រឿង ព្រះពាន់
[១]បើគេធ្វើដំណើរតាមផ្លូវជាតិលេខ១ ពីភ្នំពេញទៅស្វាយរៀង ទៅដល់ផ្សារតូចមួយ គេហៅថា ផ្សារល្វា ក្នុងឃុំល្វា ស្រុកកំពង់ត្របែក “ព្រៃវែង” ចុះខាងស្ដាំដៃទៅត្បូង (តាមផ្លូវលំប្រមាណជា៥គ.ម ចុះទៅខាង ស្ដាំដៃទៅលិច) តាមផ្លូវរទេះឬទៅតាមភ្លឺស្រែអ្នកស្រុកប្រមាណជា៣គ.មទៀត នឹងបានឃើញដើមឈើ ខ្ពស់ៗ។ បើយើងសួរអ្នកស្រុកនៅភូមិជិតខាង គេនឹងប្រាប់យើងថា “នោះគឺជាព្រះពាន់” ។ លុះយើងចូលទៅដល់បុរាណដ្ឋាននេះ នឹងបានឃើញអាស្រមមួយ សង់ដោយឈើប្រក់ក្បឿង របៀបជាសាលា។ នៅក្នុងសាលានេះឃើញមាន ព្រះពុទ្ធរូបដែលគេតម្កល់លើបល្ល័ង្កយ៉ាងរៀបរយ។ ក្រៅអំពីព្រះពុទ្ធរូបដែលគង់លើបល្ល័ង្ក មានព្រះពុទ្ធរូបជាច្រើនរយអង្គទៀត ដែលគេរចនាជាប់ទៅនឹងដុំថ្មមួយ កំពស់ប្រមាណ១ម ទំហំប្រមាណជា១ម រាងរៀវទៅលើ ព្រះពុទ្ធរូបនេះហើយដែលគេហៅថា “ព្រះពាន់”។ បានជាគេហៅថា ព្រះពាន់ ដោយមានរឿងព្រេងដែលចាស់ៗ តំណាលតៗមកថាៈ កាលពីអតីតកាលកន្លងយូរអង្វែងណាស់មកហើយនោះ មានត្រកូលមួយមិនប្រាកដថាឈ្មោះ អ្វី បានរស់នៅក្នុងទីនោះ។ កាលអំណើះឥតពីបី្ដទៅ ប្រពន្ធបានទៅរួមរស់ជាមួយកូនប្រុសម្នាក់រកស៊ីចិញ្ចឹមជីវិត ដោយការធ្វើស្រែជារបរប្រចាំគ្រួសារ។ រៀងរាល់ព្រឹក ម្ដាយតែងតែឱ្យកូនប្រុសនោះទៅភ្ជួររាស់ឯស្រែ លុះដល់ ថ្ងៃបន្ដិចទើបម្ដាយទូលបាយសម្លទៅឱ្យកូនឯស្រែនោះ។ ថ្ងៃមួយដោយម្ដាយជាប់រវល់ក្នុងកិច្ចការផ្ទះជាច្រើនផង ដោយអាងថា កូនប្រហែលមិនទាន់ឃ្លានបាយណាស់ផង ក៏បង្អែរបង្អង់ឱ្យយឺតពេលបន្ដិចជាងរាល់ថ្ងៃ។ ចំណែកកូនប្រុសដែលទៅភ្ជួររាស់ឯស្រែនោះ ឃ្លានបាយណាស់ ទន្ទឹងមើលផ្លូវម្ដាយស្ទើរក្រហមភ្នែក មិនឃើញម្ដាយយកបាយទៅឱ្យសោះ ក៏បានពោលពាក្យ មើលងាយជាច្រើនដោយពាក្យពុំសមរម្យ។ ម្ដាយកាលដែលបានរួចរវល់អស់ហើយ ក៏រៀបចំដួសបាយដាក់ក្នុងត្រឡោកហើយញាត់ឱ្យណែនដោយគាត់គិតថា កាលណាកូនគាត់ស៊ីបាយនោះហើយ យកត្រឡោកនេះដងទឹកផឹកតែម្ដង ជាការងាយស្រួលជាងដាក់បាយនឹងចាន ព្រោះបើយកចាន ហើយយកត្រឡោកថែមទៀតនោះ នាំតែច្រើនលំបាកនឹងយកមកវិញ។ កូនកម្លោះគាត់ដែលកំពុងឃ្លានបាយខ្លាំង កាលបើឃើញម្ដ្ដាយទូលបាយតែបន្ដិចដាក់ក្នុងត្រឡោក យកទៅឱ្យខ្លួនដូច្នោះ នឹកខឹងណាស់ ដោយស្មានថាខ្លួន ស៊ីមិនឆ្អែត ក៏និយាយពាក្យដ៏ត្រគោះ ទាំងជ្រុលហួសដល់វាយដំម្ដាយ លុះត្រាម្ដាយសន្លប់បាត់ស្មារតីក្នុងពេលនោះ។ លុះដល់ស៊ីបាយក្នុងត្រឡោកនោះទៅ វាស៊ីមិនអស់ ទើបដឹងថាខ្លួនធ្វើនេះខុសហើយងាកមកសុំខមាទោសម្ដាយវិញ។ ម្ដ្ដាយឆ្លើយតបថា ម្ដាយគ្មានទោសឱ្យកូនទេ គឺជាទោសរបស់វដ្ដៈទេ បើកូនចង់បានរួចកម្មពៀរនេះ ត្រូវកូនកសាងព្រះពុទ្ធរូប១ពាន់នៅលើផ្ទាំងថ្មដាមួយយ៉ាងធំ កាលបើព្រះពុទ្ធរូបទាំងនេះរបេះរលុបរលាយបាត់ កាលណា ពេលនោះទើបកូនរួចអំពីកម្មពៀរនេះ។ ម្ដាយផ្ដាំរួចស្រេចហើយ ក៏ធ្វើមរណកាលទៅកាន់បរលោកទៅ។ កូនប្រុសនេះក៏បានធ្វើតាមបណ្ដាំម្ដាយ ដោយយកដុំថ្មមួយដុំធំមករចនាជាព្រះពុទ្ធរូបជុំវិញជាជាន់ៗ ជាច្រើន រយអង្គ ហើយតម្កល់ទុកក្នុងកន្លែងនេះ រហូតមកដល់សព្វថ្ងៃ។ អ្នកស្រុកជិតខាងបានសន្មត់ហៅកន្លែងនេះ ថា “ព្រះពាន់ៗ “រហូតមកដល់សព្វថ្ងៃនេះ។ នៅរៀងរាល់ឆ្នាំ អ្នកស្រុកជិតខាងគេតែងតែនាំគ្នាទៅធ្វើបុណ្យទាន ផ្សេងៗនៅកន្លែងនេះពុំដែលខាន។
ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ
- ↑ ិហមហងហក្