រឿង យុវជនជាងឡាន
ព្រលប់បន្តិចហើយ... ភ្លៀងកំពុងរោយស្បៃស្រិចៗ លើពសុធា... យុវជនសុផានរៀបទុកដាក់ គ្រឿងជួសជុល ម៉ាស៊ីនរថយន្តហើយ ក៏លាថៅកែ លើកអាវភ្លៀងពាក់ ឡើងម៉ូតូកញ្ចាស់របស់ខ្លួន ត្រលប់មកផ្ទះវិញ លើថ្នល់ជាតិ ពីព្រែកលៀប ទៅវត្តបាខែង។ គ្រាន់តែចេញដំណើរ មិនបានប៉ុន្មានផង ភ្លៀងក៏ធ្លាក់រ៉ាវៗ កាន់តែខ្លាំងឡើង តែសុផានធ្វើឬកហាក់ដូចជាមិនខ្វល់ទេ។ េគនៅតែបរម៉ូតូ តទៅទៀត ធ្វើមិនដឹង។ ចរាចរតាមផ្លូវ ហាក់ដូចជាស្ងប់ស្ងាត់បន្តិចហើយ ព្រោះម្នាក់ៗនាំគ្នាជ្រកភ្លៀងអស់ ណាមួយយប់ក៏កាន់តែងងិតផង។ មួយស្របក់ក្រោយមក ស្រាប់តែសុផាន ប្រទះនឹងរថយន្តតូចមួយ ឈប់អែបម្ខាងផ្លូវ បើកភ្លើងភ្លឺ ហើយឃើញម្ចាស់ បើកកញ្ចក់បង្អួច លើកដៃរា ហាក់ដូចជា កំពុងបក់ហៅរកជំនួយ ពីមាណព។ សុផានក៏បត់ម៉ូតូ អែបទៅជិត ឃើញអ្នកបើកបរម្នាក់អាយុប្រហែលសែសិបប្លាយ អើតមុខ ចេញមក ស្រែកថា ៖
- ឡានពូមិនដំណើរការទេ តើអាចអោយពូសុំពឹងពាក់ក្មួយ បានទេ?
- បាទ លោកពូ! ឡានខូចអីដែរទៅបាទ?
- ពូមិនដឹងទេក្មួយ! តែពេលនេះ ពូកំពុងមានការប្រញាប់ផង សូមជួយពូចុះ យ៉ាងណាអោយតែ វាឆេះវិញ អាលធ្វើដំណើរ បន្តទៅទៀត។
សុផានចតម៉ូតូហើយ ក៏ស្ទុះជួយពិនិត្យរថយន្ត ទាំងកណ្តាលភ្លៀង។ បន្តិចក្រោយមក នាយយើងក៏រត់ទៅ ប្រាប់បុរសនោះថា ៖
- ខ្ញុំដឹងហើយថាឡានខូចអី ប៉ុន្តែពូចាំខ្ញុំមួយភ្លែតទៅ។ ខ្ញុំត្រឡប់ក្រោយ ទៅរកខ្ចីប្រដាប់ប្រដា ពីរោងជាង របស់ថៅកែខ្ញុំសិន។ បន្តិចខ្ញុំត្រឡប់មកវិញហើយ។
បុរសចំណាស់ មិនទាន់ហារមាត់ឆ្លើយទាន់ផង សុផានហក់ឡើងម៉ូតូវឹង ចេញទៅយ៉ាងលឿន។ បុរសចំណាស់ នៅអង្គុយក្នុងឡានរបស់គាត់ ទាំងកិរិយាអន្ទះសារ រសាប់រសល់។ មួយស្របក់ក្រោយមក សុផានក៏ត្រឡប់ មកដល់វិញ ហើយក៏ចាប់ទាញសំពត់ភ្លៀងគ្របមុខឡាន រួចឈ្ងោកក្បាលចូល កាន់ពិលឈួល ធ្វើការ យ៉ាងរហ័សរហួន។
- លោកពូ បញ្ឆេះសាកមើល! (សុផានស្រែកហៅ)
បុរសចំណាស់ក៏ធ្វើតាម ស្រាប់តែឡានឆេះវិញមែន។
- អរគុណណាស់ក្មួយ! ក្មួយគិតប្រាក់ឈ្នួលប៉ុន្មានដែរ?
បុរសចំណាស់មានប្រសាសន៍ផង លូកលុយពីហោប៉ៅ បំរុងហុចអោយសុផាន ស្រាប់តែនាយគ្រវីក្បាល ឆ្លើយថា៖
- មិនអីទេលោកពូ! កិច្ចការតូចតាចប៉ុនហ្នឹង មិនគិតលុយកាក់អីទេ បាទ! ណាមួយលោកពូកំពុងមានការបន្ទាន់ផង។ សូមលោកពូអញ្ជើញធ្វើដំណើរ ទៅអោយបានសុខសប្បាយ។
ទោះបីបុរសចំណាស់ទទូចយ៉ាងណា ក៏សុផាននៅតែរាដៃ គ្រវីក្បាល មិនព្រមទទួលដដែល។
- ហើយចុះក្មួយឈ្មោះអី ផ្ទះនៅឯណា ធ្វើការឯណាដែរ?
- បាទ! ខ្ញុំឈ្មោះសុផាន ជាកូនជាងតូចតាចទេ ផ្ទះខ្ញុំឆេះ ស្លាប់ក្រុមគ្រួសារអស់ហើយ សល់តែខ្ញុំ សព្វថ្ងៃជ្រកនៅ វត្តបាខែង ជាមួយព្រះគ្រូសាមណេរមួយអង្គ។
ដោយមានកិច្ចការបន្ទាន់ បុរសចំណាស់ មិនអាចសន្ទនា បានច្រើនឡើយ ហើយក៏ប្រញាប់ប្រញាល់ បររថយន្តចេញ យ៉ាងលឿនស្លេវ កាត់ភ្លៀង បាត់ស្រមោលទៅ។ សុផានក៏ឡើងម៉ូតូត្រឡប់ទៅរកទីលំនៅរបស់ខ្លួនដែរ។
មួយអាទិត្យក្រោយមក...
សុផាន់កំពុងជួយបោសទីធ្លាកុដិ ស្រាប់តែឃើញរថយន្តមួយ បរមកដល់ទីនោះ។ បុរសសង្ហាមួយរូប ចុះពីឡាន ស្រដីសួរថា ៖
- ប្អូនឈ្មោះសុផាន មែនទេ?
- បាទ! (សុផានឆ្លើយទាំងភ្ញាក់ផ្អើល ដោយមានអ្នកទីក្រុង មកសួររកចំឈ្មោះរបស់ខ្លួន) លោកមានការអីដែរបាទ?
- គឺមានគេផ្ញើសំបុត្រមកអោយប្អូន មួយច្បាប់។
សុផានទទួលសំបុត្រហើយ ក៏ហែកអានភ្លាម មានសេចក្តីថា ៖
- អរគុណក្មួយសុផានណាស់ ចំពោះទង្វើដ៏ប្រសើររបស់ក្មួយ ចំពោះពូ នាព្រលប់មួយ កាលពីអាទិត្យមុន។ បើសិនជាពូ មិនបានជួបមនុស្ស ដែលមានសន្តានចិត្តប្រពៃដូចជារូបក្មួយ ម៉្លេះសមពូ នៅអង្គុយសំកុក ស្រក់ទឹកភ្នែកកណ្តាលភ្លៀង ខកដំណើរ មិនអាចមកទាន់ ដង្ហើមអ្នកម្តាយជរារបស់ពូ ដែលមានជម្ងឺយ៉ាងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យនោះឡើយ។ ដោយសារ កិរិយាសប្បុរសធម៌របស់ក្មួួយ ពូក៏បានមកទាន់ ឃើញអ្នកម្តាយរបស់ពូ ហើយបានស្តាប់សំដីរបស់លោក ផ្ទាល់មាត់ ជាចុងក្រោយ មុននឹងលោកចែកស្ថានទៅ។ ពេលនោះ ពូរំភើបចិត្ត រហូតស្រក់ទឹកភ្នែក មិនដឹងខ្លួន ព្រោះមិននឹកស្មានទង្វើតូចមួយរបស់ក្មួយ បែរជា មានតម្លៃឥតគណនា ចំពោះជីវិតពូ ហួសបរិមាណ នឹងវាស់បាន ដោយប្រាក់ ឬដោយវាចាបរិយាយនានា។ នៅវេលានេះ ពូគ្មានអ្វីសម្តែង អោយសម ដើម្បីសក្តិសមនឹងទឹកចិត្ត របស់ក្មួយវិញទេ ក្រៅពីប្រគល់ជួនក្មួយ នូវគ្រឿងសម្រាប់ជួសជុលឡានម៉ូតូ មួយចំនួន សម្រាប់ក្មួយ បើកតូបខ្លួនឯង ដើម្បីធ្វើជារបរ ចិញ្ចឹមជីវិត ទៅអនាគត ហើយពូក៏សុំរាប់អានក្មួយ ជាសាច់ញាតិនឹងគ្នា រហូតតទៅ។ នេះមិនត្រឹមតែ ជាបំណង របស់ពូតែម្នាក់ទេ តែក៏ជាបំណងចុងក្រោយ របស់លោកយាយ ម្តាយរបស់ពូ ព្រោះលោកមាន អំណរសោមនស្ស ជាអតិបរិមា ពេលបានឃើញរូបកូនប្រុសមកដល់ទាន់ វេលាចុងក្រោយ នៃជីវិតរបស់លោក។ សូមប្រសិទ្ធិពរ អោយក្មួយ បានជួបតែសេចក្តីសុខ ជានិរន្តន៍។
សុផានអានសំបុត្រទាំងរលីងរលោងទឹកភ្នែក ដោយក្តីរំភើបចិត្តក្រៃលែង ហើយក៏លើកដៃប្រណម្យទៅមេឃ រួចស្រដីថា ៖
- ពាក្យពេចន៍របស់លោកពូ ក្នុងលិខិតមួយច្បាប់នេះ ក៏ជាកម្លាំងចិត្ត យ៉ាងមហិមា ចំពោះអ្នកក្រីក្រ ដូចជារូបខ្ញុំ ដែលរស់នៅកណ្តោចកណ្តែងឯការ ឥតញាតិសន្តាន អោយទទួលនូវក្តីសង្ឃឹមក្នុងចិត្តមកវិញ ថា ជីវិតក្នុងលោក ពិតជាមានភាពរមនា គួរអោយចង់រស់នៅ បន្តទៅទៀតណាស់! ខ្ញុំនឹងចងចាំ គុណធម៌និងចិត្តសប្បុរសរបស់លោកពូ ចំ់ពោះរូបខ្ញុំ រៀងរហូតតទៅ។
ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍