Jump to content

លទ្ធិយោគី

ពីវិគីភីឌា

តាមលទ្ធិយោគីជាគម្ពីព្រាហ្មណ៍ គេយល់ថានៅក្នុងរូបយើងនេះមានធម្មជាតិជាសារៈសំខាន់៧ប្រការ វិញ្ញាណនៅខាងក្នុងបំផុត ធម្មជាតិឯទៀត៦ប្រការរុំព័ន្ធវិញ្ញាណជាសង្កាត់។ ពីខាងក្រៅទុកដូចកំពែង៦ជាន់នៅព័ន្ធជុំវិញវិញ្ញាណ។ ឯធម្មជាតិទាំង៧ប្រការនោះមានដូចជា កាយ ចេតកូត(កាយទិព្វ) ប្រាណ សញ្ញា បញ្ញា ចិត្ត វិញ្ញាណ។ បណ្តាលធម្មជាតិទាំង៧ប្រការនេះ កាយជាបំណែកមួយ ដែលមើលឃើញច្បាស់ជាងគេទាំងអស់ ជាបំណែកទន់ទាបគ្រោតគ្រាតអាក្រក់កខ្វក់បំផុតនៅក្នុងរូបយើងនេះ តែកាយមានគុណសំខាន់ណាស់ដែរ ព្រោះកាយជាគ្រឿងបញ្ចុះ ឬជាកំពែងខាងក្រៅយ៉ាងរឹងមាំសំរាប់ការពារវិញ្ញាណ។ ពាក្យប្រាណ(ភាសាសំស្រ្កឹត) ភាសាបាលីបាណនៅក្នុងទីនេះមានសេចក្តីប្លែកពីការប្រើប្រាស់នៅក្នុងព្រះពុទ្ធសាសនាមានសេចក្តីថាជីវិតដូចជាពាក្យថាបាណំប្រែថាជីវិត បាណោប្រែថាសត្វមានជីវិត។ នៅក្នុងលទ្ធិយោគីពាក្យប្រាណសំដៅយកបំណែកមួយនៅក្នុងរូបយើងនេះគឺជាកំពែងទី៤ ដែលរុំព័ន្ធវិញ្ញាណ។ ប្រាណនេះកើតឡើងពីធាតុខាងក្រៅចូលមកតាមដង្ហើមចេញចូលបានជាលទ្ធិយោគីសំដៅឱ្យឧស្សាហ៍ដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធក្នុងទីវាល ដើម្បីចិញ្ចឹមប្រាណឱ្យបានរឹងមាំ។ នៅក្នុងពុទ្ធសាសនា ពាក្យវិញ្ញាណ ជាវេវចនៈ និងចិត្តគឺថាវិញ្ញាណក៏គឺជាចិត្ត ចិត្តក៏គឺជាវិញ្ញាណ។ ឯលទ្ធិយោគីគេយល់ផ្សេងទៅវិញ គេប្រែពាក្យវិញ្ញាណថាអ្នកទទួលដឹង។ វិញ្ញាណនេះជាបំណែកមួយយ៉ាងសំខាន់បំផុតនៅក្នុងរូបកាយយើងនេះ គេប្រៀបជាសេចក្តីថាវិញ្ញាណមានលក្ខណៈជាដុំភ្លើងមួយមិនចេះរលត់ ហើយគេមិនអាចមើលឃើញដោយភ្នែកធម្មតាបានទេ ប៉ះពាល់ដោយកាយមិនបានដូចភ្លើងក្នុងដួងព្រះអាទិត្យ ដែលឱ្យជីវិតសព្វសត្វ។ ក្នុងធម្មជាតិ៧ប្រការ ដែលយើងពោលខាងលើនេះ មិនឃើញថាមានពាក្យថាមានជីវិត។ អ្នកយោគីយល់ថាជីវិតមិនមែនជាធម្មជាតិសំខាន់នៅក្នុងរូបយើង គឺមិនមានសារៈប្រយោជន៍ប៉ុនគ្នា និងធម្មជាតិ៧ប្រការឡើយ។ អ្នកយោគីយល់ថា ជីវិតគ្រាន់តែជាធម្មជាតិមួយដោយឡែកផ្សេង បើមិនមានជីវិតរូបរាងកាយយើងក៏រូមយើងមិនអន្តរាយទៅជាអ្វី សឹងតែថារូបយើងអាចស្ថិតស្ថេរប្រព្រឹត្តទៅបាន[]

ឯកសារយោង

[កែប្រែ]
  1. ដកស្រង់ចេញពីសៀវភៅ ជីវិត វិរិយបណ្ឌិតោភិក្ខុ ប៉ាង ខាត់ រៀបរៀងដោយ ព្រះពោធិវ័ង្ស ហួត តាត ទំព័រទី២ ដល់៤