Jump to content

សង្ឃ

ពីវិគីភីឌា

(សំ.),(បា.) (សង់) (ប្រើ​ជា សំឃ ក៏​បាន (អ. ថ. ស័ង-ឃៈ) ពួក; ប្រជុំ; បន; ហ្វូង ។ តាម​លទ្ធិ​ពុទ្ធ​សាសនា​សំដៅ​ចំពោះ​ពួក​ភិក្ខុ​តាំង​ពី ៤ រូប​ឡើង​ទៅ : ជំនុំ​សង្ឃ, របស់​សង្ឃ, អាជ្ញា​សង្ឃ, សង្ឃ​ព្រមពៀង​គ្នា។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សង់ឃៈ, ដូច​ជា : សង្ឃ​កតិកា (--កៈ--) ប្តេជ្ញា​របស់​សង្ឃ ។ សង្ឃ​កម្ម ការ​របស់​សង្ឃ​ដែល​ប្រជុំ​គ្នា​ធ្វើ​ក្នុង​សីមា ។ សង្ឃ​ករណីយ​កិច្ច កិច្ច​ដែល​សង្ឃ​ត្រូវ​ធ្វើ (មាន​ការ​ជួសជុល​សេនាសនៈ​ជាដើម) ។ សង្ឃ​ការី (តាម​ទម្លាប់ អ. ថ. សង់ខ្រី) អ្នក​ធ្វើ​ការ​សង្ឃ; ខ្មែរ​ហៅ​ក្រុម​អ្នក​រាជការ​ក្នុង​ព្រះ​រាជ​វាំង​មួយ​ក្រុម មាន​មុខ​ការ​ខាង​ចាត់​ការ​សង្ឃ​ដែល​ទាក់ទង​ដោយ​កិច្ច មាន​ព្រះ​រាជ​និមន្ត​ជាដើម ។ សង្ឃ​កិច្ច កិច្ច​ការ​ផ្សេង​ៗ​របស់​សង្ឃ ។ សង្ឃ​គត​ទាន (សង់ឃៈគៈតៈ--) ទាន​ដែល​បង្អោន​ទៅ​ចំពោះ​សង្ឃ​គឺ​ទាន​ដែល​ទាយក​ប្រគេន​ចំពោះ​សង្ឃ (ព. ផ្ទ. បុគ្គលិក​ទាន) ។ សង្ឃ​គារវតា (--រៈវៈ--) សេចក្ដី​គោរព​ចំពោះ​សង្ឃ ។ សង្ឃ​គុណ គុណ​ព្រះ​សង្ឃ គឺ​វត្ត​ប្រតិបត្តិ​ឬ​សណ្ដាប់ធ្នាប់​ល្អ​វិសេស​របស់​ព្រះ​អរិយ​សង្ឃ ។ សង្ឃ​ដីកា ដីកា​របស់​សង្ឃ; ដីកា របស់​ភិក្ខុ​ដែល​ចេញ​ជា​ផ្លូវ​រាជការ; សំបុត្រ​សម្រាប់​សាមណេរ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​កាន់​ជា​សម្គាល់​ខ្លួន ទុក​ដូច​ជា​សំបុត្រ​ឆាយា​សម្រាប់​ភិក្ខុ (ប្រើ​តាម​សម័យ​និយម​របស់​ប្រទេស) ។ សង្ឃត្ថេរ ឬ--រៈ ភិក្ខុ​ដែល​ជា​ថេរៈ​ក្នុង​ជំនុំ​សង្ឃ ។ សង្ឃ​ទាន ទាន​ដែល​ទាយក​ប្រគេន​ចំពោះ​សង្ឃ (ព. ផ្ទ. បុគ្គលិក​ទាន) ។ សង្ឃ​ទាសៈ ឬ សង្ឃ​ទាសី បុរស​ឬ​ស្ត្រី​ដោយ​ប្តេជ្ញា​ប្រគល់​ខ្លួន​ជា​អ្នក​ធ្វើ​ការ​បម្រើ​សង្ឃ​ហាក់​ដូច​ជា​ទាសៈ​ឬ​ទាសី ។ សង្ឃ​ទូត បម្រើ​របស់​សង្ឃ, តំណាង​សង្ឃ ។ សង្ឃ​នវក (--នៈវៈកៈ ឬ--នៈវក់) ភិក្ខុ​ថ្មី​ក្នុង​សង្ឃ គឺ​ភិក្ខុ​ដែល​ទើប​នឹង​បួស​ថ្មី​ក្នុង​ជំនុំ​សង្ឃ​មួយ​ពួក​ៗ ។ សង្ឃ​នាយក (--យក់) មហា​ថេរ​ដែល​ជា​អ្នក​ដឹក​នាំ​សង្ឃ គឺ​ព្រះ​ថេរៈ​ធំ​ដែល​ជា​អ្នក​ត្រួតត្រា​លើ​សង្ឃ​ទួទៅ​ក្នុង​រដ្ឋ​មួយ​ៗ ។ សង្ឃ​បញ្ជា ពាក្យ​បង្គាប់​ឬ​ពាក្យ​ផ្តាំ​ផ្ញើ​របស់​សង្ឃ ។ សង្ឃ​បរិនាយក (--ប៉ៈរ៉ិនាយក) ព្រះ​ថេរៈ​ដែល​ជា​អ្នក​ត្រួតត្រា​លើ​សង្ឃ​មួយ​ពួក​ៗ ។ សង្ឃ​បរិភោគ ការ​ប្រើ​ប្រាស់​របស់​ក្នុង​អំណាច​សង្ឃ (ព. ផ្ទ. បុគ្គល​បរិភោគ) ។ សង្ឃ​បាមោក្ខ (-ប៉ា-ម៉ោក) ព្រះ​ថេរៈ​ដែល​ជា​ប្រធាន​ឬ​ជា​មេ​របស់​សង្ឃ, មេ​ក្រុម​ក្នុង​វត្ត​មួយ​ៗ ឬ​មេ​គណ​ក្នុង​ខែត្រ​មួយ​ៗ ។ សង្ឃ​បិតា ព្រះ​មហា​ថេរ​ដែល​ទុក​ដូច​ជា​បិតា​របស់​សង្ឃ ។ សង្ឃ​បូជា បូជា​ចំពោះ​សង្ឃ ។ ព្រះ​សង្ឃ​ប្រកាស ឬ ព្រះ​សង្ឃ​រាជ​ប្រកាស សេចក្ដី​ប្រកាស​របស់​សម្ដេច​ព្រះ​សង្ឃ​នាយក ឬ​សេចក្ដី​ប្រកាស​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ។ សង្ឃ​ប្រណាម ការ​បង្អោន​កាយ​វាចា​ចិត្ត​ថ្វាយ​បង្គំ​ចំពោះ​សង្ឃ​គុណ ។ សង្ឃ​ភត្ត ភត្ត​ដែល​ទាយក​ប្រគេន​សំពោះ​សង្ឃ ។ សង្ឃ​ភេទ ការ​បំបែក​សង្ឃ (ដោយ​ពេញ​តាម​លក្ខណៈ​វិន័យ) ។ សង្ឃ​ភេទកៈ ភិក្ខុ​អ្នក​បំបែក​សង្ឃ ។ សង្ឃ​មណ្ឌល ជំនុំ​សង្ឃ; ភិក្ខុ​សង្ឃ​ក្នុង​ប្រទេស​ឬ​ដែន​នីមួយ ។ សង្ឃ​មាមកៈ អ្នក​រាប់​អាន​សង្ឃ​ថា​ជា​របស់​ខ្លួន (អ្នក​ប្តេជ្ញា​យក​សង្ឃ​រតនៈ ជា​សរណៈ); បើ​ស្ត្រី​ជា សង្ឃ​មាមិកា ។ សង្ឃ​រតនៈ ឬ សង្ឃ​រ័ត្ន រតនៈ គឺ​សង្ឃ, សង្ឃ​ដែល​ទុក​ដូច​ជា​រតនៈ ។ សង្ឃ​រាជ ឬ សង្ឃ​រាជា សម្ដេច​សង្ឃ ។ សង្ឃ​រាជី ការ​ប្រេះឆា​របស់​សង្ឃ, ដំណើរ​មោះមៃ​របស់​សង្ឃ ។ សង្ឃ​វង្ស វង្ស​របស់​សង្ឃ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​សមណ​ស័ក្ដិ​ទី​បាឡាត់​ខាង​ស្ដាំ ជា​ឋានានុក្រម​សម្រាប់​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ : ព្រះ​បាឡាត់​សង្ឃ​វង្ស ជា​គូ​គ្នា​នឹង ព្រះ​បាឡាត់​សង្ឃ​រក្ខ (បាឡាត់​ខាង​ឆ្វេង) ។ សង្ឃ​សម្មតិ (--ស័ម-ម៉ៈតិ) សន្មតិ​របស់​សង្ឃ ។ សង្ឃ​សាមគ្គី សេចក្ដី​ព្រម​ព្រៀង​ឬ​ស្រុះស្រួល​របស់​សង្ឃ; សេចក្ដី​ព្រម​ព្រៀង​របស់​ពួក​ក្រុម ។ សង្ឃាណត្តិ (បា. < សង្ឃ + អាណត្តិ) សេចក្ដី​បង្គាប់​ឬ​ពាក្យ​ផ្តាំផ្ញើ​របស់​សង្ឃ ។ សង្ឃានុស្សតិ (បា. < សង្ឃ + អនុស្សតិ) សេចក្ដី​រឭក​ដល់​សង្ឃ​គុណ ។ សង្ឃុបដ្ឋាក (សង់-ឃុបុ័ត-ឋាក; បា. < សង្ឃ + ឧបដ្ឋាក) អ្នក​បម្រើ​ឬ​ទំនុក​បម្រុង​សង្ឃ; បើ​ស្ត្រី​ជា សង្ឃុបដ្ឋាយិកា (បា. < សង្ឃ + ឧបដ្ឋាយិកា) ។ល។