វិស្ណុបុរាណ
វិស្ណុបុរាណជាគម្ពីរសាសនាហិណ្ឌូមួយនិងជាបុរាណៈមួយនៃបុរាណៈទាំង១៨។ គម្ពីរនេះត្រូវបានចាត់ទុកថាជាបុរាណៈសំខាន់ជាងគេ ហើយត្រូវបានគេដាក់ឈ្មោះថា បុរាណរតនៈ (រតនៈនៃបុរាណៈ)។ គម្ពីរនេះត្រូវបានគេអធិប្បាយក្រោមរូបភាពនៃការសន្ទនារវាងព្រាហ្មណ៍ បរាសរៈ និងកូនសិស្សរបស់គាត់ឈ្មោះ មៃត្រេយៈ ហើយត្រូវបានបែងចែកជា៦ផ្នែក។ ប្រធានបទនៃការសន្ទនាសំខាន់ៗ រួមមានការបង្កើតទេវកថា រឿងសង្គ្រាមរវាងពួកអសុរៈ និង ពួកទេវៈ, បណ្តាអវតាររបស់ព្រះវិស្ណុ និងពង្សាវតារ និងរឿងរបស់ស្តេចល្បីៗក្នុងរឿងព្រេង។ គេបានតំនាលថាគម្ពីរនោះមានពាក្យស្លោក(ពាក្យកាព្យ)ចំនួន២៣ ០០០, ប៉ុន្តែចំនួនពាក្យកាព្យសរុបពិតប្រាកដ មានតិចជាង៧ពាន់ទៅវិញ។ តាមរយៈគ្រប់ឯកសារទាំងអស់ ដែលគេប្រមូលបានមកពីតំបន់ខាងលិចនិងខាងកើតរបស់ប្រទេសឥណ្ឌា បានអោយដឹងថា ចំនួនក្រោយនេះជាការត្រឹមត្រូវ ហើយគ្មានការបាត់បង់ផ្នែកណាមួយនោះទេ។ គេបានសេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់ ដូច្នេះគេចាត់ទុកថាអត្ថបទដែលប្រមូលបានជាអត្ថបទទាំងមូលដោយគ្មានបាត់បង់។ [១]
ផ្ទៃរឿង
[កែប្រែ]គម្ពីរនេះផ្តើមដោយសេចក្តីលំអិតអំពីការបង្កើត នៃយុគៈទាំង៤។ រឿងព្រេងអំពីរុទ្រៈ, ដែលនិយាយអំពី សមុទ្រមថនៈ (ការកូរសមុទ្រទឹកដោះ), រឿងធ្រុវៈ ដែលជាសាវករបស់ព្រះវិស្ណុ និងរឿងរបស់ស្តេចកាលពីព្រេងនាយឈ្មោះ វេនៈ និង ប្ឫឋុ ។
រឿងរបស់កូនចៅជំនាន់ក្រោយរបស់ប្ឫឋុគឺពួកប្រឆេតៈ រឿងដ៏ល្បីរបស់ ហិរន្យកសិបុ និងប្រហ្លទៈ, ការលំអិតអំពីភូមិសាស្ត្រនៃលោកដែលគេស្គាល់ ដោយបានបញ្ជាក់អំពីទឹកដី ជនជាតិ ភ្នំនិងទន្លេកាលពីបុរាណ, គោលការណ៍នៃការកកើតសកលលោក, និង រឿងកំនើតរបស់ជទភរតៈ ត្រូវបានគេយកមកនិយាយក្នុងផ្នែកទីពីរ។
ផ្នែកទីបី និយាយអំពីមន្វន្តរៈ (វដ្តនៃការកកើតនិងរលាយទៅវិញ), បណ្ឌិតវ្យសៈ និង យជ្នវល្ក្យៈ, សុរិយៈ (ព្រះអាទិត្យ), យមៈ (ស្តេចនៃសេចក្តីស្លាប់), សាវក សតឋនុ និងសៃវ្យៈ, វណ្ណៈទាំងបួន (វណ៌ៈ) និង ឆាកទាំងបួននៃជីវិត (អាស្រមៈ) និងសេចក្តីលំអិតធម៌ជាច្រើន។
ផ្នែកទីបួនលំអិតអំពីស្តេចធំៗរបស់ចក្រភពព្រះអាទិត្យនិងព្រះចន្ទរបស់ឥណ្ឌាបុរាណ ហើយក៏បានរាយឈ្មោះស្តេចដែលប្រហែលជាបានសោយរាជ្យក្នុងសម័យកាលី។ បញ្ជីបន្ទាប់មកទៀត រៀបរាប់អំពីឈ្មោះស្តេចក្នុងប្រវត្តិសាស្ត្ររបស់មគធៈ, ដោយមានទាំងស្តេចមកពី សិសុនគៈ នន្ទៈ និង មៅរ្យៈ។
ផ្នែកបន្ទាប់មកទៀត និយាយលំអិតអំពីព្រឹត្តិការណ៍ផ្សេងៗក្នុងជីវិតរបស់ព្រះក្ឫស្ណៈ (ក្រឹស្ណៈ) ដោយចាប់ពីកំនើត កុមារភាព និងមរណភាព ហើយនិងការបំផ្លាញពួកយាទវៈ ។
ផ្នែកទី៦ ដែលជាផ្នែកចុងក្រោយគេ និយាយអំពីយាយីររបស់កាលី, អំពីការបំផ្លាញលោក និងពន្យល់អំពីសារៈសំខាន់របស់បុរាណៈ។
"ស្តេចកាលីយុគ ចូលចិត្តអំពើពុករលួយ និងការលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រជារាស្ត្រខ្លួន។ កម្មសិទ្ធិនិងទ្រព្យសម្បត្តិតែមួយនឹងអាចជួយលើកតំកើងបុណ្យសក្តិបាន; ការបោកប្រាស់ជាមធ្យោបាយតែមួយគត់សំរាប់សំរេចជោគជ័យ។ ការពុករលួយនឹងក្លាយជាមធ្យោបាយសកលសំរាប់រក្សាអំនាចរបស់ខ្លួន។ នៅចុងបញ្ចប់ ដោយមិនអាចគាំទ្រនឹងស្តេចគំរិះរបស់ខ្លួនបាន ប្រជារាស្ត្រស្រុកកាលីយុគ ក៏ភៀសខ្លួនទៅរស់លាក់ខ្លួននៅក្នុងតំបន់ភ្នំ។"