ល្បែងគ្របមាន់
ល្បែងគ្របមាន់ ជាល្បែងកំសាន្តមួយយ៉ាងរបស់ពួកកុមារា កុមារីជំទង់ៗ គ្រប់ភូមិស្រុក ទូទៅទាំងប្រទេសកម្ពុជា ដែលតែងតែលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេងមានស្រីមានប្រុសមានគ្នាតាំងពី ៨ នាក់ ឬ ១០ នាក់ម្ខាងឡើងទៅ ។ របៀងលេងគេជ្រើសយកក្មេងប្រុសម្នាក់ស្រីម្នាក់ ក្នុងបណ្ដាលពួកគេទាំងពីរនោះ មកគ្របសំពត់ ឬក្រមា ឲ្យជិតខ្លួនតាំងពីក្បាលដល់ចុងជើង ប៉ុន្តែកុំឲ្យស្គាល់ជានរណា ហើយគេឲ្យក្មេងទាំងពីរនាក់នោះ ក្រាបបែរមុខរកគ្នា គឺខាងប្រុសតំណាងមាន់ឈ្មោល ខាងស្រីតំណាងមាន់ញី ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖
(អ្នកខ្លះគេហៅថា ល្បែងលាក់មាន់)
កាលក្រាបហើយគេឲ្យពួកខាងប្រុសម្នាក់គោះខ្នងមាន់ខាងស្រីឲ្យរងាវ មាន់ខាងស្រីរងាវថា ‹កិកកិកែកឺត› ឡើង ដោយខំធ្វើសំលេងឲ្យប្លែកពីធម្មតា ។ តែបើសា្តប់សូរមិនបានគេអាចគោះឲ្យរងាវបាន បី ដងពួកខាងប្រុសចាំស្ដាប់សំលេងមាន់ខាងស្រីនោះ ហើយគេទាយតាមឈ្មោះមនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើកគំរបឡើង បើត្រូវគេយកមាន់នោះមកទុកជារបស់គេ រួចហើយខាងស្រីគោះមាន់ ខាងប្រុសឲ្យរងាវម្ដង ។ មាន់ខាងប្រុសរងាវថា ‹កិកកិកែកឺត› ដូចគ្នា ។ ពួកខាងស្រីចាំស្ដាប់សំលេងមាន់ខាងប្រុសនោះ ហើយគេទាយតាមឈ្មោះមនុស្សប្រុស ដែលគេស្គាល់បើខាងស្រីទាយត្រូវ ខាងប្រុស គេយកមាន់ខាងស្រី ដែលគេយកទៅនោះ មកសងស្រីវិញ តែបើខាងស្រីទាយខុស ខាងប្រុសគេយកមាន់ខាងស្រីនោះទៅទៀត ។
ការទាយសំលេងមាន់ស្រេចលើខាងណាទាយត្រូវច្រើន គេបានមាន់ច្រើន, ខាងណាទាយខុសច្រើន ត្រូវបង់ខាតមាន់ច្រើនដែរ ។ គេធ្វើរបៀបនេះទាល់តែម្ខាងៗអស់មាន់ទាំងអស់ ឬមាន់ច្រើនជាងគេទុកជាចាញ់ ខាងណាបានមាន់ច្រើនគេទុកជាឈ្នះ ហើយគេរៀបចំជាថ្មីឡើងវិញ ។ គេចេះតែធ្វើរបៀបនេះ ដរាបដល់ពេលណា ដែលគេសន្មត់គ្នាថា ឈប់ ទើបលែងលេង ។
ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាងសំរាប់កុមារា កុមារី ជំទង់ៗលេងតាមសប្បាយ ដែលជាល្បែងហាត់បញ្ញា ហាត់គំនិត ឲ្យប៉ិនប្រសព្វខាងស្ដាប់ ខាងកាត់ប្រមាណតម្រូវតាមសំលេងរបស់មនុស្ស