ល្បើកក្រើនជាតិ
Appearance
ល្បើកក្រើនជាតិ តែងជាបទពាក្យ៧តាមលំដាប់អក្សរ ឃុនបណ្ណានុរក្ស ប៊ូ- ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ រៀបរៀង
- ក - កបកើតមកជាកូនខ្មែរ
- ខ - ខំគិតបែរប្រែគំនិត
- គ - គួរសេពគប់លោកបណ្ឌិត
- ឃ - ឃើញត្រូវពិតរួចសឹមថា ។
- ង - ងើបមើលជាតិខ្មែរដូចគ្នា
- ច - ចូរសមគ្គាជួយរដ្ឋា
- ឆ - ឆបប្រកបដោយបញ្ញា
- ជ - ជួយស្តីថាតឿនកូនចៅ ។
- ឈ - កុំឈប់ស្ងៀមមើលបំណាំ
- ញ - ញឹកខាងចាំពាក្យប្រដៅ
- ដ - ដឹងឲ្យគ្រប់កុំល្ងង់ខ្លៅ
- ឋ - កុំដុកដាន់ដោលគ្នាឯង
- ឍ - ធើឫកខែងចង់ស្រណុក
- ណ - ណាត់ញុះញង់ឲ្យអុកឡុក
- ត - តោងសំកុកគិតឲ្យជ្រៅ ។
- ថ - ថប់ទៅមុខក្រែងវិនាស
- ទ - កុំទីសទាសចោលលំនៅ
- ធ - ធៀបដូចទូក ឬ សំពៅ
- ន - នៅមិននឹងមួយកន្លែង
- ប - បើបានធំកុំស្អប់តូច
- ផ - ផាត់កាត់ខូចចេញឲ្យស្ដែង
- ព - ពិតជាប្រុសខំប្រឹងប្រែង
- ភ - ភ័យខ្លាចក្រែងជាតិខ្ញុំគេ ។
- ម - មកពិខិតខំរៀនសូត្រ
- យ - យោងឲ្យរបូតប្រឹងរិះរេ
- រ - រកឧបាយកលគ្នាន់គ្នេរ
- ល - លើកជាតិគេជាតួយ៉ាង ។
- វ - កុំវិលវល់ទៅតាមខ្យល់
- ស - សូមកុំឆ្ងល់នឹងសំណាង
- ហ - ហាមចិត្តខ្លួនកុំឲ្យអាង
- ឡ - កុំឡូងឡាងទាស់ទែងគ្នា ។
- អ - អងស្នងជាតិចាស់បុរាណ
- អា - អាងភូមិឋាននៃវិជ្ជា
- ឥ - ឥតប្រយោជន៍កុំនឹកនា
- ឦ - ឲ្យភាវនាតែចំរើន ។
- ឧ, ឪ - ឧស្សាហ៍តែងក្បួនច្បាប់
- ឫ, ឬ - កាន់កាប់ឲ្យច្រើន
- ឭ, ឮ - ត្រូវខំធ្វើឲ្យកើន
- ឯ, ឰ - ចំរើនប្រទេសជាតិ ។
- ឱ - ឲ្យសុខាដល់គ្នីគ្នា
- ឨ - ឱបរាំងរាកុំឲ្យឃ្លាត
- អុំ, អំ - ចូរខំកុំវិវាទ
- អាំ, អះ - ទើបជាតិខ្មែរថ្កើងអើយ ! ។
- ដកស្រង់ចេញពី៖ វ៉ិបសាយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត