Jump to content

លក្ខណៈអង្គុយនៅមុខលោកធំ

ពីវិគីភីឌា

[] ពាក្យ​ថា​អ្នកធំ​មួយ​ម៉ាត់​នេះ សំដៅ​យកព្រះសង្ឃ, ក្សត្រិយ៍, មន្ត្រី, ចៅហ្វាយនាយ, គ្រូអាចារ្យ, មាតា​បិតា... ។ល។ ចំពោះព្រះមហាក្សត្រិយ៍ និងក្សត្រិយ៍តាំងក្រុមនោះបើបណ្ដាសាមញ្ញជនជាពលរដ្ឋ ត្រូវ​ការ​គាល់​ថ្វាយ​សេចក្ដី​ផ្សេងៗ​ក្ដី ឬ បាន​ទទួល​ព្រះរាជឧង្ការ​ពី​ម្ចាស់​ផែនដី​ក្ដី ព្រះបន្ទូល​ក្សត្រិយ៍តាំងក្រុម​ក្ដី ត្រូវ​ចូល​ទៅ​ជិត​ ហើយ​ថ្វាយបង្គំ រួច​អង្គុយ​ឲ្យ​រាប​ទាប​ល្អ​សឹម​ថ្វាយ​សេចក្ដី​តាម​ហេតុ​រឿង (នៅលើ​ព្រះមហាប្រាសាទ ឬ​លើ​ដំណាក់) ។ បើ​ប្រសិន​ជា​នៅ​ទី​សួន​ឧទ្យាន ក៏​ត្រូវ​អង្គុយ​លើ​ចុង​ជើងទាំងពីរ​ (ស្ទើរ​តែ​ច្រហោង) កែងដៃ​ទាំង​ពីរ​សង្កត់​លើ​ភ្លៅ​ លើក​ចុង​ដៃ​ឡើង​ផ្គុំ​ថ្វាយ​បង្គំ ឱន​ក្បាលបន្តិច រួច​ទើប​ថ្វាយ​សេចក្ដី​តាមដំណើរ ។ យើង​ជាពលរដ្ឋ មិន​ត្រូវ​ស្រែក​ថ្វាយ​សេចក្ដីពី​ចម្ងាយ​ឲ្យ​សោះ​ជា​ដាច់​ខាត ត្រូវ​រត់ចូល​ទៅ​ជិត អង្គុយ​ថ្វាយ​បង្គំសិន សឹមថ្វាយ​សេចក្ដី​តាមការ ។ មន្ត្រីក្ដី អាណា​ប្រជា​រាស្ត្រក្ដី​ កាល​ចូល​គាល់​ព្រះរាជា ហើយ​ទ្រង់​ព្រះរាជទាន​ព្រំ ឬ កន្ទេល​ជា​ទី​អង្គុយ យើង​ត្រូវ​អង្គុយបត់ជើង កែង​ដៃ​​ទាំង​ពីរ​​សង្កត់​លើ​​ភ្លៅ​ ដៃ​ប្រណម្យ ឱន​ក្បាល​បន្តិច ហៅថា អង្គុយម៉ប ទើប​សមរម្យ ។ លក្ខណៈ​អង្គុយនៅមុខលោកធំ គឺនៅចំពោះព្រះភក្ត្រព្រមហាក្សត្រិយ៍ ជាដើម តទៅ​មន្ត្រី និង​បុព្វការីជន ត្រូវ​អង្គុយឲ្យរាប​រយ​ជា​ដរាប ។ មិនត្រូវអង្កុយច្រហោង គងជើងពែនភ្នែនបញ្ឈរជង្គង់ឲ្យសោះ ព្រោះជាអំពើទាស់នឹងច្បាប់សម្រាប់ស្រុកដែលមានទម្លាប់ទំនៀម ប្រើឲ្យគោរព​ប្រតិបត្តិ ក្សត្រិយ៍ មនត្រី នឹង​បុព្វការី ។ ត្រូវអង្គុយ​បត់​ជើង ហើយ​កុំច្រត់ដៃចំហៀងខ្លួនក្ដី ទៅមុខក្ដី ទៅក្រោយក្ដី ជា​ដាច់​ខាត ។ ចុះ​ដៃ​ទាំង​ពីរ​ត្រូវ​ទុក​ដាក់​ទៅត្រង់​​ណា? ត្រូវ​ផ្គុំគ្នា​ដាក់​លើ​ភ្លៅ​នៃ​ជើង​ដែល​យើង​បត់​ពី​លើ។ បើ​រូយ​បង្គុយ ត្រូវ​ប្រែ​ជើង​បត់​ទៅ​ម្ខាង​នោះ​មាន​បែប​យ៉ាង​ឲ្យ​ប្រែ​ឲ្យ​ល្អ​មើល​ទៀត មិន​ឲ្យ​ឆ្គង មិន​ឲ្យ​ឃើញ​ច្រងេង​ច្រងាង ។ នោះ​ត្រូវ​ឱន​ខ្លួន​ទៅ​មុខ​កែង​ដៃ​ទាំង​ពីរ​សង្កត់ ទៅ​លើភ្លៅ បង្ហើប​អង្គុយ​បន្តិច​ឡើង ទើប​ដោះ​ជើង​ត្រឡប់​ទៅ​ម្ខាង​បាន​ស្រួល ហើយ​រៀប​អង្គុយ​ជា​ថ្មី របៀប​ប្រែ​អង្គុយ​ផ្លាស់​ជើង​នេះ មិន​ត្រូវ​ផ្លាស់​ពី​ខាង​មុខ​ទេ ។ គេ​សម្គាល់​ថា​បើ​នរណា​ប្រែ​អង្គុយ​ផ្លាស់​ជើង​ពី​ខាង​មុខ អ្នកនោះ​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ​មិន​ចេះ​គួរ​សម មិន​ចេះ​គារវកិច្ច ឬ គេ​ចាត់​ឲ្យ​ឈ្មោះ​ថា​ជា​មនុស្ស​ព្រហើន ។ ដែល​លើក​យក​របៀប​អង្គុយ​រាប​គាល់​ព្រះមហាក្សត្រិយ៍ មក​អធិប្បាយ​ជូន​ជា​តួ​យ៉ាង​ដូច​មាន​ខាង​លើ​នេះ ក៏​ប៉ុន្តែ​ត្រូវ​កែ​បន្តិច​ត​ទៅ​ទៀត សម្រាប់​អង្គុយ ​នៅ​ចំពោះ​ព្រះសង្ឃ - មន្ត្រីធំ - តូច នាយចៅហ្វាយ និង បុព្វការី ។ បើ​យើង​អង្គុយ​រាប​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេចសង្ឃ ដែល​ព្រះមហាក្សត្រិយ៍​លើក​តំកើង​ឡើង​ឲ្យ​មាន​ព្រះជាតិ​ជា​ស្ដេច ដូច​សម្ដេច​ព្រះសង្ឃរាជ (ទៀង) និង​សម្ដេច​ព្រះសុគន្ធាធិបតី (ប៉ាន) នោះ​លក្ខណៈ​អង្គុយ​គល់​ក៏​ត្រូវ​ប្រើ​បែប​អង្គុយ​គាល់​ព្រះមហាក្សត្រិយ៍​ដែរ ។ សូម្បី​តែ​ពាក្យ​សម្ដី​ក៏​ត្រូវ​ប្រើ​ពាក្យ​ក្នុង​ព្រះរាជសព្ទ​ទាំងអស់ ។ បើ​អង្គុយ​នៅ​ចំពោះ​ព្រះសង្ឃ​ក្ដី - មន្ត្រីធំក្ដី - តូចក្ដី - នាយចៅហ្វាយក្ដី - បុព្វការីក្ដី ត្រូវ​ប្រើ​លក្ខណៈ​ឲ្យ​បាន​រៀបរយ​ទាំង​ជើង - ដៃ ទាំងផ្លាស់​ជើង - ផ្លាស់​ដៃ ប៉ុន្តែ​មិន​ត្រូវ​ម៉ប​ដូច​អង្គុយ​គាល់​ព្រះមហាក្សត្រិយ៍ និងក្សត្រិយ៍តាំង​ក្រុម​ទេ ។ អង្គុយត្រង់​ខ្លួន​បាន​ហើយ ។

ឯកសារយោង

[កែប្រែ]
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ