រឿង នរកនិងសួគ៌
មានកុមារម្នាក់សួរទៅព្រះអាទិទេពថា ៖
- តើអ្វីទៅជាឋាននរក អ្វីទៅជាឋានសួគ៌ ព្រះអង្គ?
ព្រះក៏មានបន្ទូលតបវិញថា ៖
- ដើម្បីនឹងស្គាល់ច្បាស់ សូមកុមារ ធ្វើដំណើរទៅជាមួយយើង ទៅមើលទីនោះដោយផ្ទាល់ភ្នែក ទើបប្រសើរ។
កុមារឭភ្លាមសប្បាយចិត្តណាស់ ក៏ដើរតាមក្រោយជំហានព្រះអាទិទេព ទៅដល់ភូមិមួយ ក៏ប្រទះឃើញ មានមនុស្សម្នា ជាច្រើន នាំគ្នាអង្គុយ កាន់វែកដែក ដែលមានដងវែងជាងពីរម៉ែត្រ ម្នាក់មួយៗ ដំកង់ជុំវិញខ្ទះសម្ល ដែលមានក្លិន ឈ្ងុយឆ្ងាញ់បំផុត។ ចៃដន្យអ្វី មនុស្សទាំងឡាយនោះ បែរជាមានរូបរាងស្គាំងស្គម ទឹកមុខក្រញូវ មិនសប្បាយរីករាយ ទាល់តែសោះ។ គេម្នាក់ៗខំប្រឹងតស៊ូតែម៉្យាងគត់ គឺប្រវេប្រវា យកវែកដែកដងវែងនោះ ដណ្តើមគ្នា កៀរកូរដង ទឹកស៊ុបអាហារ ដើម្បីបញ្ចុកមាត់ខ្លួន ប្រទាក់វែកនឹងគ្នា ទៅវិញទៅមក រហូតដល់ កំពប់ទឹកសម្លរហេចរហាច ពាសក្តារក្រាល មិនសូវបានចូលមាត់ពួកគេ ប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះ មានខ្លះខឹងនឹងការប្រទាក់វែកគ្នា រហូតដល់យកវែក វាយគ្នា ទៅវិញទៅមក យ៉ាងកោលាហលបំផុត។ ពេលនោះ ព្រះអាទិទេព មានបន្ទួលប្រាប់កុមារថា៖
- កន្លែងនេះហើយ ដែលហៅថា ឋាននរក!
បន្ទាប់មក កុមារបានដើរតាមព្រះអាទិទេព រហូតទៅដល់ទីធ្លាភូមិមួយទៀត ដែលមាន មនុស្សម្នា ជាច្រើន នាំគ្នាអង្គុយ កាន់វែកដែក ដែលមានដងវែងជាងពីរម៉ែត្រ ម្នាក់មួយៗ ដំកង់ជុំវិញខ្ទះសម្ល ដែលមានក្លិន ឈ្ងុយឆ្ងាញ់បំផុត ដូចភូមិមុនដែរ។ ប៉ុន្តែនៅទីនេះ មនុស្សម្នាក់ បែរជាមានទឹកមុខញញឹម មានភាពរីករាយរួមគ្នា ហាក់បីដូចជាគ្រួសារ តែមួយ ដែលសមាជិកនិមួយៗ មានកិរិយាសន្តិ មិនមានវាយគ្នា ប៉ុងប៉ាំងដូចសង្គម មុននេះឡើយ។ បែរមើលទៅ ក្តារក្រាលវិញ ក៏រលោងស្អាត គ្មានតំណក់ទឹកឬកាកសម្ល ជ្រុះធ្លាក់ប្រឡាក់ សូម្បីបន្តិច។ ចំណែកអ្នកទាំងឡាយនោះ ក៏កាន់វែកដួសម្ល តាមសម្រួល មិនប្រញិបប្រញាប់ មិនកូរកៀរកើប កញ្ឆក់កណ្តៀត ដូចមុនសោះដែរ។ ភ្លាមនោះ ព្រះអាទិទេព មានបន្ទូលប្រាប់ថា ៖
- កន្លែងនេះហើយ ដែលហៅថា ឋានសួគ៌!
កុមារក៏សួរទៅព្រះអាទិទេព ទាំងទឹកមុខងឿងឆ្ងល់ថា ៖
- ចុះហេតុអ្វីកន្លែងនេះ អាចក្លាយជាឋានសួគ៌បាន ខុសពីភូមិមុន ដែលយើងបានទៅឃើញ?
ព្រះអាទិទេព តបទាំងញញឹមថា ៖
- មកពីមនុស្សកន្លែងនេះ គេសាមគ្គីប្រវាសដៃគ្នា ដួសអាហារ ជួយបញ្ចុកគ្នាទៅវិញ ទៅមក ដោយការដាក់វេនគ្នា តាមលំដាប់ ដើម្បីកុំអោយប្រទាក់ដងវែក កំពប់សម្លទៅលើក្តារបាន។ គេមិនរវល់ដណ្តើមគ្នា យកមុនយកក្រោយទេ គឺគេជួយអ្នកដែលជួយខ្លួនឯង មិនបាននោះជាមុនសិន ដូចជាកុមារ ជនពិការជរា ឬអ្នកជំងឺ។ បន្ទាប់មក ទើបអ្នកដែលគួរទទួលបុណ្យបន្ត គឺគេចែករំលែកនាទី របស់ខ្លួនគេ តាមដែលអាចធ្វើបាន ដោយមិនមានការមើលបំណាំ ឬមានចិត្តលោភលន់ ចង់បានតែម្នាក់ឯង មិនចេះស្កប់ស្កល់ ដូចសមាជិក នៅឋាននរកឡើយ។ ហើយបើតំណក់ឬកាកសម្លកំពប់ធ្លាក់លើក្តារក្រាល ដោយអចេតនា នោះគេនាំគ្នា ជួយជូតសំអាត រហូតដល់ក្តារបានស្អាតដូចដើមវិញ ដោយគ្មានការរអ៊ូរទាំបន្ទោសគ្នា ទៅវិញទៅមក។
ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍