រឿង​ក្រសា​និង​ក្តាម

ពីវិគីភីឌា

វគ្គទី ១ ការបាត់មិត្ត[កែប្រែ]

នៅត្រង់កន្លែងមួយនោះក្នុងព្រៃនេះ មានបឹងធំមួយ មានមច្ឆាច្រើនប្រភេទរស់នៅ។ ក្រសាមួយក្បាលរស់នៅអាស្រ័យនឹងបឹងនោះ។ ក្រសានោះចាស់ទៅហើយ គ្មានកម្លាំងអ្វីនឹងចាប់ត្រីមកស៊ីបានទៀតទេ។ ភាពអត់ឃ្លានបានបណ្តាលឲ្យវាស្គមស្គាំង។

ថ្ងៃមួយវាមកទុំនៅមាត់បឹងហើយស្រែកខ្លាំងៗ សម្រក់ទឹកភ្នែកសស្រាក់។ ក្តាមមួយក្បាលមករកវា ដោយមានត្រីជាច្រើនក្បាលមកតាមដែរ សួរយ៉ាងសមគួរទៅក្រសាថា

“លោកពូ! លោកពូមិនអីទេ? ហេតុអ្វីក៏លោកពូមិនស៊ីអីសោះថ្ងៃនេះ? ហេតុអ្វីបានជាលោកពូយំ? ហេតុអ្វីបានជាលោកពូដកដង្ហើមធំបែបនេះ?”

ក្រសាក៏តបថា

“កូនៗអើយ!…ខ្ញុំសម្រេចចិត្តថាកាន់សីលហើយ។ ខ្ញុំធ្លាប់ជាអ្នកស៊ីត្រី តែឥលូវនេះខ្ញុំប្តេជ្ញាថានឹងមិនប៉ះសាច់ត្រីទៀតទេ បើទោះជាត្រីមកជិតខ្ញុំក៏ដោយ ព្រោះខ្ញុំប្តេជ្ញាថានឹងតមមិនស៊ីត្រីទៀតទេរហូតដល់ស្លាប់។” ក្តាមក៏សួរគាត់ថា

“ហេតុអ្វីក៏លោកពូកាន់សីល?”

ក្រសាក៏និយាយថា

“ខ្ញុំបានកើតនៅបឹងនេះ ហើយខ្ញុំក៏ចាស់នៅទីនេះដែរ។ ខ្ញុំដឹងថាទីនេះនឹងគ្មានភ្លៀងទៀតទេ ក្នុងអំឡុងដប់ពីរឆ្នាំនេះ។”

ក្តាមក៏ឧទានថា

“តើលោកពូឮរឿងនេះពីណាមក?”

ក្រសានិយាយថា

“ខ្ញុំឮពីមាត់គ្រូទាយម្នាក់។ គ្រូទាយនោះនិយាយថា គេសរសេរនៅក្នុងគម្ពីរតារាសាស្ត្រថា ទៅតាមទីតាំងរបស់ផ្កាយនិងតារា នឹងគ្មានភ្លៀងទៀតទេក្នុងដប់ពីរឆ្នាំនេះ។ បឹងនេះគ្មានទឹកគ្រប់គ្រាន់ ហើយទឹកនឹងតិចទៅៗ ហើយនៅទីបញ្ចប់ វានឹងស្ងួតអស់។ ដូច្នេះ គ្មានទឹក សត្វក្នុងទឹកដែលខ្ញុំធ្លាប់ស៊ី ដែលខ្ញុំធ្លាប់លេងជាមួយតាំងពីកើតមក នឹងស្លាប់ទាំងអស់។ ខ្ញុំមិនអាចឃ្លាតចាកពីពួកវាបានទេ។ហេតុដូច្នេះបានជាខ្ញុំតមបែបនេះ។ សត្វទឹកនៅក្នុងបឹងតូចៗផ្សេងទៀត ត្រូវបានជម្លៀសទៅកាន់បឹងផ្សេងទៀតដោយបងប្អូនរបស់វា អណ្តើក ក្រពើ និងសត្វធំៗធ្វើដំណើរទៅដោយខ្លួនឯង។ ប៉ុន្តែសត្វទឹកក្នុងបឹងនេះហាក់ដូចជាគ្មានខ្វល់ខ្វាយសោះ។ ខ្ញុំយំ ព្រោះបន្តិចទៀតនេះ គ្រប់យ៉ាងនឹងវិនាសអស់។”

ក្តាមក៏ទៅប្រាប់សត្វទឹកឯទៀត។ ក្តាម ត្រី អណ្តើក និងសត្វផ្សេងទៀតភ័យស្លន់ស្លោជាខ្លាំង។ ពួកគេទៅរកក្រសាហើយនិយាយថា

“តើលោកដឹងថាពួកយើងគួរធ្វើយ៉ាងម៉េចទេ? តើពួកមិនអាចការពារខ្លួនពីគ្រោះមហន្តរាយនេះទេឬ?”

ក្រសាតបថា

“មិនអីទេ នៅជិតនេះមានបឹងធំមួយ មានទឹកពេញ។ បើទោះជាគ្មានភ្លៀងម្ភៃបួនឆ្នាំ ក៏បឹងនោះមិនរីងដែរ ព្រោះមានស្លឹកឈូកគ្របពីលើ ការពារមិនឲ្យបឹងនោះរីង។ បើនរណាម្នាក់ជិះលើខ្នងរបស់ខ្ញុំ ខ្ញុំអាចយកទៅដាក់ទីនោះបាន។” ពួកមច្ឆាទាំងនោះ ជឿលើក្រសា ហើយក៏ប្រមូលគ្នាមកនៅជុំវិញក្រសា។ ពួកគេស្រែកថា

“លោកពូ! លោកឪពុក! បងប្រុស! ខ្ញុំមុន! ខ្ញុំមុន!” ក្រសាបោកបានយកពួកគេម្តងមួយៗ ដាក់លើខ្នងរបស់វា។ នៅពេលដែលវាហើរចេញបានឆ្ងាយបន្តិច វាទម្លាក់ត្រីលើថ្មដើម្បីសម្លាប់ ហើយស៊ីត្រីយ៉ាងឆ្ងាញ់។នៅពេលក្រសាត្រឡប់មកវិញ វាក៏ទៅនិយាយកុហកក្រុមគ្រួសារត្រីដែលចេញទៅមុននោះ។

ថ្ងៃមួយ ក្តាមនិយាយនឹងក្រសាថា

“លោកពូ ខ្ញុំជាមិត្ររបស់លោកពូមុនគេ តែលោកពូយកខ្ញុំទៅក្រោយគេ។ ឥលូវសូមលោកពូជួយសង្គ្រោះជីវិតខ្ញុំផង” នៅពេលដែលក្រសាឮបែបនេះ វាគិតក្នុងចិត្តថា

“អញស៊ីត្រីរាល់តែថ្ងៃ ឥលូវនេះអញសាករសជាតិក្តាមម្តងមើល។” វាក៏យកក្តាដាក់លើខ្នងរបស់វា រួចដឹកទៅថ្មដែលវាបានសម្លាប់ត្រីអស់នោះ។ ក្តាមឃើញគំនរឆ្អឹងត្រីដែលក្រសាបានសម្លាប់ ហើយក៏ភ្ញាក់ខ្លួន យល់ហេតុការណ៍ទាំងអស់។ វាក៏និយាយនឹងក្រសាថា

“លោកពូ! តើបឹងនោះនៅឆ្ងាយប៉ុណ្ណាទៀតទៅ? លោកពូច្បាស់ជាអស់កម្លាំងហើយ ព្រោះខ្លួនខ្ញុំធ្ងន់។”

ក្រសាគិតក្នុងចិត្តថា

“ឥលូវនេះអាល្ងង់នេះធ្លាក់ក្នុងកណ្តាប់ដៃរបស់អញទៅហើយ វាមិនអាចរួចពីកណ្តាប់ដៃអញបានទេ”

ក្រសាក៏និយាយនឹងក្តាមថា

“អាក្តាម តើមានបឹងឯណាក្បែរនេះទៀត? ឯងជាចំណីរបស់អញហើយ។ អញនឹងបោកឯងនឹងថ្មសម្លាប់ឥលូវនេះ ហើយអញនឹងស៊ីឯង”

ក្រសានិយាយមិនទាន់ទាំងចប់ផង ក្តាមក៏យកដង្កៀបរបស់វាមកកៀបកក្រសាដាច់ជាកង់ រហូតដល់ក្រសាដាច់ខ្យល់ស្លាប់។ក្តាមក៏វាមកបឹងរបស់វាវិញដោយយកកក្រសាមកជាមួយផង។ ពួកសត្វទឹកក៏មកប្រមូលផ្តុំគ្នាជុំវិញក្តាម ហើយសួរថា “ក្តាម ម៉េចក៏ឯងត្រឡប់មកវិញ? ម៉េចក៏លោកពូមិនមកវិញជាមួយឯង? ម៉េចក៏គាត់ធ្វើឲ្យខាតពេលបែបនេះ? ពួកយើងចាំគាត់ស្ទើរតែទ្រាំមិនបានទៅហើយ។”

ក្តាមក៏សើច ហើយនិយាយថា

“ពួកអាភ្លើ! អាបោកមួយនេះវាមិនបានយកពួកយើងទៅបឹងមួយទៀតស្អីទេ វាយកពួកយើងទៅស៊ី នៅជិតនេះឯង។ ដោយវាសនាបានកំណត់មកថាអញត្រូវរស់បានអាយុវែង អញក៏យល់នូវកលល្បិចរបស់វា។ អញបានសម្លាប់អាបោកម្នាក់នេះ ហើយនេះករបស់វាអញយកមកបង្ហាញពួកឯង។ ឥលូវនេះពួកឯងមិនបាច់ខ្វល់ទៀតទេ។ ពួកយើងអាចរស់នៅដោយសុខបានហើយ។”

ឆ្កែព្រៃនោះតថា

“អញ្ចឹងហើយបានជាខ្ញុំនិយាយថា ក្រសាល្មោភស៊ី ស៊ីបានទាំងសត្វតូចធំគ្រប់ប្រភេទ តែត្រូវស្លាប់ដោយសារក្តាម។” បន្ទាប់ពីបានស្តាប់ឆ្កែព្រៃនិយាយបែបនេះ ក្អែកក៏សួរថា

“អញ្ចឹងតើពួកយើងគួរធ្វើយ៉ាងម៉េចទៅទើបអាចសម្លាប់ពស់វែកនោះបាន?”

ឆ្កែព្រៃនោះតបថា

“មិនអីទេ ពួកឯងទៅទីប្រជុំជន។ ពួកឯងរកមើលផ្ទះអ្នកមាន ជាផ្ទះរបស់មន្ត្រីធំឬនរណាក៏បាន មើល បើពួកគេធ្វេសប្រហែស ទុកដាក់មាសប្រាក់ចោល ដូចជាខ្សែកមាស ឬចិញ្ចៀនមាស។ ពួកឯងឆាប់ពាំយកមក តែទុកឲ្យពួកបម្រើឃើញឯង ពួកឯងហើរយឺតៗមកលំនៅរបស់ឯងវិញ រួចទម្លាក់របស់នោះក្នុងរូងរបស់ពស់វែកនោះ។ នៅពេលនោះបម្រើនោះនឹងរត់តាមឯង ដើម្បីតាមយករបស់នោះទៅវិញ ពេលពួកគេមកដល់ ឃើញពស់ ពួកគេប្រាកដជាសម្លាប់ពស់នេះ។”

ក្អែកស្តាប់តាមដំបូន្មានរបស់ឆ្កែព្រៃ រួចក៏ហើរចេញទៅ។ នៅពេលដែលពួកវាកំពុងតែហើរ វាក៏ឃើញពួកស្រីស្នំ កំពុងតែងូតទឹក។ ពួកស្រីទាំងនោះទុកខ្សែកមាសនិងគុជចោល។ ក្អែកញីក៏ឆាបយកខ្សែកមាស រួចហើរយឺតៗសំដៅទៅទ្រនំរបស់វា។ នៅពេលដែលពួកអាមាត្រឃើញបែបនេះ ក៏យកដំបងដេញតាមក្អែក។ ក្អែកញីក៏ទម្លាក់ខ្សែកនោះចូលក្នុងរូងពស់ រួចក៏ទៅទុំលើមែកឈើជិតនោះ។ ពេលដែលបម្រើស្តេចមកដល់ ពួកគេត្រូវប្រឈមមុខនឹងពស់ កំពុងតែបើកពពា ក្នុងរូងនៅក្នុងដើមពោធិនោះ។ ពួកគេក៏សម្លាប់ពស់នោះ រួចយកខ្សែកមាសនោះត្រឡប់ទៅវិញ។ រួចហើយក្អែកក៏រស់នៅបានសុខរហូតមក។ ទម្នករ ក៏បន្តថា

“អញ្ចឹងហើយ បានជាខ្ញុំនិយាយថា អ្វីដែលមិនអាចសម្រេចដោយកម្លាំងបាន គេត្រូវប្រើគំនិត។ គ្មានអ្វីលើលោកនេះដែលមនុស្សឆ្លាតម្នាក់មិនអាចធ្វើបាននោះទេ។ ដោយសារតែបញ្ញា ទន្សាយមួយក្បាលអាចសម្លាប់តោព្រៃដ៏សាហាវមួយក្បាលបាន។”

កត៌កក៏សួរថា

“រឿងហ្នឹងយ៉ាងម៉េចខ្លះ?”

ទម្នាករក៏និទានរឿង តោ និង ទន្សាយ។

ឯកសារយោង[កែប្រែ]

  1. បណ្ឌិត វិស្ណុ សម៌. បញ្ចតន្ត្រ (គោលការណ៍ប្រាំយ៉ាង) ៣០០ ឆ្នាំមុនគស
  2. Panchatantra (Pañcatantra, पञ्चतन्त्र, 'Five Principles or Techniques') is an ancient Indian inter-related collection of animal fables in verse and prose, in a frame story format. 3rd century BCE (http://en.wikipedia.org/wiki/Panchatantra)