វត្តសូភាស

ពីវិគីភីឌា
Jump to navigation Jump to search
វត្តសូភាស.jpg

វត្តសុភារង្សី ហៅវត្តសូភាស ស្ថិតនៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។នៅទីតាំងវត្តនេះគេរកឃើញសិលាចារឹកមួយផ្ទាំងមានចុះលេខសារពើភ័ណ្ឌ K.115 ចារក្នុងស.វ.ទី៧នៃគ.ស.ជាពីរភាសា គឺភាសាសំស្ក្រឹតនិងភាសាខ្មែរបុរាណសម័យមុនអង្គរ។វត្តសូភាសបានសាងសង់នៅលើទីតាំងប្រាសាទឥដ្ឋសម័យមុនអង្គរចំនួន៤ ដែលនៅទីនោះគេរកឃើញសិលាចារឹកមួយផ្ទាំងមានកម្ពស់១ម៉ែត្រ ទទឹង០,៣៣ម៉ែត្រ កម្រាស់០,១១ម៉ែត្រ។ សិលាចារឹកនេះមានចារឹកសង្ខាង ដែលផ្ទៃមុខទី១មានចារឹកអក្សរ១៨បន្ទាត់ មាន៤បន្ទាត់ជាភាសាសំស្ក្រឹត និង១៤បន្ទាត់ទៀតជាភាសាខ្មែរបុរាណ។ នៅផ្ទៃមុខទី២ មានចំនួនពីរឬបីបន្ទាត់ដែលគេមិនអាចអានបាន។ សិលាចារឹកនេះធ្លាប់បានសិក្សាដោយអ្នកប្រាជ្ញបរទេសដូចជាលោក ហ្ស៊ក សឺដែស និងលោក ហ្វី លីពជេន្នើរ។ក្នុងសិលាចារឹកនេះមានចំនួន១៨បន្ទាត់ ចារជាពីរភាសាគឺភាសាសំស្ក្រឹតចំនួន៤បន្ទាត់(បន្ទាត់ទី១-៥)និងភាសាខ្មែរសម័យមុនអង្គរចំនួន១៤បន្ទាត់(បន្ទាត់ទី៥-១៨)។ នៅផ្នែកសំស្ក្រឹតនិយាយអំពីពេលវេលាប្រតិស្ថានលិង្គ គឺនៅបរិច្ឆេទនាឆ្នាំ៥៨៧នៃមហាសករាជ ថ្ងៃទី៩កើត ខែជេស្ឋ ស្ថិតក្នុងសីហរាសី ត្រូវនឹងឆ្នាំ៦៦៥ ថ្ងៃទី២៩ ខែឧសភា ប្រហែលនឹងម៉ោង៩និង១២នាទីព្រឹក។ ក្នុងអត្ថបទភាសាខ្មែរបានបញ្ជាក់ថាលិង្គនោះឈ្មោះស្រីមទាម្រាត និងបានរៀបរាប់ពីតង្វាយជាអ្នកបម្រើប្រាសាទចំនួន៤៩នាក់ ស្រែចំនួន៣។ អ្នកធ្វើតង្វាយចំពោះប្រាសាទនិងព្រះសិវលិង្គនោះគឺក្លោញពៅអញ(វៅអញ៑)និងម្ដាយរបស់បោញនិជ៌ិតសិង្ហ។ តង្វាយទាំងនេះដាក់នៅក្រោមការគ្រប់គ្រងរបស់បោញចន្ទ្រវិន្ទុ។ អ្វីដែលសោកស្ដាយ សិលាចារឹកនេះពុំត្រូវបានរក្សាទុកក្នុងទីតាំងសមរម្យឡើង ពោលគឺទុកហាលវាលដែលនាំឱ្យសិលាចារឹកនេះខូចខាតសឹករេចរិល នៅសល់អក្សរបន្ដិចបន្ដួច ដែលខុសប្លែកពីជំនាន់មុនដែលនៅសល់អក្សរស្ទើរពេញដែលនាំឱ្យអ្នកសិក្សាជំនាន់មុនអាចអាននិងបកប្រែបាន។ សិលាចារឹកនិងវត្ថុសិល្បៈផ្សេងទៀតគឺជាអត្តសញ្ញាណដែលបានបង្ហាញអំពីចំណាស់ភាពរបស់ទីតាំងនោះនិងវប្បធម៌ខ្មែរផងដែរ។ កន្លងមកគេរមែងទទួលស្គាល់ថា វត្តអារាមគឺជាជង្រុកវប្បធម៌។ ប៉ុន្ដែក្រោយមកយើងឃើញថា វត្ថុសិល្បៈ វត្ថុបុរាណជាដើមដែលនៅក្នុងវត្តអារាមមួយចំនួនបែរជាពុំមានការយកចិត្តទុកដាក់ទៅវិញ។ វត្តអារាមខ្លះ ឈូសឆាយទួលប្រាសាទដើម្បីសាងសង់សំណង់ថ្មីជាដើម។ រូបភាពនេះជារូបភាពដែលពុំគួរកើតមានឡើងទាល់តែសោះ។ យើងខ្ញុំព្រះករុណាខ្ញុំសូមសំណូមពរនិងបិណ្ឌបាត្រពីព្រះចៅអធិការនិងគណៈកម្មការវត្តទាំងអស់ មេត្តាថែរក្សានិងស្វែងយល់ពីតម្លៃនៃវត្ថុដ៏មានតម្លៃទាំងនេះ​ដើម្បីឱ្យបរិស័ទនិងប្រជាពលរដ្ឋទូទៅបានស្វែងយល់។ សូមឱ្យទីអារាមក្លាយជាជង្រុកវប្បធម៌ដ៏ពិតប្រាកដ។