វប្បធម៌ទីក្រុងភូមិជារាងមូល និង ពងក្រពើនៅក្រែក កំពង់ចាម
ភូមិ មូលលេខ ១៥ នៅក្រែក ខេត្តកំពង់ចាម វប្បធម៌ភូមិមូលបានចាប់បដិសនិ្ធឡើងនៅចុងសម័យនព្វសិលា (វប្បធម៌ថ្មរំលីង) ៥០០០-១៥០០ ឆ្នាំមុនគ.ស ។ វប្បធម៌នេះបានបន្ដរហូតដល់សម័យលោហធាតុ (ប្រមាណជា ១៥០០ ឆ្នាំមុនគ.ស) រហូតដល់ដើមស.វទី ១ នៃគ.ស គឺលំនៅដ្ឋានរបស់សហគមន៍ខ្មែរដើមទាំងនោះហើយ ដែលសម័យប្រវតិ្តសាស្ត្របុរី (ទីក្រុង) ធំៗមួយចំនួនត្រូវបានបង្កើតឡើងក្រោមឥទិ្ធពលនៃវប្បធម៌កិ្លង្គ ។ តាមពិតមួយភាគធំនៃភូមិមូលត្រូវបានបោះបង់ចោលដោយសារធម្មជាតិមិន អំណោយផល (ខ្ពង់រាប) ។ ការសិក្សាស្រាវជ្រាវនៃវប្បធម៌ភូមិមូលនៅកម្ពុជាដោយលោកបារីស ម៉ាលើរ៉េ និងការសិក្សាថ្មីៗដោយនិស្សិតនៃមហាវិទ្យាល័យបុរាណ វិទ្យាជំនាន់ទី ៦ បានឱ្យដឹងថា ជនជាតិខ្មែរនាសម័យបុរេប្រវតិ្តសាស្ត្របានបង្កើតនូវស្ថាបត្យកម្ម ផ្ទាល់របស់ខ្លួនដោយប្រើដី និងឈើជាវត្ថុ ធាតុដើមដើម្បីសាងសង់ជាផ្ទះសម្បែងស្រុកភូមិដោយមានកំពែង មូលមានគូទឹកជុំវិញដើម្បីការពារនឹងសត្វសាហាវ ឬកុលសម្ព័ន្ធដទៃ ទៀតនៅពេលកើតសង្គ្រាម ។
ជាទូទៅភូមិ មូលកាលបើយើងមើលពីលើអាកាស យើងឃើញមានរាងមូល ។ ភូមិនេះជាលំនៅដ្ឋានរបស់សហគមន៍ខ្មែរ-បុរាណដែលមានកំពែងដីធម្មជាតិ កំពស់ ១,៨០ ម៉ែត្រហ៊ុមព័ទ្ធជុំវិញ ។
គួរ កត់សម្គាល់ថាមួយចំនួនធំនៃភូមិមូលមានជម្រាលពីទីខ្ពស់សិ្ថតនៅទិស អាគេ្នយ៍ ហើយសំយ៉ុងក្បាលបែរចុះទៅទិសពាយ័ព្យដែលជាច្រកទ្វារចូលភូមិ ។ កន្លែងខ្លះមានទទឹងប្រមាណ ៣-៤ ម៉ែត្រ ។ រីឯជម្រៅពីខ្នងកំពែងទៅបាតគូទឹកខាងក្នុងនៃកំពែងប្រមាណជា ៤ ម៉ែត្រ ។ គេបានដឹងទៀតថាគូទឹកខ្លះមានទំហំប្រមាណពី ២០ ទៅ ២៥ ម៉ែត្រ ជាពិសេសនៅស្ថានីយឡូតិ៍លេខ៦២/៥២ នៅចំការកៅស៊ូក្រែក កំពង់ចាម ។
ការស្រាវជ្រាវ របស់និស្សិតក៏បានឱ្យដឹងទៀតថាក្នុងបរិវេណនៅភូមិមូលមានគូទឹកខ្លះ ព័ទ្ធដីទួលដែលមានអង្កត់ផ្ចិតប្រហែលជា ១៥០ ទៅ ២០០ ម៉ែត្រ ។ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា កំពែងនីមួយៗដែលមានច្រកកាត់ផ្តាច់គឺជាទ្វារចេញចូលភូមិនេះឯង ។ ម្យ៉ាង ទៀតនៅភូមិខ្លះគេបានរកឃើញបង្គោលថ្មនៅចំកណ្តាលភូមិ ជាហេតុនាំឱ្យគេជឿថាបង្គោលនោះទាក់ទងទៅនឹងជំនឿលើអ្នកតាម្ចាស់ ស្រុក ។
នៅ ស្រុកខ្លះនៃខេត្តបន្ទាយមានជ័យប្រពៃណីនេះត្រូវបានគេរក្សាទុក រហូតមកដល់ពេលសព្វថ្ងៃប៉ុន្តែក្រោមរូបភាពនៃបង្គោលល័ក្សមឿង ឬអ្នកតាល័ក្សមឿង ។ ពាក្យ មឿងជាពាក្យសៀមមានន័យថាទីប្រជុំជនក្រុង ។ សូមបញ្ជាក់ថាតំបន់នេះធ្លាប់ត្រូវបានត្រួតត្រាដោយកងទ័ពសៀមក្នុងសម័យ អាណានិគម ។
គេ បានរកឃើញនូវវត្ថុសិល្បៈដូចជាពូថៅ ពន្លាក កងដៃធ្វើអំពីថ្មរំលីង កុលាលភាជន៍ព្រមទាំងវត្ថុធ្វើអំពីសំរឹទ្ធអាចបញ្ជាក់នូវកាលបរិចេ្ឆទ នៃស្ថានីយបុរេប្រវត្តិសាស្ត្រហើយពិតជាបានស្គាល់នូវស្ថាបត្យកម្ម របស់ខ្លួនយ៉ាងពិតប្រាកដទោះបីជាស្ថាបត្យកម្មនោះពុំមែនជាស្ថាបត្យកម្ម ថ្ម ឬឥដ្ឋក៏ដោយ ។
សូមជម្រាបថា ដើម្បីប្រទះឃើញនូវស្ថាបត្យកម្មទាំងនេះគេត្រូវរង់ចាំដល់សម័យឥទិ្ធ ពលវប្បធម៌ឥណ្ឌានាដើមសម័យប្រវត្តិ-សាស្ត្រ ។ក្នុងករណីនេះហើយដែលកំពែងទីក្រុងអង្គរបុរីដែលត្រូវបានសាងសង់លើ លំនៅដ្ឋានបុរេប្រវត្តិសាស្ត្រត្រូវបានស្ថាបនាឡើង ដោយ ២ រយៈកាលខុសគ្នា ។
ក្នុងដំណាក់កាល ទី១ គេឃើញមានកំពែងចាស់ធ្វើអំពីដីធម្មជាតិដែលគេបានលើកឱ្យខ្ពស់ពី ផ្ទៃដីធម្មជាតិដូចសម័យមុនប្រវតិ្ត-សាស្ត្រ ។ ដំណាក់កាលទី ២ ធ្វើអំពីឥដ្ឋធំៗជាកំពែង ។
តាមរយៈ ការវិភាគស្ថានភាពនេះគេអាចសន្និដ្ឋានបានថាវប្បធម៌កិ្លង្គគ្រាន់តែ បានផ្តល់ចំពោះខ្មែរនូវឆន្ទៈថ្មីមួយប្រកបដោយផ្លែផ្កាជា វិជ្ជមានដោយបានពង្រឹងពង្រីកនូវមូលដ្ឋានវប្បម៌ចាស់ ។ តាមពិតវប្បធម៌ក្លិង្គពុំបានជះឥទិ្ធពលទៅលើតំបន់ដែលគ្មានមនុស្ស រស់នៅ ឬក៏ទៅលើសហគមន៍មនុស្សដែលគ្មានវប្បធម៌-អរិយធម៌របស់ខ្លួនផ្ទាល់សោះ នោះឡើយ ។ ផ្ទុយទៅវិញវប្បធម៌ក្លិង្គអាចរីកដុះដាលរហ័ស ដោយសារសមិទ្ធផលសង្គមគ្រប់វិស័យដែលជនជាតិខ្មែរមានមកតាំងពីសម័យ បុរេប្រវត្តិសាស្ត្រផងដែរ ។
យើង ក៏អាចបញ្ជាក់ទៀតថា វប្បធម៌ភូមិមូលនេះលាតសន្ធឹងពីតំបន់ដីក្រហមជប់ មេមត់ ក្រែកនៃខេត្តកំពង់ចាម និងខេត្តសៀម-រាប (ភូមិល្វា ភូមិរើល) បច្ចុប្បន្ន ដល់កម្ពុជាក្រោមឬវៀតណាមខាងត្បូង (តៃនិញ ស៊ុនឡុក) និងប្រទេសថៃបច្ចុប្បន្ន ក្នុងភាគឥសាន ដូចជាខេត្តសុរិន្ទ្រ បុរីរម្យ និងខេត្តយសោថន ដោយឆ្លងកាត់ខេត្តកណ្តាល (វត្តជើងឯក) ជាដើម ។
សូម កត់ត្រាថានៅបណ្តាខេត្តមួយចំនួននៅខ្ពង់រាបនគររាជភូមិមូលទាំងនោះ ដែលតាមពិតមានរាងពងក្រពើ ឬសត្វខ្យងត្រូវបានបន្តជីវិតរហូតដល់សម័យចេនឡា ។
ភូមិ មូលនេះត្រូវផ្សារភ្ជាប់នឹងភូមិព្នងមួយចំនួនដែលសាងសង់មានលក្ខណៈ រាងមូលដូចគ្នាដើម្បីទប់ទល់នឹងសត្រូវជិតឆ្ងាយ ឬសត្វព្រៃពេលយប់ ។ ទាំងនេះឆ្លុះបញ្ចាំងនូវការពិតដែលគេពុំអាចផ្តាច់វប្បធម៌ខ្មែរ ចេញពីខឿនវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្របាន ឡើយ ។ តាមពិតជនជាតិខ្មែរបច្ចុប្បន្នបានតពូជពង្សវង្សត្រកូល និងកេរដំណែលវប្បធម៌ពីបុព្វបុរសសម័យមុនៗដោយឥតប្រកែកបាន ។
អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់គប្បីត្រូវហាមឃាត់គ្រប់ការរុះរើភូមិមូលទាំងនោះ ពីព្រោះលំនៅដ្ឋាននាបុព្វសម័យទាំងនោះជាមរតកវប្បធម៌របស់ជាតិទាំងមូល ។ បើពុំដូច្នោះទេ ជាតិខ្មែរយើងនឹងបាត់បង់នូវស្លាកស្នាមវប្បធម៌របស់ខ្លួនដែលមានតម្លៃ ឥតមានអ្វីអាចប្រៀបផ្ទឹមបានកាលបើទីតាំងបុរាណដ្ឋានទាំងនោះត្រូវគេ បំបាត់ ឬបំផ្លាញចោលដោយប្រការណាមួយ (ម.ត្រាណេ) ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ