សទ្ធាក្នុងព្រះពុទ្ធសាសនា
ពាក្យថាសទ្ធាមានន័យច្រើនយ៉ាងអាស្រ័យទៅលើលទ្ធិសាសនានីមួយៗ ។ សទ្ធាក្នុងព្រះពុទ្ធសាសនាមានន័យថា ជំនឿដែលអាស្រ័យដោយការប្រើបញ្ញាពិចារណា រួចទើបជឿ ។ ព្រះពុទ្ធត្រាស់ថា ៖ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកចូលមកស្តាប់តថាគតហើយពិចារណា រួចហើយប្រតិបត្តិឲ្យឃើញលទ្ធផល សឹមអ្នកទាំងឡាយជឿចុះ ។ អ្នកទាំងឡាយត្រូវយកបញ្ញាមករិះគិតឲ្យបានសព្វគ្រប់ចំពោះពាក្យដែលអ្នកទាំងអស់គ្នាបានស្តាប់បានលឺពីសំណាក់បុគ្គលណាម្នាក់ ។ ប្រសិនបើអ្នកទាំងឡាយចេះតែជឿដោយគ្មានការពិចារណា នោះលទ្ធផលនៃការជឿរបស់អ្នកនឹងទៅជាអាសារឥតការ ។ ការដែលអ្នកទាំងឡាយជឿខុសនឹងនាំមកនូវការយល់ខុសការយល់ខុស នឹងនាំមកនូវការពិចារណាត្រិះរិះគិតក៏ខុសផងដែរ ។ ការត្រិះរិះខុសនឹងនាំមកនូវការនិយាយខុស ការនិយាយខុសនឹងនាំមកនូវការធ្វើក៏ខុសដែរ ។ ការចិញ្ចឹមជីវិតក៏ខុស ការព្យាយាមក៏ខុស ការតាំងចិត្តក៏ខុសការធ្វើសមាធិក៏ខុស រហូតដល់ការប្រឹងប្រែរបស់អ្នកទាំងឡាយក៏ដល់នូវការខាតបង់ពេលវេលា និងធនធានទៀតផង ។ សទ្ធាក្នុងព្រះពុទ្ធសាសនាមានន័យថា ការជឿទៅលើហេតុផលដែលសមរម្យ មានតឹកតាងច្បាស់លាស់ មិនលាក់លៀមបន្លំផ្សំ និងការបោកប្រាស់ ។
តើសទ្ធានៅក្នុងព្រះពុទ្ធសាសនាត្រូវមានលក្ខណៈសម្គាល់យ៉ាងណាខ្លះ ? សទ្ធាក្នុងព្រះពុទ្ធសាសនាមានលក្ខណៈ ៤ យ៉ាង គឺ ៖
១. កម្មសទ្ធា គឺការជឿទៅលើទង្វើសព្វយ៉ាងរបស់ខ្លួនឯង ទាំងខាងផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត ។ ទោះជាកម្មធ្វើនៅទីកំបាំង ឬទីវាលក៏ដោយ ប៉ុន្តែកម្មទាំងនោះវាចូលទៅជ្រកក្នុងមនោវិញ្ញាណរបស់យើង ហើយអាស្រ័យនៅក្នុងខួរក្បាលយើងរហូតដល់អសង្ខ័យជាតិ មិនបាត់បង់ទៅណា តាមរូបរាង្គកាយយើងឡើយ ។ នៅពេលមានឱកាស កម្មនោះចេញមកឲ្យផលតាមសមគួរ និងទង្វើររបស់ខ្លួន ដោយគ្មាននរណាម្នាក់ប្រគល់ឲ្យឡើយ ។
២. វិបាកសទ្ធា គឺការជឿទៅលើលទ្ថផលដែលយើងទទួលបានទោះជាអាក្រក់ល្អមានក្រខ្វះខាតក៏យើងមិនមានអាក់អន់ស្រពន់ចិត្តអ្វីចំពោះអ្នកណាដែរមានឪពុកម្តាយ ឬក៏អាទិទេពណាមួយនោះទេ អ្វីៗគឺកើតមានកំណើតអំពីខ្លួនឯងទាំងអស់ មានតែការខំព្យាយាមបំពេញការងារ រៀនសូត្រ និងសេចក្តីល្អ ដើម្បីកែច្នៃ និងត្រួសត្រាយផ្លូវទៅរកសេចក្តីល្អ ។
៣. កម្មសកតាសទ្ធា គឺកម្មជារបស់ខ្លួនគ្មាននរណាចែក ឬផ្តល់ឲ្យនោះទេ គឺថាខ្លួនយើងជាអ្នកធ្វើ គឺខ្លួនយើងអ្នកទទួល ។ មាតាបិតាគ្រាន់តែបានផ្តល់ឲ្យយើងបានត្រឹមតែរូបកាយ ប៉ុន្តែចិត្ត វិញ្ញាណ វាសនា កម្មផ្សេងៗគឺជាកំណប់ព្រេងដែលយើងបានសន្សំទុកអស់កាលដ៏យូរមកហើយបូកផ្សំ និងបច្ចុប្បន្នកម្មរបស់យើងផង រួមបញ្ចូលគ្នាចេញជាលទ្ធផលឲ្យយើងឃើញក្នុងពេលឥឡូវនេះ ។
៤. តថាគតពោធិសទ្ធា គឺការជឿលើការត្រាស់ដឹងរបស់ព្រះពុទ្ធថាជាបុគ្គលឯក ជាបរមគ្រូក្នុងលោក រកបុគ្គលណាមួយមកប្រៀបពុំបាន ។
ដោយសារព្រះអង្គទ្រង់ត្រាស់សំដែងនូវមគ្គបដិបទាជាផ្លូវឆ្លងចាកលោកទាំង ៣ គឺ កាមលោក (លោកដែលជោគជាំទៅដោយកាមគុណទាំង ៦ មានរូប សម្លេង ក្លិន រស ផោតព្វ និង ធម្មារម្មណ៍) រូបលោក (លោកដែលជាប់ជំពាក់ដោយរូបមានព្រហ្មលោកជាដើម) អរូបលោក (សភាព ឬទីស្ថានដែលមិនមានរូប សំដៅដល់មនោគតិដែលត្រាច់រង្គត់រកទីជំរកគ្មាន អរូបព្រហ្ម) ។ ព្រះពុទ្ធបានរកឃើញផ្លូវដ៏ប្រសើរឆ្ពោះទៅដល់ការអស់ទៅនូវកងកិលេសាសវកសព្វបែបយ៉ាងចំពោះព្រះអង្គ ហើយសំដែងនូវមគ្គធម៌ទាំងធ្វើឲ្យសត្វលោកមួយភាគធំបានរួចចាកទុក្ខ និងមួយភាគធំទៀតកំពុងព្យាយាមតាមមាគ៌ារបស់ព្រះអង្គហើយ និងបានរួចចាកទុក្ខក្នុងពេលបច្ចុប្បន្ន និងអនាគត ។ អ្នកប្រាជ្ញពិភពលោកមួយចំនួនធំកំពុងតែស្រាវជ្រាវរាវរក និងដកពិសោធន៍ចំពោះពុទ្ធដីកា ដែលជាបរមពុទ្ធោវាទដ៏មានអត្ថន័យខ្លឹមសារជាលក្ខណៈវិទ្យាសាស្រ្តនិយម និងអត្ថដល់សត្វលោកក្នុងពេលបច្ចុប្បន្ន និងទៅអនាគតយ៉ាងមានប្រសិទ្ធិភាពបំផុតសម្រាប់សន្តិភាព និងស្ថិរភាពក្នុងពិភពលោកទាំងមូល ។