សារមន្ទីរធម្មជាតិសកលសម្ដេចតេជោហ៊ុនសែនព្រះវិហារ
សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនេព្រះវិហារស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សារមន្ទីរចាប់ផ្តើមកសាងឆ្នាំ២០០៩ ដោយរាជរដ្ឋាភិបាលសហការជាមួយអង្គការយូនីស្កូ និងសប្បុរសជននានា។ សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនេព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ និងចាប់បើកដំណើរការឱ្យភ្ញៀវទេសចរចូលទស្សនានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨[១]។
សារមន្ទីរធម្មជាតិសកលប្រៀបដូចជាកញ្ចាក់មួយដែលប្រជាជនក្នុងតំបន់អាចប្រើប្រាស់ដើម្បី ឆ្លុះបញ្ចាំងអំពីអតីតកាលរបស់ខ្លួន។ សារមន្ទីរនេះផ្សារភ្ជាប់ទៅ និងរមណីយដ្ឋានបុរាណវិទ្យានានា ហើយពាក្យថាធម្មជាតិរបស់សារមន្ទីរនេះសំដៅលើសារសំខាន់ទាំងផ្នែកធម្មជាតិ និងបរិស្ថានសង្គមដែលសារមន្ទីរធម្មជាតិស្ថិតនៅ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមកសាងមន្ទីរនេះឡើងនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨ មានគោលបំណងកសាងសារមន្ទីរមួយឆ្លុះបញ្ចាំងអំពីអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរសម័យបុរាណ ហើយព្រមទាំងបង្ហាញអំពីជីវិតសហគមន៍ជនជាតិភាគតិចកួយ និងភាពសម្បូរបែបនៃបរិស្ថានធម្មជាតិផងដែរ។
ទស្សនៈវិស័យនៃការរៀបចំសារមន្ទីរនេះត្រូវបានធ្វើការសិក្សាស្រាវជ្រាវ និងចុះទៅធ្វើការទៅកន្លែងផ្ទាល់ដោយអ្នកជំនាញការជាតិ និងអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំក្រោមការឧបត្តម្ភគាំទ្រដោយទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារពិសេសថ្នាក់ជាតិតំបន់ព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ និងអង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធម៌នៃអង្គការសហប្រជាជាតិ។ សារមន្ទីរមានសាលចំនួន៤ដូចជា វិចិត្រសាលសិល្បៈ សាលបុរាណវិទ្យា និងអនុសញ្ញាអន្តរជាតិ សាលជាតិពន្ទុវិទ្យា និងសាលបរិស្ថាន។
ក្រៅពីការដាក់តាំងបង្ហាញវត្ថុសិល្បៈប្រមូលមកពីប្រាសាទ និងប្រាសាទនានានៅក្នុងតំបន់សារមន្ទីរធម្មជាតិសកល ក៏បានបង្ហាញនូវប្រភេទសត្វ និងរុក្ខជាតិដែលមានលក្ខណៈពិសេស និងកំពុងប្រឈម និងការផុតពូជ ព្រមទាំងវត្ថុប្រើប្រាស់ផ្សេងៗ ដែលឆ្លុះបញ្ចាំងអំពីសហគមន៍ប្រជាជននៅក្នុងតំបន់ទាំងជនជាតិខ្មែរ និងជនជាតិកួយ។ បច្ចុប្បន្នសារមន្ទីរធម្មជាតិសកលកំពុងរៀបចំនៅលើផ្ទៃដី១០ហិចតា មានដាក់តាំងបង្ហាញអំពីវប្បធម៌ ប្រវត្តិសាស្រ្ត ប្រពៃណី និងធម្មជាតិ ហើយមានគោលដៅនៅពេលអនាគតសារមន្ទីរនេះត្រូវគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ១៧៧ ហិចតា។ ទស្សនៈវិស័យមួយរបស់សារមន្ទីរធម្មជាតិសកលគឺបង្កើតឡើងឱ្យ មានសុខដុមរមណីយកម្មរវាងប្រាសាទ ទេសភាពធម្មជាតិ និងមនុស្សនៅក្នុងតំបន់[២]។