Jump to content

សម្លៀក​បំពាក់​ខ្មែរ​នា​សម័យ​បុរេ​ប្រវត្តិសាស្ត្រ

ពីវិគីភីឌា

ឆ្លងកាត់ ​រយៈកាល​ជិត​មួយ​សតវត្ស​ទៅហើយ មតិ​មហាជន​បារាំង និង​ខ្មែរ​មួយចំនួនធំ​នៅតែ​ជឿថា គឺ​ជនជាតិ​ឥណ្ឌា​ទេ ដែល​បាន​បង្ហាត់បង្រៀន​ខ្មែរ​ឱ្យ​ចេះ​ស្លៀកពាក់​ចាប់តាំងពី​ដើម​ស.វ.ទី ១ នៃ​គ.សមក ​ព្រោះថា​មុននេះ ខ្មែរ​ដើរ​ស្រាត​លែងខ្លួន​ទទេ ។ តាមពិត ទៅ ការអះអាង​នេះ គឺ​បណ្តាលមកពី​ការ​សំអាង​ទៅលើ​កំណត់ហេតុ​ចិន​ស្តីពី​ឥណ្ឌា​រូបនីយកម្ម​នៃ​ ប្រទេស​កម្ពុជា​បុរាណ គឺ​នគរ​គោកធ្លក​ ដែល​ចិន​បានឱ្យ​ឈ្មោះថា ហ្វូណន ឬ នគរ​ភ្នំ នោះ ។ ជា​ភស្តុតាង​នៃ​ការអះអាង គេ​ក៏បាន​លើកឡើង​ដោយយោង​លើ​កំណត់ហេតុ​ចិន ​ខាងលើនេះ​ថា គឺ​ព្រះបាទ ហ៊ុន ទៀន ទេ ដែល​បាន​យក​សំពត់​មក​ស្លៀក​ឱ្យ​ប្រពន្ធ​របស់​ទ្រង់ជា​លើកដំបូង​បង្អស់ គឺ​ព្រះ​នាង លីវ យី រាជបុត្រី​ម្ចាស់​ស្រុក ។

ទស្សនៈ​បែបនេះ​ត្រូវបាន​ប្រវត្តិវិទូ​ចាត់ទុកថា ជាការ​ភ័ន្តច្រឡំ​មួយ ពីព្រោះ​វា​គ្រាន់តែ​ជា​ជ្រុង​មួយ​នៃ​ការពិត​តែប៉ុណ្ណោះ ពោលគឺ​មិនមែនជា​ការពិត​ទាំងស្រុង​នោះទេ ។

តាមពិតទៅ មុន​ការទទួល​វប្បធម៌​ក្លិង្គ ពោលគឺ​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ​ដូច​បងប្អូន​ខ្មែរលើ​ សព្វថ្ងៃនេះ ជនជាតិខ្មែរ​យើង​បាន​ចេះ​និយម​សម្លៀកបំពាក់​រួចជាស្រេច​ទៅហើយ ដូចជា​ការប្រើប្រាស់​ប៉ឹង​វែងឬ​ខ្លី និង​សំពត់ ដើម្បី​បិទបាំង​កេរ្តិ៍ខ្មាស់ និង​លំអ​រូបរាងកាយ ឬក៏​គ្រាន់តែ​ដើម្បី​ការពារ​អាកាសធាតុ​តែ​ប៉ុណ្ណោះ ។

ម្យ៉ាងវិញទៀត​គួរ​គូសបញ្ជាក់​ផងដែរ​ថា នៅ​ដើម​ស.វ​ទី ១ នៃ​គ.សទើប​មាន​ការនិយម​ក្បិន​តាមរបៀប​ពួក​ព្រាហ្មណ៍​ឥណ្ឌា ដែលមាន​ប្រភព​ចេញពី​ឥណ្ឌា​ខាងត្បូង ហើយ​វា​ក៏​ជា​ប្រពៃណី​មួយ​នៅរស់​រវើក​រហូតមក​ដល់​សព្វថ្ងៃ​នេះដែរ​នៅ​ប្រទេស ​ឥណ្ឌា​ខាងត្បូង ក៏​ដូច​នៅ​ប្រទេស​កម្ពុជា ។ ដូច្នេះ ការដែល​និយាយថា ជនជាតិខ្មែរ​យើង​មិនចេះ​ស្លៀកពាក់​មុន​ឥទ្ធិពល​ឥណ្ឌា​នោះ ពំនោល​នេះ​គឺជា​រឿង​មិន​ពិត​ទាល់តែ សោះ ។ ការដែល​ជនជាតិខ្មែរ​កាន់​ទំនៀមទម្លាប់​តាមបែប​ឥណ្ឌា ពុំមែន​មានន័យថា​ ខ្មែរ​គ្មាន​សម្លៀកបំពាក់​ប្រចាំ​ជាតិ​របស់ខ្លួន​នោះទេ ។ ក្រោម​មេឃ​លើដី​នេះ គ្មាន​ជនជាតិ​ណា​ដែល​ដើរ​ស្រាត​ទេ ឬក៏​បាន​បង្កើតឡើង​នូវ​វប្បធម៌​របស់ខ្លួន​ដោយ​គ្មាន​ការទទួល​ឥទ្ធិពល ​មកពី​ខាងក្រៅ​នោះទេ ។

នៅពេលដែល​សួរថា តើ​មាន​ភ័ស្តុតាង​អ្វី​ដើម្បី​បញ្ជាក់​បញ្ហា​នេះ​ទេ ? យើង​សូម​ធ្វើការ​លាតត្រដាង​នូវ​ទិន្នន័យ​ថ្មី​មួយចំនួន​ដែលជា​លទ្ធផល​នៃ​ ការវិភាគ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ដែល​គេ​បាន​រកឃើញ​នៅក្នុង​ស្ថានីយ​ មួយចំនួន​ដែល​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា ថៃ និង​យួន​ខាងត្បូង​បច្ចុប្បន្ននេះ ដែល​ដើមឡើយ​ជាទី​តាំង​ដែល​បុព្វបុរស​ខ្មែរ​បានរស់នៅ ។

ជាទូទៅ ការប្រើប្រាស់​នូវ​សម្លៀកបំពាក់​ត្រូវគេ​ពិនិត្យឃើញ​តាមរយៈ​វត្ថុតាង​នា​ សម័យមុន​ប្រវត្តិសាស្ត្រ ដូចជា​សំណល់​នៃ​សរសៃអំបោះ​ដែល​ជាប់​នៅលើ​របស់​ប្រើប្រាស់ ឬក៏​ផ្លែ​ត្រល់​សម្រាប់​រវៃអំបោះ​ជាដើម ។ អ្វីដែល​យើង​អាច​ដឹង​នា​សម័យ​នោះ គឺ​មនុស្ស​ទាំងពីរ​ភេទ​បាន​និយម​ប៉ឹង និង​សំពត់​យ៉ាង​ប្រាកដហើយ​សូមជម្រាបថា​រហូតដល់​ដើម​ស.វ​ទី ២០ មុននេះ ប្រពៃណី​ស្លៀកពាក់​សំពត់ និង​ប៉ឹង​នេះ ដែលជា​ទម្លាប់​របស់​ជ​ន​សាមញ្ញ​នៅតាម​ជនបទ មិនបាន​ប្រែប្រួល​ប៉ុន្មាន​ទេ ពោលគឺ​ត្រូវបាន​ថែរក្សា​នៅតែ​ដដែល ទោះជា​បាន​ឆ្លងកាត់​ដំណាក់កាល​ឥណ្ឌា​រូបនីយកម្ម​ក៏ដោយ ។

ចម្លាក់​នៃ​ប្រាសាទបុរាណ​ខ្មែរដូចជា​ចម្លាក់​នៅលើ​ប្រាសាទបាយ័ន បន្ទាយឆ្មារ និង​អង្គរវត្ត អាចជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ​បុរាណ​រវាង​ស.វ​ទី ១២-១៣ នៃ​គ.ស ដែល​ក្នុងនោះ​មានការ​ប្រើ​ប៉ឹង និង​សំពត់​ជាដើម ក៏​ជា​សក្ខីកម្ម​មួយ​គួរឱ្យកត់ សម្គាល់​ដែរ ។

និយាយឱ្យចំ​ទៅ កំណត់ហេតុ​ចិន​មាន​ភាពលំអៀង​ទៅខាង​វប្បធម៌​ហាន​ដែលជា​វប្បធម៌​ចិន ពីព្រោះ​តាម​ទស្សនៈ​ចិន​បុរាណ អ្វីដែល​មិនមែនជា​ចិន សុទ្ធសឹងតែ​ជា​របស់​មនុស្ស​ព្រៃ​ទាំងអស់ ។

សង្ខេប​សេចក្តី​មក ជា​ទម្លាប់​ប្រជាប្រិយ​ខ្មែរ​យើង​ទាំង​ពីរភេទ​តាំង​ពីស.វ​ទី ១ រហូតមកដល់​បច្ចុប្បន្ន​ភាព នៅតែ​ពេញនិយម​សំពត់​ចងក្បិន​ដែលជា​កម្ចី​តាមបែប​ពួក​ព្រាហ្មណ៍ជាពិសេស​ពួក​ តា​មិ​ល​នៅ​ឥណ្ឌា​ភាគខាងត្បូង ប្រហែលជា​ប្រការ​នេះហើយ​មើលទៅ បានជា​កំណត់ហេតុ​ចិន​ចង់​និយាយ​ដល់​ទេ​ដឹង ? ឆ្លងតាម​ការវិភាគ​ខាងលើនេះ​បានឱ្យដឹងថា ជនជាតិខ្មែរ​យើង​ចេះ​ស្លៀកពាក់​យ៉ាងហោចណាស់​ក៏​ចាប់ពី​សម័យ​វប្បធម៌​លោហធាតុ ​មក​ដែរ ។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​យើង​បាន​ប្រមូល​ឯកសារ​ស្តីពី​ការ​ស្លៀកពាក់​របស់​ ខ្មែរ​នា​សម័យមុន​ប្រវត្តិសាស្ត្រ និង​ដើម​សម័យ​ប្រវត្តិសាស្ត្រ​មក​វិភាគ​សិក្សា ដើម្បី​បង្ហាញ​នូវ​និរន្តរភាព​នៃ​សម្លៀកបំពាក់​ខ្មែរតាម​បែប​ប្រពៃណី​ប្រចាំ ​ជាតិ​របស់ខ្លួន (ម.ត្រា​ណេ) ។

ឯកសារ​យោង

[កែប្រែ]