រឿង​សេដ្ឋី​ទន្តិល

ពីវិគីភីឌា

វគ្គទី ១ ការបាត់មិត្ត[កែប្រែ]

នៅកន្លែងមួយនោះលើលោកយើងនេះ មានក្រុងមួយឈ្មោះថា វធ៌ម័ន។ មាន សេដ្ឋីដ៏មហិមាម្នាក់ឈ្មោះ ទន្តិល រស់នៅទីនោះ។ គាត់គ្រប់គ្រងទីក្រុងនោះទាំងមូល។ នៅក្នុងរបបគ្រប់គ្រងរបស់គាត់ ទាំងអ្នកក្រុងនោះ និង ព្រះរាជាសុទ្ធតែសប្បាយចិត្តទាំងអស់គ្នា។ តើយើងអាចនិយាយថាអ្វីបានទៀត? មនុស្សដែលពូកែបែបនេះ ងាយនឹងរកឯណាបាន ព្រោះថា

២៤) មនុស្សដែលរកប្រយោជន៍ឲ្យព្រះរាជា ត្រូវមនុស្សទូទៅស្អប់ ហើយមនុស្សដែលរកប្រយោជន៍ឲ្យប្រជារាស្ត្រសាមញ្ញត្រូវព្រះរាជាស្អប់។

នៅសម័យថ្ងៃមួយ កូនស្រីរបស់ទន្តិលរៀបមង្គលការ។ ទន្តិលបានអញ្ជើញ មនុស្សគ្រប់រូប រួមទាំងមន្ត្រីរបស់ព្រះរាជាថែមទៀតផង។ គាត់បានទទួលរាក់ទាក់ភ្ញៀវយ៉ាងកក់ក្តៅ ហើយញាំងឲ្យពិធីនោះប្រកបទៅយ៉ាងឱឡារឹកបំផុត។ ក្រោយថ្ងៃមង្គលការ ទន្តិលបានអញ្ជើញព្រះរាជានិងរាជវង្សទាំងអស់មកផ្ទះរបស់គាត់ ហើយទន្តិលបានសម្តែងនូវការគោរពដ៏ក្រៃលែងដល់ព្រះរាជា។ មានបម្រើម្នាក់ឈ្មោះ គោរមផា ដែលជាអ្នកជូតកម្រាលឥដ្ឋមានបានមកដែរ តែទន្តិលមិនបានអញ្ជើញទេ។ គាត់បានអង្គុយនៅកៅអីមួយដែលគេបម្រុងសម្រាប់អ្នកផ្សេងម្នាក់ទៀត។ ទន្តិលក៏ចាប់ក្របួចកបុរសម្នាក់នោះ រួចបោះចេញក្រៅ។

បុរសម្នាក់នោះមានអារម្មណ៍ថាខ្លួនត្រូវគេប្រមាថមើលងាយ ក៏ដេកមិនលក់បក់មិនល្ហើយ ហើយគិតក្នុងចិត្តថា “តើអញត្រូវធ្វើយ៉ាងម៉េចឲ្យស្តេចស្អប់អាទន្តិលនេះ បើស្តេចចូលចិត្តវាបែបនេះទៅហើយ។ តែអញពិតជាឱកាស បើទោះជាអញជាមនុស្សធម្មតាបែបនេះក៏ដោយ ក៏គង់នឹងធ្វើឲ្យមនុស្សដែលមានអំណាចដល់ថ្នាក់ហ្នឹងមហន្តរាយបានដែរ”។ ប៉ុន្មានថ្ងៃក្រោយមក នៅពេលព្រឹកព្រលឹម នៅពេលដែលព្រះរាជាមិនទាន់ទាំងភ្ញាក់ដំណេកស្រួលបួលផង គោរមផា ក៏ទៅជូតឥដ្ឋនៅក្បែរគ្រែរបស់ស្តេច ហើយនិយាយថា “ឱទេវតាអើយ! ទន្តិលឥលូវនេះអស្ចារ្យណាស់បានជាហ៊ានថើបម្ចាស់ក្សត្រី!”។

នៅពេលដែលព្រះរាជាឮបែបនេះ គាត់ក៏លោតចុះពីលើគ្រែដូចគេចាក់គូទ ហើយស្រែកថា “គោរមផា! ឯងនិយាយមែនឬ?! តើទន្តិលបានថើបម្ចាស់ក្សត្រីមែន?!”។ គោរមផា ក៏តបថា “ក្រាបទូលព្រះអង្គ! ទូលបង្គំបានលេងល្បែងស៊ីសងអស់ពេញមួយយប់ អត់បានដេកសូម្បីតែមួយស្របក់។ ព្រឹកនេះទូលបង្គំធ្វើការទាំងមមើរ បានជានិយាយមិនសូវដឹងអី សូមព្រះអង្គមេត្តាអភ័យទោសដល់ទូលបង្គំផង”។ ដោយសារតែភ្លើងប្រចណ្ឌ ព្រះរាជាក៏គិតក្នុងចិត្តថា”មែនហើយ! អាគោរមផានេះ អញឲ្យវាទៅណាក៏បានក្នុងវាំងនេះ ហើយអាទន្តិលក៏ដូចគ្នា។ ប្រហែលជាអាគោរមផា វាបានឃើញ អាទន្តិលថើបប្រពន្ធអញមែនហើយ ព្រោះថា

២៥) អ្វីដែលមនុស្សម្នាក់គិតអំពី បានឃើញ និង បានធ្វើនៅពេលថ្ងៃ មនុស្សនោះច្បាស់ជាមមើនិយាយចេញមិនខាន។

ហើយច្បាស់ជាមីស្រីនោះវាឲ្យដៃមិនខាន។ នាងនោះវាញញឹមដាក់ប្រុសម្នាក់ ដោយបបូរមាត់បើកពាក់កណ្តាល ឲ្យសញ្ញាទៅអាប្រុសទីពីរ ក្នុងពេលនោះ ញែគ្នាជាមួយនឹងប្រុសទីបី ភ្នែកវាបើកព្រឹមៗតែក្នុងបេះដូងវាវិញ សុបិនឃើញប្រុសម្នាក់ទៀតបាត់ទៅហើយ គឺអាម្នាក់ដែលវាស្រឡាញ់។ តើនរណាអាចជឿទុកចិត្តនឹងស្នេហារបស់ស្រីបែបនេះបាន ស្រីដែលមានរោមចិញ្ចើមកោងដូចធ្នូ ដែលចាំតែបាញ់បែបនេះ? បុរសដែលគិតថា ស្ត្រីម្នាក់ស្រឡាញ់ខ្លួន គឺពិតជាឆ្កួត។ បុរសនោះធ្លាក់ក្នុងអន្ទាក់របស់នាង នាងនឹងចាត់ទុកបុរសនោះដូចល្បែងក្មេងលេង”។ ព្រះរាជាបានគិតវែងឆ្ងាយសព្វបែបយ៉ាង ក្នុងចិត្តពោរពេញដោយគំនិតជ្រួលច្របល់ ពីមួយថ្ងៃទៅមួយថ្ងៃ ទ្រង់កាន់តែស្អប់ទន្តិលឡើង ហើយជាងនេះទៅទៀត ទ្រង់បានហាមមិនឲ្យទន្តិលចូលវាំងទៀត។ ទន្តិលងឿងឆ្ងល់ជាខ្លាំង នឹងអាការៈផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ព្រះរាជាបែបនេះ គាត់គិតក្នុងចិត្តថា “វាត្រូវដូចគេនិយាយថា

២៦) តើនរណាដែលឮថា សត្វត្មាតស្អាតទេ អ្នកលេងល្បែងដែលអាចផ្ញើលុយបានទេ សត្វពស់ដែលចេះអនុគ្រោះមិនចឹកទេ ស្រីដែលកំពុងតែរោលរាលដោយតណ្ហានៅស្ងៀមទេ មនុស្សខ្វិនដែលក្លាហានទេ មនុស្សប្រមឹកចេះដឹងខុសត្រូវទេ ឬក៏មិត្តភាពជាមួយស្តេចទេ។

សូម្បីតែនៅក្នុងសុបិន ខ្ញុំមិនដែលនឹកចង់ធ្វើបាបនរណាម្នាក់ផង ទាំងព្រះរាជា និងរាជវង្សានុវង្ស។ តើហេតុដូចម្តេចបានជាព្រះរាជាតាំងជាសត្រូវដាក់ខ្ញុំទៅវិញ?”។ មួយរយៈកន្លងផុតទៅ។ ថ្ងៃមួយទន្តិលត្រូវទៅចូលគាល់ព្រះមហាក្សត្រ តែក្រុមអ្នកយាមឃាត់គាត់។ គោរមផា ដែលកំពុងតែជូតឥដ្ឋឃើញហេតុការណ៍នេះ ក៏និយាយចំអកថា “នែលោកអ្នកយាម! គាត់ជាមិត្តស្និទ្ធស្នាលរបស់ព្រះរាជាផងណា!។ គាត់ចង់ចាប់ចង ឬដោះលែងនរណាក៏បានដែរ។ គាត់បានទាំងចាប់ក្របួចកខ្ញុំបោះចេញពីផ្ទះរបស់គាត់ថែមទៀតផង។ ប្រយត្នណា ពួកលោកក៏អាចរងទុក្ខទោសដូចខ្ញុំដែរ”។ ពេលដែលទន្តិលឮបែបនេះ គាត់គិតក្នុងចិត្តថា “ច្បាស់ជាអាមួយនេះហើយ ដែលធ្វើឲ្យអញមានបញ្ហាបែបនេះ។ ឥលូវនេះអញយល់ហើយថា ហេតុអីបានជាគេនិយាយថា

២៧) បម្រើរបស់ស្តេច ទោះបីជាមានវណ្ណៈថោកទាបបែបណា ឆ្កួត ឬភ្លើបែបណាក៏ដោយ បម្រើនោះទៅដល់ណាហើយគេត្រូវតែគោរព។

ទន្តិលមានអារម្មណ៍ពិបាកក្នុងចិត្តជាខ្លាំង ហើយក៏ត្រឡប់មកផ្ទះវិញទាំងសោកសៅ។ គាត់បានអង្គុយសញ្ជឹងគិតពីវិធីដោះស្រាយរឿងនេះ ហើយនៅល្ងាចនោះ គាត់ក៏បានអញ្ជើញគោរមផាមកផ្ទះរបស់គាត់ ហើយជូនសម្លៀកបំពាក់ល្អៗមួយគូដល់គោរមផា ហើយនិយាយយ៉ាងសមគួរថា “មិត្តសម្លាញ់ មិនមែនដោយសារតែខ្ញុំខឹងនឹងឯងទេ បានជាខ្ញុំបោះឯងចេញពីផ្ទះរបស់ខ្ញុំនៅថ្ងៃនោះ។ វាគឺព្រោះតែកៅអីនោះវាមិនមែនជាកម្មសិទ្ធិរបស់ឯង វាជារបស់ព្រាហ្មណ៍ម្នាក់។ ព្រាហ្មណ៍នោះគិតថាគេមើលងាយខ្លួន ដូច្នេះហើយបានជាខ្ញុំចាប់ឯងបោះចេញមកក្រៅ។ សូមឯងអភ័យទោសដល់ខ្ញុំផង”។ នៅពេលដែលគោរមផាឃើញសម្លៀកបំពាក់នោះ វាសប្បាយចិត្តជាខ្លាំង។ ដោយវារីករាយខ្លាំងពេក វាក៏និយាយនឹងទន្តិលថា “លោកម្ចាស់ ឥលូវនេះខ្ញុំលើកលែងទោសឲ្យលោកម្ចាស់ម្តង។ នេះក៏ព្រោះតែលោកម្ចាស់បានសម្តែងនូវការស្តាយក្រោយ ហើយបានផ្តល់កិត្តិយសដល់ខ្ញុំ។ ព្រះរាជានឹងត្រឡប់មកជាពេញចិត្តនឹងលោកម្ចាស់វិញ ដោយសារតែប្រាជ្ញារបស់ខ្ញុំ”។ គោរមផាក៏ត្រឡប់ទៅផ្ទះវិញដោយសប្បាយចិត្តជាខ្លាំង។ នៅព្រឹកឡើង គោរមផា ទៅជូតឥដ្ឋនៅក្នុងរាជវាំងដូចសព្វផង។ នៅពេលដែលគាត់ដឹងច្បាស់ថា ស្តេចជិតភ្ញាក់ហើយ គាត់ក៏និយាយថា “ព្រះរាជាទ្រង់មិនដឹងអីសោះ ទ្រង់សោយត្រសក់ក្នុងបង្គន់!”។

ព្រះរាជាក៏ភ្ញាក់ឡើង ពេលឮគោរមផានិយាយបែបនេះ ហើយក៏ស្រែកថា “អាគោរមផា! អ្ហែងនិយាយស្អី!? កុំដោយសារតែអ្ហែងជាបម្រើរបស់អញ កុំអីសម្លាប់អ្ហែងបាត់ទៅហើយ! អ្ហែងដែលឃើញអញស៊ីត្រសក់ក្នុងបង្គន់ពីអង្កាល់?” គោរមផាក៏និយាយថា “ក្រាបទូលព្រះអង្គ ទូលបង្គំ យប់ម៉ិញ បានលេងល្បែងទល់ភ្លឺ ហេតុនេះហើយបានជានិយាយទាំងមមីមមើបែបនេះ។ បើទូលបង្គំនិយាយអ្វីមិនសមរម្យទេ សូមព្រះអង្គមេត្តាអភ័យទោសដល់ទូលបង្គំផង”។

នៅពេលដែលព្រះរាជាបានឮបែបនេះ គាត់គិតក្នុងចិត្តថា “តាំងពីកើតមក អញមិនដែលស៊ីត្រសក់ក្នុងបង្គន់សោះ។ បើអាចម្កួតនេះនិយាយស្អីឡប់ៗពីអញ អញ្ចឹងអ្វីដែលវានិយាយពីទន្តិលក៏ខុសដែរ។ នេះជាកំហុសរបស់អញដែលដាក់ទោសទន្តិល។ បើគ្មានទន្តិលទេ ក្រុងនេះទាំងមូលនឹងយ៉ាប់ហើយ”។ នៅពេលដែលព្រះរាជាបានត្រិះរិះសព្វគ្រប់ហើយ ព្រះអង្គបានអញ្ជើញទន្តិលឲ្យចូលវាំង ផ្តល់គ្រឿងអល្លង្កា និង សម្លៀកបំពាក់ ដើម្បីលួងចិត្តគាត់ រួចតែងតាំងគាត់ឲ្យបានឋានៈដូចដើមវិញ។

ទម្នាករក៏បន្តថា “ហេតុនេះហើយបានជា ខ្ញុំនិយាយថា មនុស្សដែលមានអំណួតជ្រុល ហើយមិនប្រព្រឹត្តចំពោះអ្នកខ្ពស់ កណ្តាល និង ទាបឲ្យបានត្រឹមត្រូវទេ នឹងវិនាសដូចទន្តិលនេះឯង ទោះបីគាត់ជាជំនិតរបស់ស្តេចក៏ដោយ”។

សន្ជិវាករ ក៏និយាយថា “បងប្រុស បងនិយាយនេះត្រឹមត្រូវណាស់ ខ្ញុំនឹងធ្វើតាមបងទាំងអស់”។ បន្ទាប់មកទម្នាករ ក៏យកសន្ជិវាករ ទៅជួបនឹង ពិន្គលករ ហើយនិយាយថា “លោកម្ចាស់ ខ្ញុំបាននាំ សន្ជិវាករមកជួបលោកម្ចាស់ហើយ។ ឥលូវនេះអ្វីៗស្រេចតែលោកម្ចាស់ជាអ្នកសម្រេចចុះ”។ សន្ជិវាករ ឱនក្បាលគោរពស្តេចតោ ពិន្គាលករ ហើយឈរយ៉ាងសុភាពមុខស្តេចតោ។ ពិន្គលករ ក៏ទទួលសន្ជិវាករ តាមរបៀបដូចគ្នាវិញ ហើយសួរថា “នែមិត្តសម្លាញ់ តើលោកនេះសម្រាប់ឯងយ៉ាងម៉េចដែរ? តើឯងមកដល់ព្រៃនេះយ៉ាងម៉េចដែរ?”។ សន្ជិវាករ ក៏និយាយរៀបរាប់ពីអ្វីៗទាំងអស់ដែលបានកើតឡើងចំពោះវា។ នៅពេលដែលពិន្គាលករស្តាប់ សន្ជិវាករនិយាយចប់ហើយ វាក៏និយាយយ៉ាងទន់ភ្លន់ថា “សន្ជិវាករសម្លាញ់អើយ ឯងកុំខ្លាចអី។ ក្នុងព្រៃនេះឯងទៅណាក៏បាន នេះជាទឹកដីរបស់ខ្ញុំ។ តែឯងត្រូវនៅជិតខ្ញុំរហូត ព្រោះព្រៃនេះសម្បូរសត្វសាហាវច្រើនណាស់ ហើយច្រើនជាសត្វគ្រោះថ្នាក់ខ្លាំងទៀត សត្វស៊ីស្មៅដូចឯងមិនអាចតទល់នឹងពួកវាបានទេ”។ បន្ទាប់មក ពិន្គាលករ ក៏ចេញទៅផឹកទឹកនៅទន្លេយមុន យ៉ាងសប្បាយចិត្ត។ វាក៏ត្រឡប់មកព្រៃវិញ។ វាក៏ប្រគល់រាជកិច្ចទាំងអស់ដល់កត៌ក និង ទម្នាករ ក្រៅពីនេះវាស្តាប់រឿងនិទានអប់រំរបស់សន្ជិវាករ។

សន្ជិវាករបានបង្រៀនពិន្គាលករពីគម្ពីរធម៌ផ្សេងៗ ហើយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ វាបានធ្វើឲ្យពិន្គាលករភ្លេចអស់នូវអាការៈសាហាវព្រៃផ្សៃនៃសត្វតោ។ ជារៀងរាល់ថ្ងៃពួកវាតែងតែពិភាក្សាគ្នាជាសម្ងាត់។ សត្វឯទៀតត្រូវនៅឲ្យឆ្ងាយ សូម្បីតែ ទម្នាករ និង កត៌ក ក៏ពិន្គាលករ មិនឲ្យទៅក្បែរដែរ។ ដោយស្តេចតោមិនចេញប្រមាញ់តទៅទៀត សត្វទាំងអស់ ដោយរួមទាំង ទម្នាករ និង កត៌ក ចាប់ផ្តើមអត់ឃ្លាន។ ពួកគេនិយាយថា “បក្សីលះបង់ដើមឈើចាស់មួយដើមដែលគ្មានផ្លែតទៅទៀត ហើយហើរទៅកន្លែងថ្មី រីឯបម្រើលះបង់ស្តេចចោល ព្រោះតែលែងផ្តល់ប្រយោជន៍ទៀត”។ នៅពេលដែលកត៌កអស់សង្ឃឹមថានឹងកែប្រែអាកប្បកិរិយារបស់ចៅហ្វាយខ្លួនបានទៀតហើយនោះ ពួកក៏ជំនុំគ្នា។

ទម្នាករនិយាយ “ប្អូនប្រុសកត៌ក ឥលូវនេះយើងជួបបញ្ហាទៀតហើយ។ តាំងពីពេលដែលពិន្គាលករបានជជែកពិភាក្សាជាមួយនឹងសន្ជិវាករមក គាត់បានបំភ្លេចនូវការទទួលខុសត្រូវរបស់គាត់ទាំងអស់។ កូនចៅរបស់គាត់ឥលូវរត់ចោលគាត់ទាំងអស់។ ឥលូវនេះយើងត្រូវធ្វើម៉េចទៅ?”

កត៌កតបថា”ទោះបីជាលោកម្ចាស់មិនស្តាប់សម្តីឯងក៏ដោយ ក៏វានៅតែជាកំហុសរបស់ឯងដែលត្រូវតែជួយនែនាំដល់លោកម្ចាស់។ វាជាភារកិច្ចរបស់មន្ត្រី ដែលត្រូវឲ្យយោបល់ព្រះរាជា ទោះបីព្រះស្តាប់ឬមិនស្តាប់ក៏ដោយ។ បើព្រះរាជាដ៏ល្បីល្បាញមួយអង្គ ឬដំរីល្អមួយក្បាល ដើរផ្លូវខុស វាជាកំហុសរបស់មន្ត្រី ឬអ្នកបញ្ជាដំរីនេះ។ ឯងបាននាំអាសត្វស៊ីស្មៅនេះ មកលោកម្ចាស់។ គឺឯងខ្លួនឯងហ្នឹងហើយ ដែលអ្នកបង្កាត់ធ្យូងដែលឆេះជាភ្លើងនោះ”

ទម្នាករក៏តបថា “ឯងនិយាយនេះត្រឹមត្រូវហើយ។ វាជាកំហុសរបស់ខ្ញុំ មិនមែនកំហុសលោកម្ចាស់ទេ។ ដូចគេនិយាយថា ឆ្កែព្រៃកណ្តាលចៀមពីរជល់គ្នា និង ឥសីដែលជឿ អសទ្ធាពុទ្ធិ គឺពីរនាក់ហ្នឹងហើយដែលត្រូវបន្ទោស”

កត៌កក៏សួរថា “តើរឿងនោះវាយ៉ាងម៉េចខ្លះ?”។ ទម្នាករក៏និយាយរឿង ឆ្កែព្រៃ និង ឥសី។

ឯកសារយោង[កែប្រែ]

  1. បណ្ឌិត វិស្ណុ សម៌. បញ្ចតន្ត្រ (គោលការណ៍ប្រាំយ៉ាង) ៣០០ ឆ្នាំមុនគស
  2. Panchatantra (Pañcatantra, पञ्चतन्त्र, 'Five Principles or Techniques') is an ancient Indian inter-related collection of animal fables in verse and prose, in a frame story format. 3rd century BCE (http://en.wikipedia.org/wiki/Panchatantra)