រឿង ប្រវត្ដិអ្នកតា ម៉ឺន គង់

ពីវិគីភីឌា

១. អ្នកតាដែលនៅលើខ្នងភ្នំធំ នៅឃុំត្រញំងរាំង ស្រុកឈូក ខែត្រកំពត ឈ្មោះលោកតា ម៉ឺន គង់ ។ មានរឿងដំណាលថា លោកតា ម៉ឺន-គង់ នេះ មានឥទ្ធិពលខ្លាំងក្លាមានអំណាចអស្ចារ្យជាងគេទាំងអស់ ពលរដ្ឋទាំងប្រុសស្រី ក្នុងស្រុកឈូកទាំងមូល តែងតែគោរពកោតខ្លាចអំណាចលោកតាម៉ឺន-គង់នេះគ្រប់ៗគ្នាៈ អ្នកស្រុកទៅរកស៊ីឯព្រៃភ្នំម្ដងៗ ប្រយ័ត្នជានិច្ច ខ្លាចក្រែងនិយាយគ្នាលេងហួសមាត់ ពុំហ៊ាននិយាយចម្អេះចំអាសសើចលេងទេ ។ មានរឿងរ៉ាវជាច្រើន តាមឮចាស់ៗដំណាលតៗគ្នាមកថា ៖ កាលជំនាន់ជាង១០០ឆ្នាំបា្លយមកហើយ ពលរដ្ឋក្នុងស្រុកឈូកនេះ ពុំសូវហ៊ានទៅរកស៊ីនៅឯព្រៃភ្នំនោះទេ ដោយលោកតាគង់នេះ កំពុងមានឥទ្ធិពលអស្ចារ្យណាស់ អ្នកស្រុកដាំបាយពុំហ៊ានយកវែកគងលើមាត់ឆ្នាំងទេ ពុំហ៊ានលូកបាយបរិភោគក្នុងឆ្នាំទេ ពុំហ៊ានដេកគងអន្ទាក់ខ្លាទេ ពុំហ៊ានថាអញគា្មនខ្លាច អ្វីក្នុងព្រៃភ្នំនោះទេ និងពុំហ៊ាននិយាយចំអែចំអន់សើចលេងដូចជានៅផ្ទះនោះផង ដោយខ្លាចខុសមាត់ បើមានឈ្មោះណាខុសមាត់ ឬខុសដោយប្រការណាមួយ ពេលដើរទៅនឹងឃើញពស់វែករនាមធំៗ ឬយប់ឡើងនឹងឃើញខ្លា ធំៗ មកយំគគ្រឹកគគ្រាក់ដេកពុំបានទេ បើមានចាស់គេដឹងថា ខុសមាត់គេនិយាយបន់ថា “លោកតាម៉ឺន-គង់អើយ ខ្ញុំខ្មាសអៀនណាស់ សុំហៅគោលោកតាទៅវិញទៅ ខ្ញុំរាងចាលហើយ” ថាតែប៉ុណ្ណោះ ក៏ស្រាប់តែបាត់ភ្លាមទៅវិញ ឮតាដួងនិយាយថា “មនុស្សបីនាក់ទៅរកស៊ីឯព្រៃភ្នំ មានម្នាក់ខុសមាត់ ហើយដេកលើខ្ទមកណ្ដាលគេទៀត ស្រាប់តែខ្លាលបខាំពាំយកអ្នកខុសមាត់ទៅបាត់ អ្នកដេកជាមួយគ្នាភ្ញាក់ឡើង ឃើញតែដានខ្លា រកមនុស្សពុំឃើញក៏សឹងមាន”។ ឮចាស់ៗនិយាយថា “តាប៉ែន និងតាទូច ទៅរកស៊ីឯខាងលិចភ្នំធំជិតផ្ទះដែរ ហើយខ្លាវាដើរតាមពីភ្នំធំ មកដេញខាំតាប៉ែនៗរត់ឡើងដើមឈើធំមួយដើម ខ្លាវាឡើងតាមខាំតាប៉ែនយកទៅស៊ីអស់សាច់ពាក់កណ្ដាលស្លាប់ទៅ ឯតាទូចគ្មានខុសមាត់នោះត្រឡប់មកផ្ទះឥតមានខ្លាតាមស៊ីទេ តាមតាទូចប្រាប់កូនតាប៉ែន កូនតាប៉ែនទៅតាម រកឃើញស្នាមខ្លាខាំស៊ីដល់ស្លាប់មែន ជាប់ពាក្យដល់សព្វថ្ងៃនេះថា ដើមឈើធំនៅឯទួលខ្លាខាំប៉ែន ” ។

២.កាលជំនាន់ជិត១០០ឆ្នាំមុន មានឈ្មោះតាឡុច គាត់ទៅកាប់ឈើ ដេកឯព្រៃនៅជើងភ្នំធំ គ្នាគាត់ទាំងអស់ប្រាំមួយនាក់ឈ្មោះ តាហ៊ុក១ តាទូច១ តាញេប១ តាតុប១ តាដួង១ ដេកយប់នោះទៅឮភ្លេងសៀមលេងរងំ នៅក្បែរជើងភ្នំដែលមានប្រហោង។ តាឡុងថាថ្លង់ដេកពុំបាន ក៏ទៅចុកប្រហោងនោះ ចុកទៅនៅតែឮ តាប្រាំនាក់ទៀតឃាត់ពុំស្ដាប់ ទៅនោមច្រាសប្រហោងភ្នំនោះទៀត ស្រាប់តែមកដល់ផ្ទះវិញ ចាប់ឈឺជាទម្ងន់ ទៅជាថ្លង់ស្ដាប់អ្វីៗពុំឮ ខ្វាក់ភ្នែកទាំងពីរទៀត ហើយដំបៅលិង្គរលួយទាល់តែស្លាប់ទៅ។ ឯអ្នកប្រាំអ្នកទៀតនោះ គ្មានគ្រោះថ្នាក់ទេ ទើបឮតៗមកថា លោកតាម៉ឺន-គង់នេះខ្លាំងពូកែ ហើយកាចណាស់ក៏នាំគ្នាខ្លាចរហូតមកដល់សត្វថ្ងៃ ។ ឯភ្ន្មំនោះមាន ប្រហោងឬរូងជ្រៅណាស់ ពុំដឹងជាទៅដល់ណាទេ។ កាលនោះកូនតាដួង គាត់ចង់ឃើញពស់វែករនាម តាដួងក៏នាំកូនទៅមុខរូងនោះ បន្ដិចស្រាប់តែឮសូរ វូៗ កូនគាត់ក្រឡេកទៅឃើញពស់ ភ័យរន្ធត់ តាដួងក៏បន់ថា លោកតាម៉ឺន គង់អើយ កូនចៅខ្មាសអៀនណាស់សុំលែងឱ្យឃើញចុះ ពស់នោះក៏លូនចូលបាត់វិញទៅ។ ក្នុងជំនាន់នោះ តែដល់ថ្ងៃសីល អ្នកស្រុកវត្ដចក តែងតែឮភ្លេងសៀម និងឃើញភ្លើងគោមភ្លឺដូចមាំងសុង នៅលើកំពូលភ្នំធំនោះជានិច្ច ។

៣. អំពីឡើងអ្នកតា ៖ កាលបើមានអ្នកស្រុកឈឺក្ដៅអន្ទះអន្ទែង សន្លប់បាត់មាត់ ឬនិយាយរវើរវាយ ពុំដឹងខុសត្រូវនោះ គេច្រើនទៅបញ្ចូលរូបលោកតាញឹម នៅភូមិតាឥន្ទ ឃុំត្រពាំងរាំង សុំឱ្យជួយមើលជម្ងឺ ហើយអង្វរកថាធ្វើម្ដេច កូនចៅបានជាខុសឆ្គងម្ដងម្កាល សូមលោកតាកុំចាប់ទោសអូសដំណើរអី ហើយបន់ថ្វាយភ្លេង រៀបស្ពក ប្រាំបី ឬកាប់ មាន់ទាជ្រូកថ្វាយក៏មាន រៀបចំនៅផ្ទះអ្នកជម្ងឺនោះ ។ លោកតា ម៉ឺន-គង់ នេះ គ្មានរូបដុំថ្មជាតំណាងទេ គឺនៅលើភ្នំធំ តែម្ដង មានតែរូបមនុស្សប្រុសឈ្មោះព្រំ-ញឺម អាយុ៧៥ឆ្នាំ ជារូបស្នងរបស់អ្នកតាសព្វថ្ងៃនេះ មុនតាញឹមនេះ មានឈ្មោះតាព្រុំ ជាឱពុកតាញឹម ធ្វើជារូបអ្នកតា លុះតាព្រុំស្លាប់ទៅអ្នកតានោះមកចូលតាញឹម ជាកូនតាព្រុំ គ្មានពិធីត្រូវ ធ្វើប្រចាំឆ្នាំចំពោះលោកតាម៉ឺន-គង់នោះទេ ទាល់តែមានមនុស្សឈឺទើបគេទៅយករូបព្រុំ ញឹម មកបញ្ជាន់មើល និងលេងភ្លេ្លងថ្វាយតាមរបៀបដូចខាងលើនេះ ។ ៤. ឥឡូវព្រៃភ្នំធំនេះ សាបរលាបឥទ្ធិពលខ្លះៗទៅហើយ អ្នកស្រុកជាច្រើនទៅរកស៊ីពុំឃើញមានគ្រោះថ្នាក់អ្វីទេ តែអ្នកស្រុកនៅតែជឿខ្លាំងដោយសារខ្លាចតៗគ្នាមកទល់សព្វថ្ងៃនេះ ឯអ្នករាជការធំៗពុំជឿទេ ទាល់តែអ្នកស្រុកភូមិ ធ្លាប់ទៅរកស៊ីឯព្រៃភ្នំធំនេះ ទើបជឿឥទ្ធិពលលោកតា ម៉ឺន-គង់ ។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ