សាស្រ្ដាថ្ងៃសុក្រ

ពីវិគីភីឌា

សាស្រ្ដាថ្ងៃសុក្រ បទពាក្យ៧[កែប្រែ]

ថ្ងៃសុក្រពេញបូណ៌មីខែភទ្របទ នៅក្នុងកំណត់ព្រះវស្សា
ឆ្នាំឆ្លូវត្រីស័កនក្សត្រា សាសនាពីរពាន់បួនរយប្លាយ។


នឹងថ្លែងពីរដ្ឋរាជបូរី ក្នុងផែនដែនដីនគរអាយ
កកើតអស្ចារ្យជនទាំងឡាយ ក្លែងក្លាយទាំងគ្រប់សព្វសេចក្ដី។

តាំងតែអ្នកឆ្ងាយគេចូលមក នៅក្នុងគោកធ្លករាជបូរី
កកើតជាហេតុភេទដែនដី ទាំងមនុស្សប្រុសស្រីប្រែចិន្ដា។

បែរបែកបោះបង់បែបបុរាណ គ្រប់ប្រាណពុំមានតាមតម្រា
សឹងត្រេកដោយទ្រព្យគ្រប់រូបា ពុំមាននរណាតាមសណ្ដាប់។

ទាំងនេះហេតុតែភេទសេមា ព្រះពុទ្ធសាសនាប្រែក្រឡាប់
បណ្ដាលក្នុងចិត្តងងឹតអ័ព្ទ យកខុសជាគាប់ក្រឡាប់ប្រែ។

អ្នកប្រាជ្ញប្រាប់ទៅខ្លៅមិនតាម មិនដោយទំនៀមទំនងខ្មែរ
ចចេសចិត្តឯងអាងពូកែ ត្បិតតែមានគេមកនៅថ្មី។

ខ្លះអាងខ្លួនឯងមានមាសប្រាក់ មានបុណ្យមានស័ក្ដិជាមន្រ្ដី
ហើយកើតធំចិត្តធំសម្ដី ឥតបីឥតបើនឹងគណនា។

តម្កើងខ្លួនឯងឱ្យគេខ្លាច ពាក្យកោងប៉ោងកាចទាំងបូកពារ
មិនកោតមិនខ្លាចចាស់ព្រឹទ្ធា អាងមានទ្រព្យាជាទីពឹង។

ខ្លះអាងខ្លួនឯងមានចំណេះ ប្រាជ្ញាវៃចេះជជែករឹង
ជជែកយកឈ្នះឈ្លោះទទឺង មិនមានរំពឹងគិតខុសត្រូវ។

មានទ្រព្យគាប់ចិត្តស្បិតធ្វើបុណ្យ ភ្លាំងភ្លើនភ្លេចគុណម៉ែគុណឪ
គិតតែធ្វើស្រែនិងលក់ស្រូវ ឯផ្លូវទៅសួគ៌មិននឹកសោះ។

នេះហើយជាកម្មអកុសល មកផ្ដល់ឱ្យគ្មានបុណ្យឡើងសោះ
បើខាងស៊ីផឹកនឹកទាំងអស់ នោះទើបស្រួលស្រស់គិតរាល់ថ្ងៃ។

ខ្លះមានបុណ្យស័ក្ដមើលងាយសង្ឃ ព្រោះសាងជាអង្គឯងថ្កើងក្រៃ
សំពះព្រះសង្ឃក្រែងថោកដៃ ឆ្មើងឆ្មៃដូចវិស័យជនក្រៅសាសន៍។

មានបុណ្យប៉ុណ្ណឹងប្រឹងក្រអើត ចំកោងស្ទួយស្ទើតទើសអាកាស
ចង់ធំតែឯងគ្មានគិតខ្មាស់ ចោលសង្ឃបង់សាសន៍ថ្លៃឧត្តម។

ជូនកាលត្រូវការដើរចូលវត្ត ពាក់មួកបាំងឆ័ត្រធ្វើរម្យទម
ចូលក្នុងអារាមគ្មានអារម្មណ៍ អាងខ្លួនជាធំប៉ុណ្ណោះឯង។

អ្នកអើយនោះហើយហៅលោភា ទោសោមហោនាំវង្វេង
បង្វែរនាំចិត្តឥតគិតក្រែង នេះហៅវង្វេងក្នុងសាសនា។

មនុស្សលោកឥឡូវក្រៅក្រមក្រឹត្យ កើតមានទ្រុស្ដចិត្តបីប្រការ
ចិត្តមួយមិនខ្លាចគ្រូអាចារ្យ ចិត្តមួយសោតណាមិនខ្លាចចាស់។

ចិត្តមួយមិនខ្លាចម៉ែឪឯង ឥតកោតឥតក្រែងរែងក្រឡាស់
ក្រឡាប់ត្រឡប់គ្រប់សព្វសាសន៍ រាល់រូបរាល់រាស្រ្ដសឹងវង្វេង។

វិលវល់ក្នុងចិត្តគិតវីវរ ព្រោះភេទនគរកើតហេតុព្រេង
ទើបមានអកុសលដូច្នេះឯង​ ក្លាយក្លែងវង្វេងវរចិន្ដា។

នេះហៅប្រែរាជ្យប្រែសករាជ សិស្សសោតមិនខ្លាចគ្រូអាចារ្យ
ឯកូនមិនខ្លាចអ្នកមេបា រីឯភរិយាមិនខ្លាចប្ដី។

កង្កែបមិនចង់ខ្លាចពស់វែក សត្វក្អែកចង់ជល់នឹងដំរី
ដើមចេកប្រុងជល់នឹងក្របី រីត្រីចង់ជល់នឹងបព្វតា។

ហេតុភេទទាំងនេះកើតមានមក នាំឱ្យជនយកជាកិរិយា
សឹងចោលសណ្ដាប់ច្បាប់មាត្រា ទើបលោកឧបមាដូច្នេះនៃ។

គោស្រុកទៅចូលហ្វូងស្វា ឯឆ្មាបង់ផ្ទះទៅពឹងព្រៃ
មច្ឆាចោលបឹងទៅពឹងជ្រៃ ក្របីចោលត្រាញ់ស្រឡាញ់ក្រែង។

យកជាពំនាក់នៃអត្មា ភ្លើងឆេះកាលណាទើបស្វះស្វែង
ភ្លើងឆាបរោលរាលដល់ខ្លួនឯង​ ទើបចោលបឹងត្រែងមករកត្រាញ់។

រាជហង្សហើរបង់ចោលសំបុក ហើរទៅយកកុកជាសម្លាញ់
ដល់មានព្រានព្រៃមកបរបាញ់ កុកសសស្រាញ់ហើរចោលហង្ស។

ម្លោះហើយសមនឹងអសាសូន្យ អន្ដរាយខូចខ្លួនវិនាសបង់
ព្រោះព្រើលគំនិតចិត្តគិតចង់ សប្បាយទើបបង់ពីសំបុក។

លង់លុះមានភ័យដូច្នេះឯង​ ទើបបានហើរស្វែងរកទីសុខ
រកទៅរកមកបានតែទុក្ខ ព្រោះបង់សំបុកឋានអាត្មា។

ហៃនែអស់ជនទាំងឡាយអើយ អ្នកអើយនេះហើយហៅឧបមា
ឧបមេយ្យឱ្យដឹងហេតុគ្រប់គ្នា ការរងវេទនាជាប្រាកដ។

ព្រោះជនមានចិត្តជាវិបល្លាស សាងអកុសលក្រាស់ដោយសន្មត់
លោភខឹងវង្វេងជាបែបបទ កំណត់ឥតក្រែងឋានអវិចី។

គ្មាននឹករលឹកទៅឋាននាយ គិតតែសប្បាយនៅលោកិយ
ចង់មានចង់បានហួសពេកខ្មី មានអ្វីអួតហ្នឹងឥតគណនា។

មានគោអួតគោពូកែគាប់ មានទ្រព្យអួតទ្រព្យប្រសើរជា
ចេះគូរអួតគូរឥតគណនា ចេះបៀអួតបៀឥតបើស្ដី។

មានកូនអួតកូនដោយដំណើរ មានក្លើអួតក្លើដោយមេត្រី
មានសេះអួតសេះឱ្យបានល្បី មានអ្វីអួតហ្នឹងឱយបានខ្ពស់។

នរណាដូច្នោះនោះលោកថា វឹងស៊ុងមនុស្សាមហាឆោតហួស
សឹងលុះអំណាចខ្លៅជ្រុលជ្រួស ពីព្រោះមិនត្រូវគន្លងឡើយ។

នែអ្នកទាំងឡាយចូរស្អាងចិត្ត ស្អាងកាយប្រព្រឹត្តិទៅអ្នកអើយ
ត្បិតព្រះសាសនាជិតដល់ហើយ កុំធ្វើតោះតើយគួរ​ឱ្យប្រឹង។

ធ្វើបុណ្យធ្វើទានកុំរៀនខ្លៅ កុំកាចឃោរឃៅឆោតឆាប់ខឹង
ធ្វើចិត្តឱយធ្ងន់ទន់ទើបនឹង បានជាពុំនឹងទៅឋាននាយ។

សេចក្ដីនេះក្រែងអស់អ្នកផង ពុំដឹងទំនងការសម្ទាយ
នូវអស់កិច្ចការផងទាំងឡាយ នៃនគរអាយកើតកូនខ្ចី។

កូនមួយជាប្អូនមួយជាបង ដើរត្រេចត្រសងសាងបារមី
ឯអស់មហាជនទាំងប្រុសស្រី បានដឹងសេចក្ដីនៃសុខំ។

ផ្គរលាន់ឯបូព៌ឮកណ្ដុក អ្នកតាចាស់ស្រុកឱបដៃយំ
កំពឺសឡើងពងលើកំពូលភ្នំ ក្អែកសសម្ងំក្នុងគុម្ពត្រែង។

ពោធិព្រឹក្សរាបគល់ពុំចាក់ឫស ពស់វែកត្រាំពិសផ្ដាំកន្លែង
ក្របីលាក់ខ្លួនសម្រួចស្នែង រាជហង្សហើរស្វែងកាច់សំបុក។

ពពេចក្រាបពងក្រោមគង្គា ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក
អ្នកផងឃើញហើយប្រឹងរើសទុក ចំណេរទៅមុខទើបដឹងខ្លួន។

ស្វាក្រេះក្រញឹងប្រឹងហាតគុន លុះឃើញសេះលុនទើបរត់ពួន
កុកសកវែងឯងអួតខ្លួន ថាដឹងចំនួនត្រីក្នុងទឹក។

កុកសាប់រកស៊ីកណ្ដាលត្រាញ់ សស្រាក់សស្រាញ់ពុំមានភ្លឹក
សីហនាទគគាតជាពន្លឹក ចាប់ត្រីរាល់ព្រឹកគ្មានមេត្តា។

ខ្លាញីរកស៊ីក្នុងសមសាន្ដ លាក់ប្រាណលំអានចាំសាសនា
លុះដល់ផ្គរលាន់បួនទិសា ទើបខ្លាយាត្រាពីក្នុងព្រៃ។

ឱ្យអស់មហាជនស្រាយចំណោទ ដែលខ្ញុំចែងចោទអាថ៌សេចក្ដី
បើអ្នកឯណាប្រាជ្ញាវៃ ទើបដឹងសេចក្ដីនៃបញ្ហា។

រីឯគោស្រុកនិងកុកស សព្វថ្ងៃអបអរស្រឡាញ់គ្នា
ធ្វើហាក់ដូចមិត្តចិត្តស្នេហា តែថាគំនិតគិតទីទៃ។

ឯកុកនិងខ្លានៅដោយខ្លួន មិនទាន់ជួបជួនគ្នាឡើយនៃ
តែជួបកាលណាអស្ចារ្យក្រៃ សព្វសាសន៍ទីទៃភ័យមិនខាន។

ត្បិតអ្នកទាំងពីរសឹងកាចក្ដាត់ អួតអាងអាវុធតែរាល់ប្រាណ
កាន់ឫទ្ធិចេស្ដាពន់ប្រមាណ សឹងកាចហាវហានឥតឧបមា។

ឥឡូវខ្ញុំសួរអ្នកទាំងឡាយ ស្ម័គ្រចិត្តស្ម័គ្រកាយទៅខាងណា
ជាស្ម័គ្រខាងកុកឬខាងខ្លា អ្នកមានប្រាជ្ញាទើបថាត្រូវ។

ឯមនុស្សវឹងស៊ុងអាវាសែ ឃើញតែគេខ្ពស់ដូច្នោះកូវ
ម្ល៉ោះហើយផ្ដេកខ្លួនចូលចិត្តទៅ អែបអបនិត្យនៅផ្ញើអាត្មា។

នេះហើយសង្គ្រាមសករាជថ្មី អ្នកល្បីនិងល្បីល្បងចេស្ដា
ឯត្រង់ឈ្នះចាញ់មិនហ៊ានថា តែនឹងឧបមាដូច្នោះនៃ។

កង្កែបខ្លួនតូចទាបទេតើ ផ្ទឹមម្ដេចឱ្យស្មើនឹងដំរី
កង្កែបនៅតែដោយរូងដី ផ្ទឹមម្ដេចរាជសីហ៍មានគុហា។

អំពិលអំពែកតូចមួយមិញ ម្ដេចឡើយគិតផ្ចាញ់ព្រះចន្ទ្រា
សត្វចាបខ្លួនតូចឥតគណនា ម្ដេចឡើយពុះពារជល់នឹងមាន់។

រីសោតកុកសាប់អាប់វង្សា ម្ដេចមកប្រាថ្នាហង្សសោភ័ណ
សំណស្លលាយកាឡៃស្ពាន់ ផ្ទឹមម្ដេចសុវណ្ណមាសចរណៃ។

ដូច្នោះអ្នកអើយចូរអ្នកគិត រំពឹងក្នុងចិត្តកុំសង្ស័យ
ធម្មតាឯខ្លាធ្លាប់នៅក្នុងព្រៃ កន្ទុយវែងវៃបំពេនទុក។

ឥឡូវខ្លាដឹងដំណឹងជាក់ ថាគោមកស្ម័គ្រទាក់នឹងកុក
វិស័យឯខ្លាទន្សាយស្រុក ដឹងហើយកើតទុក្ខឥតឧបមា។

ផ្គរលាន់ឯជើងភ្លើងឆេះទឹក ឆេះដើមពោធិព្រឹក្សព្រៃបព្វតា
លុះដល់រសៀលព្រះសូរិយា ទើបខ្លាយាត្រាលត់ភ្លើងព្រៃ។

ហៃអស់មហាជនទាំងឡាយអើយ អ្នកអើយដឹងហើយគួររំពៃ
រំពឹងរកឋានខ្លួនទីទៃ រវៀសរវៃឱយឆាប់រ៉ា។

សេចក្ដីនេះមានមែនពិតហើយ អ្នកអើយកុំកញទាល់ប្រាជ្ញា
រឿងនេះអ្នកប្រាជ្ញលោកឧបមា ឱយអ្នករាល់គ្នាគិតឱ្យយល់។

សាសនាពីរពាន់បួនរយប្លាយ តាមដោយទំនាយព្រះទសពល
អ្នកបុណ្យចាប់ផ្ទៃក្នុងមណ្ឌល កើតកោលាហលខ្វល់ជំពាក់។

កើតកាប់លួចប្លន់ក្នុងនគរ សង្គ្រាមវឹកវរគ្មានទីភាក់
គ្មានទីអាស្រ័យជាពំនាក់ ពំនឹងពឹងពាក់អត្មាឡើយ។

អ្នកអើយឮហើយគួរភាវនា ធ្វើបុណ្យគ្រប់គ្នាកុំកន្ដើយ
សីលទានភាវនាធ្វើឱ្យហើយ ទើបអ្នកបានស្បើយពីទុក្ខភ័យ។

ការនេះអ្នកប្រាជ្ញអាចប្រាយប្រាប់ ឱ្យអ្នកផងស្ដាប់ហើយរវៃ
រវៀសសាងមគ្គផលប្រពៃ ដើម្បីឱ្យទាន់ព្រះសិអារ្យ។

ហៃអស់មហាជនផងទាំងឡាយ កុំភ្លើតភ្លើនកាយភ្លេចមាតា
ភ្លេចភ្លាំងគុណគ្រូគុណអាចារ្យ ទាំងគុណបិតានិងគុណបង។

តែភ្លេចសឹងភ្លាត់ក្ដីប្រាថ្នា ភ្លេចនេះហៅមហាខុសពេកហោង
អ្នកណាធ្វើតាមដោយគន្លង នេះហោងនឹងបានដូចប្រាថ្នា។

ឥឡូវនេះសឹងបង្អង់ស្លេះ បញ្ឈប់ប៉ណ្ណេះពុំចរចា
សង្ខេបសេចក្ដីនៃប្រស្នា សូរេចប់ការម្ល៉េះឯងហោង។