Jump to content

វិធីសាស្រ្តអានអត្ថបទប្រវត្តិសាស្ត្រ

ពីវិគីភីឌា

ការអានប្រវត្តិសាស្ត្រអាចនាំមកនូវការរីករាយ និងផ្តល់ឱ្យអ្នកអាននូវបទពិសោធន៍គួរជាទីពេញចិត្ត ប៉ុន្តែ ចូរយើងសាកល្បងប្រៀបធៀបថា យើងកំពុងទស្សនាទីកន្លែងណាមួយ ដែលមានទេសភាពស្រស់ត្រកាល។

បុព្វកថា

[កែប្រែ]

ដើម្បី បានរីករាយត្រេកត្រអាលនឹងទេសភាពទាំងនោះ ក៏ដូចជាធ្វើឱ្យយើងងាយស្រួលចង់ចាំបទពិសោធន៍ដ៏ល្អ សំរាប់ កែវភ្នែកយើង ជាដំបូង យើងគួរសួរខ្លួនយើងងថា តើយើងកំពុងនៅទីណា? ដូចគ្នានេះដែរ ដើម្បីងាយស្រួលយល់ ពីប្រវត្តិសាស្ត្រពិតណាមួយ យើងត្រូវមានការយល់ដឹងពីប្រធានបទ ដែលគេកំពុងនិយាយ រួមទាំងវិធីសាស្ត្រ ដែល គេប្រើសំរាប់បរិយាយពីហេតុការណ៍នោះ។ ប្រសិនបើអ្នកចាប់ផ្តើមអាន មុនពេលអ្នកយល់ពីលក្ខណៈរបស់អត្តបទ អ្នកអាចនឹងយល់ខុសលើព្រឹត្តិការណ៍ពិតមួយចំនួន ហើយនាំឱ្យទាញសេចក្តីសន្និដ្ឋានខុសដែរ។ ឧទារហណ៍ ពេលខ្លះ អ្នកនិពន្ធប្រើវិធីសាស្ត្រចំអកក្នុងការបង្ហាញហេតុការណ៍ពិតណាមួយ ឬជួនកាលគាត់លើកយកព្រឹត្តិការណ៍ផ្សេង មកប្រៀបធៀប។ ក្នុងករណីនេះ ប្រសិនបើយើងមិនពិនិត្យឱ្យបានច្បាស់ជាមុននោះទេ យើងប្រហែលជាយល់ច្រលំ ថាអ្នកនិពន្ធកំពុងរៀបរាប់អ្វីដែលឆ្ងាយពីប្រធានបទ។ ប្រការល្អយើងគួរស្វែងយល់អំពីអ្នកនិពន្ធ និងគោលបំណង របស់គាត់ក្នុងការសរសេរសៀវភៅនោះ។ បន្ទាប់មកទៀត ចូរយើងអានមាតិកាអត្តបទ ដើម្បីស្វែងយល់នូវគោល គំនិតទូទៅរបស់អ្នកនិពន្ធ និងវិធីសាស្ត្រ ឬបែបបទក្នុងការតាក់តែងសៀវភៅរបស់គាត់។ បន្ទាប់មកទៀត សូម មើលត្រួសៗលើជំពូកនីមួយៗ រួចអានចំណងជើងរង និងក្រឡេកមើលការចង្អុលបង្ហាញនានា និងរូបភាពក្រាហ្វិច ផ្សេងៗ។ ប្រសិនបើអ្នកមានពេល សូមអានជាមុននូវផ្នែកសេចក្តីផ្តើម និងសេចក្តីបញ្ចប់ ឱ្យបានរហ័សមុននឹងចូល ទៅអានអត្តបទពិស្តារ។


ក្រោយពេលអ្នកទទួលបាននូវគោលគំនិតសំខាន់ៗខ្លះ អ្នកនឹងមានការត្រៀមលក្ខណៈជាស្រេចសំរាប់អាន សៀវភៅនោះ។ រហូតមកដល់ពេលនេះ អ្នកមានការយល់ដឹងខ្លះអំពីប្រធានបទនៃសៀវភៅ (ដូចជាថា អ្វីទៅជា ខ្លឹមសារទូទៅរបស់វា?), ជីវប្រវត្តិរបស់អ្នកនិពន្ធ (តើគាត់ជាអ្នកនយោបាយ ឬអ្នកសារពត៌មាន ឬអ្នកប្រវត្តិ សាស្ត្រ ឬជាសាក្សីប្រវត្តិសាស្ត្រ ឬជាអ្នកនិពន្ធប្រលោមលោក? -ល-), ពេលវេលាបោះពុម្ភ (តើវាត្រូវបាន បោះពុម្ភប៉ុន្មានឆ្នាំហើយ ១០០ឆ្នាំ? ឬក៏ជាសៀវភៅថ្មីបំផុតដែលនិយាយពីប្រធានបទនេះ?), របៀបតាក់តែង ឬ និពន្ធ (តើវាត្រូវបានរៀបចំឡើងតាមលំដាប់ពេលវេលា ឬតាមប្រធានបទ?), ហើយអ្វីដែលសំខាន់បំផុត គឺ ខ្លឹមសារសំខាន់ និងសេចក្តីសន្និដ្ឋានរបស់វា។ ខ្លឹមសារសំខាន់នៃសៀវភៅគឺជាផ្នែក ឬចំណុចសំខាន់ៗដែលអ្នក និពន្ធចង់លើកយកបង្ហាញដល់អ្នកអាន។ ឧទាហរណ៍ៈ


- គេលើកថា បញ្ហាភូមិសាស្ត្រនៃប្រទេសអេស្ប៉ាញ គឺជាឧបសគ្គដ៏ធំដែលរារាំងប្រទេសនេះ មិនឱ្យមាន ភាពជោគជ័យក្នុងការធ្វើឧស្សាហូបនីយកម្ម នៅក្នុងសតវត្សទី ១៨ និងសតវត្សទី ១៩។
- គេលើកថា ការទាស់ទែងគ្នាផ្នែកសីលធម៌រវាង លោក J. Robert Oppenheimer និង លោក Edward Teller បានធ្វើឱ្យការអភិវឌ្ឍន៍ផ្នែកគ្រាប់បែកអ៊ីដ្រូសែន។


អ្នកនិពន្ធភាគច្រើនបង្ហាញខ្លឹមសារសំខាន់នៅក្នុងអារម្ភកថា ឬ នៅក្នុងសេចក្តីផ្តើម។ ប្រសិនបើអ្នកយល់ពីចំនុច សំខាន់ដែលអ្នកនិពន្ធចង់បង្ហាញនោះ អ្នកនឹងយល់យ៉ាងច្បាស់អំពីការរៀបចំកិច្ចតែងនិពន្ធ និងសេចក្តីសន្និដ្ឋានរបស់ សៀវភៅនោះ។ អ្នកនិពន្ធនោះនឹងរៀបចំបង្ហាញភស្តុតាង និងទាញសេចក្តីសន្និដ្ឋានដើម្បីគាំទ្រគំនិតសំខាន់។ យ៉ាងណាម៉ិញ ប្រសិនបើខ្លឹមសារសំខាន់មិនត្រូវបានបង្ហាញឡើងឱ្យច្បាស់លាស់ ឬក៏ថា ភស្តុតាងមិនមានលក្ខណៈ គាំទ្រវាទេ សៀវភៅនោះមិនមែនជាសៀវភៅប្រវត៉្តិសាស្ត្រដ៏ល្អនោះទេ ទោះបីជាវាមានព្រឹត្តិការណ៍ពិតយ៉ាងណា ក៏ដោយ។ សមត្ថភាពក្នុងការស្វែងរកឱ្យឃើញនូវចំនុចខ្សោយ និងបរិយាយអំពីវាអាចទទួលបានតាមរយៈការ សិក្សាប្រវត្តិសាស្ត្រ។


ការអានសៀវភៅពុម្ភ

[កែប្រែ]

កិច្ចការទូទៅនៃការសិក្សាប្រវត្តិសាស្ត្រគឺ អានសៀវភៅប្រវត្តិសាស្ត្រផ្សេងៗ។ សិស្សជាច្រើនរំពឹងថានឹង ទទួលបានចំណេះដឹង តែតាមរយៈមេរៀនដែលគ្រូបង្រៀននៅក្នុងថ្នាក់ ហើយព្រងើយកន្តើយមិនស្វែងរកសៀវភៅ អានដោយខ្លួនឯងឡើយ ដោយចាំដល់ថ្ងៃប្រលងបញ្ចប់ជិតមកដល់ទើបពួកគេស្វះស្វែងរកសៀវភៅអាន។ ការ អានសៀវភៅជារៀងរាល់សប្តាហ៍នឹងជួយឱ្យអ្នកមានចំណេះដឹងជាមូលដ្ឋានសំខាន់ៗសំរាប់ស្វែងយល់មេរៀនដែល គ្រូនឹងបង្រៀន។ ទំលាប់ដ៏ល្អនេះក៏អាចផ្តល់ឱ្យអ្នកនូវចំណេះដឹងបន្ថែមផងដែរ។ នៅក្នុងវគ្គសិក្សាភាគច្រើន មេរៀន ត្រូវបានគេបញ្ចោញបញ្ចូលបន្ថែមនូវអត្តបទផ្សេងៗ ហើយគ្រូរបស់អ្នកស្មាន ថាអ្នកមានចំណេះអំពីវាខ្លះដែរ។ ឧបមាថា អ្នកអង្គុយរៀនពីមេរៀន ដែលនិយាយពីទិដ្ឋភាពសេដ្ឋកិច្ចនៃសម័យបដិវត្តន៍អាមេរិក, អ្នកអាចនឹងមាន ការលំបាកឬច្រលំ ប្រសិនបើអ្នកមិនបានអានសៀវភៅបន្ថែមស្តីអំពីទ្រឹស្តីជំនួញ ដែលពួកអាណានិគមន៍តែងតែ មានការព្រួយបារម្ភនោះទេ។


ដូច្នេះ ចូរអានអត្តបទដែលទាក់ទងនឹងមេរៀនដែលត្រូវរៀន។ ប្រសិនបើអ្នកយល់មិនច្បាស់ទេ សូមអាន វាម្តងហើយម្តងទៀត។ ចូរគូសបន្ទាត់ពីក្រោម(ឬគូសពណ៌ចំណាំ)នូវពត៌មានពិតជាក់ស្តែងបំផុត។ សូមគូសបន្ទាត់ ពីក្រោមនូវការទាញសន្និដ្ឋានរួម (generalization) ការបកស្រាយ និងសេចក្តីសន្និដ្ឋាន។ ជាការពិតណាស់ យើង មិនអាចគូសបន្ទាត់ពីក្រោមឃ្លាទាំងអស់បានទេ។ បើដូចនេះ មានន័យថាអ្នកមិនអាចបែងចែកឱ្យដាច់ពីគ្នានូវអ្វី ដែលជាចគំនិតសំខាន់នៃអ្នកនិពន្ធ និងគំនិតបន្ទាប់បន្សំដែលគាត់ប្រើសំរាប់គាំទ្រគំនិតសំខាន់ឡើយ។ បន្ថែមពីលើ ការគូសបន្ទាត់ពីក្រោម ចូរស្វែងរកផ្នែក ឬល្បះដែលអ្នកនិពន្ធនិយាយសង្កត់ន័យ ដើម្បីរកឱ្យឃើញនូវទស្សនៈផ្ទាល់ របស់គាត់ ឬចំនុចដែលអ្នកមិនយល់ស្របតាមគាត់។ សូមសរសេររិះគន់ ឬមតិផ្សេងរបស់អ្នក នឹងសរសេរសេចក្តី សង្ខេបនៃអត្តបទ នៅលើរឹមទំព័រ។


លំហាត់បែបនេះនឹងជួយឱ្យអ្នករំលឹកឡើងវិញនៅមុនពេលអ្នកប្រលង ពោលគឺ អ្នកមិនចាំបាច់រំលឹកអត្តបទទាំងមូលឡើងវិញឡើយ គ្រាន់តែអានសេចក្តីសង្ខេបនេះ ក៏អាចឱ្យអ្នកប្រលងប្រកប ដោយក្តីសង្ឃឹមនិងជោគជ័យផងដែរ។ ម៉្យាងទៀត អ្នកនឹងមានលទ្ធភាពអានសារឡើងវិញនូវឃ្លាសំខាន់ៗ ដែល អ្នកបានគូសបន្ទាត់ពីក្រោម និងការបកស្រាយផ្សេងៗ និយាយរួមគឺ អ្នកអាចយល់ដឹង និងចងចាំនូវខ្លឹមសារនៃ មេរៀនទាំងមូល។ ដោយឡែក បើសិនអ្នកនៅតែមិនទាន់យល់ពីខ្លឹមសារមេរៀនទេ សូមចំនាយពេលអានវាឡើង វិញ បើសិនជាអ្នកចង់បានពិន្ទុច្រើនជាងគេ និងមានពេលគ្រាប់គ្រាន់។


ការអានឯកលេខនា

[កែប្រែ]

កិច្ចការសំខាន់មួយទៀតសំរាប់អំនានគឺ ឯកលេខនា ដែលជាកិច្ចការប្រវត្តិសាស្ត្រជំនាញលើមុខវិជ្ជាពិសេស ណាមួយ។ បន្ថែមពីលើទម្រង់ការដែលត្រូវប្រើប្រាស់ក្នុងការអានសៀវភៅ អ្នកនឹងត្វ្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំង លើខ្លឹមសារសំខាន់ និងទស្សនៈនៃស្នាដៃនេះ។ ស្នាដៃបែបនេះគួរត្រូវបានអានដោយយកចិត្តទុកដាក់ខ្លាំង ព្រោះថា គ្រូរបស់អ្នកនឹងរំពឹងថាអ្នករៀនមិនត្រឹមតែអំពីមុខវិជ្ជាដែលគាត់បង្រៀន ប៉ុន្តែរៀនអំពីសេចក្តីបញ្ជាក់ន័យបន្ថែម និងវិធីសាស្ត្រក្នុងការធ្វើការងារសិក្សា។ ដូច្នេះ អ្នកចាំបាច់ត្រូវតែកំណត់ឱ្យច្បាស់នូវការរំពឹងទុក និងគុណធម៌របស់ អ្នកនិពន្ធ និងត្រូវយល់ពីខ្លឹមសារសំខាន់និងសេចក្តីសន្និដ្ឋាននៅក្នុងសៀវភៅនេះ។


សូមអានអត្តបទបែបនេះ ដើម្បី ក្រេបជញ្ជក់នូវហេតុការណ៍ពិត ហើយអ្វីដែលសំខាន់ជាងនេះ គឺដើម្បីវិភាគ សាកសួរ និងរិះគន់កែលំអ។ ប្រសិនបើ អ្នកមានសៀវភៅមួយក្បាល អ្នកអាចឆ្ងល់ ឬសួរដេញដោល ឬចោទសួរ និងសរសេរមតិរិះគន់នៅរឹមទំព័រ។ ប្រសិនបើវាមិនមែនជាសៀវភៅរបស់អ្នក ឬថាបើសិនអ្នកចង់មានកំណត់ត្រាដ៏មានរបៀបរៀបរយល្អ ចូរសង្ខេប ខ្លឹមសារសំខាន់ៗ និងគោលគំនិតរបស់អ្នកនិពន្ធ ដាក់នៅលើតារាងលិបិក្រម (index) ឬនៅលើកុំព្យួរទ័រ។ ធ្វើដូច្នេះ អ្នកអាចរំលឹកខ្លឹមសារដែលអ្នកបានគូសពីក្រោម ឬនៅក្នុងលិបិក្រម នៅមុនពេលប្រលង។


ការអានបាឋាវលី

[កែប្រែ]

វគ្គសិក្សាខ្លះក៏រួមបញ្ចូលនូវបាឋាវលីផងដែរ។ វាជាប្រភេទនៃកម្រងអត្តបទខ្លីៗ (ដែលដកស្រងចេញពី ស្នាដៃធំៗ ឬពីឯកសារដើម) ដែលសំរាំងអំពីមុខវិទ្យាពិសេសណាមួយ។ រាល់ការផ្តល់យោបល់ទាំងអស់ដែលផ្តោត សំខាន់លើអំនានអត្តបទ និងសៀវភៅប្រវត្តិសាស្ត្រអាចកើតមាននៅក្នុងករណីនេះផងដែរ ប៉ុន្តែ វាទាមទារនូវសមត្ថ ភាពអានខ្ខស់។ រាល់ការដកស្រង់នីមួយៗតែងតែពិភាក្សាពីទិដ្ឋភាពផ្សេងៗ ឬការបកស្រាយជាពិសេសលើមុខវិជ្ជា ណាមួយ។ អ្វីដែលពិបាកជាងនេះ គឺជួនកាលមានភាពចំរូងចំរាស់យ៉ាងច្រើននៅក្នុងអត្តបទសំរាំងនេះ។


គ្រូបង្រៀន រំពឹងថាសិស្សរបស់គាត់អាចវាយតម្លៃលើយោបល់ផ្សេងៗរបស់អ្នកនិពន្ធនិមួយៗ ហើយពេលខ្លះគ្រូសង្ឃឹមថា សិស្ស ឬនិស្សិតអាចប្រកាន់ជឿលើយោបល់ណាមួយ ហើយមានភាពក្លាហាននឹងធ្វើការបកស្រាយពន្យល់ និងពិភាក្សា ជាមួយសិស្សនិស្សិតដែលមានគំនិតផ្សេងទៀត។ ដូច្នេះ អ្នកត្រូវអានបាឋាវលីឱ្យច្បាស់ ដើម្បីវិភាគរាល់ការពិភាក្សា ដេញដោល ដែលត្រូវបានដកស្រង់ចេញពីស្នាដៃផ្សេងៗ ឬដើម្បីប្រៀបធៀបគោលការណ៍ផ្សេងៗនៃមុខវិជ្ជាដូចគ្នា នេះ។ វិធីល្អបំផុតក្នុងការធ្វើកិច្ចការនេះ គឺត្រូវសង្ខេបពីយោបល់ការពារមតិដែលដកស្រង់ចេញពីស្នាដៃនីមួយៗ តាមផ្នែករបស់វា។


ការអានប្រលោមលោកប្រវត្តិសាស្ត្រ

[កែប្រែ]

កិច្ចការសំខាន់មួយទៀត គឺការអានប្រលោមលោកបែបប្រវត្តិសាស្ត្រ ដែលជាកិច្ចការប្រឌិតមួយ ដោយ ផ្អែកលើរឿងរ៉ាវ និងតួអង្គប្រវត្តិសាស្ត្រពិត។ វាមានលក្ខណៈជាខ្សែភាពយន្ត និងមានលក្ខណៈផ្ទាល់ខ្លួន ឬឯកជន ជាងអត្តបទ ឬ ឯកលេខនា និងបរិយាយពីអារម្មណ៍របស់អ្នកដែលឆ្លង់កាត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ។ ការ អានប្រលោមលោកបែបនេះធ្វើឱ្យអ្នកមានអារម្មណ៍ដូចបានឆ្លង់កាត់ និងយល់ពីហេតុការណ៍ប្រវត្តិសាស្ត្រ ដែលវា បានបង្កប់ ប៉ុន្តែ ចួរប្រយ័ត្នកុំចាត់ទុកប្រលោមលោកបែបនេះថាជាការប្រវត្តិសាស្ត្រពិត។


ម៉្យាងវិញទៀត ប្រសិនបើ អ្នកនិពន្ធប្រលោមលោកនោះចេះដឹងប្រវត្តិសាស្ត្រ ឬហេតុការណ៍ក្នុងកំឡុងពេលនោះច្បាស់ គាត់អាចតាក់តែងឱ្យវា មានភាពរស់រវើក ដែលអ្នកប្រាជ្ញប្រវត៉្តិសាស្ត្រពិតអាចនឹងមិនមានសមត្ថភាពធ្វើបាន។


ការមើលផែនទី

[កែប្រែ]

ប្រវត្តិសាស្ត្រជារឿយៗត្រូវបានគេបង្ហាញនៅលើផែនទីផងដែរ។ ទិដ្ឋភាពប្រវត្តិសាស្ត្រ គឺជាធាតុគន្លឹះបំផុត របស់វា។ ឧទាហរណ៍ ៖ ការកើនឡើងជាមហាចក្រភពមួយ ឬធ្លាក់ចុះរបស់ចក្រភពនេះ មូលហេតុនៃសង្គ្រាម ការកើនឡើងនៃទីក្រុង ការអភិវឌ្ឈន៍ផ្លូវពាណិជ្ជកម្ម និងអ្វីៗជាច្រើនទៀត អាចត្រូវបានគេលើកយកមកបង្ហាញលើ ផ្ទាំងផែនទី។ សូមមើល Benjamin Jules R. (2001) “A Student’s Guide to History” 8th edition. ទំព័រទី ២៦-២៧។


ការវិភាគទិន្នន័យស្ថិតិ

[កែប្រែ]

បន្ថែមពីលើផែនទី កិច្ចការងាររបស់អ្នកប្រវត្តិសាស្ត្រ ក៏ពាក់ព័ន្ធផងដែរជាមួយនូវទិន្នន័យស្ថិតិ ដែលត្រូវបាន រៀបចំជា រូបតារាង ក្រាហ្វិច និងតារាងផ្សេងៗ។ ទិន្នន័យទាំងនេះពណ៌នាអំពីចំនួនអ្វីមួយកាលពីអតីតកាល (ដូចជាចំនួន ក៏នាវាចំបាំង ចំនួនមនុស្សស្លាប់ជាដើម ...) ដើម្បីប្រៀបធៀបនឹងចំនួន ឬបរិមាណនៅក្នុងពេលវេលា មួយផ្សេងទៀត។ សូមមើល សូមមើល Benjamin Jules R. (2001) “A Student’s Guide to History” 8th edition. ទំព័រទី ២៧-៣២។


ការបកស្រាយរូបភាព

[កែប្រែ]

សម្ភារៈសោតទស្សន៍ ក៏អាចបង្ហាញនូវពត៌មានប្រវត្តិសាស្ត្រផងដែរ។ យ៉ាងណាម៉ិញ ការប្រមូលគំនូរចាស់ៗ រូបភាពផ្សេងៗ អាចជាការលំបាកហួសពីការស្មានទៅទៀត។ សូមមើល សូមមើល Benjamin Jules R. (2001) “A Student’s Guide to History” 8th edition. ទំព័រទី ៣២-៣៥។

ឯកសារយោង

[កែប្រែ]


ដកស្រង់ពីឯកសារបង្រៀនស្តីពី វិធីសាស្ដ្រស្រាវជ្រាវបែបប្រវត្តិវិទ្យា ដោយ [https://web.archive.org/web/20110722010800/http://www.garudapura.4t.com/ Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន. ថា លាងអាង] [https://web.archive.org/web/20081204005151/http://www.rupp.edu.kh/fssh/history/history.php Archived 2008-12-04 at the វេយប៊ែខ ម៉ាស៊ីន. ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា] សាកលវិទ្យាល័យភូមិន្ទភំពេញ
Benjamin Jules R. (2001) “A Student’s Guide to History” 8th edition.