ល្វី ឯម
សម្ដេចព្រះធម្មលិខិត ល្វី ឯម
សាស្ត្រាចារ្យ ឈឹម ស៊ុម រៀបរៀង
កុមារភាព
[កែប្រែ]កុមារ ឯម ប្រសូត ពីថ្ងៃ ២ ᧥ ៦ ឆ្នាំរោង ទោស័ក ព. ស. ២៤២២ គ. ស. ១៨៨២ នៅភូមិបារាំងពីដើមនៅក្បែរពន្ធនាការ ក្នុងក្រុងភ្នំពេញ ។ បិតានាម មាន់ (ឧកញ៉ារតននាយកចាងហ្វាងព្រះឃ្លាំង) មាតានាម ប្រាក់ ។ កាលលោកឧកញ៉ា មាន់ ត្រឡប់ពីធ្វើចៅហ្វាយស្រុក ខេត្តត្បូងឃ្មុំ ផ្លាស់ទៅខេត្តលង្វែក បានបំបួសកុមារ ឯម ដែលមានជន្មាយុ ១៥ ឆ្នាំ ជាសាមណេរ មានសម្ដេចព្រះមហាសង្ឃរាជ ទៀង ជាព្រះឧបជ្ឈាយ៍ ក្នុង វត្តឧណ្ណាលោម ពី ព. ស. ២៤៣៧ គ. ស. ១៨៩៧។ សាមណេរ ឯម បានហាត់សូត្រធម៌ ១ ចប់ ភាណវារបាលី ព្រមទាំងរៀនប្រែគម្ពីរបាលី ក្នុងសំណាក់ព្រះតេជព្រះគុណព្រះនាមវិមលធម្ម ថោង បាន ៣ គម្ពីរ, តមក បានរៀបប្រែគម្ពីរបាលី ក្នុងសំណាក់លោកគ្រូអាចារ្យ យ៉ាំង, លោកគ្រូអាចារ្យ រ៉ត, លោកឧកញ៉ា សុធម្មមេធា អ៊ុង និងលោកឧកញ៉ាសទ្ធម្មប្រីជា កង ទៀត រួមទាំងអស់ ៩ គម្ពីរ ។
បព្វជ្ជា
[កែប្រែ]សាមណេរ ឯម បានបព្វជ្ជាអស់ ៦ វស្សា ដល់ជន្មាយុគ្រប់ ២១ ឆ្នាំ បានសូមឧបសម្បទាជាភិក្ខុ ពី ព. ស. ២៤៤៣ មានសម្ដេចព្រះមហាសង្ឃរាជ ទៀង ជាព្រះឧបជ្ឈាយ៍, ព្រះពុទ្ធវង្ស នន្ទ និងព្រះមង្គលទេពាចារ្យ កុយ ជាឧបសម្បទាចារ្យ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ, មានលោកឧកញ៉ាមហាមន្ត្រី ប៉ុក ឌុច ជាអ្នកឧបត្ថម្ភក៍ ។
ការតែងតាំង
[កែប្រែ]សម្ដេចព្រះមហាសង្ឃរាជ បានតាំងភិក្ខុ ឯម ដែលទើបនឹងបានឧបសម្បទាថ្មី ៗ ឲ្យធ្វើជាអាចារ្យបង្ហាត់សូត្រធម៌ភាណវារបាលី ឲ្យប្រើខ្យល់វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវតាមវិធីភាសាបាលី ដូចគំរូភាសាបាលី ដែលប្រើក្នុងភាសាបាលីជាន់ខ្ពស់សព្វថ្ងៃនេះ ។ ភិក្ខុ ឯម ព្យាយាមបង្ហាត់សូត្រធម៌ ក្នុងវត្តឧណ្ណាលោមផង ក្នុងវត្តកំពង់ឆ្នាំងជាដើមផង អស់វេលាពីរឆ្នាំ ។ ដល់ ព. ស. ២៤៤៥ សម្ដេចព្រះមហាសង្ឃរាជ បានចាត់លោកគ្រូអាចារ្យ ឯម ឲ្យទៅធ្វើចៅអធិការវត្តស៊ីធរ ឃុំស៊ីធរ ស្រុកស្រីស៊ីធរ ខេត្តព្រៃវែង (សព្វថ្ងៃនេះ រួចចូលក្នុងស្រុកខ្សាច់កណ្ដាល) ។ លោកគ្រូចៅអធិការ ឯម បានរៀបចំវត្តស៊ីធរ ដែលជាវត្តចាស់មានទីសេនាសនៈបាក់បែក ឲ្យទៅជាវត្តមួយមានព្រះវិហារដ៏រុងរឿង មានកុដិសាលាធំ ៗ ចំនួន ៣ ខ្នង មានដំណាំឈើធំ ៗ និងផលព្រឹក្ស ខ្នុរ ស្វាយ ដូង ស្លា ដ៏ច្រើនរយដើម ព្រមទាំងបង្រៀនគម្ពីរបាលីដល់ពួកភិក្ខុសាមណេរច្រើនអង្គ អស់វេលា ៩ ឆ្នាំ មានកិត្តិសព្ទល្បីល្បាញខាងការសម្ដែងធម៌ទេសនានិងការបង្ហាត់បង្រៀន ព្រមទាំងការកសាងវត្តអារាម ។
ស្នាព្រះហស្ត
[កែប្រែ]ដល់ ព. ស. ២៤៥៤ ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មុនីវង្ស កាលនៅជាព្រះអង្គម្ចាស់អធិបតី ដែលសាងព្រះរាជដំណាក់ជិតវត្តលង្កា ទ្រង់បានឃើញវត្តលង្កា ដែលឋិតនៅក្នុងទីទំនាបទឹកលិច សល់ត្រឹមតែខឿនព្រះវិហារ ដែលមានតែរោងស្បូវមួយ គ្របព្រះពុទ្ធរូប ១ ព្រះអង្គ, ទ្រង់ក៏មានព្រះរាជវិតក្កអាណិតព្រះពុទ្ធរូប ដែលគេមើលទៅឃើញដូចជាគេបណ្ដែតពោងពាយចោលកណ្ដាលបឹង ស្ងាត់ឈឹង មិនសូវមានបរិស័ទសោះ ទើបទ្រង់ចូលទៅគាល់សម្ដេចព្រះមហាសង្ឃរាជ ទូលស្នើសុំឲ្យសម្ដេចនិមន្តលោកគ្រូចៅអធិការ ឯម ពីវត្តស៊ីធរ មកគង់នៅវត្តលង្កាវិញ ដើម្បីជួយកសាងវត្តនេះ ព្រោះលោកគ្រូចៅអធិការ ខាត់ សុគតទៅហើយ ។ សម្ដេចព្រះមហាសង្ឃរាជ ទ្រង់បង្គាប់លោកគ្រូព្រះមហាវិមលធម្ម ថោង ឲ្យចាត់ការផ្ទេររៀបចំចៅអធិការវត្តទាំងពីរនេះ ។ លោកគ្រូព្រះមហាវិមលធម្ម បានចាត់លោកគ្រូអាចារ្យ ឯម ឲ្យមកធ្វើចៅអធិការវត្តលង្កា ពីព. ស. ២៤៥៤។ លោកគ្រូព្រះអាចារ្យ ឯម ជាចៅអធិការវត្តលង្កា គង់នៅក្នុងសេនាសនៈចាស់មួយ ដែលជាសាលារៀនផង ជាកុដិសម្រាប់ចៅអធិការផង ដែលលោកអ្នកឧកញ៉ាយោមរាជ ម៉ែម សេនាបតីក្រសួងយុត្តិធម៌ រុះរោងល្ខោនរបស់លោកមកកសាងប្រគេន ។ លោកគ្រូចៅអធិការ ឯម ខំខ្វល់ខ្វាយកសាងព្រះវិហារ តាំងពីផ្ដើមរៀបឥដ្ឋសសរ និងជញ្ជាំងឡើងជាដំបូង ដរាបដល់ខឿនកំពែង និងបល្ល័ង្កព្រះពុទ្ធរូបធំ ដែលរំកិលយកពីវត្តលង្កាចាស់ ខាងអាគ្នេយ៍វត្តភ្នំ មកតម្កល់ក្នុងព្រះវិហារវត្តលង្កាសព្វថ្ងៃនេះ ព្រមទាំងបានកសាងកុដិ ១ ខ្នង ពីរជាន់ ដែលរុះចេញបាត់ទៅ ហើយកសាងកុដិថ្មធំសព្វថ្ងៃនេះឡើងវិញ, លោកបានកសាងហោត្រៃមួយខ្នង ដោយឥដ្ឋស៊ីម៉ងត៍ពីរជាន់, សាលាធម្មសភាមួយខ្នង គ្រឿងស៊ីម៉ងត៍ ២ ជាន់ មានរោងជួង ១ ជាន់នៅនោះផង, កំពែងស៊ីម៉ងត៍ ៤៧ ល្វែង ព័ទ្ធវត្តលង្កា ពីចំហៀងខាងជើងនិងខាងកើត ប្រវែង ២៤៧ ម. ៨២ បានកសាងសាលាបាលីរង ១ ខ្នង, សាលាបឋមសិក្សាបំពេញវិជ្ជា ១ ខ្នង គ្រឿងឥដ្ឋស៊ីម៉ងត៍ភ្លោះទន្ទឹមគ្នា ចំខាងក្រោយព្រះវិហារ, បានកសាងកុដិឈើ ១ ខ្នង ខាងលិចកុដិថ្មធំ, បានសាងប្រាង្គ ១ ខាងមុខព្រះវិហារ បញ្ចុះព្រះអដ្ឋិធាតុព្រះសពព្រះមហាវិមលធម្ម ថោង , បានចាក់ដីជម្រៅ ២ ម៉ែត្រ ពេញវត្តលង្កាទាំងមូល ព្រមទាំងបានជួយឧបត្ថម្ភការកសាងកុដិ ពេញបរិវេណវត្តលង្កាចំនួន ៣៦ ខ្នង ។ មិនតែប៉ុណ្ណោះ, លោកបានកសាងសាលាបាលីរង ១ និងកុដិធំ ១ (គ្រឿងឈើ) ចេតិយ ១ នៅវត្តក្រាំងពន្លៃ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បញ្ចុះធាតុលោកឧកញ៉ា ល្វីជោ មាន់ (១) ជាបិតា និងលោកស្រី ប្រាក់ ជាមាតា ។ (១) ឧកញ៉ា ល្វី ជោ ជាងារនៃចៅហ្វាយខេត្តលង្វែក ព្រោះសាលាខេត្តនេះ តាំងនៅក្នុងឃុំល្វី ។ ឃុំល្វី កែជាឃុំបន្ទាយលង្វែក ពីឆ្នាំ ១៩៣៥ តាមពាក្យសុំរបស់លោក ម៉ី អ៊ុំ មេឃុំល្វី និងលោក ទេស លឹម ចៅហ្វាយស្រុកកំពង់ត្រឡាច និងលោក សូរ មៀច គ្រូបង្រៀន នៅសាលាពាមលង្វែក បានសុំទៅលោកចៅហ្វាយខេត្ត នឹងលោករេស៊ីដងត៍កំពង់ឆ្នាំង ។ ពាក្យថា ល្វី ថា ល្វី នេះ បានជាឲ្យដាក់នាមថា ល្វី ឯម ជាប់តមក ។
សមណស័ក្តិ
[កែប្រែ]កាលពី ព. ស. ២៤៤៦ លោកគ្រូអាចារ្យ ឯម បានសមណស័ក្តិជាព្រះគ្រូវិមលប្បញ្ញា ។ ដល់មក ព. ស. ២៤៥៧ បានឡើងសមណស័ក្តិជាព្រះញាណបវរវិជ្ជា (រាជាគណៈចត្វា) ។ ដល់ ព. ស. ២៤៥៨ មានព្រះរាជប្រកាស និងអារ៉ែតេរ៉េស៊ីដងត៍ស៊ុបប៉េរីយើរ តាំងជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ដោយការប្រឡងរើសរូបជាប់លេខ គឺជាការប្រឡងរើសរូបសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់លើកដំបូងបំផុត ។
ជំនាន់មុន កាលសាលាបាលីជាន់ខ្ពស់ ពុំទាន់កើតឡើង ការសិក្សាធម៌វិន័យ និងការសិក្សាគម្ពីរបាលីនៃកុលបុត្រអ្នកកម្ពុជរដ្ឋ មានស្ដួចស្ដើងណាស់ ជាហេតុនាំឲ្យការប្រតិបត្តិផ្លូវធម៌វិន័យ ធ្លាក់ចុះក្នុងការវិបត្តិច្រើនអន្លើ ។ តាំងពីសាលាបាលីជាន់ខ្ពស់កើតឡើង មានព្រះសពព្រះមហាវិមល ថោង ជានាយក មានព្រះញាណបវរវិជ្ជា ឯម , ព្រះគ្រូសង្ឃសត្ថា ជួន ណាត, ព្រះគ្រូសង្ឃវិជ្ជា ហួត តាត ជាដើម ដែលជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ជាជំនួយកម្លាំងផង លោកបានរៀបចំការសិក្សា និងការកែប្រែវត្តប្រតិបត្តិច្រើនអន្លើ ។ សម័យនោះ មានអធិករណ៍យ៉ាងធំ ៗ ខាងផ្លូវពុទ្ធសាសនា ដូចជាមហាសង្គ្រាម ១ កើតឡើងក្នុងប្រទេស ព្រោះតែការសម្រិតសម្រាំងវត្តប្រតិបត្តិនោះឯង ។ លោកគ្រូព្រះញាណបវរវិជ្ជា ឯម ហាក់ដូចជាធម្មទេសនា ១ រូបយ៉ាងឆ្នើម, វត្តលង្កា ហាក់ដូចជាសមរភូមិ ១ យ៉ាងធំ ក្នុងប្រទេសកម្ពុជា ។
ដោយហេតុអធិករណ៍នេះ បានជាព្រះតេជព្រះគុណ ព្រះញាណបវរវិជ្ជា ល្វី ឯម ខំកសាងធម្មអាវុធ គឺសៀវភៅធម៌វិន័យផ្សេង ៗ (ដូចនឹងមានរាយឈ្មោះសៀវភៅ តទៅខាងមុខ) សរសេរបោះពុម្ពចែកជាធម្មទាន ដើម្បីជាគ្រឿងបំភ្លឺសតិបញ្ញា នៃពុទ្ធសាសនិកជន ជាគ្រឿងរម្ងាប់អធិករណ៍នោះ ។ ប៉ុណ្ណោះហើយ ក៏នៅតែពុំទាន់ស្ងប់, បានជាវេលាមួយ លោកសន្ទនាជាមួយនឹងអ្នកអម្ចាស់ នរោត្តម សិង្ហរ៉ា ជាព្រះរាជសុណិសា នៃព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ពិគ្រោះគ្នាអំពីការរម្ងាត់អធិករណ៍នោះ, បានសម្រេចដោយយោបល់ថា : គួរតែប្រែគម្ពីរព្រះត្រៃបិដក ដែលជាភាសាបាលី ឲ្យជាសេចក្ដីសម្រាយ ដើម្បីឲ្យជនទាំងលាយ មើលស្ដាប់សេចក្ដីបានគ្រប់គ្នា កុំឲ្យជជែកយកតែត្រូវរៀងខ្លួនទៀត ។ អ្នកអង្គម្ចាស់ នរោត្តម សិង្ហរ៉ា មានព្រះរាជហឫទ័យជ្រះថ្លា បានជាវគ្រឿងប្រដាប់សរសេរ មានក្រដាសជាដើម មកប្រគេនមិនឲ្យខ្វះខាត ។ ព្រះតេជព្រះគុណ ព្រះញាញបវរវិជ្ជា ល្វី ឯម ក្រោយដែលបានពិគ្រោះនឹងព្រះថេរានិត្ថេរៈ ជាសហការីរបស់លោកហើយ ក៏ចាត់ឲ្យសរសេរចម្លងបាលីវិន័យបិដកជាដំបូង រហូតដល់ចប់គម្ពីរមហាវិភង្គ ព្រមទាំងប្រែផង (២) (ចម្លងនៅវត្តលង្កា ក្នុង ព. ស. ២៤៦០) ហើយថ្វាយចំពោះព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស កាលនៅជាសម្ដេចព្រះកែវហ្វានៅឡើយ ដើម្បីទ្រង់ជួយទូលស្នើការប្រែនិងការបោះពុម្ពព្រះត្រៃបិដក ចំពោះព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ ព្រះចៅប្រទេសកម្ពុជា និងរាជការអាណាព្យាបាល ហើយលោកបានថ្វាយយោបល់ថា : កិច្ចការនេះធំណាស់ សូមព្រះករុណាជាម្ចាស់ជីវិត តម្រូវឲ្យប្រគេនទៅលោកគ្រូព្រះ ពោធិវ័ង្ស ម៉ា និងព្រះរាជាគណៈខ្លះ ខាងវត្តបទុមវតីឲ្យចាត់ការ ទើបនឹងបានសម្រេច ហើយនឹងបានសន្តិភាពខាងពុទ្ធសាសនាផង ។ ដំណើរការនេះ ក៏អនុវត្តទៅតាមយោបល់នោះមែន ប៉ុន្តែឥតឃើញចេញផលមកជាយ៉ាងដូចម្ដេចសោះ អស់វេលាដ៏យូរឆ្នាំ ។ (២) សំណៅនេះ សព្វថ្ងៃនៅឯវត្តស្វាយពពែ ។
លុះមកដល់ ព. ស. ២៤៧២ ព្រះតេជព្រះគុណព្រះញាណបវរវិជ្ជា ល្វី ឯម បានឡើងឋានៈជាចាងហ្វាងសាលាបាលីជាន់ខ្ពស់, ដល់ ព. ស. ២៤៧៥ បានឡើងសមណស័ក្តិជាព្រះ សីរីសម្មតិវង្ស, កាលដែលព្រះករុណា ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់បានរាជាភោសេកហើយ, ព្រះតេជព្រះគុណព្រះ សិរីសម្មតិវង្ស ល្វី ឯម បានថ្វាយព្រះពរទូលស្នើ អំពីការប្រែ និងការបោះពុម្ពព្រះត្រៃបិដកនោះទៀត ។ ព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស និងរាជការអាណាព្យាបាលបារាំងសែស ក្រោយដែលកុង្សីយ៍សេនាបតីជំនុំព្រមហើយ ព្រះអង្គក៏ទ្រ់ប្រោសព្រះរាជទានព្រះរាជានុញ្ញាតឲ្យបង្កើតក្រសួងពុទ្ធសាសនបណ្ឌិត្យ, ក្រុមជំនុំព្រះត្រៃបិដក ព្រមទាំងតែងតាំងព្រះតេជព្រះគុណព្រះ សិរីសម្មតិវង្ស ល្វី ឯម ជាអធិបតីក្រុមជំនុំព្រះត្រៃបិដកផង ។ ការកសាងព្រះត្រៃបិដក ក៏បានលូតលាស់មកជាលំដាប់ ។ ការសិក្សាធម្មវិន័យ ក្នុងសាលាបាលីជាន់ខ្ពស់ និងសាលាបាលីក្នុងវត្តលង្កា ក៏ចម្រើនដោយក្រៃលែង ដរាបតែព្រះថេរានុត្ថេរៈ ខេត្តក្រៅ មានខេត្តបាត់ដំបង និងកំពង់ឆ្នាំងជាដើម បានបើកសាលារៀនបាលី និងធម្មវិន័យ យកតម្រាប់តាមវត្តលង្កាជាច្រើនវត្ត ។
(នៅមានត)