រឿង ពូត្រុំមេកន្ទ្រាញ
នៅលើផ្លូវដីលំមួយ ដែលមានអ្នកដំណើរទៅមក ធ្វើការរកស៊ីរចល់ ជាប្រក្រតី ជាមួយនឹងភូមិដទៃ មេកន្ទ្រាញក្នុងភូមិដ៏ចាស់ជរា មួយរូប បានធ្វើការសាកល្បងទឹកចិត្តអ្នកស្រុក ដោយមិនបាន ពិគ្រោះប្រាប់នរណា ក្នុងភូមិឡើយ។ នៅយប់មួយ មេកន្ទ្រាញបានយកដំរី ទៅអូសផ្ទាំងថ្ម មួយផ្ទាំងធំ មកដាក់កណ្តាលផ្លូវ ហើយគេចទៅបាត់ ធ្វើហាក់ដូចជាមិនបាន ដឹងរឿងអ្វីទាំងអស់។ ថ្ងៃបន្តបន្ទាប់មក អ្នកភូមិដែលធ្វើដំណើរទៅមករាល់ថ្ងៃ បានប្រទះឃើញផ្ទាំងថ្មមួយផ្ទាំងនោះ ទើសផ្លូវ ក៏នាំគ្នាបររទេះ ឬដើរវេះវៀង ចៀសជុំវិញដុំថ្មនោះ។ ខ្លះខឹងហើយជេរ ប្រទេចផ្តាសា អ្នកដែលយកដុំថ្ម មកដាក់កណ្តាលផ្លូវ ទើសចរាចរធ្វើដំណើរ ពិបាកខ្លួនត្រូវដើរវាង ឬបររទេះវាង។ ខ្លះខឹង ជេរដៀមដាម ទៅដល់ មេកន្ទ្រាញភូមិ ថាមិនចេះចាត់ចែងការ ដឹកនាំមនុស្ស អោយមកព្រមៀលថ្ម ចេញពីផ្លូវ ដើម្បីអោយពួកគេ ងាយស្រួលធ្វើដំណើរ រកស៊ីទៅណាមកណា បានដោយមិនទើសទាក់វាក់វាង។ ប៉ុន្តែ គ្មាននរណាមួយឡើយ មានទឹកចិត្ត នឹងប្រមូលគ្នា ដើម្បីយកថ្មចេញពីផ្លូវ អោយងាយស្រួលធ្វើដំណើរដូចពីដើមទេ។
ថ្ងៃមួយ...
អ្នកស្រែម្នាក់ ឈ្មោះពូត្រុំ នាំកូនប្រុសពីរនាក់បររទេះគោ ដឹកផ្លែល្ពៅ យកទៅលក់នៅភូមិជិតខាង។ លុះមកដល់ម្តុំ ដែលមានថ្មមួយផ្ទាំង រាំងកណ្តាលផ្លូវ គាត់ក៏ទុចរទេះ ហើយស្រដី ទាំងងឿងឆ្ងល់ ទៅរកកូនប្រុសទាំងពីរ ដែលជាក្មេងជំទង់ៗ ៖
- អាង៉ាអើយ! ម៉េចបានជាផ្ទាំងថ្មនេះ មកដល់ត្រង់នេះកើត? ពុកបររទេះតាមផ្លូវនេះ យូរហើយ មិនដែលឃើញវាសោះ ចុះហេតុដូចម្តេច បានជាមានផ្ទាំងថ្ម មកឈរច្រងាង រាំងដំណើរចរាចរអ្នកស្រុកអញ្ចឹង?
- មែនហើយពុក! ពួកខ្ញុំក៏ឆ្ងល់ដែរ (កូនៗឆ្លើយតបវិញ)
- អញ្ចឹង! តោះនាំគ្នាយកដងរែក រកកំណល់ គាស់ថ្មនោះចេញពីផ្លូវទៅ កុំអោយវានៅទើស ពិបាកបររទេះវាងណាស់កូន! ជាពិសេស នៅខែវស្សា សំបូរទឹកលិចដូច្នេះ អ្នកស្រុកភូមិយើង ពិតជាចុុះដើរលុយទឹក វាងផ្លូវ ពិបាកស្លាប់ហើយ។ ជួយគ្នា មួយដៃមួយជើងទៅ នឹងអាលបានធ្វើដំណើរសុខសប្បាយទាំងអស់គ
ពូត្រុំក៏បក់ដៃហៅកូន និងអ្នកដំណើរដែលឈប់ឈរមើល ជុំវិញនោះ អោយមកជួយ ប៉ុន្តែគ្មាននរណាមកជួយគាត់សោះ ក្រៅពីកូនប្រុសជំទង់របស់គាត់ទាំងពីរអ្នក។ មានអ្នកស្រុកម្នាក់ស្រែកថា ៖
- ខ្ញុំមិនមែនជាកម្មករសំណង់ផ្លុវទេ ហេតុអី ខ្ញុំត្រូវប្រលាក់ដៃ ខាតកម្លាំងគាស់ថ្មនោះផង?
អ្នកស្រុកម្នាក់ទៀត ឃើញពូត្រុំ មូរដៃអាវធ្វើការ ក៏ចំអកថា ៖
- ពូឯងជាអ្នកបម្រើគេទេដឹង បានជា ចង់តែមកបម្រើគេ ដាច់ថ្លៃដូច្នេះ? គ្មាននរណាគេអោយលុយឈ្នួល ពូឯងផង ចាំបាច់មករវល់ ព្រមៀលថ្ម អោយហត់ខ្លួនធ្វើអ្វី?
អ្នកស្រុកទីបីស្រដីដៀមដាមបន្ថែមថា ៖
- អាត្រុំអើយ! អ្នកស្រែដូចឯង ទោះខំប្រឹងធ្វើល្អអោយគេឃើញ ក៏គ្មានថ្ងៃដែលគេអោយឯង ឡើងបុណ្យ ជាមេកន្ទ្រាញ ប្រចាំភូមិដែរ អាប្អូន!
ប៉ុន្តែពូត្រុំមិនខ្វល់ទេ ព្រោះគាត់ពុំបានស្រមៃចង់បានធ្វើជាមេកន្រ្ទាញឯណា គ្រាន់តែចង់អោយផ្លូវស្រឡះ ធ្វើដំណើរស្រួលទេតើ។ ដោយការខិតខំរបស់គាត់និងកូន ពូត្រុំបានគាស់ថ្ម រំកិលព្រមៀលបន្តិចម្តងៗ រហូតដល់ផ្ទាំងថ្ម េចញផុតពីផ្លូវ។ ភ្លាមនោះ ស្រាប់តែ កូនពូត្រុំទាំងពីរស្រែកព្រមគ្នា ថា ៖
- ពុកអើយ នៅក្រោមផ្ទាំងថ្មនោះ មានប្រអប់មួយចម្លែកណាស់។ មើលហ្ន៎!
ពូត្រុំ ស្ទុះទៅទាញប្រអប់នោះបើកឡើង ប្រទះឃើញខោអាវសូត្រថ្មីស្រឡាង មានគ្រឿងអលង្ការ និងខ្សែក្រវាត់មាសទង្វា យ៉ាងភ្លឺរន្ទាល។ ពូត្រុំ ឃើញហើយ ភ្ញាក់ស្រឡាំងកាំងតែម្តង។ កូនប្រុសពូត្រុំទាំងពីរទះដៃហ៊ោរឡើង៖
- ពុកអើយ! នេះជាលាភរបស់យើងហើយ!
ពូត្រុំភ្ញាក់ផ្អើលណាស់ រកគិតអី និយាយអីមិនទាន់ចេញអីផង ស្រាប់តែអ្នកស្រុកដែលឈរជុំវិញនោះ ក៏នាំស្រដី រអូ៊ ច្រណែន នឹងពូត្រុំ ដូចឃ្មុំរោមផ្កា ថា ៖
- ម៉េចបានជាពូត្រុំ គាត់ដឹងកើត ថានៅក្រោមដុំថ្មនោះ មានកំណប់?
- បើអញដឹងថាមានកំណប់ពីក្រោមផ្ទាំងថ្មនោះ អញច្បាស់ជាព្រមៀលថ្មមុនឯងទៅទៀត នាយត្រុំអើយ។
- អាត្រុំអើយ! អញក៏ធ្លាប់បានអោយដងរែកឯងខ្ចីប្រើដែរ ដូច្នេះកុំភ្លេចចែកចំណែកអោយអញផងវើយ!
រំពេចនោះ មេកន្ទ្រាញនឹងបរិវារ បានបររទេះគោមកដល់ព្រមៗគ្នា។ មេកន្ទ្រាញក៏ស្រដីទៅរកពូត្រុំថា ៖
- អរគុណនាយត្រុំណាស់ ដែលមានសមានចិត្តប្រពៃ ងើបធ្វើការពុះពារឧបសគ្គ តាមផ្លូវ ជួយអោយ អ្នកស្រុកធ្វើដំណើរ មានសុវត្ថិភាព ដោយទឹកចិត្តគុណធម៌របស់ខ្លួន មិនបាច់ចាំមាននរណា ស្រែកហៅ ដាស់តឿន ក្រើនរំលឹក ឬពឹងពាក់។ នេះហើយជាគុណសម្បត្តិ របស់មេដឹកនាំគម្រូ ដ៏ប្រសើរ ដែលខ្ញុំប្រាថ្នាជ្រើសរើសយកតែងតាំង ជាមេកន្រ្ទាញប្រចាំភូមិ បន្តវេនពីខ្ញុំ ពេលខ្ញុំចូលនិវត្តន៍ ព្រោះជរាភាព។
កាលបើបានឭសំដីរបស់មេកន្ទ្រាញហើយ អ្នកស្រុកទាំងឡាយភ្ញាក់ក្រញាង ស្ងួតទឹកមាត់ខះក គ្រប់គ្នា ត្បិតមិននឹកស្មានថា ពូត្រុំអាចបានឡើងបុណ្យសក្តិ ជាមេកន្រ្ទាញប្រចាំភូមិ ដូច្នោះឡើយ។ នៅពីក្រោយខ្នងពូត្រុំ កូនទាំងពីរ ដោះអាវ ចងនៅចុងដងរែក ហើយលើកគ្រវីឡើង ស្រែកថា ៖
- ជយោ! ពូត្រុំ មេកន្ទ្រាញ!!
ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍