Jump to content

សារធាតុ​ក្នុង​បន្លែ​និង​ផ្លែ​ឈើ

ពីវិគីភីឌា

បច្ចុប្បន្ន​មនុស្ស​ភាគ​ច្រើន​ដឹង​ថា​ បន្លែ​ និង​ផ្លែឈើ​ ពុំ​មែន​ផ្ដល់​គុណ​តម្លៃ​ត្រឹម​តែ​វីតាមីន​ និង​អំបិល​ខនិជ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ដែល​អាច​​ជួយ​ការពារ​ជំងឺ​បាន​ទៀត ​ផង​ ជា​ពិសេស​សារធាតុ​ចិញ្ចឹម​ចាំបាច់​​ ៥​ក្រុម​ ដូច​ត​ទៅ​នេះ ៖

១​. ការ៉ូទីណយ​ (Carotinoide) : ជួយ​ឲ្យ​កោសិកា​ និង​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ។ សារធាតុ​​លីកូប៉ែន​ (Lycopene) បេតាការ៉ូទីន​ (Beta-Carotine) និង​ លូថេអ៊ីន​ (Lutein) ជា​ផ្នែក​មួយ​នៃ​ការ៉ូទីណយ​ មាន​ច្រើន​នៅ​ក្នុង​បន្លែ​ និង​ផ្លែឈើ​ចម្រុះ​ពណ៌​ដូច​ភ្លើង​សញ្ញា​ចរាចរ​ (ពណ៌​ក្រហម​ បៃតង​ ទឹក​ក្រូច​ លឿង) មាន​ដូចជា​ ឪឡឹក​ ការ៉ុត​ ល្ពៅ​ ប្រូកខូលី​ ផ្ទី​ និង​សាលាដ៏។ សារធាតុ​ទាំង​នេះ​​អាច​ជួយ​កាត់​បន្ថយ​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​រាងកាយ​ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ជំងឺ​មាន​ភាព​រឹងមាំ​ ជួយ​ការពារ​ជំងឺ​មហារីក​ និង​ជួយ​ការពារ​ជំងឺ​សរសៃ​ឈាម​​ក្រហម​ក្រាស់។

បន្ថែម : សាលាដ៏​ និង​ផ្ទី​ អាច​មាន​គុណ​តម្លៃ​ខ្ពស់​បំផុត​បើ​ពុំ​ឲ្យ​វា​ឆ្លង​កាត់​កម្ដៅ​ ឬ​ឆ្លង​កាត់​ការ​ចម្អិន។ រីឯ​ការ៉ុត​ បើ​សិន​ជា​ឆ្លង​កាត់​កម្ដៅ​ និង​បន្ថែម​ខ្លាញ់​បន្តិចបន្តួច​ គឺ​អាច​​ផ្ដល់​គុណ​តម្លៃ​ខាង​អាហារ​បាន​កាន់​តែ​ខ្លាំង។

២​​​​​​​. ប៉ូលីហ្វ‌៊ីណូល (Polyphenol): ការពារ​បេះដូង​ សរសៃ​ឈាម​តម្រង​នោម​ ការពារ​ចុក​ចាប់​ពេល​មក​រដូវ។ សារធាតុ​ដែល​មាន​នៅ​ក្នុង​ប៉ូលីហ្វ‌៊ីណូល​ គឺ​ហ្វ្លាវ៉ូណយ​ អាស៊ីដ​ហ្វ‌៊ីណូល​ និង​ហ្វ‌៊ីតូអេសស្ត្រូចេន​ នឹង​ជួយ​ស្ទាក់​ចាប់​ឌីកាល់សេរី​ ដែល​សារធាតុ​នីមួយៗ​មាន​លក្ខណៈ​ពិសេស​របស់​វា​គឺ ៖
  • ហ្វ្លាវ៉ូណយ : មាន​ច្រើន​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ពណ៌​លឿង​ ក្រហម​ ផ្ទៃ​មេឃ​ និង​ពណ៌​ស្វាយ​ ដូចជា​​ ផ្លែ​ប៉ោម​ ស្ពៃខៀវ​ ត្រប់​ពណ៌​ស្វាយ​ ផ្លែ​ភ្លូម​ ទំពាំងបាយជូរ​ពណ៌​ក្រហម​ ដែល​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ពី​ឈាម​ខាប់​ និង​គ្រោះ​ថ្នាក់​ពី​កូឡេស្ដេរ៉ូល​ ការពារ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ និង​ការ​ឆ្លង​ជំងឺ​​តាម​ប្រព័ន្ធ​ផ្លូវ​នោម។
  • អាស៊ីដហ្វ‌៊ីណូល : មាន​ច្រើន​នៅ​ក្នុង​ "តែ​បៃតង" ដែល​វា​អាច​ជួយ​ការពារ​ជំងឺ​ខាង​ផ្លូវ​នោម​ និង​ការពារ​កោសិកា​មហារីក​ ជួយ​ទប់ទល់​នឹង​វិរុស​ និង​បាក់តេរី​ ដែល​ជា​​មូលហេតុ​នៃ​ជំងឺ​រលាក​តម្រង​នោម​ និង​អាការ​ហើម​ និង​បញ្ហា​ស្បែក​ ដែល​បណ្ដាល​មក​ពី​កាំរស្មី​អ៊ុលត្រាវីយ៉ូលេ។
  • ហ្វ‌៊ីតូអេសស្ត្រូចេន : មាន​ច្រើន​នៅ​ក្នុង​ស្រូវ​ប្រភេទ​ផ្សេងៗ​ សណ្ដែក​ ផលិតផល​សណ្ដែក​សៀង​ ដែល​ជួយ​កាត់​បន្ថយ​បញ្ហា​នៅ​ក្នុង​មជ្ឈិម​វ័យ​របស់​ស្ត្រី​ជួយ​ការពារ​ មហារីក​សុដន់​ មហា​រីក​ភ្នាស​ស្បូន​ និង​មហា​រីក​ក្រពេញ​ប្រូស្ដាត​ជួយ​កាត់​បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ ឈាម​ និង​សម្ពាធ​ឈាម​ខ្ពស់។
៣. ហ្វ‌៊ីតូស្ទើរ៉ូល​ (Phytosterol) : បង្ក្រាប​កូឡេស្ដេរ៉ូល​មាន​ច្រើន​នៅ​ក្នុង​ប្រេង​សណ្ដែក​ ប្រេង​ល្ង​ និង​ប្រេង​​ផ្កា​ឈូករ័ត្ន​ ដែល​អាច​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​កូឡេស្ដេរ៉ូល​បាន​កាន់​តែ​តិច។​ ក្នុង​ពេល​ជាមួយ​គ្នា​ ក៏​អាច​ជួយ​ការពារ​ជំងឺ​មហារីក​ពោះវៀន​ធំ​បាន​ផង​ដែរ។
៤. គ្លូកូស៊ីណូឡេត​ (Glucosinolate) : ទប់ស្កាត់​ជំងឺ​មហារីក​ដែល​អាច​ជួយ​កាត់​បន្ថយ​ដំណើរការ​សារធាតុ​ពុល​ និង​សម្លាប់​បាក់តេរី​ ការពារ​ជំងឺ​មហារីក​ និង​ការ​ឆ្លង​រោគ​មាន​ច្រើន​នៅ​ក្នុង​​បន្លែ​ពពួក​មើម​ ដូចជា​ ស្ពៃក្ដោប​ ឬ​សារាយ​ប្រូកខូលី​ និង​មើម​ឆៃថាវ។
៥. ស៊ុលហ្វីត​ (Sulfide) : សម្លាប់​បាក់តេរី​ មាន​ច្រើន​នៅ​ក្នុង​ខ្ទឹម​ស​ ខ្ទឹម​បារាំង​ ដើម​ខ្ទឹម។ ក្រៅ​ពី​ជា​សារធាតុ​ដែល​មាន​ពី​ធម្មជាតិ​​ដែល​អាច​សម្លាប់​បាក់តេរី​បាន​ហើយ ​នោះ​ វា​ក៏​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ផង​ដែរ​ ការពារ​ការ​ឆ្លង​មេរោគ​ ដូចជា​ ផ្ដាសាយ​ ការពារ​ជំងឺ​បេះដូង​ និង​សរសៃ​ឈាម​ក្រហម​ក្រាស់​និង​ មហា​រីក​ពោះវៀន៕

ប្រភពពត៌មាន

[កែប្រែ]
  • ទស្សនាវដ្តី​ប្រជា​ប្រិយ ឆ្នាំទី៖ ១៤​ លេខ​៖ ៤២៦