លោកបណ្ឌិត សាម អ៊ីន
បណ្ឌិត សាម អ៊ីន | ||
---|---|---|
ព័ត៌មានមួយចំនួន | ||
ឈ្មោះ | បណ្ឌិត សាម អ៊ីន | |
ថ្ងៃខែឆ្នាំកំណើត | ១៥ ខែវិច្ចិកា ១៩៧២ | |
ស្រុកកំណើត | ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង | |
តួនាទី | សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន | |
ចេះភាសា | អង់គ្លេស អាល្លឺម៉ង់ | |
គណបក្ស | គណបក្សប្រជាធិបតេយ្យមូលដ្ឋាន | |
គេហទំព័រ | http://realsaminn.com Archived 2018-03-03 at the វេយប៊ែខ ម៉ាស៊ីន. |
១. កុមារភាព និងការរៀនសូត្រ [1972 – 1989]
[កែប្រែ]លោកកើតនៅឆ្នាំ ១៩៧២ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ក្នុងគ្រួសារមួយដែលឪពុកមានឈាមជ័រមកពីត្រកូលជាអ្នកជំនួញ និងម្តាយមានឈាមជ័រមកពីត្រកូលជាកសិករ។ នាពេលនោះ សង្គ្រាមសុីវិលបានចាប់ផ្តើមឆាបឆេះក្នុងប្រទេសកម្ពុជា។ លោកចាប់បានបទពិសោធន៍ខ្លះៗនៃជីវិតកុមារភាពក្នុងរបបខ្មែរក្រហម (១៩៧៥ ដល់ ១៩៧៩) ដែលពេលនោះលោកត្រូវធ្វើការខ្លះៗក្នុងក្រុមកុមារ ដូចជាកើបលាមកគោ ក្របី សម្រាប់ធ្វើជី។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម គ្រួសារលោកបានមករស់នៅភ្នំពេញ។ លោកបានចូលសិក្សានៅសាលាសន្ធរម៉ុក (១៩៨០ ដល់ ១៩៨៦) និងក្រោយមកទៀតរៀននៅសាលាបាក់ទូក (១៩៨៧ ដល់ ១៩៨៩) ដោយសារបានជាប់ជាសិស្សពូកែគណិតវិទ្យាប្រចាំរដ្ឋធានីភ្នំពេញ។
២. ការសិក្សានៅប្រទេសអាល្លឺម៉ង់ [1990 – 2002]
[កែប្រែ]ដោយសារតែបានជាប់ជាពិសេសពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា លោកបានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសអាល្លឺម៉ង់ផ្នែករុក្ខកម្ម (វិទ្យាសាស្រ្តព្រៃឈើ) នៅឆ្នាំ ១៩៩០។ នៅឆ្នាំ ១៩៩៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាដ្រេសដិន [University of Technology Dresden] លោកបានត្រលប់មកស្រុកខ្មែរ និងធ្វើការជាមួយអង្គការអភិវឌ្ឍន៍អាល្លឺម៉ង់ GTZ ចំនួន ១ ឆ្នាំកន្លះ ហើយក៏ត្រលប់ទៅបន្តការសិក្សាចប់ថ្នាក់បណ្ឌិតផ្នែកនយោបាយព្រៃឈើនៅអាល្លឺម៉ង់វិញរហូតដល់ឆ្នាំ ២០០២។ ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត មានការគាំទ្រអាហារូបករណ៍ពីអង្គការរដ្ឋអាល្លឺម៉ង់ (Deutscher Akademischer Austausch Dienst, DAAD)។
៣. បទពិសោធន៍ការងារសង្គម [2003 – 2014]
[កែប្រែ]ដោយដឹងច្បាស់ក្នុងខ្លួនថា លោកស្រឡាញ់ស្រុកកំណើតខ្លាំង និងមិនអាចរស់នៅស្រុកគេដោយរីករាយ និងមានមោទនភាពបាន លោកបានសម្រេចចិត្តវិលមករស់នៅ និងធ្វើការនៅស្រុកខ្មែរវិញនៅដើមឆ្នាំ ២០០៣។ ដោយមានការគាំទ្រពីអង្គការសាសនាអាល្លឺម៉ង់ (Evangelischer Entwicklungsdient, EED) លោកបានចូលបម្រើការងារ នៅអង្គការលូថេរ៉ានបម្រើពិភពលោក (Lutheran World Federation, LWF) ប្រចាំនៅកម្ពុជា។ អង្គការ LWF បានបំពេញបេសកកម្មជួយប្រជាពលរដ្ឋកម្ពុជាចាប់តាំងពីឆ្នាំ ១៩៨០ ជាពិសេសធ្វើការ លើជំនួយមនុស្សធម៌ និងលើកកំពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្រីក្រនៅជនបទ ព្រមទាំងលើកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស។ លោកពេញចិត្តនឹងការងារនៅទីនេះ ដោយមើលឃើញពីផលប៉ះពាល់ជាវិជ្ជមានដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទ និងបរិយាកាសការងារល្អប្រសើរដោយសារតែមានអ្នកដឹកនាំល្អ។ លោកទទួលបានការចូលចិត្តពីសហការីដទៃទៀត និងការពេញចិត្តពីអ្នកដឹកនាំជាន់ខ្ពស់ជាពិសេស លោក David Mueller ជាប្រធានអង្គការ។ ការងាររបស់លោកចេះតែបន្តទៅមុខដោយរីករាយ និងជោគជ័យ ព្រមទាំងទទួលបានតួនាទីទទួលខុសត្រូវកាន់តែខ្ពស់ជាបន្តបន្ទាប់ ជាអនុប្រធានកម្មវិធី ប្រធានកម្មវិធី និងអនុប្រធានប្រចាំប្រទេសរហូតដល់ឆ្នាំ ២០១០។ ពេលដែលអង្គការ LWF ធ្វើជាតូបនីយកម្មជាផ្លូវការចាប់ពីដើមឆ្នាំ ២០១១ ដោយក្លាយជាអង្គការក្នុងស្រុកមានឈ្មោះថា ជីវិតថ្លៃថ្នូរ (Life With Dignity, LWD) ក្រុមប្រឹក្សាភិបាលបានជ្រើសរើសលោកជានាយកប្រតិបត្តិ ដែលដឹកនាំក្រុមការងារមួយមានគ្នាសរុបប្រមាណជាង ២០០ នាក់ ក្នុងការបន្តបេសកកម្មជួយប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងខេត្តចំនួនបួន គឺ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំលោក និងពោធិ៍សាត់។ ថវិកាប្រចាំឆ្នាំរបស់អង្គការ LWD មានប្រមាណ ៤ ទៅ ៥ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ។ លោកបំពេញការងារជានាយកប្រតិបត្តិដែលមានអណត្តិ ៤ ឆ្នាំរហូតដល់ចុងឆ្នាំ ២០១៤។ ក្នុងពេលនោះ លោកក៏បានបម្រើជាប្រធាន អនុប្រធាន និងសមាជិករបស់ក្រុមប្រឹក្សាភិបាលអង្គការមួយចំនួនផងដែរ ដូចជា MLUP BAITONG, CCC, DPA និង CCBEN។ លោកបានទទួលពានរង្វាន់ភាពជាអ្នកដឹកនាំអាស៊ានលើវិស័យអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ផ្តល់ជូនដោយអគ្គលេខាធិការដ្ឋានអាស៊ាន ខែកក្កដា ឆ្នាំ២០១៣។
៤. ការចូលរួមការងារនយោបាយ [2014 – បច្ចុប្បន្ន]
[កែប្រែ]នៅឆ្នាំ ២០១៣ លោកចាប់ផ្តើមមានចំណាប់អារម្មណ៍រឿងនយោបាយកាន់តែខ្លាំង ជាពិសេស ការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងព្រឹត្តិការណ៍តវ៉ា និងទាមទារក្រោយការបោះឆ្នោត។ លោកបានចូលរួមប្រជុំជាមួយអង្គការដែលធ្វើការលើរឿងបោះឆ្នោត និងឃ្លាំមើលសិទ្ធិមនុស្ស។ លោកចាប់ផ្តើមមានទំនាក់ទំនងការងារខ្លះៗជាមួយ លោក យ៉េង វីរៈ ដែលកាលនោះគាត់ជានាយកអង្គការអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) លោក គុល បញ្ញា នាយកអង្គការខុមហ្វែល។ល។ ក្រោយមកទៀត លោកក៏បានជួប និងចូលរួមខ្លះជាមួយក្រុម លោក យ៉ង សាំងកុមារ លោក កែម ឡី លោក ប៉ា ងួនទៀង ដែលក្រុមគាត់មានច្រកផ្តល់យោបល់ ផ្តល់គំនិតដល់ថ្នាក់ដឹកនាំគណបក្សប្រឆាំង។ ក្រុមនេះបានផ្តល់គំនិតឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិរៀបយុទ្ធសាស្រ្តដើម្បីការផ្លាស់ប្តូរដោយសន្តិភាព ដោយប្រើសារនយោបាយវិជ្ជមាន កុំញុះញង់ កុំប្រមាថ កុំសងសឹក កុំគុំគួន និងស្នើសុំឲ្យគណបក្សប្រឆាំងកែទម្រង់ផ្ទៃក្នុងផ្តល់គម្រូល្អជាគណបក្សដែលមានប្រជាធិបតេយ្យផ្ទៃក្នុង។ ដោយមានការខកចិត្តចំពោះការធ្វើមិនដឹងមិនឮរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំពោះគំនិតយោបល់ ក្រុមការងារយើងក៏ចាប់ផ្តើមមានគំនិតលោក្កើតជាបណ្តាញសង្គមដើម្បីផ្សព្វផ្សាយអំពីគោលការណ៍ប្រជាធិបតេយ្យដល់ប្រជាពលរដ្ឋ និងតស៊ូមតិឲ្យអ្នកនយោបាយកែទម្រង់គណបក្សឲ្យមានលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុង។ បណ្តាញសង្គម ខ្មែរដើម្បីខ្មែរ ក៏ចាប់កំណើតឡើងពីចុងឆ្នាំ ២០១៤ ដោយមានការចូលរួមដឹកនាំពីលោក បណ្ឌិត កែម ឡី បណ្ឌិត យ៉ង សាំងកុមារ លោក យ៉េង វីរៈ លោក ប៉ា ងួនទៀង លោក (សាម អុីន) និងបញ្ញវន្តមួយចំនួនទៀត។ យើងបានធ្វើការជួបប្រជុំជាមួយប្រជាពលរដ្ឋនៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជជែកពិភាក្សាអំពីគោលការណ៍ប្រជាធិបតេយ្យ និងប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។
ដោយយល់ឃើញថា មិនអាចជំរុញឲ្យមានការកែទម្រង់ផ្ទៃក្នុងគណបក្សនយោបាយបាន តាមរយៈចលនាបណ្តាញសង្គម ខ្មែរដើម្បីខ្មែរ យើងក៏បានសម្រេចចិត្ត ដោយមានការយល់ព្រមពីអ្នកដឹកនាំមូលដ្ឋានមួយចំនួន លោក្កើតជាគណបក្សនយោបាយដែលផ្តល់គំរូឈានមុខ ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានកើតជារូបរាងឡើងជាផ្លូវការនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៥។
ចាប់តាំងពីឆ្នាំ ២០១៣ មក លោកចាប់ផ្តើមមានអារម្មណ៍ថាការងារជាមួយអង្គការមិនមែនរដ្ឋាភិបាលអាចជួយមនុស្សបានមួយចំនួន តែមិនអាចលោកអោយមានការផ្លាស់ប្តូរជាដុំកំភួនសម្រាប់ប្រព័ន្ធគ្រប់គ្រងប្រទេសទេ។ ដោយចង់ឃើញប្រទេសកម្ពុជាមានប្រព័ន្ធប្រជាធិបតេយ្យជឿនលឿនដូចគេ មានអភិបាលកិច្ចល្អ និងប្រទេសជាតិមានភាពថ្លៃថ្នូរ លោកគិតថា មានតែចូលរួម ក្នុងវិស័យនយោបាយទេ ទើបអាចជួយលោក្កើតរឿងទាំងនេះបាន។ ដោយមានការចាប់អារម្មណ៍រឿងនយោបាយផង លោកក៏សម្រេចចិត្តឈប់បន្តបេសកកម្មជាមួយអង្គការមិនមែនរដ្ឋាភិបាល ក្រោយចប់អណត្តិជានាយកប្រតិបត្តិរបស់ LWD នាចុងឆ្នាំ ២០១៤។ លោកចាប់ផ្តើមចូលរួមសកម្មជាមួយបណ្តាញសង្គម ខ្មែរដើម្បីខ្មែរ និងក្រោយមកជាប់ឆ្នោតជា អគ្គលេខាធិការ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចាប់តាំងពីថ្ងៃបង្កើតមកដល់បច្ចុប្បន្ន។