រឿង​តោ​និង​ទន្សាយ

ពីវិគីភីឌា

វគ្គទី ១ ការបាត់មិត្ត[កែប្រែ]

នៅក្នុងព្រៃមួយ មានតោមួយក្បាលឈ្មោះ ភាសុរកៈ។ វាជាតោដែលមានអំណាចខ្លាំងក្លា ហើយសម្លាប់រង្គាលសត្វផ្សេងទៀតយ៉ាងសាហាវព្រៃផ្សៃបំផុត។

ថ្ងៃមួយ ពួកថនិកសត្វទាំងអស់ មានទាំងខ្លាឃ្មុំ ជ្រូកព្រៃ ក្របី ទន្សាយ និងសត្វឯទៀត បាននាំគ្នាទៅជួបនឹងតោ ហើយនិយាយថា

“លោកម្ចាស់ ហេតុអ្វីបានជាលោកម្ចាស់សម្លាប់ពួកយើងខ្ញុំមួយថ្ងៃៗយ៉ាងច្រើនដោយឥតប្រយោជន៍ បែបនេះ។ សត្វតែមួយក្បាលអាចធ្វើឲ្យលោកម្ចាស់ឆ្អែតគ្រប់គ្រាន់ហើយសម្រាប់មួយថ្ងៃ។ សូមលោកម្ចាស់យោគយល់ដល់ពួកយើងខ្ញុំផង។ ពីថ្ងៃនេះទៅ ពួកយើងសន្យាថា នឹងបញ្ជូនសត្វមួយក្បាលសម្រាប់លោកម្ចាស់ជាចំណី ឲ្យតែលោកម្ចាស់សន្យាថាឲ្យពួកយើងរកស៊ីពាសពេញព្រៃនេះបាន។ បែបនេះ លោកម្ចាស់មិនចាំបាច់បារម្ភក្នុងការរកចំណីទេ ហើយពួកយើងក៏មិនរងនូវការសម្លាប់រង្គាលដែរ។ ដូចគេនិយាយថា

៣៣) ដោយលេបថ្នាំម្តងបន្តិច មនុស្សម្នាក់នឹងមានកម្លាំងពលំឡើង ដូចស្តេចមានអំណាចដោយប្រមូលពន្ធពីរាស្ត្រម្តងបន្តិចៗ។ គេត្រូវថែររក្សាមេគោមួយឲ្យបានល្អ មុននឹងវាផ្តល់ទឹកដោះ ស្រោចទឹកដើមផ្កាឲ្យបានល្អមុននឹងវាចេញផ្កា ព្រះរាជាក៏ដូចគ្នាដែរ ត្រូវតែរក្សារាស្ត្រក្រោមឱវាទ បើទ្រង់ចង់បានប្រយោជន៍អំពីពួកគេ។”

នៅពេលដែលភាសុរកៈ បានស្តាប់ពួកសត្វទាំងនោះនិយាយចប់ហើយ វាក៏តបថា

“ពួកឯងនិយាយត្រូវហើយ តែបើអញមិនបានទទួលសត្វមួយក្បាលរៀងរាល់ថ្ងៃទេ អញនឹងស៊ីពួកឯងទាំងអស់គ្នា។” ពួកសត្វទាំងអស់ក៏សន្យានឹងតោថានឹងគោរពតាមសន្យា។ ដូច្នេះហើយជារៀងរាល់ថ្ងៃ ពួកគេបញ្ជូនសត្វមួយក្បាលទៅតោជាចំណី រួចហើយរកស៊ីក្នុងព្រៃដោយគ្មានខ្លាចកោតក្រែងតោអ្វីទៀតដែរ។

ថ្ងៃមួយជាថ្ងៃដែលត្រូវដល់វេណទន្សាយ។ ដោយសារតែការបង្ខំពីសត្វផ្សេងទៀត ទន្សាយក៏ធ្វើដំណើរទៅជួបនឹងតោ យ៉ាងយឺតៗ ទាំងចិត្តមិនចង់។

នៅតាមផ្លូវ ទន្សាយគិតពិចារណាពីវិធីដែលអាចសម្លាប់តោបាន នៅពេលនោះវាក៏មកដល់អណ្តូងមួយ។ វាតោងមាត់អណ្តូង អើតមើលទៅក្នុងអណ្តូង ក៏ឃើញរូបខ្លួនវាចាំងក្នុងទឹកអណ្តូងនោះ។ ដល់ត្រឹមនេះ វាគិតថា

“ឥលូវនេះ អញដឹងវិធីដែលមិនអាចនឹងបរាជ័យហើយ។ អញនឹងបញ្ឆោតតោ មកទម្លាក់ចូលក្នុងអណ្តូងនេះ។” ទម្រាំតែទន្សាយទៅដល់ជួបនឹងតោ ចំជាពេលល្ងាចល្មម។ នៅពេលនោះ ភាសុរកៈ ជ្រួលច្របល់ជាខ្លាំង ដោយសារតែរងចាំយូរពេក។ វាលិតមាត់របស់វា ដោយក្តីស្រេកឃ្លាន ហើយនិយាយថា

“រឿងទីមួយដែលអញត្រូវធ្វើនៅថ្ងៃស្អែក គឺត្រូវសម្លាប់ពួកអាសត្វទាំងអស់នោះ។” នៅពេលដែលវាកំពុងតែគិតបែបនេះ ទន្សាយមកដល់យឺតៗ ហើយឈប់នៅពីមុខតោ។ តោសម្លក់សម្លឹងមើលវា ហើយស្រែកគំហកថា

“នែពូជអាថោកទាប! ឯងមានខ្លួនតូចហើយ នៅមកយឺតទៀត។ ដូច្នេះអញនឹងសម្លាប់អ្ហែងភ្លាមៗ រួចហើយព្រឹកឡើងចាំអញសម្លាប់សត្វក្នុងព្រៃនេះទាំងអស់។”

ទន្សាយក៏តបថា

“លោកម្ចាស់ វាមិនមែនជាកំហុសរបស់ខ្ញុំទេ ហើយក៏មិនមែនជាកំហុសរបស់សត្វផ្សេងទៀតដែរ។ សូមលោកម្ចាស់ មេត្តាស្តាប់សិន ខ្ញុំនឹងពន្យល់ប្រាប់លោកម្ចាស់។”

តោក៏តបថា

“អ្ហែង ប្រញាប់និយាយឲ្យលឿនឡើងមក អាលនឹងអញស៊ីឯង”

ទន្សាយក៏តបថា

“បាទលោកម្ចាស់ ថ្ងៃនេះចំជាវេណរបស់ខ្ញុំ ដែលត្រូវមកថ្វាយខ្លួនជូនលោកម្ចាស់។ ព្រោះតែខ្ញុំតូច ពួកគេបានបញ្ជូនទន្សាយបួនក្បាលផ្សេងទៀតមកជាមួយខ្ញុំ។ នៅតាមផ្លូវ មានតោធំមួយចេញមក ហើយស្រែកថា

-ហូ! ពួកអាដែង! ពួកអ្ហែងទៅណា? បន់ព្រះឲ្យហើយទៅ!”

ខ្ញុំក៏និយាយថា”លោកម្ចាស់ ពួកយើងទាំងអស់គ្នាទៅជួបលោកម្ចាស់ ភាសុរកៈរបស់យើងនៅឯកន្លែងណាត់ តាមវេលាកំណត់។”

បន្ទាប់មកតោនោះក៏និយាយថា”អាណាគេ ជាភាសុរកៈ? អញជាម្ចាស់នៃព្រៃនេះ! ពួកអ្ហែងត្រូវស្តាប់តាមអញតែម្នាក់គត់! ភាសុរកៈជាអ្នកបោកប្រាស់ប៉ុណ្ណោះ! អញនឹងចាប់យកគ្នាអ្ហែងបួននាក់ជាចំណាប់ខ្មាំង អញទុកឲ្យអ្ហែងទៅជួបភាសុរកៈ ដើម្បីមកតតាំងគ្នាជាមួយអញ។ បើនរណាឈ្នះ អ្នកនោះនឹងក្លាយជាស្តេចព្រៃនេះ ហើយអញស៊ីទន្សាយទាំងអស់នេះបាន។”

ទន្សាយក៏បន្តថា

“ដូច្នេះហើយខ្ញុំក៏មកជួបនឹងលោកម្ចាស់ ដូចតោនោះបង្គាប់។ ដូច្នេះហើយបានជាខ្ញុំមកយឺត។ ឥលូវនេះ សូមលោកម្ចាស់ធ្វើយ៉ាងម៉េចក៏ធ្វើចុះ។”

នៅពេលដែលភាសុរកៈឮបែបនេះ វាក៏និយាយថា

“សម្លាញ់ បើរឿងនេះពិតមែន ចូរឯងនាំអញទៅជួបនឹងអាព្រហើននោះភ្លាម ដើម្បីអញបានបញ្ចេញកំហឹងរបស់អញទាំងប៉ុន្មានចំពោះឯងនេះ ដាក់វា។ ទាល់តែបែបនេះទើបអញស្ងប់ចិត្ត។”

ទន្សាយតបថា

“លោកម្ចាស់ វាជារឿងពិត តែតោមួយនោះរស់នៅក្នុងរូងមួយ។ លោកម្ចាស់ប្រហែលជាពិបាកវាយប្រហារវាណាស់ ព្រោះវារស់ក្នុងរូងបែបនេះ ព្រោះគេនិយាយថា

៣៤) អ្នកកាន់ធ្នូ នៅពីក្រោយជញ្ជាំងប្រាសាទមួយ អាចវាយប្រហារសត្រូវបានច្រើនរយនាក់។

នៅពេលដែលភាសុរកៈឮបែបនេះ ក៏តបថា

“នែសម្លាញ់! វាអាចលាក់ខ្លួនវាក្នុងរូងរបស់វាបាន តែឯងគ្រាន់តែបង្ហាញវាដល់អញបានហើយ អញនឹងសម្លាប់វា ដូចគេនិយាយថា”

៣៥) បំបាត់សត្រូវនិងជំងឺរបស់ខ្លួន នៅគ្រាដំបូងបំផុត ឬទុកឲ្យវាខ្លាំងមកបំផ្លាញខ្លួនអ្នកវិញ។

ទន្សាយក៏តបថា

“មែនហើយ ប៉ុន្តែខ្ញុំបានឃើញវាហើយ។ វានោះខ្លាំងណាស់។ សម្រាប់លោកម្ចាស់ ប្រហែលជាគ្រោះថ្នាក់ បើលោកម្ចាស់មិនដឹងច្បាស់ថាវាខ្លាំងប៉ុណ្ណាទេ ដូចគេថា

៣៦) អ្នកដែលប្រហារសត្រូវ ដោយមិនដឹងកម្លាំងសត្រូវ នឹងត្រូវវិនាសជាក់ ដូចមមាចនឹងភ្លើង។

ភាសុរកៈតបថា

“នេះមិនមែនជារឿងរបស់ឯងទេ។ អ្ហែងគ្រាន់តែនាំអញទៅជួបវាបានហើយ។”

ទន្សាយតបថា

“មិនអីទេលោកម្ចាស់។ អញ្ចឹងសូមលោកម្ចាស់អញ្ជើញតាមខ្ញុំមក។”

ទន្សាយក៏នាំតោទៅអណ្តូង។នៅពេលដែលពួកគេមកដល់មាត់អណ្តូង ទន្សាយនិយាយប្រាប់តោថា

“លោកម្ចាស់! តើនរណាអាចតទល់នឹងអំណាចលោកម្ចាស់បាន! អាបោកនោះ ពេលឃើញលោកម្ចាស់មកដល់ ក៏លាក់ខ្លួនក្នុងរូងវាបាត់ហើយ។”

បន្ទាប់មកទន្សាយក៏ចង្អុលទៅអណ្តូង។តោចម្កួត ពេលឃើញរូបរបស់វាចាំងក្នុងទឹកអណ្តូង ក៏គិតថាជាសត្រូវរបស់វា។ វាក៏ស្រែករោទិ៍មួយទំហឹង។ សម្លេងខ្ទរក៏បកមកវិញ។ វាកាន់តែក្តៅក្រហាយឡើង ក៏លោតចុះក្នុងអណ្តូងនោះ រួចក៏លង់ទឹកស្លាប់បាត់ទៅ។

ទន្សាយរីករាយក្នុងចិត្ត ត្រឡប់មកលំនៅវិញ ប្រាប់សត្វផ្សេងទៀតពីរឿងរ៉ាវដែលបានកើតឡើង។ ពួកគេកោតសសើរប្រាជ្ញាទន្សាយ និងរស់នៅប្រកបដោយសេចក្តីសុខក្នុងព្រៃនោះជារៀងរហូតមក។

ទម្នកៈ បន្តថា

“អញ្ចឹងហើយ បានជាខ្ញុំនិយាយថា គឺអ្នកឆ្លាតដែលជាអ្នកមានអំណាច។ ឥលូវបើឯងគិតថាសម ខ្ញុំនឹងប្រើប្រាជ្ញារបស់ខ្ញុំ ដើម្បីបង្កជម្លោះរវាងលោកម្ចាស់ និង សំជីវកៈនោះ។”

តរតកៈ តបថា

“បើឯងគិតថាអាច ឯងធ្វើទៅ។ សូមឲ្យព្រះជួយការពារឯង។”

ថ្ងៃមួយ បន្ទាប់ពីបានឃើញថាពិន្គលកៈ អង្គុយឆ្ងាយពី សំជីវកៈភ្លាម ទម្នកៈក៏ទៅឱនលំទោនពីមុខពិន្គលកៈ។

ពិន្គលកៈ ក៏និយាយថា

“សម្លាញ់! តើឯងទៅណា បានជាអញបាត់មុខឯងយូរម្ល៉េះ?”

ទម្នកៈតបថា

“ខ្ញុំមិនបានមកជួបនឹងលោកម្ចាស់ ព្រោះលោកម្ចាស់មិនចាំបាច់ត្រូវការខ្ញុំ មកធ្វើអ្វីដែរ។ តែឥលូវនេះ ខ្ញុំត្រូវតែមកជួបនឹងលោកម្ចាស់ តាមភារៈរបស់ខ្ញុំ ដើម្បីនឹងនិយាយជាមួយលោកម្ចាស់ ព្រោះខ្ញុំឃើញថាប្រព័ន្ធគ្រប់គ្រងរបស់លោកម្ចាស់កំពុងតែរលាយបង់ទៅ ធ្វើឲ្យចិត្តមានការរែងព្រួយជាខ្លាំង។”

នៅពេលដែលវាឮទម្នកៈនិយាយទាំងតានតឹងបែបនេះ ពិន្គលកៈក៏សួរវាថា

“តើឯងចង់និយាយស្អីប្រាប់អញ? ឆាប់ប្រាប់អញមក!”

ទម្នកៈក៏តបថា

“លោកម្ចាស់! សំជីវកៈ ស្អប់លោកម្ចាស់ណាស់! អាគោមួយនេះ ដែលលោកម្ចាស់ចាត់ទុកវាជាមិត្ររបស់លោកម្ចាស់នោះ តាមពិតវាជាសត្រូវរបស់លោកម្ចាស់ទៅវិញទេ!។ វាប្រាប់ខ្ញុំជាសម្ងាត់ថា -ទម្នកៈ អញចង់ឲ្យឯងប្រាប់អញពីចំនុចខ្សោយនិងខ្លាំងទាំងអស់របស់ពិន្គលកៈ អាលនឹងងញសម្លាប់វា ហើយអញនឹងក្លាយជាស្តេចសត្វទាំងអស់។ អញនឹងលើកឯងជាមន្ត្រីជំនិតរបស់អញ។”

នៅពេលដែលពិន្គលកៈឮបែបនេះ វាភ្ញាក់ព្រឺតដូចត្រូវរន្ទះបាញ់ ហើយវានិយាយមិនចេញ។ទម្នកៈឃើញបែបនេះ ក៏គិតក្នុងចិត្តថា

“ពិន្គលកៈ ច្បាស់ជាមានទំនុកចិត្តលើសំជីវកៈខ្លាំងណាស់ហើយ។ ច្បាស់ណាស់ផ្លូវនេះ នឹងនាំដល់ក្តីវិនាសអន្តរាយដល់ពិន្គលកៈជាមិនខាន។ គេនិយាយថា

៣៧) នៅពេលដែលស្តេចមួយអង្គទុកចិត្តមន្ត្រីម្នាក់ខ្លាំងពេក មន្ត្រីនោះនឹងព្រហឺនកោងកាច ហើយកាន់តែចង់បានអំណាចខ្លាំងឡើង វានឹងចង់ធ្វើខ្លួនឲ្យឯករាជ្យ ហើយនៅពេលដែលមហិច្ឆិតានេះឡើងដល់កម្រិត ជាចុងបញ្ចប់វានឹងប្រើល្បិចសម្លាប់ស្តេចចោលមិនខាន។”

មួយស្របក់ក្រោយមក ពិន្គលកៈ តាំងចិត្តបានឡើងវិញ ក៏និយាយថា

” តើអញគួរធ្វើយ៉ាងម៉េចទៅ? សំជីវកៈ ក្លាយទៅជាសម្លាញ់ចិត្តមួយថ្លើមមួយ ស្មើនឹងជីវិតអញទៅហើយ។ អញមិនអាចជឿថាវាក្បត់អញនោះទេ។”

ទម្នកៈក៏តបថា

“លោកម្ចាស់ ជាបម្រើតែងតែរងគ្រោះផ្លូវចិត្តជានិច្ច។ មានតែអ្នកទន់ខ្សោយ អ្នកដែលគ្មានចិត្តគ្មានថ្លើមអ្វីទាំងអស់ ទើបអាចបម្រើស្តេចបានជារៀងរហូតបាន។”

ពិន្គលកៈក៏និយាយថា

“ចិត្តអញនៅតែជឿជាក់លើសំជីវកៈជានិច្ច។”

ទម្នកៈក៏និយាយថា

“លោកម្ចាស់ លោកម្ចាស់បានសាងនូវកំហុសធំណាស់។ លោកម្ចាស់គិតមើល តើលោកម្ចាស់មើលឃើញគុណសម្បត្តិរបស់សំជីវកៈត្រង់ណាខ្លះ? វាជាមិត្រដែលគ្មានគុណសម្បត្តិអ្វីទាំងអស់! ហើយបើលោកម្ចាស់គិតថា វាជាសត្វធំ អាចជួយលោកម្ចាស់កម្ចាត់សត្រូវបាន លោកម្ចាស់យល់ច្រឡំហើយ។ វាជាសត្វស៊ីស្មៅ ហើយសត្រូវរបស់លោកម្ចាស់ទាំងអស់ជាសត្វស៊ីសាច់។ ហើយដូច្នេះរឿងល្អបំផុតសម្រាប់លោកម្ចាស់គឺ ទម្លាក់កំហុសរឿងអីមួយលើវា រួចសម្លាប់វាចោលទៅ។” ពិន្គលកៈក៏តបថា

“ចាប់កំហុសនរណាម្នាក់ បន្ទាប់ពីនិយាយសរសើរគេដោយ អស់ពីចិត្ត នោះ ប្រៀបដូចជាក្បត់ពាក្យសម្បទរបស់ខ្លួនអញ្ចឹង។ ម្យ៉ាងវិញ អញបានសន្យា ដូចឯងឲ្យយោបល់ ហើយថា អញនឹងមិនសម្លាប់វា។ តើឥលូវ ឲ្យអញសម្លាប់វាដោយដៃអញយ៉ាងម៉េចហ្នឹងកើត? សំជីវកៈ ជាមិត្រល្អរបស់អញ អញគ្មានហេតុផលអី នឹងខឹងវាទេ ព្រោះថា

៣៨) គេមិនត្រូវកាប់ដើមឈើមួយដើមចោលទេ បើទោះជាដើមឈើពុលក៏ដោយ បើវាជាដើមឈើដែលដាំនឹងដៃខ្លួនឯង។ ហើយ

៣៩) ដំបូងស្នេហាជាការឆោតល្ងង់ តែបើនរណាម្នាក់ត្រូវតែមានស្នេហាទៅហើយ ស្នេហានោះគួរតែបណ្តោយឲ្យចម្រើនឡើងទៅ។ ហើយនិង

៤០) គួរឲ្យអាម៉ាស់ណាស់ ដែលយើងលើកមនុស្សម្នាក់ឲ្យចម្រើនឡើង ហើយក្រោយមកបែរជាធ្វើឲ្យម្នាក់នោះលិចលង់ទៅវិញ។

អញ្ចឹងហើយ ទោះបីជាសំជីវកៈ ត្រឡប់មកជាក្បត់អញវិញក៏ដោយ ក៏អញលើកដៃសម្លាប់វាមិនរួចដែរ។” ទម្នកៈ ក៏តបថា

“លោកម្ចាស់ អាណិតសត្រូវ គឺប្រឆាំងនឹងរាជក្រិត្យ។ ហើយបើលោកម្ចាស់ធ្វើតាមក្រិត្យអហិង្សានេះ តើឲ្យសត្វផ្សេងឯទៀតរស់យ៉ាងម៉េចទៅ? បើពួកគេលះបង់លោកម្ចាស់ចោល លោកម្ចាស់ច្បាស់ជាស្លាប់។ នៅពេលដែលលោកម្ចាស់នៅជាមួយសំជីវកៈ លោកម្ចាស់មិនដែលនឹកនាចេញស្វែងរកចំណីសោះ ព្រោះថា

៤១) ចងមិត្រជាមួយមនុស្សពាល មនុស្សល្អនឹងដើរផ្លូវអាក្រក់ ដូច្នេះបណ្ឌិតមិនគួរសេពគប់នឹងពាលទេ។ ហើយថា

៤២) ចូរកុំសេពគប់នឹងមនុស្សមិនស្គាល់ឥរិយា។

មូសអ្នកខុស បែរគេសម្លាប់ចៃទៅវិញ។”

ពិន្គលកៈ ក៏សួរថា

“រឿងហ្នឹងយ៉ាងម៉េចខ្លះ?”

ទម្នកៈ ក៏និទានរឿង មូស និង ចៃ។

ឯកសារយោង[កែប្រែ]

  1. បណ្ឌិត វិស្ណុ សម៌. បញ្ចតន្ត្រ (គោលការណ៍ប្រាំយ៉ាង) ៣០០ ឆ្នាំមុនគស
  2. Panchatantra (Pañcatantra, पञ्चतन्त्र, 'Five Principles or Techniques') is an ancient Indian inter-related collection of animal fables in verse and prose, in a frame story format. 3rd century BCE (http://en.wikipedia.org/wiki/Panchatantra)