វត្ថុបុរាណនៅកម្ពុជា
ខេត្តមួយចំនួន
[កែប្រែ]បើតាមសិលាចារិកថ្មប្រាសាទដែលយើងមាន និងបានរកឃើញរហូតសព្វថ្ងៃ នៅមុនសម័យ និងសម័យអង្គរគេពុំបានឃើញចែងអោយយើងដឹងថា តើសម័យនោះ មាន ភូមិស្រុកណាមួយដែលមានឈ្មោះ បាត់ដំបងនោះទេ ។ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថា ឈ្មោះបាត់ដំបង នេះមានប្រើឬមិនប្រើក្នុងសម័យនោះដែរ ។ ប៉ុន្តែក្នុងសម័យអង្គរនិងក្រោយអង្គរតាមឯកសារមហាជនខ្មែរមាន ប្រើឈ្មោះស្រុកបាត់ដំបង។ ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង ប្រវត្តិសាស្ត្រសរសេរលើសិលាចារិកមិនបានឆ្លើយឲ្យដឹងឡើយ គឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែលខ្មែរ យើងយល់ថាជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុ ដែលនាំអោយយើងហៅឈ្មោះបាត់ដំបងឬអូរដំបង ។ ឯឈ្មោះ ព្រះដំបង គឺស្តេចរាមាទី១បានកំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជា ព្រះដំបង ។
ប្រវត្តិសាស្ត្រ
[កែប្រែ]កាលពីមុនសម័យអង្គរ និងសម័យអង្គរភាគខាងលិច និងភាគពាយ័ព្យនៃ បឹងទន្លេសាបគឺជាដែនដី អមោឃបុរៈនិងជាដែនដី ភិមៈបុរៈ ។ នៅក្នុង សម័យអង្គរដែនដីឬភូមិភាគអមោឃបុរីមានការរីកចំរើនខ្លាំងដោយសារ ដីមានជីរជាតិល្អ អាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបាន ប្រកបដោយទិន្នផលល្អប្រសើរ ។ ប្រជាពលរដ្ឋខ្មែរជំនាន់នោះមករស់នៅភូមិភាគនេះ ច្រើនជាភស្តុតាង បង្ហាញ គឺមានប្រាសាទបុរាណជាច្រើនសន្ឋឹកសន្ឋាប់ក្នុងតំបន់នេះ ។ ប៉ុន្តែប្រាសាទបុរាណទាំងនោះ រលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់ លើកលែងតែប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្ទឹង បន្ទាយទ័យ បន្ទាយឆ្មារ ។ល។ ដែលនាម៉ឺនសព្វមុខមន្ត្រីនិងប្រជារាស្ត្រជំនាន់នោះបានកសាងឡើង សំរាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងទេវៈផ្សេងៗ ខាងព្រហ្មញ្ញសាសនា ឬក៏ដល់ព្រះពុទ្ឋ និងពោធិសត្វផ្សេងៗខាង ពុទ្ឋសាសនា។ នៅសតវត្សរ៍ក្រោយមកទៀត ដែនដីខេត្តបាត់ដំបង ត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចំបាំងរាំងជល់ ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្ស ១៥-១៦-១៧-១៨ ធ្វើអោយជីវភាព រស់នៅរបស់ប្រជាជនបាត់ដំបងជំនាន់នោះធ្លាក់ក្រលំបាកព្រាត់ប្រាស និរាសគ្រួសារទ្រព្យសម្បិត្តផ្ទះសម្បែងគួរអោយខ្លោចផ្សារ។
ត្រាខេត្តបាត់ដំបងក្រោមសម័យគ្រប់គ្រងដោយថៃ
នៅចុងសតវត្សទិ១៨ដល់ដើមសតវត្សទី២០បាត់ដំបងក៏ធ្លាក់នៅក្រោម អំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាងមួយសតវត្សរ៍ ដែលគ្រប់គ្រងដោយអំណាចគ្រួសារ ចៅហ្វាបែនក្រោយមកគេដាក់ឈ្មោះថា " ត្រកូលអភ័យវង្ស "អស់៦តំណរហូតដល់ឆ្នាំ១៩០៧ ។
តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់មកអោយកម្ពុជាវិញ នូវទឹកដីដែលខ្លួនធ្លាប់កាន់ កាប់ជាងមួយសតវត្សរ៍នោះ គឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណនិងចុងកាល់ដោយប្តូរ និងខេត្តត្រាតនិងតំបន់ដាច់សេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។ ប៉ុន្មានខែក្រោយមកព្រះករុណាព្រះបាទស៊ីសុវត្ថិទ្រង់បានចេញព្រះ រាជប្រកាសលេខ៦៦ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ១៩០៧កំណត់ដែនដីបាត់ដំបងត្រូវបែងចែកជា៣ខេត្ត គឺ ខេត្តបាត់ដំបង ខេត្តសៀមរាបនិង ខេត្តសិរីសោភ័ណ ។
នៅឆ្នាំ១៩២៥ ទឹកដីខេត្តបាត់ដំបង ត្រូវបានបែងចែកសារជាថ្មីអោយទៅ ជាខេត្តបាត់ដំបង មានស្រុក២គឺខេត្តបាត់ដំបង ខេត្តសៀមរាប ក្នុងនោះខេត្តបាត់ដំបងមានស្រុក២ គឺស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។ នៅឆ្នាំ១៩៤០ ខេត្តបាត់ដំបងមានស្រុកចំនួន៧ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបុរី ស្រុកទឹកជោរ ស្រុកសិរីសោភ័ណ និងស្រុកបិត្បូង។
នៅខែឧសភាឆ្នាំ១៩៥៣ តំបន់រដ្ឋបាលប៉ោយប៉ែតត្រូវបានបង្កើតឡើងចំណុះស្រុកសិរីសោភ័ណ ។ នៅខែកក្កដាឆ្នាំ១៩៥៧ ស្រុកទឹកជោរត្រូវបានបែងចែកទៅជា២ស្រុកគឺ ស្រុកព្រះនេតព្រះ និង ស្រុកភ្នំស្រុក ។ ស្រុកសិរីសោភ័ណត្រូវបានបែងចែកទៅជា២ស្រុកដែរគឺ ស្រុកសិរីសោភ័ណ និង ស្រុកបន្ទាយឆ្មា។ នៅខែមិនា ឆ្នាំ១៩៦៥ តំបន់រដ្ឋបាលប៉ោយប៉ែតដែលបានបង្កើតនៅឆ្នាំ១៩៥៣ នោះត្រូវបានចាត់ថ្នាក់ជាស្រុកឈ្មោះថា ស្រុកអូរជ្រៅ។ នៅខែកក្កដា ឆ្នាំ ១៩៦៥ ទឹកដីមោងឬស្សីមួយផ្នែកត្រូវបានកាត់ទៅជាតំបន់រដ្ឋបាលគាស់ ក្រឡ ។ នៅខែមិនាឆ្នាំ១៩៦៦ ស្រុកថ្មីមួយទៀតត្រូវបានបង្កើតឡើងគឺស្រុកថ្មពួកមានទីតាំងនៅតាំង នៅថ្មពួក ។ ជាមួយគ្នានេះស្រុកបន្ទាយឆ្មាត្រូវបានដកចេញពីខេត្តបាត់ដំបង ឲ្យចំណុះខេត្តឧត្តមានជ័យវិញដែលជាខេត្តដែលទើបបង្កើតថ្មី ។
នៅដើមសម័យសាធារណរដ្ឋខ្មែរមានស្រុកចំនួន២បានបង្កើតឡើងគឺ ស្រុកបាណន់ និងស្រុកគាស់ឡ ។ សរុបមកដល់ត្រឹមនេះស្រុកបាត់ដំបងមានស្រុកចំនួន៩ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកបាណន់ ស្រុកគាស់ឡ និងតំបន់ រដ្ឋបាលចំនួន២ គឺ តំបន់រដ្ឋបាលបាក់ព្រា និងតំបន់រដ្ឋបាលល្វា ។ ក្នុងរបបវាលពិឃាត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃនៅខេត្តបាត់ដំបងក៏ដូចជា ខេត្តនានាទូទាំងប្រទេសដែរ ប្រជាពលរដ្ឋត្រូវបានជម្លៀសចុះឡើងពិសេសពីតំបន់ទីក្រុងទី ប្រជុំជនទៅកាន់ជនបទនិងតំបន់ព្រៃភ្នំ ។ ខេត្តបាត់ដំបងធ្លាប់ល្បីថាជាជង្រុកស្រូវនៃប្រទេសបានក្លាយទៅ ជាតំបន់ទទួលទារុណកម្មកាប់សំលាប់និងបង្អត់អាហារពេលនោះខេត្តពុំ មានព្រំប្រទល់ច្បាស់លាស់ទេដោយ អង្គការដឹកនាំពេលនោះដាក់ខេត្តបាត់ដំបងទៅក្នុងតំបន់ភូមិភាគ ពាយ័ព្យហើយមានតំបន់១តំបន់៣តំបន់៤ និង តំបន់៥ ។ ខណៈនោះមានឮគេហៅឈ្មោះស្រុកខ្លះដែរដូចជាស្រុកភ្នំសំពៅ ស្រុកបាត់ដំបង-ស្រុកមង្គលបុរី ស្រុកសង្កែ-ស្រុកមោងឬស្សី-ស្រុក៤១-ស្រុក៤២ ។ល។
ខេត្តបាត់ដំបងត្រូវបានរំដោះជាស្ថាពរពីរបបប្រល័យពូជសាសន៍នៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩ ។ ក្បាលម៉ាស៊ីនដឹកនាំមានឈ្មោះថាគណៈកម្មាធិការប្រជាជនបដិវត្តន៍ (ខេត្ត-ស្រុក-ទីរួមខេត្ត-ឃុំ-សង្កាត់) ។ គណៈកម្មាធិការប្រជាជន ឃុំ-សង្កាត់ត្រូវបានជ្រើសរើសដោយការបោះឆ្នោតដំបូងបំផុតនៅ ឆ្នាំ១៩៨៣ ។ ពីឆ្នាំ១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្តបាត់ដំបងមានស្រុកចំនួន៩ទីរួមខេត្តចំនួន១ ។
នៅឆ្នាំ១៩៨៦ ស្រុកថ្មី៣ត្រូវបានបង្កើតបន្ថែមទៀតមានស្រុកបាណន់-ស្រុកបវេលនិង ស្រុកឯកភ្នំ ។ ត្រឹមតំណាក់កាលនេះបាត់ដំបងមាន ១២ស្រុកនិងទីរួមខេត្ត៩គឺស្រុកមោងឬស្សី-ស្រុកសង្កែស្រុកបាណន់- ស្រុកឯកភ្នំ-ស្រុកបាត់ដំបង-ស្រុករតនមណ្ឌស្រុកមង្គលបុរី-ស្រុក សិរិសោភ័ណ ស្រុកព្រះនេតព្រះ-ស្រុកថ្មពួក-ស្រុកភ្នំស្រុក និង ស្រុកបវេល ។
នៅឆ្នាំ១៩៨៨ ស្រុកចំនួន៥គឺស្រុកមង្គលបុរី-ស្រុកថ្មពួក-ស្រុកសិរីសោភ័ណ- ស្រុកព្រះនេតព្រះ និងស្រុកភ្នំស្រុកត្រូវបានកាត់ចេញដើម្បីបង្កើតជាខេត្តថ្មីមួយ ទៀតគឺខេត្តបន្ទាយមានជ័យ ។ ចាប់ពីនោះរហូតដល់ឆ្នាំ១៩៩៣ ខេត្តបាត់ដំបងមានស្រុកចំនួន៧ទីរួមខេត្ត១ និងឃុំចំនួន៥៣និងសង្កាត់ចំនួន១០ ។
ក្រោយមានរដ្ឋធម្មនុញ្ញថ្មីទីរួមខេត្តបាត់ដំបងត្រូវបានប្តូរ ឈ្មោះមកជាស្រុកស្វាយប៉ោវិញ ។ ចំណែកសង្កាត់ទាំង១០ត្រូវបានប្តូរមកជាឃុំដូច្នេះខេត្តបាត់ដំបង មានស្រុកចំនួន៨និងឃុំចំនួន ៤៧ ។
នៅឆ្នាំ១៩៩៨ ក្រោយសមាហរណកម្មកំលាំងកម្ពុជាប្រជាធិបតេយ្យ ខេត្តបាត់ដំបងត្រូវបានកាត់ទឹកដីមួយផ្នែកទៀតដើម្បីបង្កើត ក្រុងប៉ៃលិនហើយស្រុកចំនួន៤ ត្រូវបានបង្កើតថែមមានស្រុកសំឡូត-ស្រុកកំរៀងស្រុកភ្នំព្រឹកនិង ស្រុកសំពៅលូន។ នៅឆ្នាំ២០០០ ទឹកដីស្រុកមោងឬស្សីត្រូវបានរំលែកមួយផ្នែកបង្កើតជាស្រុកគាស់ ក្រឡដែលមាន៦ឃុំ ។ ចំណែកឯស្រុកស្វាយប៉ាត្រូវបានប្តូរឈ្មោះមកជាស្រុកបាត់ដំបងវិញ ។ រីឯស្រុកបាត់ដំបងដែលមានទីតាំងនៅថ្មគោលត្រូវបានប្តូរឈ្មោះជា ស្រុកថ្មគោលវិញ ។
ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្នខេត្តបាត់ដំបងមានស្រុក ចំនួន១៣ ឃុំចំនួន៩៦ និងភូមិចំនួន៧៤១ មានផ្ទៃដី១.១៦២.២០០ហិកតា មានប្រជាជន១៩១-៣១៧គ្រួសារ មនុស្សរាយ៩៨៨-៥១០នាក់ ។[១]
លក្ខណៈភូមិសាស្ត្រ
[កែប្រែ]ខេត្តបាត់ដំបងគឺជាខេត្តដែលមានស្ថេរភាពសន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជិត៣ទសវត្សរ៍។ប៉ុន្តែទោះបីជាយ៉ាងណា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទនៅតែជួបការលំបាកនៅឡើយដោយហេតុថា ការរកចំនូលតាមគ្រួសារនីមួយៗនៅមានកំរិតទាបបើប្រៀបធៀបនឹងប្រទេសជិតខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុដូច្នេះហើយបានជាកន្លងមកថ្មីៗនេះរាជរដ្ឋាភិបាលបានបង្កើតឡើងនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍប្រទេសតាមរយៈការរៀបចំនូវផែនការសេដ្ឋកិច្ច សង្គម ថ្នាក់ជាតិសំរាប់ឆ្នាំ២០០១ ២០០៥ ។ ម៉្យាងទៀតខេត្តបាត់ដំបងគឺជាខេត្តមួយមានវិសាលភាពធំទូលាយនិងមានលក្ខណៈភូមិសាស្ត្រល្អក្នុងកិច្ចការអភិវឌ្ឍន៍។ ខេត្តនេះមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានចំងាយ ២៩១គ.ម ពីទីក្រុងភ្នំពេញ។ មានភូមិសាស្ត្រខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ ខាងកើតជាប់នឹងខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និងខាងលិចជាប់នឹងប្រទេសថៃ។ ខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជាទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវវស្សា និងរដូវប្រាំង។ រដូវវស្សាចាប់ផ្តើមពីខែមិថុនាដល់ខែវិច្ឆិកា ចំនែកឯរដូវប្រាំងពីខែធ្នូ ដល់ខែឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំងមានរហូតដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេហើយអាកាសធាតុមានការប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ ខេត្តបាត់ដំបងគ្របដណ្តប់ដោយផ្ទៃដីចំនួន ១.១៦២.២០០ ហិកតា ដែលក្នុងនោះមាន ៤១៥.២០០ ហិកតាជាដីដែលអាចដាំដំណាំបាន ៣១៥.១០០ ហិកតាជាវាលស្រែ ៤៤៤.២០០ ហិកតាជាដីព្រៃឈើ ហើយនិង ១៤៥.៨០០ ហិកតាជាវាលលិចទឹកនៅជាប់តាមដងទន្លេសាប និងផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០ ហិកតា។