សម័យឈុនឈិវចាន់កួ
សម័យឈុនឈិវចាន់កួ (៧៧១ ឆ្នាំមុនគ.ស - ២២១ ឆ្នាំមុនគ.ស)
“ការដណ្ដើមអំណាចដើម្បីឲ្យបានតំណែងធំនៅចុងយួននោះ ចាប់ផ្ដើមពី ឈីហួនកុងស្ដេចនគរឈីប្រគល់ឲ្យសេនាបតីកួនចុង កែសម្រួលប្រព័ន្ធការគ្រប់គ្រងផ្ទៃក្នុង ធ្វើឲ្យនគរឈីកាន់តែរឹងមាំឡើង ថែមទាំងធ្វើកុលសនយោបាយឲ្យ “ថែរក្សាចូវ បង្ក្រាបអ៊ី” ពោលគឺថែរក្សារាជសំណាក់ចូវនិងរួមដៃបង្ក្រាបកុលសម្ព័ន្ធក្រៅតំបន់ចុងយួន”។
ក្នុងសម័យរាជវង្សចូវខាងលិច ស្ដេចត្រូវរក្សាមូលដ្ឋានអំណាចគ្រប់គ្រងរបស់ខ្លួនដោយមានតំណែងជា “ម្ចាស់នៃមេឃ” ដែលជាអំណាចកំពូល ថែមទាំងអាចហាមមិនឲ្យបណ្ដាស្ដេចនៃនគរផ្សេងៗ ទៀតរួមដៃឬច្បាំងគ្នា។ ពេលចូវភិងវ៉ាំង ប្ដូររាជធានីទៅភាគខាងកើត (ចាត់ទុកជាដំណាក់កាលចុងក្រោយនៃរាជវង្សចូវខាងលិចនិងចាប់ផ្ដើមឈានចូលសម័យរាជវង្សចូវខាងកើត) រាជសំណាក់ចូវក៏ចាប់ផ្ដើមធ្លាក់ចុះ ទើបមិនមានអំណាចគ្រប់គ្រងលើនគរផ្សេងៗ ដូចមុនទៀត ធ្វើឲ្យកើតជាសភាវសុញ្ញាកាសផ្នែកនយោបាយនៅតំបន់នេះ។
ក្នុងពេលជាមួយគ្នា កុលសម្ព័ន្ធម៉ាន អ៊ី និងរុងទី ដែលនៅតំបន់រណបតាមជាដែន ដែលបានទទួលឥទ្ធិពលវប្បធម៌ពីដែនដីចុងយួន (ដែនដីតំបន់ទំនាបកណ្ដាលរបស់ចិន) ថែមទាំងមានការផ្សំពូជរវាងកុលសម្ព័ន្ធ ធ្វើឲ្យកុលសម្ព័ន្ធនេះរីកច្រើនជាលំដាប់នាពេលក្រោយមកទៀត។ ក្នុងពេលដែលបណ្ដានគរផ្សេងៗ ក្នុងតំបន់ចុងយួនមានលក្ខខណ្ឌនៃភាពរីកចម្រើនឈានឡើងដែលមិនអាចធៀបស្មើបាន មានខ្លះរឹងមាំ ខ្លះទន់ខ្សោយ ដូច្នេះ ទើបទូទាំងភូមិភាគនេះកើតបណ្ដុំអំណាចរវាងនគរនិងនគរ មានទាំងការចងសម្ព័ន្ធមេត្រីនិងការដណ្ដើមអំណាចគ្នាធ្វើធំ។ ដូច្នេះហើយទើបបានជាក្នុងសម័យរាជវង្សចូវខាងកើតក្លាយជាយុគសម័យដែលមានការប្រែប្រួលនយោបាយយ៉ាងលឿន តែក៏ជាបច្ច័យមួយក្នុងការបង្រួបង្រួមប្រទេសចិននាពេលអនាគត។
ចូវភិងវ៉ាំងពេលប្ដូររាជធានីទៅឯភាគខាងកើត ដែនដីភាគខាងលិចក៏ក្លាយជានគរឈិន គ្របដណ្ដប់លើទឹកដីរបស់កុលសម្ព័ន្ធរុង និងដែនដីជុំវិញ ក្លាយជានគរដែលរឹងមាំនាភាគខាងលិច។ ចំពោះនគរជិន បច្ចុប្បន្ននៅខេត្ដសានស៊ី។ ចំណែកនគរឈូ និងលូ នៅក្នុងខេត្ដសានទុង។ នគរឈូ នៅខេត្ដហ៊ូប៉ិយ។ ចំពោះប៉េកាំងនិងដែនដីភាគខាងជើងនៃខេត្ដហឺប៉ិយបច្ចុប្បន្នជានគរអៀន។ ក្រៅពីនេះភាគខាងត្បូងនៃទន្លេឆាងចៀងឬយ៉ង់សេកើតជានគរផ្សេងៗ ជាច្រើន មានជាអាទិ នគរអ៊ូ នគរយេវ ជាដើម សុទ្ធតែកើតពីការរួបរួមនគរតូចៗ ដែលនៅជុំវិញតំបន់ជាយដែនរបស់ខ្លួន រហូតមានកម្លាំងកាន់តែរឹងមាំឡើង។ ដូច្នេះហើយក្នុងប្រវត្ដិសាស្ដ្រនៃកំឡុងពេលខាងលើ បានក្លាយជាសមរភូមិបង្ហូរឈាម ដណ្ដើមអំណាចរវាងស្ដេចនៃនគរទាំងអស់នេះ។
ការដណ្ដើមអំណាចដើម្បីឲ្យបានតំណែងស្ដេចក្នុងតំបន់ចុងយួននេះ ចាប់ផ្ដើមពី ឈីហួនកុងស្ដេចនគរឈីប្រគល់ឲ្យសេនាបតីឈ្មោះកួនចុង កែសម្រួលប្រព័ន្ធការគ្រប់គ្រងផ្ទៃក្នុង ធ្វើឲ្យនគរឈីកាន់តែរឹងមាំឡើង ថែមទាំងធ្វើកុលសនយោបាយឲ្យ “ថែរក្សាចូវ បង្ក្រាបអ៊ី” ពោលគឺថែរក្សារាជសំណាក់ចូវនិងរួមដៃបង្ក្រាបកុលសម្ព័ន្ធក្រៅតំបន់ចុងយួន មានជាអាទិរួមដៃជាមួយនគរអៀនបង្ក្រាបកុលសម្ព័ន្ធរុង ឬរួមដៃជាមួយនគរផ្សេងៗ បង្អាក់ការរុករានរបស់កុលសម្ព័ន្ធទី ជាដើម។
ក្រៅពីនេះ ក្នុងឆ្នាំ ៦៥៦ មុនគ.ស នគរឈីបានរួមដៃជាមួយនគរលូ សុង ចឺង ឆឺន វ៉ើយ ស៊្វី និងឆៅ លើកទ័ពបង្រ្កាបនគរឈូ ដើម្បីទាមទារសួយសាអាករឲ្យទៅរាជសំណាក់ចូវ ដើមឡើយនគរឈូមានកម្លាំងរឹងមាំ តែពេលត្រូវប្រឈមមុខជាមួយសង្គ្រាមពីមួយឆ្នាំទៅមួយឆ្នាំ ថែមទាំងក្អេងក្អាងប្រឆាំងនឹងឈីហួនកុង ទើបបានត្រឹមតែព្រមធ្វើសន្ធិសញ្ញាស្ងប់សឹក។ ក្រោយពីនោះ ឈីហួនកុងបានកោះប្រជុំបណ្ដាស្ដេចនៃនគរផ្សេងៗ ច្រើនដងទៀត។ រាជសំណាក់ចូវក៏បញ្ជូនបេសកជនចូលរួមប្រជុំដែរ កាន់តែជាការបន្ថែមអំណាចបារមីឲ្យដល់ឈីហួនកុងក្លាយជាមេធំក្នុងតំបន់ចុងយួន។
ពេលនគរឈីបានឡើងធំក្នុងតំបន់ចុងយួន នគរឈូដែលបានត្រឹមតែពង្រីកអំណាចចុះទៅភាគខាងត្បូង។ ពេលចប់ពីឈីហួនកុងហើយ នគរឈីកើតការដណ្ដើមអំណាចផ្ទៃក្នុង ជាហេតុធ្វើឲ្យកាន់តែធ្លាក់ចុះខ្សោយ ទើបនគរឈូបានឱកាសពង្រីកខ្លួនទៅភាគខាងជើងម្ដងទៀត។ សុងសៀវកុង ស្ដេចនគរសុងគិតចង់បន្ដតំណែងមេធំនៅចុងយួនជំនួសឈីហួនកុង បានចូលប្រឆាំងនឹងនគរឈូ។ ចុងក្រោយសូម្បីជីវិតក៏ត្រូវបាត់បង់។ ពេលស្ថានការណ៍ដូច្នេះ នគរសម្ព័ន្ធមិត្ដដែលធ្លាប់នៅក្រោមការដឹកនាំរបស់នគរឈី មានជាអាទិ នគរលូ សុង ចឺង ឆឺង ឆៃ ស៊្វី ឆៅ វ៉ើយ ជាដើម ម្នាក់នាំគ្នាងាកមកចូលជាសម្ព័ន្ធមិត្ដជាមួយនគរឈូជំនួសវិញ។
ក្នុងខណៈដែលនគរឈូគិតចង់ឈានចូលជាមេធំនៅចុងយួននោះ នគរជិន ក៏រឹងមាំឡើង។ ជិនវ៉ើនកុង ក្រោយពេលដែលភាសខ្លួនទៅនគរផ្សេងៗ នោះ ពេលបានត្រឡប់មកនគររបស់ខ្លួនហើយ បានរៀបចំកែសម្រួលប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដំណាក់កាលសំខាន់មួយ បន្ថែមភាពរឹងមាំផ្នែកទាហាន ហើយថែមទាំងគិតចង់ដណ្ដើមតំណែងធំនៅចុងយួនទៀតផង។
ខណៈពេលនោះចូវសៀងវ៉ាំង ស្ដេចនៃរាជវង្សចូវខាងកើតត្រូវបុត្រាផ្សំគំនិតជាមួយកុលសម្ព័ន្ធទី បណ្ដេញចេញពីរាជវាំង។ ជិនវ៉ើនកុងឃើញថាជាឱកាសក្នុងការឈានទៅរកតំណែងមេធំនៅចុងយួន បានណាត់ជួបបណ្ដាស្ដេចនៃនគរផ្សេងៗ ដើម្បីផ្ដួលរំលំរាជបល្ល័ង្កកូនប្រុសទុរយស។ ក្រោយមកចាត់បញ្ជូនចុវសៀងវ៉ាងចូលទៅរាជសំណាក់ចូវ ទើបបានទទួល “ការលើកកិត្ដិយស” ។ ក្រោយមកក្នុងឆ្នាំ ៦៣២ មុនគ.សកងទ័ពរបស់នគរជិននិងឈូធ្វើសង្គ្រាមនឹងគ្នានៅស្រុកភូ។ ទ័ពជិនឈ្នះទ័ពឈូ។ ក្រោយសង្គ្រាមលើកនេះ ជិនវ៉ើនកុងកោះប្រជុំនគរសម្ព័ន្ធមិត្ដ ចូវវ៉ាំងក៏ចូលរួមប្រជុំដែរ ហើយបានប្រទានតំណែង ជាមេធំចុងយួនឲ្យទៅជិនវ៉ើនកុង។
ក្នុងកំឡុងនៃការដណ្ដើមតំណែងមេធំនៅចុងយួនរវាងនគរជិននិងនគរឈូនេះឯង នគរឈីនិងនគរឈិន បានក្លាយជាប៉ូលមហាអំណាចនៃភូមិភាគខាងកើតនិងភូមិភាគខាងលិច។ ក្នុងកំឡុងចុងសម័យឈុនឈិវនគរឈូរួមដៃជាមួយនគរឈិន។ នគរជិនរួមដៃជាមួយនគរឈី។ ភាគីទាំងពីរមានកម្លាំងប្រហាក់ប្រហែលគ្នា។ សភាវនៃការដណ្ដើមតំណែងមេធំនៅចុងយួនក្រឡប់ជាមានសភាពធ្ងន់ធ្ងរទេ្វឡើង។ ដូច្នេះហើយទើបពេលដល់ចុងបញ្ចប់នៃសម័យមេធំត្រូវ “លើកទង់ដឹកនាំទ័ព” ចេញបង្ក្រាបបណ្ដាកុលសម្ព័ន្ធខាងក្រៅ។ ពេលដល់ឆ្នំា ៥៧៩ មុនគ.ស នគរសុងធ្វើសន្ធិសញ្ញាចងសម្ព័ន្ធជាមួយនគរជិននិងនគរឈូ។ ភាគីនីមួយៗ មិនធ្វើសង្គ្រាមគ្នាឯង។ មានការបញ្ជូនទូតចងសម្ព័ន្ធមេត្រីរវាងគ្នា នឹងផ្ដល់ជំនួយពេលភាគីមួយទៀតធ្លាក់ក្នុងស្ថានការណ៍លំបាក ហើយនឹងចូលរួមច្បាំងប្រឆាំងសត្រូវពីខាងក្រៅ។
“ទង់ដឹកនាំទ័ព” ជាឧបករណ៍ដែលបង្ហាញពីការរួមដៃនិងការដណ្ដើមអំណាចរបស់មេធំចុងយួន។ ការលុបបំបាត់ “ទង់ដឹកនាំទ័ព” ជាការបង្ហាញឲ្យឃើញពីការព្យាយាមរបស់បណ្ដានគរតូចៗ ដែលចង់រលាស់ខ្លួនចេញពីការគ្រប់គ្រងរបស់មហាអំណាច។
ក្នុងឆ្នាំ ៥៧៥ មុនគ.ស នគរជិននិងនគរឈូប្រយុទ្ធគ្នាយ៉ាងសាហាវនៅយៀនលិង។ នគរឈូចាញ់។ ហើយក្នុងឆ្នាំ ៥៥៧ មុនគ.ស នគរទាំងពីរនេះបានបើកការប្រយុទ្ធម្ដងទៀតនៅចាន់ប៉ាន។ ឈូចាញ់ម្ដងទៀត។ ក្នុងកំឡុងពេលនេះ ក៏មានសង្គ្រាមជាមួយនគរផ្សេងៗ ជាច្រើនលើកដែរ ដូចជា នគរជិនជាមួយនគរឈិន នគរជិនជាមួយនគរឈី នគរជិនសុទ្ធតែជាភាគីឈ្នះ។ រហូតដល់ឆ្នាំ ៥៤៦ មុនគ.ស នគរសុង រួមជាមួយនគរផ្សេងៗ ទៀតរាប់សិបនគរ ធ្វើសន្ធិសញ្ញាចងសម្ព័ន្ធមេត្រីភាពជាមួយជិននិងនគរឈូម្ដងទៀត ដោយសន្ធិសញ្ញាទាំងនេះបានកំណត់ថា “ចាប់ពីពេលនេះតទៅ បណ្ដាស្ដេចគ្រប់គ្រងនគរតូចៗ ទំាងអស់ត្រូវបញ្ជូនសួយសាអាករឲ្យទៅនគរជិននិងនគរឈូដោយស្មើភាពគ្នា” ដូច្នេះ ទើបនគរជិននិងនគរឈូចាត់ទុកថាបានបែងចែកអំណាចគ្នាម្នាក់ពាក់កណ្ដាល។
ក្នុងខណៈដែលនគរជិននិងនគរឈូដណ្ដើមតំណែងមេធំនៅចុងយួននោះ ភាគខាងត្បូងនៃដងទន្លឆាងចៀងឬយ៉ង់សេក៏បានកកើតនគរអ៊ូ និងនគរយេវឡើង។ នគរជិនបានចាប់ដៃជាមួយនគរអ៊ូ ដើម្បីទប់ទល់អំណាចឈូ។ ដូច្នេះទើបបានជារវាងនគរអ៊ូនិងនគរឈូកើតមានសង្គ្រាមនឹងគ្នាជាច្រើនលើក។ ក្នុងឆ្នាំ ៥០៦ មុនគ.ស នគរអ៊ូលើកទ័ពវាយនគរឈូ បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ ដោយអាចវាយចូលដល់រាជធានីរបស់នគរឈូ ចាប់ពីពេលនោះមក កម្លាំងរបស់នគរឈូក៏ចុះថមថយ។
ក្នុងខណៈពេលដែលនគរជិនចាប់ដៃជាមួយនគរអ៊ូដើម្បីកម្ចាត់នគរឈូ នគរឈូក៏រួមដៃជាមួយនគរវ៉ើយដើម្បីការពារប្រឆាំងនគរអ៊ូ។ ដូច្នេះ រវាងនគរអ៊ូនិងនគរយេវក៏កើតសង្គ្រាមនឹងគ្នាឥតដាច់។ ស្ដេចនគរអ៊ូព្រះនាមហឺលីស្លាប់ក្នុងសមរភូមិ។ រាជបុត្រហ្វូឆៃ ស្បថថានឹងកម្ចាត់កូវចៀនស្ដេចនគរអ៊ូដើម្បីសងសឹកឲ្យបិតា និងក្នុងឆ្នាំបន្ទាប់មកទៀតពេលកូវចៀនលើកទ័ពមកម្ដងទៀតក៏បែកទ័ពចាញ់ត្រឡប់ទៅវិញ។ កូវចៀនក្លែងធ្វើជាចាញ់ ដល់ថ្នាក់ដេកទ្រាំ “ដេកលើស្មៅ ស៊ីដីល្វីង” ដើម្បីរួបរួមកម្លាំងពល រងចំាឱកាសល្អ។ ខណៈដែលហ្វូឆៃស្ដេចនគរអ៊ូឡើងទៅជើងដើម្បីដណ្ដើមតំណែងមេធំចុងយួនជាមួយនគរជិន កូវចៀនក៏លើកទ័ពវាយរាជធានីរបស់នគរអ៊ូ។ ហ្វូឆៃបានត្រឹមតែប្រញាប់ត្រឡប់មកចរចារព្រមបញ្ចប់សង្គ្រាម។ តែក្រោយមកទៀតមិនយូរប៉ុន្មាន នគរយេវក៏អាចវាយបំបែកនគរអ៊ូបានយ៉ាងរាបទាប។ ក្រោយមកកូវចៀនក៏ពង្រីកឥទ្ធិពលឡើងទៅភាគខាងជើង ដើម្បីចូលរួមជុំនំស្ដេចនគរដើម្បីឈានទៅរកតំណែងមេធំចុងយួន។
នៅសម័យឈុនឈិវ (ឆ្នាំ ៧៧០-៤៧៦ មុនគ.ស) នេះការរួមដៃនិងរួមធ្វើសង្គ្រាមរបស់នគរផ្សេងៗ ក្រៅពីការជម្រុញឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមក្នុងនគរនិងដែនដីផ្សេងៗ ហើយ នៅមានចំណែកជួយជម្រុញការរួបរួមកុលសម្ព័ន្ធនិងកុលសម្ព័ន្ធឲ្យមានឯកភាពទៀតផង។ ក្រោយពេលឆ្លងកាត់ការផ្លាស់ប្ដូរដំណាក់ធំមួយនេះហើយ បណ្ដាស្ដេចនៃនគរតូចៗ ត្រូវបានលេបត្របាក់ដោយនគរ ៧ ធំៗ និងនគរជុំវិញជាងដប់នគរទៀត។
“ឈិនវ៉ាំងចឺង ឬក្រោយមកក្លាយជាជិនស៊ីហង់តេ បានបន្ដរាជបល្ល័ង្កនគរឈិន ដោយមានទីប្រឹក្សាដូចជា វ៉ើយលៀវ លីស៊ឺ ជាដើម ជួយត្រួសត្រាយផ្លូវដើម្បីបង្រួបង្រួមទឹកដី។ ជិនស៊ីហង់តេប្រើប្រាក់ទិញទឹកចិត្ដបណ្ដាមន្ដ្រីនៃនគរទាំង ៦ ផ្សេងទៀត បញ្ជ្រាបឥទ្ធិពលរបស់ខ្លួនចូលទៅបង្កចលាចលផ្ទៃក្នុងនៃនគរទាំង ៦ នោះ រួចបញ្ជូនកងទ័ពវាយយកដែនដីមួយឆ្នាំបន្ដិចៗ រហូតចុងក្រោយអាចគ្រប់គ្រងនគរទាំង ៦ បាន ហើយប្រទេសចិនក៏មានឯកភាព” ។
សម័យចាន់កួ
ពេលចូលដល់សម័យចាន់កួ ឬសម័យសង្គ្រាម (ឆ្នាំ ៤៧៥-២២១ មុនគ.ស) ទើបមានសភាពដោយរួមដូច្នេះគឺ នគរឈូ គ្រប់គ្រងភូមិភាគខាងត្បូង នគរចៅ គ្រប់គ្រងភូមិភាគខាងជើង នគរអៀន គ្រប់គ្រងភូមិភាគខាងកើតឆៀងខាងជើង នគរឈី គ្រប់គ្រងភូមិភាគខាងកើត នគរឈិន គ្រប់គ្រងភូមិភាគខាងលិច ដោយមាននគរហាន នគរវុយ នៅភូមិភាគកណ្ដាល ដែលក្នុងបណ្ដានគរទាំង ៧ នេះ មាននគរធំ ៣ គ្រប់គ្រងដែនដីទំនាបទន្លេហងហឺឬហួងហូពីទិសខាងលិចឆ្ពោះទៅទិសខាងកើតមានដូចជានគរឈិន នគរវុយនិងនគរឈី ដែលមានកម្លាំងអំណាចខ្លាំងប្រហាក់ប្រហែលគ្នា។
ចាប់តាំងពីវុយវ៉ើនហូវ ស្ដេចនគរវុយឡើងកាន់អំណាចក្នុងកំឡុងឆ្នាំ ៤០០ មុនគ.ស ដែលជាចុងសម័យឈុនឈិវ ក៏បានដឹកនាំនគរវុយឲ្យរីកចម្រើនឈានឡើងក្លាយជានគរមហាអំណាចនៅតំបន់ចុងយួន។ ពេលនគរវុយរឹងមាំ ជាហេតុធ្វើឲ្យនគរហាន នគរចៅ និងនគរឈិនខ្លាចនិងមិនទុកចិត្ដគ្នា ជាហេតុធ្វើឲ្យកើតការប៉ះទង្គិចគ្នាឥតឈប់ឈរ។
ក្នុងកំឡុងឆ្នាំ ៣៥៤ មុនគ.ស នគរចៅ វាយនគរវ៉ើយ។ នគរវុយយល់ឃើញថានគរវ៉ើយជានគរចំណុះរបស់ខ្លួន ទើបលើកទ័ពវាយហានតាន ដែលជារាជធានីរបស់នគរចៅ។ នគរចៅងាយទៅរកជំនួយពីនគរឈី ទើបនគរឈីបញ្ជូនមេទ័ពឈ្មោះធៀនជី ទៅជួយនគរចៅ។ ធៀនជីប្រើល្បិចសឹករបស់ស៊ុនពិន ចូលព័ទ្ធតាសៀង រាជធានីរបស់នគរវុយ។ ពេលនោះថ្វីបើកងទ័ពនគរវុយអាចចូលក្នុងហានតានបាន តែត្រូវបង្ខំចិត្ដដកថយដើម្បីត្រឡប់ទៅពង្រឹងស្ថានភាពកងទ័ពរបស់ខ្លួនវិញ។ ចុងក្រោយចាញ់ទ័ពនគរឈីនៅគុយលិង ត្រូវវាយបែកខ្ចាត់ខ្ចាយ។ ហើយក្នុងឆ្នាំបន្ទាប់ នគរវុយនិងនគរហានបានរួមដៃគ្នាវាយនគរឈីខ្ចាត់ខ្ចាយអស់។ លុះដល់ឆ្នាំ ៣៤២ មុនគ.ស នគរវុយវាយនគរហាន។ នគរហានសុំជំនួយពីនគរឈី ទើបនគរឈីបញ្ជូនមេទ័ពឈ្មោះធៀនជីឲ្យចេញប្រយុទ្ធម្ដងទៀត។ លើកនេះមានស៊ុនពិនជាទីប្រឹក្សាក្នុងជួរកងទ័ព ប្រើល្បិចបញ្ឆោតឲ្យទ័ពវុយចូលអន្ទាក់របស់ខ្លួននៅម៉ាលិង ជាកន្លែងដែលគ្រាប់ព្រួញរាប់ម៉ឺនដើមរបស់កងទ័ពឈីនៅរងចាំ។ បរាជ័យលើកនេះផាំងច្វៀន មេទ័ពធំរបស់នគរវុយបានសម្លាប់ខ្លួន។ រជ្ជទាយាទរបស់នគរវុយត្រូវចាប់ជាឈ្លើយសឹក។ “សង្គ្រាមម៉ាលិង” ត្រូវបានចាត់ទុកជាសង្គ្រាមដ៏ធំមួយនៅសម័យចាន់កួ ដោយសារតុល្យភាពអំណាចភាគខាងកើតរវាងនគរឈីនិងនគរវុយឲ្យមានកម្លាំងប្រហាក់ប្រហែលគ្នា។
ចំណែកនគរឈិន ក្រោយការធ្វើបដិវត្ដន៍របស់សាងអៀង ដោយងាកមកប្រើច្បាប់ក្នុងការគ្រប់គ្រងហើយ អាចឈានឡើងកាន់តំណែងមហាអំណាចដ៏រឹងមាំក្នុងចំណោមនគរទាំង ៧ ។ ដូច្នេះហើយទើបចាប់ផ្ដើមពង្រីកឥទ្ធិពលរបស់ខ្លួនឆ្ពោះទៅភាគខាងកើត ចាប់ផ្ដើមបង្រ្កាបសាន់ជិន (មានដូចជានគរហាន នគរចៅ និងនគរវុយ) ដោយចូលវាយយកដែនដីត្រើយខាងលិចរបស់នគរវុយ។ ក្រោយមកពង្រីកទៅភាគខាងលិច ភាគខាងត្បូងនិងភាគខាងជើង។ លុះដល់ចុងឆ្នាំ ៤០០ មុនគ.ស នគរឈិនក៏មានផ្ទៃដីធំទូលាយប្រហាក់ប្រហែលនឹងនគរឈូ។
ក្នុងខណៈដែលនគរឈិនចូលជាមួយសាន់ជិ នគរឈីក៏ពង្រីកអំណាចចេញទៅទិសខាងកើត។ ក្នុងឆ្នាំង ៣១៥ មុនគ.ស ស្ដេចនគរអៀនដាក់រាជបល្ល័ង្កឲ្យទៅសេនាបតីឈ្មោះជឺជឺ ជាហេតុធ្វើឲ្យកើតចលាចលផ្ទៃក្នុង ទើបនគរឈីឆ្លៀតឱកាសនេះវាយនគរអៀន។ តែចុងក្រោយប្រជាជននគរអៀនក្រោកប៉ះបោរ ជាហេតុធ្វើឲ្យកងទ័ពឈីត្រូវដកថយវិញ។ ក្នុងពេលជាមួយគ្នា នគរដែលហ៊ានប្រឆាំងនឹងនគរឈិនមានតែនគរឈីតែប៉ុណ្ណោះ។ ល្បិចដណ្ដើមអំណាចធ្វើមេធំក្នុងពេលនោះគឺ នគរឈិននិងនគរឈី ត្រូវរកវិធីធ្វើឲ្យនគរឈូមកចូលខាងខ្លួនឲ្យបាន។
ការធ្វើបដិវត្ដន៍នយោបាយរបស់នគរឈូបរាជ័យ ជាហេតុធ្វើឲ្យនគរចុះអន់ខ្សោយ។ តែក៏នៅមានផ្ទៃដីធំទូលាយមាហាសាល ថែមទាំងមានប្រជាជនចំនួនច្រើនជាកម្លំាងជំនួយ។ នគរឈូរួមដៃជាមួយនគរឈីប្រឆាំងនឹងនគរឈិន បង្កផលប៉ះពាល់ចំពោះនយោបាយពង្រីកទឹកដីរបស់នគរឈិន។ ដូច្នេះហើយទើបបានជានគរឈិនបញ្ជូនចាងអ៊ី ជាទូតទៅចងសម្ព័ន្ធមេត្រីជាមួយនគរឈូ អូសទាញនគរឈូឲ្យបោះបង់នគរឈីដើម្បីងាកមករួមដៃជាមួយនគរឈិន ដោយឈិននឹងប្រគល់ដែនដីសាង ជាង ៦០០ លីជាថ្នូរ។ ឈូហួយវ៉ាំង ស្ដេចនគរឈូមានចិត្ដលោភលន់ទើបបែកបាក់មេត្រីភាពជាមួយនគរឈី។ លុះពេលស្ដេចនគរឈូបញ្ជូនមនុស្សឲ្យទៅទទួលដែនដីខាងលើ នគរឈិនបែរជាបដិសេធមិនទទួលដឹងលឺ។ ឈូហួយវ៉ាំងខឹងយ៉ាងខ្លាំង ទើបចាត់កងទ័ពវាយនគរឈិន តែត្រូវបរាជ័យលើកទ័ពត្រឡប់វិញ។ នគរឈូពេលនៅឯកានិងចុះខ្សោយ ទើបនគរឈិនលើកទ័ពវាយយកដែនដីចុងយួនបានយ៉ាងស្រួល ដោយចាប់ផ្ដើមពី នគរហាន និងនគរវុយ ក្រោយមកគឺនគរឈី។
លុះដល់ឆ្នាំ ២៨៦ មុនគ.ស នគរឈីផ្ដួលរំលំនគរសុង ជាហេតុធ្វើឲ្យនគរជិតខាងខ្លាចរអា ទើបនគរឈិនណាត់ឲ្យនគរហាន នគរចៅ នគរវុយនិងនគរអៀនរួមគ្នាវាយនគរឈីរហូតទទួលបានជ័យជន្នះ។ នគរអៀនដែលដឹកនាំទ័ពដោយមេទ័ពឡឺអ៊ី ឆ្លៀតឱកាសវាយយកលិនជឺរាជធានីរបស់នគរឈីនិងចូលកាន់កាប់ស្រុកជុំវិញជាង ៧០ កន្លែង។ ឈិមឹនវ៉ាំង ស្ដេចនគរឈីភាសខ្លួនចេញពីនគរ។ ចុងក្រោយត្រូវនគរឈូដេញតាមប្រហារ។ នគរឈីដែលធ្លាប់ជាមហាអំណាចត្រូវរលត់រលាយក្នុងខណៈនោះ។ ពេលឃើញដូច្នោះ ទើបនគរឈិនពង្រីកឥទ្ធិពលរបស់ខ្លួនចូលទៅភូមិភាគខាងកើតទៀត។
ក្នុងឆ្នាំ ២៤៦ មុនគ.ស ឈិនវ៉ាំងចឺង (ឬក្រោយមកគឺឈិនស៊ឺហួងឬជិនស៊ីហង់តេចក្រព័ត្ដិអង្គដំបូងរបស់ចិន) បានគ្រងរាជបល្ល័ង្កនគរឈិនបន្ដ ដោយមានទីប្រឹក្សាដូចជា វ៉ើយលៀវ លីស៊ឺ ជាដើម ជួយក្នុងការត្រួសត្រាយផ្លូវក្នុងការបង្រួបង្រួមទឹកដី ប្រើប្រាក់ទិញទឹកចិត្ដបណ្ដាមន្ដ្រីនៃនគរទាំង ៦ ផ្សេងទៀត បញ្ជ្រាបឥទ្ធិរបស់ខ្លួនពលចូលទៅបង្កចលាចលផ្ទៃក្នុងនៃនគរទាំង ៦ នោះ រួចបញ្ជូនកងទ័ពវាយយកដែនដីមួយឆ្នាំបន្ដិចៗ ។ ឆ្នាំ ២៣០ មុនគ.ស នគរឈិនវាយនគរហានបែក។ លុះដល់ឆ្នាំ ២២១ មុនគ.ស កម្ចាត់នគរឈីបានជោគជ័យ ក្រោយមកនគរទាំង ៦ ផ្សេងទៀត ក៏ត្រូវនគរឈិនលេបត្របាក់ម្ដងមួយៗ ចាប់ពីពេលនោះមក ប្រទេសចិនក៏មានឯកភាព។
បច្ច័យជម្រុញការបង្រួបបង្រួមផែនដី
អាចនិយាយបានថា ការបង្រួបបង្រួមផែនដីចិនរបស់នគរឈិន កើតឡើងពីការវិវត្ដន៍របស់សង្គមតាំងពីសម័យឈុនឈិវ។ បើធៀបនឹងសម័យរាជវង្សចូវខាងលិច ឃើញថាមានការអភិវឌ្ឍន៍ផ្នែកបច្ចេកទេសការផលិតថ្មីៗ ជាច្រើន ដូចជា ការជីករ៉ែ វេជ្ជសាស្ដ្រ និងការស្លលោហៈ។ល។ ដែលមានស្នាដៃថ្មី ៗ ចេញមកជាច្រើន មានជាអាទិ បច្ចេកទេសជីកអណ្ដូងដោយធ្វើមាត់អណ្ដូងមិនឲ្យដីរលុះបាន ធ្វើឲ្យក្រោយមកអាចជីករណ្ដៅជ្រៅដើម្បីជីករករ៉ែទង់ដែងបាន។ ពេលចេះធ្វើជ័រលាយជាមួយស្ពាន់ធ័រហើយ ក៏អាចពង្រីកបច្ចេកទេសដោយយកទង់ដែងដែលជីកពីអណ្ដូងរ៉ែមកប្រើជាប្រយោជន៍យ៉ាងទូលំទូលាយជាងមុន។ ក្រៅពីនេះ នៅមានបច្ចេកទេសក្នុងការស្លលោហៈ ការក្រូមេ ការច្នៃមាសនិងបច្ចេកទេសការរំលាយលោហៈដាក់ពុម្ពក្រមួន ជាដើម ធ្វើឲ្យប្រទេសចិនឈានទៅរកភាពរុងរឿងនៃយុគសំរិទ្ធ។
ពេលយុគដែកថែកបង្ហាញខ្លួនឡើង ជាពិសេសនៅចុងសម័យចាន់កួ ដែលខណៈនោះ ឧបករណ៍កសិកម្មនិងសម្ភារប្រើបា្រស់ផ្សេងៗ ដែលធ្វើអំពីដែកថែប បានសាយភាយជាសន្សឹមៗ និងជាផ្នែកជម្រុញឲ្យមានការអភិវឌ្ឍន៍ការផលិតក្នុងសង្គមយ៉ាងខ្លាំង។ ការបែងចែកការងារក្នុងសង្គមមានលក្ខណៈលំអិតស្មុគស្មាញជាងមុន សាខាអាជីពនីមួយៗ រីកចម្រើនជាលំដាប់ មានការផលិតនិងវិវត្ដន៍ខ្លួននៃទំនិញខ្នាតធំ កិច្ចការពានិជ្ជកម្មមានសន្ទុះយ៉ាងខ្លាំង។ ការពង្រីកខ្លួននៃផលិតផលនេះធ្វើឲ្យពួកម្ចាស់ដីក្រុមថ្មីកើតឡើង បង្កផលប៉ះពាល់ដំណើរការផលិតបែបបុរណ នាំមកនូវជំហានបដិវត្ដន៍នៃការផលិតដ៏អស្ចារ្យមួយដំណាក់កាលទៀតក្នុងប្រវត្ដសាស្ដ្រចិន។ របបគ្រប់គ្រងបែបសក្ដិភូមិក៏ជាហេតុធ្វើឲ្យកើតការបែកបាក់និងសង្គ្រាមចាក់ស្រេះ ដែលបង្កមហន្ដរាយដល់សេដ្ឋកិច្ចនិងសង្គមយ៉ាងមហាសាល ជាហេតុនៃការបាត់បង់ទាំងកម្លាំងមនុស្សនិងអ្នកជំនាញចំនួនជាច្រើន ដោយសាររបួសឈឺស្លាប់ក្នុងសមរភូមិដ៏គ្រោះថ្នាក់។
ក្នុងពេលជាមួយគ្នា ក៏មានច្បាប់ហាមឃាត់និងបុស្ដិ៍ត្រួតពិនិត្យចំនួនជាច្រើនកន្លែងរវាងនគរផ្សេងៗ ដែលរាំងស្ទះលំហូរនៃសិល្បៈវប្បធម៌របស់សង្គម។ ដូច្នេះហើយទើបមានតែការបង្រួបបង្រួមផែនដីទេ ដែលអាចជម្រុញឲ្យមនុស្សមានការអភិវឌ្ឍន៍លឿន។ កសិករ និងប្រជាជនពីគ្រប់សាខាអាជីពម្នាក់ៗ រង់ចាំនិងចង់បានការបង្រួបបង្រួមប្រទេស ទោះជាត្រូវពឹងលើការធ្វើសង្គ្រាម ហើយនៅទីបំផុត ការផ្លាស់ប្ដូរដំណាក់កាលដ៏សំខាន់របស់ប្រជាជាតិចិនក៏ក្លាយជាការពិត។
ឈិនស៊ឺហួងជិនស៊ីហង់តេ ពេលបង្រួបបង្រួមប្រទេសចិនឲ្យមានឯកភាពហើយ ក៏ចាប់ផ្ដើមបង្កើតរបបគ្រប់គ្រងបែបថ្មីម្ដងទៀត ដោយលែងឲ្យមានប្រព័ន្ធ “រដ្ឋការពារព្រំដែន” ងាកមកបែងជាតំបន់គ្រប់គ្រង រួបរួមអំណាចការគ្រប់គ្រងឲ្យចំណុះមជ្ឈមណ្ឌលកណ្ដាល ថែមទាំងរៀបចំមាត្រដ្ឋាននៃប្រព័ន្ធតួអក្សរ ខ្នាតរង្វាស់ ផ្លូវថ្នល់គមនាគមន៍ ឲ្យមានឯកភាពទូទាំងប្រទេស បានធ្វើឲ្យចិនឈានឆ្ពោះទៅរកទំព័រនៃប្រវត្ដិសាស្រ្ដថ្មី។
សម័យឈុនឈីវ ក្នុងភាសាចិនមានន័យថារដូវស្លឹកឈើលាស់និងរដូវស្លឹកឈើជ្រុះ ជាការភ្ជាប់ន័យទៅនឹងសភាពការណ៍ក្នុងសម័យឈុនឈិវថាដូចគ្នាទៅនឹងរដូវកាលនៃការផ្លាស់ប្ដូរឬប្រែប្រួលមិនទៀងទាត់។
សាន់ជិន មកពីនគរជិនដ៏មានអំណាចក្នុងសម័យឈុនឈិវ ក្រោយមកបែកចេញជានគរផ្សេងៗ ដូចជា នគរហាន នគរចៅនិងនគរវុយ។