Jump to content

លង្វែក

ពីវិគីភីឌា

លង្វែក គឺជារាជធានីនិងបន្ទាយដ៏រឹងមាំមួយនៃកម្ពុជានាសតវត្សទី ១៦ ដែលស្ថិតនៅ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិតនៅច្រាំងខាងលិចទន្លេសាប មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ[] ទីក្រុងនេះបម្រើជាទីតាំងយុទ្ធសាស្ត្រយោធាដ៏រឹងមាំមួយរបស់ខ្មែរក្រោយសម័យអង្គរ និងត្រូវបានស្គាល់ដោយពួកបស្ចិមប្រទេសដំបូងៗថា "កម្ពុជា"។ នៅឆ្នាំ ១៥២៧ ព្រះបាទចន្ទរាជាបានឱ្យគេសាងសង់បន្ទាយលង្វែក រហូតដល់ឆ្នាំ ១៥២៩ ទើបបន្ទាយនេះត្រូវបានកសាងបញ្ចប់ដែលមានរយៈពេល ៣ឆ្នាំ ។ នៅពេលដែលព្រះចន្ទរាជាបានផ្លាស់ទីពីបន្ទាយមានជ័យនៅពោធិ៍សាត់ទៅបន្ទាយលង្វែក ទីនេះបានក្លាយជារាជធានីប្រវត្តិសាស្ត្រខ្មែររហូតដល់ដល់ចុងសតវត្សទី ១៦ ។

ទិដ្ឋភាពក្រុងលង្វែក ក្នុងចំណងជើងភាសាហុល្លង់ថា Vogelvlucht van Eauweck, Cambodja (ទិដ្ឋភាពពីលើជើងមេឃនៃលង្វែក,កម្ពុជា) ក្រុងនេះ ដែលបង្ហាញនៅចំកណ្តាលនៃរូបភាពនេះ ត្រូវបានហ៊ុំព័ទ្ធដោយភ្នំ ព្រៃឈើ និងទន្លេ ត្រូវបានគូរនៅឆ្នាំ ១៦៦៥ គូរដោយ ចូហានណេស វីងប៊ន (Johannes Vingboons) ។

លង្វែក ត្រូវបានជ្រើសរើសទីតាំងដោយព្រះបាទចន្ទរាជា បន្ទាប់ពីព្រះអង្គទទួលបានជ័យជម្នះលើស្ដេចកននៅឆ្នាំ ១៥២៦ ។ កម្ពុជាត្រូវបានគេហៅជាញឹកញាប់ថាលង្វែកដោយអ្នកធ្វើដំណើរជនជាតិបរទេស ហើយត្រូវបានចាត់ទុកថាជាក្រុងមួយក្នុងចំណោមក្រុងខ្លាំងបំផុតនៅកម្ពុជា។ លង្វែក ជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយជាមួយនឹងបរទេសដូចជា ព័រទុយហ្គាល់ អេស្ប៉ាញ ហុល្លង់ និងចិន ។

និរុត្តិសាស្ត្រ

[កែប្រែ]

យោងតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃ ជួន ណាត ពាក្យថា លង្វែក មានន័យថា កាល ឬ សម័យជាចន្លោះ,ទីឬច្រកជាចន្លោះ,ជារវាង ។ បើ វចនានុក្រម នេះដែរ ពាក្យ លង្វែក គឺជាឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋពីសម័យបុរាណ, តមក តាំងជាស្រុកហៅថា ស្រុកលង្វែក នៅក្នុងខែត្រកំពង់ឆ្នាំង, លុះចំណេរតមកក្រោយទៀត ដាក់ទៅជា ស្រុកកំពង់ត្រឡាច វិញ នៅក្នុងខែត្រដដែល ដរាបដល់សព្វថ្ងៃ ។ លង្វែក ជាឈ្មោះបន្ទាយមួយជារាជធានីចាស់របស់កម្ពុជរដ្ឋ ឋិតនៅខាងទិសឥសាននៃបន្ទាយឧដុង្គមានជ័យ ។[] ចំពោះពួកបស្ចិមប្រទេស គេតែងតែហៅ លង្វែក ដើម្បីសម្ដៅទៅលើប្រទេសកម្ពុជានាអំឡុងសតវត្សទី ១៦-១៧ ។

ទិដ្ឋភាពជើងអាកាសនៃក្រុងលង្វែក រៀបចំដោយ Pierre d' Hondt (អ្នកបោះពុម្ពផ្សាយ), Jacobus van der Schley (អ្នករៀបចំ) ឆ្នាំ១៧៤៧ គូរសារឡើងវិញ (?)

ប្រវត្តិសាស្ត្រ

[កែប្រែ]

បន្ទាយលង្វែក ត្រូវបានបង្កើតឡើងប្រហែលឆ្នាំ ១៥២៧ ដល់ ១៥២៩ នៅរជ្ជកាលរបស់ព្រះបាទ ចន្ទរាជា បន្ទាប់ពីទ្រង់បានយកឈ្នះស្តេចកន និងស្តារឡើងវិញនូវឯករាជ្យរបស់ប្រទេស។ បន្ទាយនេះក្លាយជារាជធានីថ្មីបន្ទាប់ពីរាជធានីអង្គរបានចាកចេញ ដោយសារការវាយលុកពីបរទេស និងស្ថានភាពសង្គ្រាមនៅភាគខាងជើង។ ក្នុងរាជ្យព្រះអង្គចន្ទរាជា រាជធានីតាំងនៅបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ រួចប្តូរមកក្រុងលង្វែកវិញ។ ព្រះបាទ ចន្ទរាជា ទ្រង់ក៏ជាស្តេចមួយអង្គដែរមានឈ្មោះល្បីល្បាញ ក្រៅពីបន្ទាយលង្វែក ទ្រង់ក៏បានកសាងវត្តអារាមជាច្រើនកន្លែងនៅ ខេត្តពោធិ៍សាត ជួសជុលវត្តនៅឧដុង្គ លើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន) វត្តត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែលស្ថិតនៅលើទួលមួយកន្លែង មានរាងជាជើងក្អែកក្នុងវិហារនេះតម្កល់ព្រះពុទ្ធរូបត្រឡែងកែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភ័ក្ត្រទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែងកែងរូបព្រះគោ។ ព្រះអង្គបានប្រមែប្រមូលកវី ប្រាជ្ញបណ្ឌិត ឱ្យចងក្រងនិងសរសេរឯកសារគ្រប់ប្រភេទ ដូចនេះ លង្វែក គឺជាឃ្លាំងវប្បធម៌ដ៏សំខាន់មួយរបស់ខ្មែរនាសតវត្សទី ១៦ ។

ផែនទីគូរដោយបស្ចិមប្រទេស បង្ហាញពី កម្ពុជា នាឆ្នាំ ១៥៧៦

សម័យលង្វែក ជាសម័យកាលដែលកម្ពុជាបន្តភាពរុងរឿងពីសម័យអង្គរ និង​ បានបង្កើតជំនួញសេដ្ឋកិច្ចផ្លូវទឹកយ៉ាងមមាញឹកជាមួយជនបរទេសនៅរាជធានីលង្វែកនៅសតវត្សទី១៦ ក្រុងលង្វែក បានប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌សំខាន់។ ព្រះរាជាណាចក្រខ្មែរ បានទទួលការទំនាក់ទំនងជាមួយប្រទេសបរទេស ដូចជា ព័រទុយហ្គាល់ អេស្ប៉ាញ និងចិន។ អ្នកសរសេរបរទេសមួយចំនួនបានកត់សម្គាល់ថា បន្ទាយលង្វែកជាទីក្រុងសម្បូរទ្រព្យសម្បត្តិ មានសិល្បៈស្ថាបត្យកម្មល្អប្រណិត និងជាគន្លងពាណិជ្ជកម្មសំខាន់នៅអាស៊ីអាគ្នេយ៍។

ទោះជាយ៉ាងណា នៅឆ្នាំ ១៥៩៣ បន្ទាយលង្វែកបានធ្លាក់ចូលក្នុងអំណាចនៃសៀម បន្ទាប់ពីសង្គ្រាមធំមួយ។ ការបែកបាក់នេះបានបណ្ដាលឲ្យប្រទេសកម្ពុជាបាត់បង់ឥទ្ធិពលយូរជាយូរមក និងបង្ហាញពីការបញ្ចប់នៃសម័យលង្វែក។

ភូមិសាស្ត្រ

[កែប្រែ]

នៅទីតាំងលង្វែកបច្ចុប្បន្ន ឃើញ​មានការ​ស្នាក់​នៅ​របស់​មនុស្ស​នៅ​ទី​នេះ​មាន​​តាំងពី​សម័យ​បុរេប្រវត្តិ​រហូត​ដល់​បច្ចុប្បន្ន មាន​ន័យ​ថា​ការ​រស់នៅ​ទី​នេះ​តាំងពី​មុន​ប្រវត្តិសាស្ត្រ សម័យ​ប្រវត្តិសាស្ត្រ​សម័យ​អង្គរ និង​សម័យ​ក្រោយ​អង្គរ​ដល់​បច្ចុប្បន្ន ។[] រាជធានីខ្មែរនាដើមសតវត្សទី ១៦ ដែលស្ថាបនាដោយស្ដេចកន គឺ ក្រុងស្រឡប់ពិជ័យព្រៃនគរ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ត្រូវបានផ្លាស់ទីមកលង្វែកវិញ ក្រោយពីទទួលបានជ័យជម្នះលើ ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី (ស្ដេចកន) រួចមក ព្រះបាទចន្ទរាជា ទ្រង់ឈ្វេងយល់ថា តំបន់ពោធិ៍ស្ថិតនៅកៀតនឹងសៀមពេក ទើបទ្រង់ចាត់ឱ្យគេសាងរាជធានីថ្មីនៅត្រង់តំបន់លង្វែក ដោយទ្រង់បានបញ្ជាឲ្យមេការ មន្រ្តី ឧកញ៉ាបតី ចាត់ចែង កេណ្ឌប្រជានុរាស្រ្តកាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង ។ ក្រុមមេការបានឲ្យគេជីកបុកគ្រឹះ រៀបថ្ម៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្តារធ្វើបន្ទាយនេះកំពស់១៧ហត្ថកម្រាស់ខ្នងលើ១០ហត្ថជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ ។ ព្រះអង្គធ្វើកំពែងការពារប្រាំជាន់ ព្រមទាំងដាំឬស្សីយ៉ាក្រាស (កម្រាស២សិន ) ហើយមានទ្វាធំ ក្នុងទ្វានីមួយៗមានសើនមួយ ។  សើនទាំង៨ មានកំពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហាន កាំភ្លើងច្រូង ( កាំភ្លើងវែង ) ហើយនៅមុខកំពែងនេះមានរោងដំរីនិង រោងសេះ ។ កំពែងទី២ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង ។ ក្នុងកំពែងទី៣ដាក់សុទ្ធតែទាហានមានអាវុធវែងខ្លី ដាវ ផ្គាក់ កាំបិត ។ ក្នុងកំពែងទី៤ ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោនព្រះពន្លាទតល្ខោន ។ ក្នុងកំពែងទី៥ ដាំរោងបញ្ចាក្សេត្រនិងសំណាក់សំរិទ្ធិ៍ វិមានកំសាន្ត ភិរម្យក្រុមបាគូ នុរោហិត និង ក្រុមមហាលិកស្នាក់នៅ ។ នៅក្នុងកំពែងនេះដែរមានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្ស័ក្សគឺសម្រាប់មហាក្សត្រាធិរាជិផ្ទុំ ហើយមាននដំកល់វត្ថុសក្តិសិទ្ធិគឺព្រះកែវឬ ព្រះត្រឡែងកែង និងព្រះគោចំនួន១២ដែលនៅក្នុងពោះគោទាំងនោះមាន រក្សា គម្ពីរ ក្បួនសាស្រ្ត... ដ៏មានតម្លៃលើសលប់ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗដូចជា ឃ្លាំងស្រូវអង្ករ អំបិល ​ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តវុធ ។ បន្ទាយលង្វែក មានទទឹង២គ.ម និងបណ្តោយប្រវែង៣គ.ម រាងបួនជ្រុងទ្រវែង ហើយចំណាយពេលសាងសង ៣ឆ្នាំ ( ១៥២៧ ដល់ ១៥២៩ ) ។[][] តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ ដោយ​សាស្រ្តាចារ្យ វង់ សុធារ៉ា និង ណុប សុខា បាន​សរសេរ​ថា[] :

ការស្ថាបនាបន្ទាយ ឬរាជធានីនេះត្រូវចំណាយរយៈពេល៣ឆ្នាំ (១៥២៧-១៥២៩)។ ការជ្រើសរីសទីតាំងថ្មីសម្រាប់រាជធានីថ្មី ដើម្បីការពារពីការឈ្លានពានរបស់សត្រូវ។ បន្ទាយនេះមានរាង៤ជ្រុងទ្រវែង គឺទទឹងមានប្រវែងពីរគីឡូម៉ែត្រ និងបណ្តោយជិតបីគីឡូម៉ែត្រ ដែលចែកចេញជា៥កំពែងហ៊ុមព័ទ្ធដោយដើមឬស្សី កម្រាស់១៦០ម៉ែត្រ នៅតាមជ្រុងទាំងបី លើកលែងតែជ្រុងខាងកើតដែលមានបឹងប៉ុណ្ណោះ។

ឯកសារ​ខ្លះ​បញ្ជា​ក់ថា នៅ​កណ្ដាល​រាជធានី​នេះ គេ​បាន​សាងបដិមា​ព្រះ​ភគណេស ដ៏​ធំ “​ខ្លួន​មនុស្ស​ក្បាល​ដំរី” ដែល​ជាអាទិទេព​តំណាង​ខាង​អក្សរ​សាស្ត្រ និង​វិទ្យា​សាស្ត្រ ទុកជា​អ្នក​តា​រក្សា​ក្រុង។ ម៉្យាង​ទៀត មាន​ការ​និយាយ​តៗ​គ្នា​ថា នៅ​ក្នុង​បន្ទាយលង្វែក​នេះ គេ​បាន​តម្កល់​បដិមា​ព្រះ​គោ​មួយ​អង្គ និង​ព្រះ​កែវ​មួយ​អង្គ ដែល​ជាបងប្អូនបង្កើត។ អ្នក​ស្រុក​តែង​តែ​គោរព​បូជា ដោយ​ចាត់​ទុកថា​ជា​វត្ថុ​ស័ក្តិ​សិទ្ធិ​របស់​ជាតិ​ថែម​ទៀត​ផង។ គេជឿថា គម្ពីរ​ក្បួន​ច្បាប់​ដែល​សំខាន់​បំផុត​របស់​ជាតិ ត្រូវ​គេ​យកមក​រក្សា​ទុក​ក្នុង​ពោះ​ព្រះ​គោ​នោះ​ឯង។[]

ផែនទីពិតលង្វែក បច្ចេកវិទ្យាផ្កាយរណបឡៃដា សម័យលង្វែក (១៥២៩-១៥៩៣) ។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈដោយសាកលវិទ្យាល័យវីយែន ប្រទេសអូទ្រីស សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។

លង្វែក ជាក្រុងត្រូវបានការពារដោយកំពែងគុម្ពឫស្សីយ៉ាងក្រាស់ កំពែងបន្ទាយ និងកសិណទឹកព័ទ្ធជុំវិញ ដែលធ្វើឱ្យសត្រូវពិបាកវាយលុក ។ នៅចំកណ្ដាលក្រុង ព្រះបាទចន្ទរាជា បានឱ្យគេកសាងវត្តត្រឡែងកែង មានឈ្មោះថា ព្រះវិហារមណ្ឌល ដើម្បី​ឧទ្ទិសដល់ជ័យជំនះ​របស់ទ្រង់ ក្នុងការធ្វើសឹក សង្គ្រាម​​​​ប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេចកន និង​​​ជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ[] និងពោរពេញទៅដោយភាពស័ក្តិសិទ្ធិយ៉ាងអស្ចារ្យនៃព្រះពុទ្ធបដិមាត្រឡែងកែងឈរទល់ខ្នងគ្នាជាបួនទិសដែលជាវត្ថុសិទ្ធិបំផុតប្រចាំក្រុង ហើយវត្តនេះនៅមានវត្តមានរហូតមកដល់សព្វថ្ងៃ។[] លង្វែក ជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់មួយរបស់ខ្មែរ ព្រោះនៅ​ខាងក្រៅ​កំពែង​លង្វែក​បាន​រក​ឃើញ​ថា នៅ​ទី​នេះ​មានការ​ផ្លាស់​ប្ដូរ​ទំនិញ​ដែល​មាន​លក្ខណៈ​ជា​ប្រចាំ និង​ជា​រៀងរាល់ថ្ងៃ​ ដោយបាន​រក​ឃើញ​ថា មាន​សេ​រ៉ា​មិច ដែល​គេ​បាន​ផ្លាស់​ប្ដូរ​គ្នា​នៅ​ទី​នេះ របៀប​ជា​ពាណិជ្ជកម្ម​ទិញ​ដូរ​គ្នា ។[]អ្នកបុរាណវិទូដែលធ្វើការនៅទីនោះនិយាយថា វាមិនមែនជារឿងចៃដន្យទេដែលលង្វែកត្រូវបានសាងសង់នៅលើទន្លេមេគង្គក្បែរសមុទ្រ ដែលអនុញ្ញាតឱ្យមានការជួញដូរនៅអាស៊ីបូព៌ា។ អ្នកស្រាវជ្រាវដែលធ្វើការជីកកកាយលើកដំបូងបានរកឃើញប៉សឺឡែននៅក្នុងលង្វែកពីប្រទេសចិន ជប៉ុន និងភូមិភាគអាស៊ីអាគ្នេយ៍ ។[] ជាពិសេស លង្វែកបានបើកចំហទំនាក់ទំនងជាបស្ចិមប្រទេសដូចជា អេស្ប៉ាញ ព័រទុយហ្គាល់ និងក្រោយមកគឺហូឡង់ ។ នៅក្នុងក្រុងលង្វែកភាគច្រើនបំផុតនៃសំណង់ត្រូវបានធ្វើឡើងពីឈើជារបស់ដែលឆាប់ពុកផុយ និងងាយរងនូវការបាត់បង់ តួយ៉ាងលោកបណ្ឌិត Martin Polkinghome សាស្ត្រាចារ្យជំនួយផ្នែកបុរាណវិទ្យានៅ សាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide ប្រទេសអូស្ត្រាលី ថា[១០]

បន្ទាប់ពីចប់សម័យអង្គរទៅ កម្ពុជាលែងមានធ្វើជាសំណង់ធំៗដូចសម័យអង្គរ ហើយចូលដល់សម័យកណ្ដាលនេះ ពិសេសនៅសម័យលង្វែក ជាទូទៅគឺប្រើតែសំណង់ឈើ។

បណ្ឌិត Martin Polkinghome មានប្រសាសន៍បន្តថា ៖

ដូចយើងដឹងស្រាប់ហើយ សំណង់ឈើមិនអាចមានអាយុកាលវែងរហូតដល់ឥឡូវទេ។ ឯការរកឃើញតាមកំណាយរបស់យើង យើងរកឃើញរន្ធសរសរ ជាពិសេសនៅតំបន់ទួលបាយក្អែក យើងរកឃើញ ដែកគោល ប្រហោងសរសេរជាដើមហ្នឹង យើងសន្និដ្ឋានថា ទីកន្លែងហ្នឹងជារាជវាំង”។

មក​ដល់​បច្ចុប្បន្ន គេ​ពិត​ជា​ពិបាក​ស្រមៃថា អតីត​រាជធានី​ដ៏​អស្ចារ្យ​មួយ​ដែល​ព័ទ្ធ​ដោយ​ជញ្ជាំង​នៅ​ខាង​កើត​មាន​ស្រះ​ទឹក និង​ព្រៃ​ឈើ​ជុំ​វិញ​​ណាស់ ព្រោះ​បន្ទាយលង្វែក ឬ​រាជធានី​លង្វែក​បាន​ក្លាយ​ជាទី​រហោស្ថាន​ដ៏​ស្រងេះស្រងោច សោកសៅ និង​កណ្តោចកណ្តែង ដែល​គេលែងសូវ​ស្គាល់ ឬ​នៅ​ចាំតែ​ឈ្មោះ​តែ​ប៉ុណ្ណោះ។ រាជធានី​លង្វែក បាន​លិចកប់​បាត់​ទៅ​ក្នុង​ស្រមោល​អតីត​កាល​ដ៏​អាថ៌កំបាំង ជូរចត់ និង​ស្រពិច​ស្រពិល​មួយ។ អតីត​ព្រះ​បរមរាជវាំង​របស់​ព្រះ​ចន្ទ​រាជា​បាន​ក្លាយ​ទៅ​ជា​ទី​តាំង​​ផលិត និង​ឡ​សម្រាប់​ដុតឥដ្ឋ​របស់​អ្នក​ស្រុក​ទៅ​ហើយ។

ប្រជាសាស្ត្រ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "ចំណេះដឹងទូទៅ៖ អតីតក្រុងលង្វែក អាចជាស្ថានីយបុរេប្រវត្តិមួយទៀតនៅកម្ពុជា". m.freshnews.com.kh (in អង់គ្លេស). Retrieved 2026-05-08.
  2. "វចនានុក្រមខ្មែរ - Khmer Dictionary". khmerdict.com (in អង់គ្លេស). Retrieved 2026-05-11.
  3. ៣,០ ៣,១ បុផ្ផា (2019-03-05). "ក្រុម​អ្នក​ស្រាវជ្រាវ​៣​ប្រទេសធ្វើ​កំណាយ​ក្នុង​ភូមិ​សាស្ត្រ​លង្វែក". Koh Santepheap Daily. Retrieved 2026-05-11. {{cite web}}: zero width space character in |title= at position 6 (help)
  4. "ចូរនិយាយពីការកសាង និងលក្ខណៈនៃបន្ទាយលង្វែក ?". www.khsearch.com. Retrieved 2026-05-11.
  5. "His G8: (ជ២) មេរៀនទី៣៖ (សង្ខេបមេរៀន) សម័យលង្វែកសតវត្សទី16 | EBC eLearning - Learn Anywhere, Anytime". elearning.ebc.edu.kh. Retrieved 2026-05-11.
  6. ៦,០ ៦,១ "ស្វែង​យល់​ពីភាពអស្ចារ្យ​នៃ​ការស្ថាបនាបន្ទាយ ឬ​រាជធានី​លង្វែក មុន​ពេល​បន្ទាយ​នេះ​ត្រូវ​​បែក​បាក់​". rooster.news (in អង់គ្លេស). Retrieved 2026-05-11. {{cite web}}: zero width space character in |title= at position 6 (help)
  7. phalkunnou (2019-07-30). "វត្តត្រឡែងកែង". រដ្ឋបាលខេត្តកំពង់ឆ្នាំង. Retrieved 2026-05-11.
  8. "រាជធានីលង្វែក និងវត្តត្រឡែងកែងដ៏ស័ក្តិសិទ្ធិ រង់ចាំស្វាគមន៍ភ្ញៀវទេសចរដែលឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (Video inside)". m.freshnews.com.kh (in អង់គ្លេស). Retrieved 2026-05-11.
  9. "Longvek | Ancient Origins". www.ancient-origins.net (in អង់គ្លេស). 2026-05-10. Retrieved 2026-05-11.
  10. Virak, K. C. (2023-02-09). "មូលហេតុមិនមានសល់សំណង់ស្ថាបត្យកម្មសម័យលង្វែកមកដល់បច្ចុប្បន្ន". Kampuchea Thmey Daily (in American English). Retrieved 2026-05-11.