ល្បែងសី

ពីវិគីភីឌា

ល្បែង​សី ជា​ល្បែង​មួយ​ប្រភេទ​សម្រាប់​មនុស្ស​ប្រុស​កំលោះ ឬ​ចំណាស់ៗ លេង​នៅ​ទីវាលនា​ពេល​ថ្ងៃរសៀល​ត្រជាក់នៅ​រដូវរំហើយ ឬ​នៅ​ពេល​បុណ្យទាន​ផ្សេងៗ​ ភាគ​ច្រើន​គេ​លេង​នៅ​តាមនាទី​វត្ត​អារាម ។​

ប្រភេទផ្សេងៗនៃសី ​[កែប្រែ]

សីមា​ន ៣ យ៉ាង​គឺ ៖
​ក​. សី​មី​លោ​ង
ខ​. សី​ដក់
គ​. សី​ពែន
​ ​សី​ទាំង ៣ យ៉ាង​មាន​ប្រដាប់​សម្រាប់​លេង និង​របៀប​លេង​ប្លែក​ពី​គ្នា ដូច​រៀបរាប់​តទៅ​នេះ​៖

សី​មី​លោ​ង[កែប្រែ]

ក​. សី​មី​លោ​ង វត្ថុ​ដែល​គេ​យកមក​ធ្វើ​សី​នេះ គឺ​គេ​យក​បន្ទះ​ផ្ដៅ ឬ​រំពា​ក់មក​ចាក់​ជា​ក្រឡា​ភ្នែក​ក្រួច ឲ្យមាន​សណ្ឋាន​មូលប្រមាណ​ប៉ុនត្រ​ឡោកដូង​ធុន​តូច ហើយ​គេ​នាំគ្នា​ទាត់​លេង ។​ សកម្មភាព​នៃ​អ្នក​លេងសី​មី​លោង ដូច​ក្នុង​រូបភាព​ខាងក្រោម​នេះ​:
អ្នក​លេងសី​មី​លោង​គេ​បបួល​គ្នា​ចំនួន ៤ ទៅ ៥ នាក់ ​ដែល​គេ​ស្ម័គ្រ​ឲ្យមក​ឈរ​ដំកង់​ជា​វង់​មូល​ធំ ឬ​តូច តាម​ចំនួន​មនុស្ស​តិច​ច្រើន ។ ពេល​លេង​គេ​ចែក​ជា​គូៗ អ្នកណា​គូ​នឹង​អ្នក​ណា ត្រូវ​ឈរ​ទល់មុខ​អ្នកនោះ ។ មុនដំបូង​អ្នកលេង​ម្នាក់​ដែល​មាន​សី​នឹង​ដៃ ក៏​តាំង​ចាប់ផ្ដើម​បោះ​សី​ទៅឲ្យ​គូ​របស់ខ្លួន គូ​នោះ​ក៏​ទទួល​ទាត់​ដោយ​ខ្នងជើង លុះ​ទាត់​ហើយ​សី​នោះ​ក៏​អណ្ដែត​ឡើង​ខ្ពស់ ហើយ​ធ្លាក់​មក​វិញ ពេល​ធ្លាក់​នោះ ជួន​ក៏​ចំ​អ្នក​ទាត់​នោះ​វិញ ជួន​ក៏​ចំ​អ្នកដទៃ ហើយ​អ្នក​ដែល​សី​ធ្លាក់​មក​ចំ​នោះ​ក៏​ទទួល​ទាត់​ឡើង​ភ្លាម ។ ចំណែក​អ្នក​ឯទៀតៗ គេ​ត្រៀមខ្លួន​ចាំ ដោយ​សម្លឹង​ប្រុងប្រយ័ត្ន​ភ្នែក​ជានិច្ច បំរុង​តែ​និង​ទាត់​នៅពេល​ដែល​សី​ធា្ល​ក់​មក​ចំ​ខ្លួន ។ ម្នាក់ៗ​ដែល​សី​ធ្លាក់​មក​ចំ​ខ្លួន គេ​តែងតែ​ស្ទុះ​ទៅ​ទាត់​បញ្ជូន​ទៅឲ្យ​គូ​របស់គេ ។ ប៉ុន្តែ​ជួន​ក៏​បាន​ទៅ​ចំ​គូ​របស់​ខ្លួន ជួន​ក៏​ធ្លាក់​ទៅ​ចំ​គូ​របស់​អ្នកដទៃ ម្លោះ​ហើយគេ​ដណ្ដើម​គ្នា​ទាត់​តែ​រៀងៗ​ខ្លួន ។​

សី​ដក់[កែប្រែ]

ខ​. សី​ដក់ គេ​ធ្វើ​ដោយ​បន្ទះ​ផ្ដៅ ឬ​រំ​ពាក់ ឲ្យមាន​សណ្ឋាន​ដូច​សីមីលោង​ដែរ ប្លែក​តែ​សីដក់​គេ​ធ្វើឲ្យ​មាន​ទំហំ និង​មាន​ក្រឡា​ធំ​ជាង សី​មី​លោង​បន្តិច ។ សីដក​មាន​របៀប​លេង​ស្រដៀង​នឹង សី​មី​លោង​ដែរ ប្លែក​តែ​សី​មី​លោង​គេ​ទាត់​ដោយ​ខ្នង​ជើង ឯ​សីដក់​គេ​គះ​ដោយ​កែងដៃ ដោយ​ក្បាលជង្គង់ ដោយ​ស្មា និង​ដោយ​ក្បាល ។​ សកម្មភាព​របស់​អ្នកលេង​សីដក់ ដូច​រូបភាព​នេះ​:

សី​ពែន[កែប្រែ]

គ​. សី​ពែន គេ​ធ្វើ​ដោយ​ស្លាប​សត្វ និង​ស្បែក ឬ​ស្រកាត្រី គឺ​ពាក់​ស្បែក​ឬ​ស្រកាត្រី​ត្រួតគ្នា ៣ ឬ ៤ ជាន់ ចៀរ​ជា​សណ្ឋាន​មូល ចោះ​ចំ​កណ្ដាល ជា​ប្រហោង​ហើយ​យក​ស្លាប​សត្វ ៤ ឬ ៥ ដែល​ខ្លីៗ​ល្មម​មកជ្រំ​ឲ្យ​ស្មើ រួច​សកគល់​ស្លាប​នោះ​ទៅក្នុង​រន្ធ​ស្បែក ឬ​ស្រកាត្រី​នោះ ហើយ​បត់​ទៅ​ខាងៗ ដោយ​ចង​ខ្សែលួស​ឆ្មា​រភ្ជាប់​ទៅ​នឹង​ស្បែក ឬ​ស្រកាត្រី​នោះ ការពារ​មិន​ឲ្យ​របួត រួច​គេ​យក​ទៅ​ទាត់ ។​
សកម្មភាព​របស់​អ្នក​លេង​សីពែន ដូច​ក្នុង​រូបភាព​នេះ​: របៀប​លេង​សីពែន គេ​បបួល​គ្នា​ឲ្យបាន​ចំនួន​តាំងពី ២ នាក់​ឡើងទៅ មកឈរ​ដំកង់​ជា​រង្វង់​មូល ទល់មុខ​គ្នា​ជា​គូៗ គឺ​អ្នក​ណា​គូ​នឹង​អ្នកណា ត្រូវ​ឈរ​ទល់មុខ​គ្នា​នឹង​អ្នកនោះ ។ កាល​បើ​ឈរ​ស្រួលបួល​ហើយ ម្នាក់​ដែល​កាន់​សី​នៅ​ដៃ​ក៏​បោះ​សី​ទៅឲ្យ​ម្នាក់ទៀត ដែល​ជា​គូ​របស់​គេ គូ​នោះ​ក៏​ទទួល​ទាត់​ដោយ​បាត​ជើង គឺ​គេ​លើកជើង​ឡើង​ហើយរ​លាស់​បត់​ត្រង់​កជើង​ឲ្យ​បាត​ជើងខ្វេរ​ឡើង​លើ ដូច​គេ​អង្គុយ​ពែន​ទើប​គេ​ហៅថា ‹​សី​ពែន​› ។ ពេល​ទាត់​គេ​ទាត់​តម្រង់​ឲ្យចំ​សីៗ ក៏​អណ្ដែត​ឡើង ហើយ​ធ្លាក់​ចុះ​មក​វិញ បើ​ធ្លាក់​មក​ចំ​អ្នកណា អ្នក​នោះ​គេ​ទាត់​បន្ត​ឡើង​ទៀត ,​បើ​ធ្លាក់​មក​ចំ​អ្នក​ទាត់​ដដែល​វិញ អ្នក​នោះ​ក៏​ទទួល​ទាត់​វិញ​ដែរ ។ បើ​សី​ធ្លាក់​មក​ចំ​អ្នកណា​ហើយ​អ្នកនោះ​ទទួល​ទាត់​មិនត្រូវ ឬក៏​សី​នោះ​ធ្លាក់​ឆ្ងាយ​អំពី​អ្នកលេង​ទាំងអស់គ្នា នាំ​ឲ្យ​អ្នកលេង​រត់​ទៅ​ទទួល​ទាត់​មិនទាន់ សី​ក៏​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ក្បែរ​កន្លែង​អ្នកណា​ជាងគេ អ្នក​នោះ​គេ​រើស​បោះ​ទៅឲ្យ​គូ​របស់គេ ដើម្បី​ឲ្យ​ទាត់​តទៅទៀត ។ ពេល​ដែល​សី​ធ្លាក់​មក​ម្ដងៗ​ទាំងអស់​គ្នា​តែងតែ​សម្លឹង​មើល​ទៅ​សី​គ្រប់ៗ​គ្នា ក្រែង​ធ្លាក់​មក​ចំ​ខ្លួន ជួន​ក៏​អ្នក​ទាំង ២ នាក់​នឹក​ត្រូវ​គ្នា គឺ​នាក់​ម្នាក់​នឹកថា សី​ធ្លាក់​មក​ចំ​ខ្លួន ម្នាក់​ទៀត​ក៏​ថា ចំ​ខ្លួន​ដែរ នាំ​ឲ្យ​ស្ទុះទៅទាត់​ដណ្ដើម​គ្នាក៏​មាន ។​ ​ម្នាក់ៗ​ដែល​សី​ធ្លាក់​មក​ចំ​ហើយ តែងតែ​មាន​ចិត្ត​នឹក​ថា នឹង​ទាត់​បង្វែរ​ទៅឲ្យ​គូ​របស់ខ្លួនៗ តែ​ជួនកាល​ក៏បាន​សម្រេច ជួនកាល​ក៏​មិនបាន​សម្រេច​ដែរ ដោយ​សី​នោះ​មិន​ទៅ​ចំ​ដូច​បំណង ។​ សីពែន​នេះ គេ​ទាត់​ឬ​គះ បាន​តែ​ដោយ​បាត​ជើង​,​ភ្នែក​គោល​កែងជើង​,​កែងដៃ​, ក្បាលជង្គង់​,​ក្បាល​,​ស្មា ប្រហែល​សីដក់​ដែរ តែ​គេ​ហាមផ្ដាត់​មិនឲ្យ​ទាត់ដោយ​ខ្នងជើង ឬ​ទះ​ដោយ​បាតដៃ​ឡើយ ។ ល្បែង​សី​ទាំង ៣ មុខ​នេះ បើ​អ្នកលេង​សុទ្ធតែ​ប៉ិនប្រសប់ ក្នុងពេល​ទាត់​មួយ​លើកៗ សី​មិន​សូវ​ធ្លាក់​ដល់​ដី​ទេ យូរៗ​ទើប​មាន​ធ្លាក់​ដល់​ដី​ម្ដង ។​ ​ល្បែង​សី ជា​កីឡា​ដ៏​ប្រសើរ​មួយ​របស់​ខ្មែរ តាំងពី​អតីតកាល​រហូត​មកដល់​បច្ចុប្បន្នកាល​នេះ ក៏​នៅតែ​មាន​តម្លៃ​នៅឡើយ ហើយ​ជា​កីឡា​ហាត់ប្រាណ​មួយ​យ៉ាង ខាង​កាយសម្បទា ប្រហែល​នឹង​កីឡាបាល់ទាត់​ដែរ ៕​