វិទ្យាល័យបាក់ទូក

ពីវិគីភីឌា

នៅសម័យសីហនុរវាងឆ្នាំ១៩៥៦ សាលានេះបានបើកជាសាលាបឋមសិក្សាមានឈ្មោះថា សាលាអង្គចន្ទទី១ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៩។ កាលនោះអាគារសិក្សាមានបួនខ្នង​គឺអាគារ ក គ ឃ ច។ នៅសម័យលន់នល់ សាលានេះបានប្តូរឈ្មោះមកជាសាលាបឋមសិក្សាបំពេញវិជ្ជាបាក់ទូកវិញតាមលក្ខណៈឈ្មោះប្រវត្តិសាស្រ្ត​នៃទីតាំងនេះបានសង់អាគារឈើ​មួយ​ចំនួនដែលត្រូវបានខូចខាតអស់ក្នុងរបបប៉ុលពត។ សម័យប៉ុលពតសាលានេះបានក្លាយទៅជាមន្ទីរឃុំឃាំងជនទទួលបានការចោទប្រកាន់ថាក្បថមុន​យកទៅកាត់ទោសនៅគុក​ទួលស្លែង​។ ជាកន្លែងចិញ្ចឹមជ្រូក ពពែ និងជាកន្លែងធ្វើជី។ សម័យនេះអាគារឈើទាំងប៉ុន្មានដែលកសាងក្នុងសម័យលន់នល់ ត្រូវបានរុះរើបំផ្លាញខ្ទេចខ្ទី។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ចាប់ផ្តើមឡើងវិញរៀបចំសាលាឡើងវិញ នៅថ្ងៃទី១៨ ឧសភា ១៩៧៩ ចាប់បើកជា​សាលា​កម្រិត​សិក្សា​ទី១ ឈ្មោះថាសាលាបាក់ទូកទទួលចុះឈ្មោះ​សិស្សចូលចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ១៩៧៩ និងចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ១៩៧៩ ចាប់ទទួលសិស្សកម្រិតសិក្សាថ្មី។ សាលាបានបើកបវេសនកាលជាប្រវត្តិសាស្រ្តទាំងពីរកម្រិត​សិក្សាទី១ និងកម្រិត​សិក្សាទី២ នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៧៩ ក្រោមអធិបតីភាពរបស់សមមិត្តប្រធានហេង សំរិន។ ថ្ងៃទី..........ខែ................ឆ្នាំ១៩៨០ សាលានេះក៏ត្រូវបានប្រកាសជាសាលារួមមួយដែលសមាសភាព និងស្ថាន​ភាពវិវត្តពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់រហូតដល់ឆ្នាំសិក្សា២០១២-២០១៣។