Jump to content

សត្វករវិក

ពីវិគីភីឌា

តាមគម្ពីរមហាវង្សពង្សាវតារលង្កាទ្វីប គឺរឿងព្រះបាទធម្មាសោក ឬ អសោករាជ្យដែលជាស្ដេចមានអំណាចផ្សាយទៅលើអាកាសមួយយោជន៍ និងទៅក្រោមមួយយោជន៍ អានិសង្សនេះកើតឡើងដោយគាត់បានបំពេញនូវទានទឹកឃ្មុំ កាលពីជាតិមុនជាមួយនឹងព្រះបច្ចេកពុទ្ធមួយអង្គ ដែលគាត់ក្នុងជាតិនោះជាឈ្មួញលក់ទឹកឃ្មុំ។ អ្នកដែលបានជួយចង្អុល បង្ហាញផ្ទះអ្នកលក់ទឹកឃ្មុំគឺនាងកុម្ភៈទាសីជាស្រីកណ្ដៀតក្អមដងទឹកដោយនាងបានធ្វើទានសំពត់រុំដំបៅជាមួយនឹងព្រះបច្ចេកពុទ្ធអង្គនោះដែលមកបិណ្ឌបាតទឹកឃ្មុំដោយនាងបានជួយចង្អុលផ្លូវ ប្រាប់ទីបំផុតនាងកុម្ភៈទាសីបានមកជាមហេសីព្រះបាទធម្មាសោកនេះមានឈ្មោះថានាងអសន្ធិមិត្តា។ ព្រះនាងអសន្ធិមិត្តានេះហើយបានសួរទៅព្រះភិក្ខុសង្ឃដែលជាព្រះអរហន្ដថា តើសម្លេងព្រះសម្មាសម្ពុទ្ធពីរោះយ៉ាងណាទៅ? ហើយសម័យនេះមានអ្វីមកប្រៀបធៀបអោយប្រហាក់ប្រហែលនឹងសម្លេងព្រះអង្គបាន?

ព្រះភិក្ខុសង្ឃមានថេរៈដីកាថា មានសត្វករវិកមានសម្លេងប្រហាក់ប្រហែលនិងសម្លេងព្រះសម្មាសម្ពុទ្ធ។ ដោយហេតុចង់ស្ដាប់សម្លេងសត្វនោះ ព្រះនាងអសន្ធិមិត្តាបានអង្វរស្វាមីជួយរកសត្វនោះ មកអោយខ្លួនព្រះបាទធម្មាសោកបានប្រើសេនាយក្សដែលនៅក្រោមអំណាចរបស់ព្រះអង្គអោយទៅចាប់សត្វនោះមកថ្វាយ។ ពេលបានសត្វនោះមកហើយវាពុំព្រមរងាវសោះ ព្រោះគ្មានគូ ទើបគេយកកញ្ចក់ទៅដាក់អោយឃើញរូបវាម្ខាងទៀតទើបវារងាវ។ ពេលដែលសត្វករវិករងាវ ព្រះឃោសាចារ្យបានពន្យល់ថាសត្វកំពុងហើរលើមេឃត្រូវឈប់សំកាំងខ្លួនដើម្បីស្ដាប់នូវសូរសព្ទដ៏ពីរោះ របស់សត្វនេះ សត្វត្រីនៅក្នុងទឹកដែលងើបមកដកដង្ហើមត្រូវសំកាំងនៅលើទឹកចាំស្ដាប់សម្លេងសត្វនោះសិន រីឯសត្វម្រឹគដែលខ្លា កំពុងដេញក៏ឈប់ស្ងៀមចាំស្ដាប់សម្លេងសត្វនោះដោយពុំគិតពីមរណៈភ័យ រីឯសត្វខ្លាវិញដែលកំពុងដេញម្រឹគនោះក៏ឈប់ស្ងៀមចោលចំណីចាំស្ដាប់សត្វនោះរងាវអោយចប់សិន។

អនុភាពនៃសំឡេងពីរោះរបស់សត្វករវិកក្នុងពេលនោះបានធ្វើអោយព្រះនាងអសន្ធិមិត្តាបាននូវអមតធម៌ (សោតាបត្តិផល) ដោយព្រះនាងបានពិចារណាតាមហេតុបច្ច័យនៃធម៌ថាសភាធម៌ទាំងឡាយកើតមានព្រោះមានហេតុនិងបច្ច័យពុំមានបុគ្គលណាមួយអាចធ្វើអោយកើតឡើងដោយខ្វះហេតុនោះឡើយ ដូចជាសំឡេងពីរោះរបស់សត្វករវិកនេះជាដើម។

[១] Archived 2016-06-30 at the វេយប៊ែខ ម៉ាស៊ីន. សត្វករវិក

រៀបរៀងដោយ សុខគឹមហេង ២៩ មករា ២០១១ (ដកស្រង់ចេញពីទំព័រទី៧ នៃអត្ថបទអាថ៌កំបាំងមាតាមហានគរភាគ៣ របស់លោកអ៊ំ គៀត ចាន់ថុន)