Jump to content

ល្បើក​ប្រេត

ពីវិគីភីឌា

ដោយ សុង ស៊ីវ ពាក្យ ៤ បទ​កាកគតិ​ក្លាយ
ក្នុង​សុត្តន្តបិដក ខុទ្ទកនិកាយ គម្ពីរ​បេត​វត្ថុ​ សំដែង​អំពី​ប្រេត ១២ ពួក កំពុង​សោយ​ផល​នៃ​បាប​កម្ម​ផ្សេងៗ​គ្នា

១. ឥ.ស្វា.សុសូម បង្គំ​រួប​រួម ចំពោះ​រ័ត្ន​បី ព្រះ​ពុទ្ធ​ព្រះ​ធម៌ ព្រះ​សង្ឃ​ចាស់​ខ្ចី សូម​មាន​សួស្ដី សព្វ​គ្រប់​ប្រការ ។
២. ឥតោបរំ ទើប​ខ្ញុំ​ផ្ដើម​តាំង ចាប់​លើក​សាស្ត្រា បេត​វត្ថុ បាលី​ភាសា ហើយ​កាន់​ប៉ាកកា ចារ​ចួន​ជា​ខ្មែរ។
៣. ​មុន​អភិប្រាយ សូម​ញាតិ​ទាំង​ឡាយ អ្នក​ក្រុង​អ្នក​ស្រែ បើ​បាន​ជ្រាប​រឿង ប្រេត​នេះ​ខំ​កែ គំនិត​ឱ្យ​ប្រែ បែរ​ចាក​កំហុស។
៤. ប្រេត​មាន​ច្រើន​ក្រុម មាន​តូច​មាន​ធំ មាន​ស្រី​មាន​ប្រុស គ្រប់​សាស្ត្រ​ទាំង​អស់ លាយ​ឡំ​ចំរុះ កើត​តាម​កំហុស ដែល​ខ្លួន​បាន​ធ្វើ។
៥. ប្រេត​ខ្លះ​ដើរ​បាន ដើរ​សព្វ​ភូមិ​ឋាន ស្រុក​ក្រោម​ស្រុក​លើ ដើរ​គ្រប់​ប្រទេស ឥត​មាន​ទើស​ទើរ ដើរ​រុះ​ដើរ​រើ រើស​រក​អាហារ។
៦. ពួក​ប្រេត​ធុន​ហ្នឹង ច្រើន​នឹក​រំពឹង រក​ញាតិកា បង​ប្អូន​កូន​ចៅ ជីដូន​ជីតា ព្រោះ​ឃ្លាន​អាហារ ខ្លោច​ផ្សា​ពេក​ក្រៃ។
៧. ខ្លះ​អត់​អាហារ ដប់​ពាន់​ឆ្នាំ​ណា ព្រោះ​ខ្លួន​ចង្រៃ ញាតិ​មិត្ត​ផ្សាយ​ឱ្យ បញ្ជូន​រាល់​ថ្ងៃ តែ​គ្មាន​និស្ស័យ អាស្រ័យ​ផល​បាន។
៨. ប្រេត​ខ្លះ​កម្ម​ស្រាល ផល​មិន​បណ្ដាល ឱ្យ​ហួស​ប្រមាណ បើ​ញាតិ​ផ្សាយ​ឱ្យ ទទួល​ផល​បាន ទើប​ប្រាជ្ញ​បុរាណ គិត​អាន​ភ្ជុំបិណ្ឌ។
៩. ពួក​ប្រាជ្ញ​ព្រឹទ្ធា បបួល​គ្នីគ្នា អ្នក​ប្រាជ្ញា​ប៉ិន នាំ​គ្នា​និពន្ធ អានិសង្ស​បិណ្ឌ រៀប​រាប់​យ៉ាង​ឆ្អិន សង្កិន​រឿង​ប្រេត។
១០. ​គម្ពីរ​នោះ​ថា បើ​ជន​រូប​ណា មិន​នឹក​ដល់​ប្រេត ក្នុង​ពេល​ភ្ជុំបិណ្ឌ នឹង​បុណ្យ​ចូល​ចែត្រ ជន​នោះ​ត្រូវ​ប្រេត ប្រទេស​ផ្ដាសា។
១១. ព្រោះ​កើត​ច្រើន​ជាតិ សំបូរ​ពួក​ញាតិ ព្រោង​ព្រាត​ត្រៀប​ត្រា ខ្លះ​ជា​ញាតិ​មិត្រ មាតា​បិតា ជា​បុត្រ​ភរិយា រាប់​រយ​កោដិ​នាក់។
១២. លែង​អ្វី​មាន​ញាតិ ដែល​ភ្លាត់​មារយាទ ឃ្លៀង​ឃ្លាត​ជ្រុល​ធ្លាក់ កើត​ជា​ពួក​ប្រេត ពិត​ជា​មាន​ជាក់ យ៉ាង​តិច​១០​នាក់ មាន​ប្រាកដ​ណាស់។
១៣. ក្នុង​ធម៌​តិរោក ថា​ប្រេត​គរគោក ដើរ​ឈរ​ពាស​ដាស ពេញ​ភូមិ​ពេញ​ស្រុក ពេញ​ទី​អាវាស ខ្លះ​នៅ​អាកាស តែ​មើល​មិន​យល់។
១៤. ប្រេត​មួយ​ក្រុម​ទៀត ផល​កម្ម​ចង្អៀត ទៅ​ណា​ពុំ​ដល់ ព្រោះ​មាន​កម្ម​ក្រាស់ ឋិត​នៅ​ហ្នឹង​ថ្កល់ ឬ​ក៏​វិល​វល់ នៅ​មួយ​កន្លែង។
១៥. ពួក​ប្រេត​ក្រុម​នេះ សូម​លើក​ទុក​ស្លេះ ពុំ​ទាន់​ថ្លា​ថ្លែង នឹង​ទាញ​ពួក​ប្រេត ១២​កន្លែង យក​មក​ចារ​ចែង ជូន​ជា​សណ្ដាប់។
១៦. សូម​លោក​អ្នក​ប្រុង ស្មារតី​ឱ្យ​ស្លុង ពិនិត្យ​ហើយ​ស្ដាប់ បើ​បាន​ជ្រាប​ហើយ សូម​ប្រែ​ក្រឡាប់ ចៀស​ខុស​ឱ្យ​ឆាប់ ចាប់​យក​ខាង​ត្រូវ។
១៧. បើ​ដឹង​ជា​ខុស កុំ​ថប់​ទញ់​តុះ នាំ​ឱ្យ​ទាស​ផ្លូវ កុំ​គិត​កុំ​នឹក ខំ​ធ្វើ​បុណ្យ​ទៅ បុណ្យ​ឈ្នះ​សត្រូវ ទៀង​តែ​បាន​សួគ៌។
១៨. បាប​ទាំង​ប៉ុន្មាន ដែល​ខ្លួន​បាន​សាង វិនាស​បាត់​តួ ឱ្យ​ផល​មិន​បាន ចាញ់​បុណ្យ​ឋាន​សួគ៌ បើ​ជ្រាប​ហើយ​គួរ ធ្វើ​បុណ្យ​ឆាប់ៗ។
១៩. ខំ​ធ្វើ​បុណ្យ​ច្រើន បញ្ញា​ចំរើន យល់​ធម៌​កើត​ស្លាប់ អនិច្ចំ​ទុក្ខំ អនត្តា​ច្បាប់ ជា​ធម៌​ចំណាប់ វិសេស​ក្នុង​លោក។
២០. ធ្វើ​បុណ្យ​ច្រើន​ជាតិ ផល​បុណ្យ​ជា​ញាតិ តាម​ឱ្យ​ជ័យ​ជោគ ឱ្យ​ច្រើនៗ​ដង ផល​កើន​គគោក មាន​ជ័យ​ក្នុង​លោក បាប​ចាញ់​លែង​ឈ្នះ។
២១. ក្នុង​ពុទ្ធុប្បាទ ផល​បុណ្យ​ល្អ​ស្អាត នាំ​ជួប​នឹង​ព្រះ បាន​ស្ដាប់​សព្ទ​ធម៌ ចិត្ត​ផុត​មានះ បុណ្យ​លាង​បាប​ជ្រះ បាន​ដល់​និព្វាន។