សីល១០
១ បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
២ អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
៣ អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌ មិនប្រសើរ គឺសេពនូវមេថុធម្ម ។
៤ មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ ។
៦ វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស ។
៧ នច្ចគីតវាទិតវិសូកទស្សនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកកិរិយារាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌ ។
៨ មាលាគន្ធវិលេបនធារណបណ្ឌនវិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់ និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
៩ ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាក សេនាសនៈដ៏ខ្ពស់ហួស ប្រមាណ និងសេនាសនៈដ៏ប្រសើរ ។
១០ ជាតរូបរជតប្បដិគ្គហាណា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាស និងប្រាក់ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យក ហើយត្រកអរចំពោះមាសនិងប្រាក់នោះ ។
ឥមានិ ទស សិក្ខាបទានិ អប្បមាទេន សម្មារក្ខិតព្វំ
អ្នក(អ្នកទាំងឡាយ) ត្រូវរក្សាដោយប្រពៃ នូវសិក្ខាបទទាំងឡាយ ១០ នេះកុំបីធ្វេសប្រហែសឡើយ ។ អ្នកសមាទានត្រូវទទួលថា អាម ភន្តេ ព្រះករុណា ទានប្រាស ។
លំដាប់មកទៀត លោកអ្នកឲ្យសីលសំដែងអានិសង្សសីលដោយសង្ខេបដូចតទៅ សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ សត្វទាំងឡាយ ទៅកាន់ស្ថានសួគ៌បាន ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខគឺព្រះនិព្វានក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។ អ្នកសមាទានត្រូវទទួលថា សាធុ ប្រែថា ប្រពៃហើយ ។ ចប់វគ្គទទួលសីល ១០