សហគមន៍
'សហគ មន៍ នេះត្រូវបានគេផ្តល់និយមន័យជាច្រើនបែប ដោយយោងទៅតាមលក្ខខណ្ឌនានានៃកម្មវត្ថុជាសារវ័ន្តរបស់អ្នកប្រាជ្ញ ស្ថាប័ននានា និងមុខវិជ្ជាសិក្សានីមួយៗ ។ ទោះបីជាយ៉ាងណាក៏ដោយ ពាក្យ សហគមន៍ នេះត្រូវបានប្រទះឃើញ និងប្រើប្រាស់ជាញឹកញាប់ នៅក្នុងជីវភាពរស់នៅធម្មតា និងមុខវិជ្ជាផ្សេងៗទៀតរួមមាន បរិស្ថានវិទ្យា ភូមិវិទ្យា ផែនដីវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា និងសេដ្ឋកិច្ចវិទ្យាជាដើម ។
នៅក្នុងអក្សរសាស្រ្តខ្មែរ ចំពោះអត្ថន័យនៃពាក្យ សហគមន៍ នេះមានន័យថា ការទៅជាមួយ ដំណើរជាមួយគ្នា ប្រជុំគ្នា ឬអ្នកស្រុកប្រកបមុខរបរចូលគ្នា..... ។ តាមរយៈបទពិសោធន៍ដែលមាន និងការអង្កេតជារួម នៅក្នុងចក្ខុវិស័យទេសចរណ៍របស់ Schmink 1999 ពាក្យ សហគមន៍ គឺសំដៅទៅលើមនុស្សផ្សេងៗគ្នា ដែលមានលំនៅឋានស្ថិតក្នុងតំបន់ភូមិសាស្រ្តដូចគ្នា និងអាស្រ័យផលធនធានធម្មជាតិក្នុងមូលដ្ឋាន ។
ទេសចរណ៍សហគមន៍ គឺជាដំណើរការកម្សាន្តមួយទៅតំបន់ណាមួយដែលមានប្រជាជននៅក្នុងសហ-គមន៍ ឬមានបេតិកភ័ណ្ឌ ដែលមានធនធានសម្រាប់ទាក់ទាញ ឬជាកន្លែងដែលអាចផ្តល់នូវផលិតផលជាច្រើន[១]។
តួនាទីសហគមន៍
[កែប្រែ]កាលពីអតីត ស្ទើរតែរាល់សកម្មភាពនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ប្រជាជននៅក្នុងសហគមន៍មូល-ដ្ឋានត្រូវបានគេផាត់ចោល គ្មានចំណែក និងមានចំណែកតិចតួចនៅក្នុងសហគមន៍អនុវត្តន៍គម្រោងនេះ ។ ដោយសារដំណើរការបរិបថនៃផ្នត់គំនិត របស់អ្នករៀបចំគម្រោង និងផែនការនាសហសម័យនេះ ក៏មានការយកចិត្តទុកដាក់ខ្ពស់អំពីផលអវិជ្ជមាន ដែលនឹងអាចកើតមានឡើងដោយសារតែការអភិវឌ្ឍទេសចរណ៍គ្មានតម្លាភាព ស្របពេលជាមួយគ្នា និងការមើលឃើញអំពីសារៈប្រយោជន៍ ចំពោះវត្តមានរបស់សហគមន៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពតទ ។ និន្នាការនេះបានជំរុញឱ្យមានការចូលរួមរបស់ប្រជាជនក្នុងសហគមន៍កាន់តែមានកម្រិតខ្ពស់ឡើងជាលំដាប់ ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកអភិរក្ស ( Crucial Roles ) ដែលសហគមន៍នៅតាមតំបន់ឆ្នេរ និងនៅទីតំបន់ដាច់ស្រយាល ឬទីជនបទនៅក្នុងសកម្មភាពអភិរក្សជីវសាស្រ្តចម្រុះ ។ នៅចំពោះមុខនេះ គេក៏សង្កេតឃើញ មានអ្នកគ្រប់គ្រងតំបន់ការពារមួយចំនួន បានបង្កើតយន្តការនានា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍មូលដ្ឋាន ដោយចាត់ទុកពួកគេជា អ្នកជាប់ពាក់ព័ន្ធ ( Stakeholders ) នៅក្នុងដំណើរការគ្រប់គ្រង និងធ្វើផែនការ ។ ស្របពេលជាមួយគ្នានេះដែរ កំណើនចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងការសិក្សាស្វែងយល់អំពីលក្ខណៈផ្សេងៗគ្នានៃវប្បធម៌នោះកត្តានេះរឹតតែជំរុញឱ្យមានវត្តមានរបស់សហគមន៍នូវរាល់ការអភិវឌ្ឍវិស័យទេសចរណ៍ ។
ការអភិវឌ្ឍអេកូទេសចរណ៍ ដោយមានការចូលរួមពីសហគមន៍ ជាបុព្វហេតុមួយ នាំឱ្យមានការយល់ដឹងកាន់តែច្រើនឡើង របស់សហគមន៍ពីកាលានុវត្តភាព នៃវត្តមានអេកូទេសចរណ៍នៅទីកន្លែងដែលសហគមន៍បានរៀបចំបានល្អ នឹងមានកម្មសិទ្ធិលើដីធ្លី ដែលជាកេរតំណែល គេពិនិត្យឃើញថាសហគមន៍នោះ ទទួលបានភាពជោគជ័យច្រើនក្នុងការទាញយកនូវផលប្រយោជន៍សេដ្ឋកិច្ចពីអេកូទេសចរណ៍នៅក្នុងតំបន់ធម្មជាតិ ។
ពិតណាស់ សហគមន៍ ឬសមាជិកសហគមន៍ មិនមែនទាំងអស់ សុទ្ធតែមានបំណងចូលរួមក្នុងសកម្មភាពអេកូទេសចរណ៍ទេ ។ បែបនេះ អ្នករៀបចំផែនការ អ្នកអភិវឌ្ឍ ឬតួអង្គអភិរក្សគួរតែគោរពសេចក្ដីសម្រេចចិត្តរបស់អ្នកទាំងនោះផង ។ ទោះជាយ៉ាងនេះ សម្រាប់អ្នកទាំងឡាយណាដែលមានចំណែកពាក់ព័ន្ធ គឺអាចជ្រើសរើសប្រភេទនៃការចូលរួមរបស់ខ្លួន តាមលំដាប់កម្រិតមួយចំនួនដូចជា ៖ ១) ជួលដីទៅឱ្យប្រតិបត្តិករដើម្បីអភិវឌ្ឍន៍ ២) ធ្វើជាបុគ្គលិកពេញម៉ោង ក្រៅម៉ោង ឬ តាមរដូវកាលនៅក្នុងក្រុមហ៊ុនទេសចរណ៍ ៣) ផ្ដល់សេវាកម្មដល់ប្រតិបត្តិករទេសចរណ៍ ៤) បង្កើតសម្ព័ន្ធអាជីវកម្ម ជាមួយនឹងការីទេសចរណ៍ ដោយសហគមន៍ធ្វើជាអ្នកបម្រើសេវាកម្មភាគច្រើនក្នុងខណៈពេលដែលដៃគូធ្វើការរៀបចំ គ្រប់គ្រងទីផ្សារ ភស្តុភា និង មគ្គុទ្ទេសក៍ទេសចរណ៍ ៥) ប្រតិបត្តិការណ៍ជាកម្មវិធីសហគមន៍ឯករាជ្យ[២]។
មុខងារ ឬតួនាទីទាំងអស់ ដែលត្រូវបានជ្រើសរើសដោយសហគមន៍ គួរតែផ្អែកលើផលប្រយោជន៍ សមត្ថភាពរៀបចំ បទពិសោធន៍ ការចាប់អារម្មណ៍លើវប្បធម៌ វត្តមាននៃភាពជាអ្នកដឹកនាំពូកែ គុណភាពនៃធនធានវប្បធម៌ និងធម្មជាតិ តម្រូវការទេសចរណ៍ កាលានុវត្តភាពនៃការហ្វឹកហ្វឺន ភាពអាចរកបាននូវដៃគូ និងផលប្រយោជន៍ឯកជន ។
សហគមន៍ត្រូវទទួលបានផលប្រយោជន៍ច្រើនបំផុត ពេលដែលមានការអភិវឌ្ឍនអេកូទេសចរណ៍ ប៉ុន្តែ មិនមែនសុទ្ធតែជាជំរើសដែលនឹងអាចកើតមាននោះឡើយ ។ មានសារៈសំខាន់ខ្លាំងណាស់ដែលថា លទ្ធភាព ហិរញ្ញវត្ថុរបស់គម្រោងមួយ គួរត្រូវបានវាយតម្លៃមុននឹងបន្តនីតិវិធីអភិវឌ្ឍន៍ នូវបណ្ដារហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ បណ្ដាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទាំងឡាយ ។
- ↑ សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាង " ស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា " ដំណើរការរៀបចំ និងគ្រប់គ្រងសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ ភ្នំពេញថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដោយលោក សុខ សុគុណ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍។
- ↑ ស៊ុំ សុចិន្តា, វ៉ា ស៊ីហេង, ហុង វណ្ណៈ អេកូទេសចរណ៍ បោះពុម្ភឆ្នាំ ២០១១ វិទ្យាស្ថានជាតិពហុបេច្ចកទេសកម្ពុជា ទំព័រទី១៩។