Jump to content

រឿង ពិធីដង្ហែអ្នកតាទៅវត្ត

ពីវិគីភីឌា

នេះជារឿងពិតមួយ ដែលខ្ញុំបានជួបប្រទះ ដោយខ្លួនឯង។ កាលពីឆ្នាំ២០០២ ខ្ញុំបាននាំ ម្តាយរបស់ខ្ញុំ និងសមាជិកក្រុមគ្រួសារ វិលទៅ ព្រះនេត្រព្រះ ដែលជាទីដីកំណើត របស់ម្តាយខ្ញុំ ដើម្បីធ្វើបុណ្យជូនជីដូនជីតា និងសាច់ញាតិ ដែលចែកឋានទៅ នៅសម័យ ៧៥-៧៩។ នៅកណ្តាល ពិធីបុណ្យ ក្នុងវត្ត លើខ្នងភ្នំ ព្រះនេត្រព្រះស្រាប់តែអ្នកស្រុក ដែលមកចូលរួមបុណ្យ ក្រោករត់ឈូឆរចំពេលព្រះសង្ឃ កំពុងសូត្រធម៌ ហើយនាំគ្នាស្រែកថា៖

- ពួកយើង ឆាប់រត់គេច ទៅផ្ទះវិញ បើនៅយូរ ព្រលឹងសក្តិសិទ្ធិ នឹងឡើងលើភ្នំ កាច់យកជីវិតយើង គ្រប់គ្នា នៅលើភ្នំនេះ។

ឆ្ងល់ពេក ខ្ញុំក៏សូមអោយព្រះសង្ឃ ផ្អាកបុណ្យភ្លាម ហើយសួរអ្នកស្រុក ថា ៖

- តើមានរឿងអ្វីខ្លះទៅ ដែលនាំអោយ ព្រលឹងសក្តិសិទ្ធិ ចង់យាយី ជីវិតអ្នកស្រុក ដែលកំពុងធ្វើបុណ្យ?

លោកតាម្នាក់ ឆ្លើយថា ៖

- មកពីយើងឡើង ធ្វើបុណ្យនៅលើភ្នំ មិនបានកាប់ជ្រូក មាន់ទា សែនថ្វាយ អ្នកតាជើងភ្នំ តែបែរជាដើររំលងក្បាលអ្នកតា ឡើងភ្នំគ្រប់គ្នាទៅវិញ។

ឭដូច្នោះ ខ្ញុំក៏ចាប់មីក្រូ ប្រកាសឡើង ថា ៖

- ខ្ញុំជាម្ចាស់បុណ្យ បើអ្នកតាខឹង សូមអោយលោក មកដាក់ទោសខ្ញុំ ម្នាក់ឯងបានហើយ! ដូច្នេះអ្នកស្រុក ទាំងឡាយ ឈប់ភ័យ ឈប់តក់ស្លុតទៅ សូមធ្វើបុណ្យបន្តទៅទៀតចុះ!

បន្ទាប់មក ខ្ញុំក៏សុំខ្ចីអង្រឹងស្នែងមួយ ពីវត្ត ហៅបងប្អូនជិតខាង បួននាក់ ធ្វើដំណើរចុះភ្នំ។ អ្នកស្រុកទាំងនោះ ចង់ដឹង មូលហេតុ ក៏សួរឡើង។ ខ្ញុំក៏ឆ្លើយជំរាបគាត់ថា៖

- ខ្ញុំយកខ្លួនទៅអោយ អ្នកតាដាក់ទោស បើត្រូវស្លាប់ ខ្ញុំនឹងមានអ្នកសែងសពខ្ញុំ ត្រឡប់មក ធ្វើបុណ្យវិញ។ ដោយសារ អ្នកស្រុកចង់ដឹង ថានឹងមានហេតុអ្វីកើតឡើង បន្តទៀត គេក៏នាំគ្នា ដើរតាមពីក្រោយ យ៉ាងអ៊ូអរ ដើម្បីមើលស្ថានការណ៍។

លុះមកដល់ផ្ទះមួយ នៅភូមិជើងភ្នំ ខ្ញុំក៏នាំបងប្អូន ទៅសំពះគោរពម្ចាស់រូប (ជាមនុស្សស្រី ចំណាស់ជាងសាមសិប) ដែលមាន ព្រលឹងអ្នកតា កំពុងចូល សណ្ឋិត ហើយដែលកំពុងប្រាប់យើងសាជាថ្មីថា អោយសែន ក្បាលជ្រូក ស្រា មាន់ទា ផ្លែឈើគ្រប់ចំនួន បើមិនដូច្នេះ នឹងកាច់កស្លាប់។ ពេលនោះ ខ្ញុំក៏ជំរាប លោកតា វិញថា៖

- ខ្ញុំមកសូមដង្ហែ លោកតា ទៅជាមួយខ្ញុំ ដើម្បីទៅពិសារ អាហារឆ្ងាញ់ៗ នៅវត្តលើកំពូលភ្នំវិញ ហើយខ្ញុំ រួមជាមួយសាច់ញាតិ ព្រមទាំងអ្នកភូមិ នឹងធ្វើបុណ្យបង្សុកូល ជូនលោកតា ដើម្បីបញ្ជូន វិញ្ញាណក្ខន្វ័ លោកតា ទៅសុគតិភព កុំអោយនៅវិលវល់វង្វេង លើដីមនុស្សលោក បន្លាចកូនចៅតទៅទៀត។ ខ្ញុំមានស្នែង អង្រឹងមួយ ដែលមានកូនចៅ ចាំសែងទៅដល់កំពូលភ្នំ មិនអោយលោកតា ហត់នឿយ ដើរឡើងភ្នំផង។

ភ្លាមនោះ បុរសៗ អ្នកភូមិ ជាសាច់ញាតិរបស់ខ្ញុំ ក៏នាំគ្នា ចូលសែង លោកតា (ស្ត្រីជាម្ចាស់រូប) ដាក់អង្រឹង សែងយកវឹង ចេញពីផ្ទះ។ ស្រាប់តែលោកតា ប្រកែក មិនព្រមទៅជាមួយ ហើយស្រែកថា៖

- វត្តនឹងអញ មិនត្រូវគ្នាទេ!!! អញមិនទៅទេវើយ!!

ថាហើយ លោកតា ក៏លោតព្រុសទៅដី ចេញពីអង្រឹងស្នែង។ បន្ទាប់មក ស្រ្តីម្ចាស់រូបក៏ងើបឡើង បបោសដី លើសំពត់ ហើយបើកភ្នែកធំៗ ធ្វើហាក់ដូចជា ភ្ញាក់ផ្អើល នឹងវត្តមានរបស់ខ្ញុំ ជាមួយអ្នកស្រុកទាំងឡាយនោះ បន្ទាប់មកក៏ស្រែកដេញពួកយើង ចេញពីបរិវេណផ្ទះរបស់គាត់ ដោយសំអាងថាពួកយើង ចូលរំខានផ្ទះគាត់ ខុសរឿង។

នៅរៀងរាល់ឆ្នាំ បន្តបន្ទាប់មក ខ្ញុំបានវិលត្រឡប់ ទៅព្រះនេត្រព្រះ ធ្វើបុណ្យ រាល់ឆ្នាំ ជាទំនៀម រំលឹកគុណបុព្វការីជន។ ព្រះគ្រូសង្គ្រាជនៅវត្តលើភ្នំ មានដីការ ប្រាប់ខ្ញុំថា ឥលូវនេះ អ្នកស្រុកលែងខ្លាចអ្នកតាកាច់ ទៀតហើយ ព្រោះថា ពេលណាមាន ព្រលឹង អ្នកតា ចូលរូបនៅកន្លែងណាមួយ ក្នុងភូមិ អ្នកស្រុក តែងបបួលគ្នា លីអង្រឹងស្នែង ដង្ហែអ្នកតា មកប្រស់ព្រំទឹកមន្ត នៅក្នុងព្រះវិហារ ដើម្បីបញ្ជូនវិញ្ញាណក្ខន្ធ័ ទៅសុគតិភព។ ចំណែកឯ ព្រលឹងអ្នកតា ក៏ចេះតែរត់គេច អញ្ចឹងទៅ មិនឃើញ មានអ្នកតាណាមួយ មានសេចក្តីក្លាហាន គ្រប់គ្រាន់នឹង ជិះអង្រឹងស្នែង របស់អ្នកស្រុក ដល់បរិវេណវត្ត លើខ្នងភ្នំព្រះនេត្រព្រះ មួយរូបណាឡើយ។


ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍