វត្តព្រះឥន្ទទេព
ពិតជាសង្វេកនៅពេលដែលទៅដល់អតីតក្រុងលង្វែក ហើយអ្នករស់នៅ ទីនោះមិនបានដឹងច្បាស់អំពីប្រវត្តិទាក់ទងនឹងតំបន់របស់ខ្លួនច្បាស់លាស់នោះទេ។ ក្រុមការងារយើងបានទៅដល់វត្តមួយឈ្មោះវត្តព្រះឥន្ទទេព តែលោកអើយសូម្បីអាចារ្យៗ នៅទីនោះគ្មាននរណាមួយដឹងរឿង នោះទេ ពួកគាត់ដឹងត្រឹមថាព្រះអង្គជីហធំក្នុងវិហារគឺសល់ពីសម័យលង្វែក។ តើឲ្យខ្ញុំសុខៗម្តេចនឹងបាន? ដូច្នេះហើយក៏សម្រេចចិត្ត ដាក់ចុះស្រាបៀរនៅក្នុងក្លិប Epic មកចាប់យកសៀវភៅស្រាវជ្រាវរឿងនេះវិញ។ សូមមិត្តទាំងអស់រីករាយដូចតទៅ៖ វត្តព្រះឥន្ទទេព មានទីតាំងស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វត្តព្រះឥន្ទទេពមានប្រវត្តិតាំងពីសម័យលង្វែកមកម្លេះ។ បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញ ឆ្ពោះតាមផ្លូវជាតិលេខ៥ ប្រមាណ ៥០ គីឡូ មកដល់មូលដ្ឋានឃុំលង្វែក ហើយនោះសូមសង្កេតមើលខាងស្តាំដៃរកមើលខ្លោងទ្វាវត្តត្រឡែងកែង បន្ទាប់មកចូលទៅតាមខ្លោងទ្វាវត្តនោះចូលទៅទស្សនាវត្តត្រឡែងកែងជាមុនសិន រួចហើយចេញតាមខ្លោងទ្វាវត្តប៉ែកខាងត្បូងទៅតាមផ្លូវលំ រហូតទៅដល់ផ្លូវរាងអក្សរ T មានរោងអ្នកតាមួយនៅចំកណ្តាល ហើយបត់ស្តាំប្រមាណជា ៥០០ ម៉ែត្រយើងនឹងទៅដល់វត្ត ព្រះឥន្ទទេព។ ចូលមកដល់ក្នុងបរិវេណវត្ត យើងនឹងឃើញមានដើមឈើធំៗត្រឈឹងត្រឈៃ នៅខាងឆ្វេងដៃមានសាលាឆាន់ប្រកបដោយក្បាច់រចនាយ៉ាងល្អឆើតតាំងពីគ្រឹះក្រោមរហូតដល់ដំបូលលើ រីឯព្រះវិហារគឺនៅខាងត្បូងឆៀងខាងកើតសាលាឆាន់ ហើយក៏មានក្បួរក្បាច់រចនាមិនចាញ់គ្នាដែរ។ ចូលមកដល់ក្នុងព្រះវិហារយើងសង្កេតឃើញព្រះអង្គជីហមួយយ៉ាងធំ មានភ្នេនប្រមាណជា៤ម៉ែត្រ កសាងអំពីថ្មដាសុទ្ធដែលសាងសង់ឡើងតាំងពីសម័យលង្វែកមកម្លេះ។ នេះជាប្រវត្តិទាក់ទងនឹងវត្តព្រះឥន្ទទេព៖ នៅប្រមាណគ.ស ១៥៦៨ ព្រះបាទបរមិន្ទបរមរាជា បានឡើងសោយរាជបន្តពីព្រះបាទ ចន្ទរាជ ដែលជាបិតា និងស្ថាបនិកក្រុងលង្វែក ហើយទ្រង់លើកអ្នកម្នាង ទេពបុប្ផា ដែលជាកូនរបស់តាដុង និងយាយជ័យ ធ្វើជាអគ្គមហេសី។ ក្នុងសម័យថ្ងៃមួយសម្តេចព្រះមហេសីនឹកព្រះទ័យចង់សាងសង់ព្រះវិហារមួយ ហើយយប់នោះឯងទ្រង់ព្រះសុបិន្តនិមិត្តឃើញថា សម្តេចព្រះ ឥន្ទ្រាធិរាជ ស្តេចយាងចុះមកចង្អុលទីកន្លែងសម្រាប់សាងសង់ព្រះវិហារដែលជាអាគ្នេយ៍រាជវាំង។ លុះព្រឹកឡើង សម្តេចព្រះមហេសីទ្រង់យាងទៅរកមើលទីតាំងទិសអាគ្នេយ៍នៃរាជវាំង ហើយក៏ប្រទះឃើញដែនដីមួយកន្លែងមានពន្លឺភ្លឺផ្លេកដូចផ្លេកបន្ទោរ។ សម្តេចព្រះមហេសីក៏យាងទៅទូលពិតព្រះរាជា និងព្រះមាតាបិតា រួចហើយក៏បានចាត់កេណ្ឌរេហ៍ពល មេជាង កូនជាងសាងសង់ព្រះអារាម ជីកស្រះ រៀបចំរោងអ្នកតាខ្លាងមឿង ចាស់ស្រុក។ រៀបចំសាងអ្វីៗ រួចជាស្រេចហើយ នៅខ្វះឡើយតែថ្មសម្រាប់សាងសង់ព្រះពុទ្ធរូបមួយអង្គក្នុងព្រះវិហារនេះ។ ព្រះរាជាបរមបពិត្រ ក៏បាននាំព្រះជាយា ស្រីស្នំក្រមការ រួមទាំងញាតិវង្ស ព្រាហ្មបរោហិត មន្រ្តីសេនាបតី ទាំងអស់បួងសួងដល់ទេវតាទាំង ៨ទិស អស់រយៈពេល ៣ថ្ងៃ។ លុះរាត្រីយប់នោះក៏មានហេតុអស្ចារ្យកើតឡើង អាណាប្រជានុរាស្រ្តទាំងអស់បានលឺសូរគ្រប់គ្នានូវសម្លេងសូរសព្ទ័តន្រ្តីប្រគុំចេញពីព្រះរាជវាំង ក្នុងខណៈពេលដែលមិនមានការប្រគុំអ្វីទេពីរាជវាំង។ ក្រឡេកមើលទៅលើមេឃព្រះច័ន្ទពេញបូណ៌មីភ្លឺថ្លាត្រចះច្បាស់ក្រឡែតរួមទាំងបាំងឆ័ត្រចេញរស្មី៧ពណ៌ ហើយលើនភាល័យតែងមានពន្លៃភ្លឺផ្លេតដូចភ្លេកបន្ទោរហាក់ដូចក្រុមព្យុះហយាត្រារបស់ទេវតាហោះចាកទេពវិមាន។ លុះពេលព្រលឹមឡើងមនុស្សម្នាផ្អើលឈូឆរ ព្រោះនៅទី បរិវេណអារាមដែលបានសាងសង់ហើយនោះ មានថ្មល្អិតល្អថ្លាយង់ជះចេញពន្លឺបីពណ៌ផ្លេកៗ។ ទាំងអស់គ្នាយល់ថាគឺមកពីហេតុដ៏អស្ចារ្យកាលពីយប់មិញនេះឯង គឺសម្តេចព្រះឥន្ទ្រាធិរាជទ្រង់ជួយឧបត្ថម្ភថ្មទាំងនេះសម្រាប់អារាមមួយនេះ។ ព្រះរាជាទ្រង់បានឲ្យជាងចំណានៗរចនាទាំងនោះឲ្យទៅជាព្រះពុទ្ធរូបអង្គធំគង់សន្ធិតនៅលើព្រះរតនបល្ល័ងក្នុងអារាមនោះទៅ។ លុះកសាងចប់សព្វគ្រប់អស់ហើយ ព្រះរាជាទ្រង់ប្រសិទ្ធិនាមអារាមនោះដោយយកតាមព្រះនាមរបស់ព្រះឥន្ទ្រាធិរាជ និងព្រះរាជអគ្គមហេសី ហៅថា វត្តព្រះឥន្ទទេព តរៀងមក។