សាស្រ្ដាល្បើកថ្ងៃសៅរ៍

ពីវិគីភីឌា

សាស្រ្ដាល្បើកថ្ងៃសៅរ៍ ឬ សាស្រ្ដាពារសៅរ៍ (បទ ពាក្យ៧)[កែប្រែ]

ពារសៅរ៍ពេញបូណ៌ខែកត្តិក ចេញខ្យល់រអឹកពីឧត្តរា
ត្រជាក់ស្លុងស្លឹមអស់កាយា​ វាតារំភើយរហើយផាត់។

នៅក្នុងហិមន្ដរដូវ ឆ្នាំខាលនោះកូវត្រូវឯកស័ក
ព្រះសូរ្យចាំងចែងត្រូវក្ដៅក្ដាត់ ត្រីចុះច្រវ៉ាត់រកទឹកជ្រៅ។

ចង្វាជ្រួលជ្រើមដណ្ដើមច្រក ត្រីចុះកុះកករកលំនៅ
ននៀលរៀលរកទឹកជម្រៅ សំដៅរុះរកព្រែកទីទៃ។

សូរិយាទៀបទឹមចង្កេះភ្នំ ឮមាត់សេកយំរំពងព្រៃ
លលកទំលើចុងឈើលៃ រងាវខ្លាំងក្រៃឮលន្លោច។

មើលឋានសន្លឹមត្រឹមលន្លង់ ឈើឈខ្ពស់ខ្ពង់គួរស្រងោច
ស្រងាត់ក្នុងចិត្តគិតផ្សាខ្លោច កណ្ដែងកណ្ដោចកណ្ដាលឋាន។

គន់មើលទៅរាលៗវិវេក រែងធំក្រៃពេកពន់ប្រមាណ
មើលសត្វរែងថប់អាណិតប្រាណ ព្រោះដោយឃ្លាតឋានទីកន្លែង។

ពេលព្រឹកមើលមេឃមីរងងឹត ពពកឈជិតរុំជុំផ្សែង
ថ្ងៃត្រង់ក្រលួចព្រះសូរ្យសែង​ បក្សីហើរស្វែងចុះបឹងជ្រៅ។

ពិរុណរាំងរីងរែងហែងហួត គោកទឹកភក់ស្ងួតគ្រប់លំនៅ
ស្រូវលាស់ដង្គំខៀវខ្មួលខ្មៅ ទឹកហូរចុះទៅតាមជ្រលង។

មើលសត្វច្រវ៉ាត់ហើរខ្ញៀវខ្ញារ ស្វែងរកមច្ឆាឆោឡោកង
ឮសព្ទយំស្រែកសូររំពង ហើយហើរត្រសងដោយហ្វូងវា។

គន់មើលទៅសត្វរែងសញ្ជប់ រំពឹងគិតគ្រប់មើលមេឃា
ឃើញហើយនឹកដល់ក្ដីវេទនា ដោយខ្លួនកំព្រាព្រាត់កន្លែង។

មើលស្រុកមើលស្រែប្រែទាំងគ្រប់ ក្នុងផែនដែនភពត្រៃនេះឯង
គន់មើលសព្វៗថប់ចំបែង គិតក្រែងក្រៀមក្រំមិនមានឡើយ។

ត្បិតមើលទៅជនផងទាំងឡាយ សឹងតែប្រែក្លាយទៅអស់ហើយ
មិនគង់កំណត់ដូចដើមឡើយ នឹកហើយរែងថប់ពន់ប្រមាណ។

ហេតុដោយវេរារាជ្យសករាជ អ្នកខ្លៅមិនខ្លាចអ្នកប្រាជ្ញប្រាណ
បក្សារែងជាស្អប់សមសាន្ដ មនុស្សលោកក្នងឋានស្អប់ព្រៃព្រឹក្ស។

រីកូនមិនខ្លាចអ្នកមេបា រីមហាក្សត្រមិនជឿឫក្ស
ហោរាមិនជឿរាជបណ្ឌិត អាចារ្យព្រតព្រឹទ្ធមិនជឿបុណ្យ។

រីសិស្សមិនជឿគ្រូអាចារ្យ ក្នុងចិត្តគិតថាគ្រូគ្មានគុណ
រីឯពេទ្យហ្មមិនជឿមន្ដ មហាជនឥឡូវដូច្នេះឯង។

នេះហើយហេតុតែព្រះសាស្នា ប្រែភេទក្រឡាឱ្យវង្វេង
វិលវល់ក្នុងចិត្តឥតគិតក្រែង បង្វែងឱ្យវរក្នុងចិន្ដា។

យកខុសជាត្រូវៗជាខុស សេចក្ដីដូច្នោះហេតុសាស្នា
កើតក្នុងកង្វល់រាជសីមា អស្ចារ្យទាំងគ្រប់សព្វសេចក្ដី។

អ្នកខ្លះមានទ្រព្យគាប់ចិន្ដា ហើយមិនប្រាថ្នាសម្បត្តិបី
គិតឃើញតែក្នុងនាលោកិយ ទាំងប្រុសទាំងស្រីសឹងដូចគ្នា។

មានទ្រព្យគាប់ចិត្តស្បិតធ្វើបុណ្យ មិនមានគិតគុណគ្រប់ប្រការ
តម្កើងចង់ធំតែអាត្មា ក្នុងចិត្តគិតថាអញថ្កើងហើយ។

ខ្លះអាងយសសក្ដិមាក់ងាយសង្ឃ ក្នុងចិត្តមិនចង់កោតខ្លាចឡើយ
បើធ្វើការបុណ្យនឹងគេហើយ ព្រងើយកន្ដើយមិនឱហាត។

ប្រើគេប្រើឯងមិនក្រែងចិត្ត ព្រោះដោយគំនិតគិតប្រមាថ
ធ្វើបុណ្យធ្វើទានគ្មានសង្វាត ដោយខ្នាតព្រះពុទ្ធនោះគ្មានសោះ។

ធ្វើបន្ដិចបន្ដូចចង់ធំមុខ តែងតួលើកទុកឱយថ្កើងខ្ពស់
មិនឱ្យនរណាស្មើខ្លួនសោះ ស្មើហើយគិតឈ្លោះអាក់ចិន្ដា។

មនុស្សខ្លៅលោកហៅវង្វេងវ័ណ្ឌ ស្រឡាញ់ទ្រព្យធនលើសអាត្មា
ស្រឡាញ់នរកលើសសួគ៌ា ព្រោះដោយកាមាទាំងងងឹត។

ងេងងោងក្នុងកាយស្ពាយទាំងគ្រប់ វង្វេងងោកងប់មិនមានគិត
ចង់ឱយបានថ្កើងខ្ពស់ដូចចិត្ត ហេតុដោយងងឹតក្នុងអវិជ្ជា។

មានគោអួតគោពូកែគាប់ មានទ្រព្យអួតទ្រព្យប្រសើរជា
ចេះជាងអួតជាងឥតគណនា ចេះបៀអួតបៀឥតបើស្ដី។

នេះហើយហៅហេតុតែលោភា ទោសោមោហោអន្យឥិរិ្ថយ
មកនាំឱ្យឆ្កួតក្នុងលោកិយ ឥតបីឥតបើភ្លេចតិចឡើយ។

ភ្លេចសីលភ្លេចទានភ្លេចគុណទោស ភ្លេចបាបភ្លេចបុណ្យសូន្យអស់ហើយ
បង់ចោលព្រះធម៌ចេញកន្ដើយ អ្នកអើយនេះហើយហៅវង្វេង។

មនុស្សយើងឥឡូវត្រូវបានគេ ចូលមកជាមេធំចិញ្ចែង
ចោលសាសន៍ស្រឡះពីសាសន៍ឯង អ្វីៗទន្ទេងនាំចូលដែរ។

កើតហេតុតិចតួចផ្ដួចផ្ដើមឡើង ចចេសចចើងអួតពូកែ
មិនមានគិតគុណត្រកូលខ្មែរ នេះហើយហៅប្រែកោលាហល។

អនិច្ចារូបអើយរាល់តែកាយ ដែលកើតដែនអាយអកុសល
រំពឹងគន់គិតសែនថប់សល់ ព្រោះដោយមណ្ឌលមកកើតភេទ។

ភេទអើយកើតមកពីឯណា កើតពីអាត្មាឯងមែនពិត
ពឹងគេលលើធ្វើជាមិត្ត មិនមានហៅគីតឱ្យវែងឆ្ងាយ។

គន់មើលសាសន៍ឯងវង្វេងអស់ មិនសល់មួយសោះសូន្យសព្វសាយ
ថាបើដូចនោះអ្នកទាំងឡាយ ចូរស្ដាប់បរិយាយអ្នកប្រាជ្ញប្រាប់។

ឱ្យដឹងពីទីរាជក្រុងក្រៃ គោកធ្លកវិជ័យដោយក្បួនច្បាប់
ហៃអ្នកទាំងឡាយដូរចាំស្ដាប់ អ្នកប្រាជ្ញអាចប្រាប់ដោយទំនាយ។

ដំណើរអំពីបូរីរម្យ ខុសក្រៅក្រឹត្យក្រមក្បួននិយាយ
រលៀងឃ្លៀងពីពុទ្ធទំនាយ ព្រះឥន្រ្ទលោកទាយក៏មិនត្រូវ។

ព្រោះដោយនរកកើតមានកម្ម ពីនាយមកនាំដូច្នេះកូវ
មកកើតវិវាទគ្រាឥឡូវ កម្មរត់ឱ្យត្រូវដូច្នេះឯង។

ហៃអ្នកទាំងឡាយចូរស្ដែងស្ដាប់ អស់អាថ៌សារស័ព្ទសេចក្ដីថ្លែង
ន័យនេះអ្នកចេះលោកចាត់ចែង ចំណោទថ្លាថ្លែងឱ្យបានដឹង។

អស់អាថ៌កិច្ចការក្នុងបូរី ទើបចែងសេចក្ដីជាដំណឹង
ទំនងឱ្យអស់អ្នកផងដឹង គ្រាហ្នឹងទើបចែងជាប្រស្នា។

តាមដោយប្រាជ្ញប្រាណបានដឹងន័យ កិច្ចការទីទៃក្នុងសីមា
កើតមានហេតុភេទគ្រប់ប្រការ អ្នកណាកាត់យល់មានព្រេងធំ។

ផ្គរលាន់ឯបូព៌សូរកណ្ដុក អ្នកតាចាស់ស្រុកឱបដៃយំ
កំពឺសឡើងពងលើកំពូលភ្នំ ក្អែកសសម្ងំក្នុងគុម្ពត្រែង។

ពោធិព្រឹក្សកំពុងតែចាក់ឫស ពស់វែកមានពិសដំកន្លែង
ក្របីលាក់ខ្លួនសម្រួចស្នែង លុះទឹកលិចត្រែងទើបចេញវាល។

កង្កែបអាចម៍គោលោលោតទំ លើកំពូលភ្នំធំត្រកាល
ថ្កើងកេរ្ដិ៍ថ្កើងស័ក្ដសែនត្រសាល ចំអើតមើលវាលលេងកំសាន្ដ។

ដំរីរោងរត់រកទ្រមាក់ ឃើញម្លប់ត្រជាក់សំណាក់ប្រាណ
ទំរាំចាំពេលវេលាបាន ទើបចរចេញថ្កានម្លប់នោះឯង។

ក្ងោកហើរមកពីឧត្តរ ជួបនឹងកុកសក្នុងគុម្ពត្រែង
បបួលគ្នីគ្នាហោះហើរស្វែង រកទីកន្លែងលេងទីទៃ។

ពពេចសត្វអើយហើរពាំក្បួន ខ្លាធំលាក់ខ្លួនពួនក្នុងព្រៃ
ពពេចចូលជ្រកក្រោមដើមជ្រៃ ជញ្ជប់ចាំថ្ងៃមើលវេលា។

ត្រីក្រាញ់ក្រួញក្រាបក្រោមបាតភ្នំ ត្រីក្រឹមសម្ងំក្រោមគុម្ពស្គា
ខ្លាខ្វាក់ងងឹតកុំថាជា ក្រចកជើងវាក្ដោបក្ដាប់ដី។

បឹងធំត្រដែតកណ្ដាលព្រៃ សព្វសត្វទីទៃសឹងពឹងពាក់
អាស្រ័យសព្វថ្ងៃជាពំនាក់ ព្រោះដោយត្រជាក់សុខសប្បាយ។

ឥឡូ​វទឹករីងហែងហួតអស់ ត្រីនឹកស្រណោះអាណិតកាយ
ព្រោះដោយកុកក្រកមកកំចាយ កំចាត់ចាប់កាយជាចំណី។

ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក អ្នកតាកើតទុក្ខមិនចេញស្ដី
ចាំស្ដាប់ផ្គរលាន់ទិសប្រាំបី លាន់ឮក្រោមដីធ្ងន់កណ្ដុក។

រាជហង្សហើរបង់ចោលសំបុក ហើរទៅយកកុកជាសម្លាញ់
លុះមានព្រានព្រៃមកបរបាញ់ កុកសសោតចេញហើរចោលហង្ស។

ម្ល៉េះហើយសមនឹងអសារសូន្យ អន្ដរាយខូចខ្លួនវិនាសបង់
ព្រោះដោយគំនិតគិតចើកចង់ ឱ្យបានថ្កើងអង្គក្នុងលោកិយ។

មុខគួរស្រណោះតែគោកធ្លក ពីដើមរៀងមកគ្មានព្រួយអ្វី
ឥឡូវស្មាពីរលើឃ្នាងបី អ្នកស្រុកប្រុសស្រីស្ដីដើមឯង។

ពានរចាប់កូនជូនឱ្យខ្លា ស៊ីជាអាហារសប្បាយលេង
មិនមានអាណិតគិតកូនព្រេង ហេតុដោយវង្វេងភ្លេចវិញ្ញាណ។

ឱះឱអាសូររាជសីហ៍សត្វ ម្ដេចឡើយជ្រកបាត់ក្នុងហេមពាន្ដ
មិនឃើញអ្នកមកចេញទូន្មាន ឬអាក់អន់អៀនដំណើរអ្វី។

ឬមួយឃើញបឹងរីងហែងហួត ពិរុណរាំងស្ងួតវិនាសត្រី
ឬឃើញស្មាពីរលើឃ្នាងបី ទើបបានអ្នកថ្លៃមិនចេញមក។

បាត់សូន្យយ៉ាងហ្នឹងដឹងយ៉ាងណា ឬចាំអាចារ្យទៅតាមរក
ឬមួយគ្មានម្លប់នឹងឈប់ជ្រក ទើបកែវពន្លកមិនមកអាយ។

ម្ដេចអ្នកមិនអាសូរសព្វសត្វ រងចាំពេកក្ដាត់លំបាកកាយ
សព្វថ្ងៃគ្មានសោះហៅសប្បាយ ព្រួយណាស់ហើយណាយឥតឧបមា។

ហៃជនទាំងឡាយចូរស្ដែងស្ដាប់ អស់អាថ៌សារស័ព្ទគ្រប់ប្រការ
ពីលោកអ្នកប្រាជ្ញចែងចរចា ចោទចងប្រស្នាដោយប្រាជ្ញប្រាណ។

ព្រោះដោយបានដឹងដំណឹងច្បាស់ ប្រាកដជាក់ណាស់ទើបនិទាន
ឱ្យអស់អ្នកផងទើបបានហ៊ាន អ្នកអើយគ្រប់ប្រាណស្ដាប់ប្រស្នា។

នេះឯងឱយដឹងបានច្បាស់ជាក់ បើដឹងហើយអ្នកកុំចរចា
រង់ចាំមើលទៅតាមសាសនា ធម្មតាសាសនាខ្មែរមិនសូន្យ។

វិស័យស្រមោលមិនចោលប្រាណ ស្រីងាក្នុងឋានមិនបង់ខ្លួន
រីឯដង្ខៅមិនចោលក្បួន មាតានិងកូនមិនដែលបង់។

អ្នកអើយឮហើយគួររំពឹង ទុកចិត្តឱ្យនឹងទាត់ទៀងត្រង់
ណាៗអ្នកកុំចោលព្រះសង្ឃ ខ្មីឃ្មាតតម្រង់កុំតាមគេ។

ត្បិតរាជឥឡូវខុសសណ្ដាប់ ក្រពើលង់ស្លាប់ក្នុងទន្លេ
មច្ឆាខ្លាចបឹងអ្នកដឹងទេ កូនខ្លាខ្លាចមេភេខ្លាចត្រី។

អន្ទង់ខ្លាចភក់កុកព្រឺបឹង ស្វាក្រេះក្រញឹងចេះស្រដី
ឈើធំមួយដើមបង្អោងបី ទិវាប្រុសស្រីស្រឡាញ់ប្រេត។

សំបកឃ្លោកលិចក្នុងទឹកស្រែ អំបែងបែកប្រែជាអណ្ដែត
នេះហើយហៅកើតកោលាភេទ ផ្គរលាន់ខែចេត្រភ្លៀងលិចស្រុក។

លិចស្រែចំការច្បារដំណាំ លិចព្រែកទាំងប្រាំត្រពាំងថ្លុក
ទើបត្រីទាំងឡាយសប្បាយសុខ ស្បើយទុក្ខរីកមុខដោយសារភ្លៀង។

ភ្លើងភ្លឺបំផ្លុងកណ្ដាលព្រៃ រោលរាលដល់ន័យស្រីមានរាង
សំពត់ពេញដីស្រីមិនលាង ព្រោះឃើញទឹកភ្លៀងពីលើភ្នំ។

សេចក្ដីចំណោទអស់នេះណា ចែងតាមប្រាជ្ញាគិតផ្សែផ្សំ
លើកតាមហេតុភេទបុរីរម្យ កើតខុសក្រឹត្យក្រមទំនៀមខ្មែរ។

ជំពូកមួយទៀតខ្ញុំនឹងថា ចង់ដឹងប្រាជ្ញាអ្នកស្រុកស្រែ
ក្រែងមានលោកណាប្រាជ្ញពូកែ អាចកត់បកប្រែស្រាយដឹងទៅ។

សាសន៍ខ្មែរដូចគ្នានឹងមិនស្អប់ ឃើញហើយខ្ញុំថប់កើតហ្មងសៅ
ទើបបានជាខ្ញុំសុំប្រដៅ រំលឹកឱ្យត្រូវតាមមាត្រា។

ត្បិតឃើញចម្លែកក្រៅពេកពន់ មានខ្លះធ្វើបុណ្យហើយផឹកស្រា
មិនមានអារម្មណ៍ពីចារណា តាមតែចិន្ដាអាត្មាឯង។

មានខ្លះនិយាយនឹងព្រះសង្ឃ ពាក្យស្មើពុំចង់កោតខ្លាចក្រែង
មានកាលកំហល់ស្រែកកំហែង អ៊ីអើអញឯងអាងអំណាច។

ឃើញលោកអំណត់អត់មិនថា កើតក្នុងចិន្ដាថាលោកខ្លាច
ធ្វើឫកធ្វើពារជាអ្នកកាច មាក់ងាយអ្នកប្រាជ្ញមិនមានខ្ទាស់។

ឃើញគេមានឫក្សគួរសមសួន គ្រាន់បើជាងខ្លួនដោយសក្ដិយស
ឯងច្រណែនខ្នាញ់នៅក្នុងពោះ ប្រឹងលើកខ្លួននោះឱ្យដូចគេ។

ខ្លះឃើញគេមានរបស់ទ្រព្យ អ្នកផងតែងរាប់ទុកថាមេ
ឯងនឹងច្រណែននិន្ទាគេ លបលួចស្ដីជេរដោយសារខឹង។

នេះឯងមោហោនាំងងឹត វង្វេងក្នុងចិត្តឱ្យដូចហ្នឹង
ដូច្នេះអ្នកអើយបើមិនដឹង ចូរស្ដាប់ដំណឹងខ្ញុំនិទាន។

តែតាមនិទ្ទេសដោយទំនង ដំណើរដើមទងមនុស្សឈ្លានពាន
ចិត្តកើតបណ្ដាលហេតុឱ្យមាន គ្រប់ប្រុសគ្រប់ប្រាណដែនដីអាយ។

ដែលកើតលោភានាំងងឹត ភ្លេចគុណភ្លេចគិតឪពុកម្ដាយ
ភ្លេងបងភ្លេចប្អូនសូន្យក្នុងកាយ ភ្លេចសព្វសីលសាយកាយសុចរិត។

គិតឃើញតែស្ដាយគ្រប់ប្រការ នេះហើយហតុថាកម្មនាំចិត្ត
កង្វល់ខ្វល់ខ្វាយឆ្ងាយមិនគិត ងងល់ងងឹតគ្រប់ប្រការ។

នេះគឺជាកម្មមកបាំងបិទ ឱ្យខ្វល់ងងឹតដូចនេះណា
វិលវល់មិនយល់គ្រប់ប្រការ សូន្យសព្វសញ្ញាមហាងងឹត។

អ្នកខ្លះភ្លេចគុណអ្នកម៉ែឪ ឃើញចាស់សក់ស្កូវរោគរោមរឹត
បោះបង់មិនចង់ឱ្យមកជិត ព្រោះដូចគំនិតគិតខ្លាចខាត។

មានទ្រព្យច្រើនហើយក្រវើនទុក្ខ ធ្វើទានទៅមុខកោលាហល
ធ្វើវត្តបដិបត្តិសោតណាសល់ ហើយរក្សាដល់ភ្នក់បីហោង។

រីអ្នកម៉ែឪត្រូវចាស់ៗ ពិបាកពេកណាស់ពន់កន្លង
ឃើញកូនមានទ្រព្យមកនៅផង ឯកូនដោតហោងមេត្តាគ្មាន។

នៅផ្ទះខ្ជិលណាស់មិនមេត្តា ដេកឆីដោយសារកម្លាំងប្រាណ
ម្ល៉េះហើយជិនឆ្អន់ពន់ប្រមាណ ខេខឹងមិនខានមួយវេលា។

មានកាលបើបានចំណីឆ្ងាញ់ ក្នុងចិត្តនោះមិញខឹងមហិមា
បញ្ជោះឱ្យទៅទាំងខ្ជីខ្ជា សម្ដីគរកៀរកែកលថា។

ឃើញចាស់នៅខ្នក់ខ្នាញ់ក្នុងចិត្ត ធុញថប់គំនិតគ្រប់ប្រការ
ស្ដីនាយស្ដីអាយដោយប្រាជ្ញា ព្រោះដោយចិន្តាចង់បានមាន។

រីខ្ញុំនឹងនិទានតែងសេចក្ដី ពុំសូវគប្បីដោយវោហារ
ពីព្រោះគ្រាន់មើលលងប្រាជ្ញា ប្រាថ្នាសង្ខេបប៉ុណ្ណេះហោង។