ មានការ​អ្វី?» ។ តា​ចាស់​យាយ​ចាស់ ជម្រាប​ទៅ​ហោរ​វិញ​ថា «ខ្ញុំ​មក​នេះ មាន​ការ​បន្តិច, សូម​លោកគ្រូ​មេត្តា​ករុណា​ចុះ» ។ ហោរ​សួរ​ថា «មាន​ការ​អ្វី? ចូរ​ថា​មក​ចុះ! » ។ តា​ចាស់​យាយ​ចាស់​ថា «ឱលោក​គ្រូ​អើយ​! យើង​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ អត់​ម្ហូប​អាហារ​ទទួល​ទាន ពីរ​បី​ថ្ងៃ​ហើយ, តើ​ព្រឹក​នេះនឹង​បាន​អ្វី​ទទួល​ទាន​ឬ​ទេ? » ។ ហោរ​ចាប់​ក្តារ​ឆ្នួន​ឡើង វាយ​លេខ​មើល​ឲ្យ​តា​យាយ មើល​រួច​ស្រេច ក៏​ជម្រាប​តា​យាយស​ថា « ព្រឹក​នេះ តាយាយ​ឯង មុខ​តែ​លិទ្ធ​ប្រហុក​ក្នុង​ពាង!» ។ តា​យាយ​ឮ​ហោរ​ថា​ដូច្នោះក៏​នឹក​ក្នុង​ចិត្ត​ថា «ហោរ​នេះ គ្មាន​ពូកែ​ទេ ទាយ​ផ្តេស​ផ្តាស​សោះ,យើង​កុំ​ជឿ!» គិត​តែ​ប៉ុណ្ណោះ​ក៏​នាំ​គ្នា​លា​ហោរ​មក​ផ្ទះ​វិញ ហើយ​យាយ​ក៏​ប្រើ​តា​ឲ្យ​ទៅ​ចាប់​យក​ត្រី​ពី​ទ្រុងទៅ​ធ្វើ​ក្បែរ​ត្រពាំង​ជិត​ផ្ទះ តា​លូក​ចាប់​ត្រី​យក​មក​ក្រៅត្រី​វា​បម្រះ​រួច លោត​ចុះ​ត្រពាំង​ទៅ ។ តា​ក៏​ស្ទុះ​ទៅ​យក​អង្រុតដែល​គ្រប​ទន្សាយ​មក​ដេញ​រុត​ត្រី ។ ឯទន្សាយ​នៅ​ក្នុង​អង្រុត​នោះក៏​ផ្អើល​រត់​បាត់​ទៅ​ទៀត ។ យាយ​មើល​ពី​លើ​មក​ឃើញ​ទន្សាយ​រត់​ចូល​ទៅ​ក្នុងព្រៃ ក៏​ស្រែក​ប្រាប់​ថា «តាៗ! ទន្សាយ​រួច​ទៅ​ហើយ!» ។ តា​ប្រាប់​ទៅ​វិញ​ថា «ឯង សម​តែ​ស៊ី​ប្រហុក​ក្នុង​ពាង ដូច​គេ​ទាយ​ពី​ព្រឹក​ម៉ិញ​នោះ​ឯង » ។ តា​ឮ​យាយ​ថា​ដូច្នោះ ក៏​នឹក​ឃើញ​ថា «គ្រូ​ទាយ​ឆុត​មែន» ដល់​ពេល​បាយ​ព្រឹក តាម​ចាស់​ដូន​ចាស់​ក៏​នាំ​គ្នា​ស៊ី​ប្រហុក​ក្នុង​ពាង​ដូច​ហោរ​ទាយ​ឲ្យ​នោះ​ឯង ។ ទើប​តា​ចាស់ ដូន​ចាស់​ដូន​ចាស់​ជឿ​ថា «ហោរ​ចេះ​ដឹង​ត្រឹម​ត្រូវ​តាម​ក្បួន​តម្រា​ប្រាកដ​មែន» ។

កុំ​អាន​អួត​អាត្មា ត្មះ​តម្រា​ប្រាជ្ញ​ព្រេង​នាយ

ឯកសារយោង[កែប្រែ]

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​២

តំនភ្ជាប់ក្រៅ[កែប្រែ]

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត

សូមមើលផងដែរ[កែប្រែ]

ប្រជុំរឿងព្រេងខ្មែរ